« ការរៀបចំខ្លួនសម្រាប់សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
បាវចនា និង ខ្ញុំ
យុវវ័យចែកចាយពីរបៀបដែលពួកគេកំពុងរស់នៅតាមពាក្យពេចន៍នៃបាវចនារបស់ក្រុមយុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន ។
ការរៀបចំខ្លួន សម្រាប់សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ
« ខ្ញុំនឹង…ចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ និងទទួលពិធីបរិសុទ្ធទាំងឡាយ ព្រមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធ » ។
ខ្ញុំចូលចិត្តទៅព្រះវិហារបរិសុទ្ធណាស់ ! អរគុណព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យខ្ញុំអាចមានគ្រួសារដ៏អស់កល្ប ជួយប្រមូលផ្ដុំវង្សអ៊ីស្រាអ៊ែល និងទទួលបានការបំផុសគំនិតខាងវិញ្ញាណ និងការលួងលោមចិត្ត ។
នៅពេលដែលគ្រួសាររបស់ខ្ញុំប្ដូរទៅផ្ទះថ្មី ខ្ញុំមានអំណរគុណដែលយើងនៅជិតព្រះវិហារបរិសុទ្ធ ។ ខ្ញុំមើលឃើញព្រះវិហារបរិសុទ្ធយ៉ាងល្អឥតខ្ចោះ ចេញពីមាត់បង្អួចបន្ទប់គេងរបស់ខ្ញុំ ។ រៀងរាល់ថ្ងៃ នៅពេលខ្ញុំឃើញព្រះវិហារបរិសុទ្ធ ខ្ញុំត្រូវបានរំឭកពីការរៀបចំខ្លួនដើម្បីចុះសេចក្ដីសញ្ញាដ៏អស់កល្ប ។
វាសំខាន់ណាស់ក្នុងការរៀបចំខ្លួនសម្រាប់សេចក្ដីសញ្ញាដែលអ្នកធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ និងដើម្បីជួយដល់អ្នកដែលនៅម្ខាងទៀតនៃវាំងននឲ្យធ្វើសេចក្ដីសញ្ញាទាំងនោះផងដែរ ។ ខ្ញុំបានអានអំពីព្រះវិហារបរិសុទ្ធ ហើយព្យាយាមរៀបចំខ្លួនយ៉ាងខ្លាំងតាមដែលខ្ញុំអាចធ្វើបាន ដើម្បីខ្ញុំអាចធ្វើសេចក្ដីសញ្ញាច្រើនទៀតបាន ។ បងប្រុសរបស់ខ្ញុំទើបតែទទួលអំណោយទានពិសិដ្ឋរបស់គាត់ ហើយវាជាបទពិសោធន៍ដ៏ពិសេសមួយសម្រាប់គាត់ ។ ដោយឃើញគាត់សប្បាយចិត្តបែបនេះ ធ្វើឲ្យខ្ញុំដឹងថា ខ្ញុំចង់បានពរជ័យទាំងនោះដែរ !
ប៉ុន្តែទោះបីជាខ្ញុំមានព្រះវិហារបរិសុទ្ធនៅខាងក្រៅបង្អួចរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនចង់ធ្វេសប្រហែសដែរ ។ ដូច្នេះ ខ្ញុំព្យាយាមរស់នៅក្នុងរបៀបមួយដែលខ្ញុំនឹងមានភាពស័ក្ដិសមដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធជានិច្ច ។
នៅពេលព្រះវិហារបរិសុទ្ធបានបិទអំឡុងពេលជំងឺរាតត្បាត ខ្ញុំមានជំនឿថា វានឹងមិនបិទយូរពេកទេ ។ ទីបំផុត ខ្ញុំបានត្រលប់ទៅព្រះវិហារបរិសុទ្ធជាលើកទីមួយ ហើយវាពិតជាបទពិសោធន៍ដ៏ពិសេសមួយ ។ ខ្ញុំបានភ័យបន្តិច ពីព្រោះ ខ្ញុំមិនបានទៅទីនោះមួយរយៈមកហើយ ។ ប៉ុន្តែនៅពេលខ្ញុំឈានជើងចូលខាងក្នុងភ្លាម ខ្ញុំមានអារម្មណ៍ថាខ្ញុំស័ក្ដិសមនឹងនៅទីនោះណាស់ ។ ខ្ញុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំមានសក្ខីភាពដ៏រឹងមាំអំពីទីដ៏បរិសុទ្ធ ហើយខ្ញុំអន្ទះសាដើម្បីធ្វើសេចក្ដីសញ្ញាជាច្រើនទៀតជាមួយព្រះវរបិតាសួគ៌របស់ខ្ញុំ ។
អ្នកនិពន្ធរស់នៅរដ្ឋ អៃដាហូ ស.រ.អា ។