« ព្រះវិហារបរិសុទ្ធ និងដំណើរដ៏អស់កល្បរបស់ក្មួយ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
ព្រះវិហារបរិសុទ្ធ និង ដំណើរដ៏អស់កល្ប របស់ក្មួយ
យើងបានទទួលពរជ័យយ៉ាងណា ដែលបានដឹកនាំនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។
ក្មួយៗកំពុងតែនៅលើដំណើរមួយ ។ ការណ៍នេះបានចាប់ផ្ដើមជាយូរមកហើយ នៅពេលក្មួយៗបានរស់នៅជាមួយព្រះវរបិតាសួគ៌ក្នុងនាមជាបុត្រា ឬបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ ឥឡូវនេះ ក្មួយៗនៅលើផែនដីនេះជាមួយនឹងវិញ្ញាណរបស់ក្មួយៗដែលបានដាក់នៅក្នុងរូបកាយខាងសាច់ឈាម ដើម្បីរៀនគ្រប់ការណ៍ទាំងអស់ដែលចាំបាច់ ដើម្បីត្រលប់ទៅកាន់ព្រះវរបិតាសួគ៌វិញនៅថ្ងៃមួយ និងមានភាពសក្ដិសមសម្រាប់គ្រប់ពរជ័យទាំងអស់ដែលទ្រង់មានសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ រឿងដ៏អស្ចារ្យបំផុតមួយចំនួនដែលក្មួយៗនឹងរៀននៅលើដំណើរដ៏អស់កល្បនេះ គឺមាននៅក្នុងព្រះវិហារបរិសុទ្ធរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ព្រះវិហារបរិសុទ្ធទាំងឡាយនៅជុំវិញពិភពលោក
នៅពេលខ្ញុំកើតនៅក្នុងឆ្នាំ ១៩២៨ កាលនោះមានព្រះវិហារបរិសុទ្ធតែប្រាំពីរប៉ុណ្ណោះ ។ ឥឡូវយើងមានព្រះវិហារបរិសុទ្ធដ៏អស្ចារ្យជាច្រើននៅពាសពេញពិភពលោក ។ ហើយនឹងមានកាន់តែច្រើនថែមទៀត ! ព្រះវិហារបរិសុទ្ធនាំសេចក្ដីអំណរ និងអំណាចដែលយើងត្រូវការសម្រាប់ដំណើរដ៏អស់កល្បរបស់យើង ។
គ្មានអគារផ្សេងទៀតណាដែលនៅលើផែនដីនេះ—ទោះបីជាអគារដែលឡូយអស្ចារ្យបំផុតក្ដី—ក៏មិនមានអ្វីដូចព្រះវិហារបរិសុទ្ធមានដែរ ។ ព្រះអង្គសង្រ្គោះមានបន្ទូលទៅពេត្រុសថា គាត់នឹងទទួលបានអំណាច និងសិទ្ធអំណាច ដូច្នេះ « បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ »( ម៉ាថាយ ១៦:១៩ ) ។ នោះជាសេចក្តីថ្លែងការណ៍ដ៏ធំមួយ ! ព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិស និងញែកចេញដោយអំណាចនៃបព្វជិតភាពឲ្យទៅជាទីសម្រាប់ធ្វើពិធីបរិសុទ្ធដ៏ពិសិដ្ឋនានា ។ ពិធីបរិសុទ្ធទាំងនេះគឺមានប្រសិទ្ធភាពទាំងសងខាងនៃវាំងនន ។
សេចក្ដីអំណរនៃក្រុមគ្រួសារដ៏អស់កល្ប
ភរិយារបស់ខ្ញុំ បាបារ៉ា បានទទួលមរណភាពជិតបួនឆ្នាំកន្លងមកហើយ ។ ប៉ុន្តែដោយសារយើងបានចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយបានផ្សារភ្ជាប់ជាស្វាមី និងភរិយាដោយអំណាចនៃបព្វជិតភាព យើងបានផ្សារភ្ជាប់នឹងគ្នាជាមួយនឹងកូនប្រាំពីរនាក់ ចៅ ៤៣នាក់ និងចៅទួតលើសពី ១០០នាក់សម្រាប់ភាពអស់កល្បជានិច្ច ។ នេះគឺជាការណ៍ដ៏អស្ចារ្យណាស់នៃព្រះវិហារបរិសុទ្ធ ! សេចក្ដីអំណរបានបំពេញដួងចិត្តខ្ញុំដោយសារគ្រួសារខ្ញុំនឹងរស់នៅជាមួយគ្នាជារៀងរហូត ។ ហើយគ្រួសាររបស់ក្មួយៗអាចធ្វើបានដូចគ្នាផងដែរ ។
នៅពេលក្មួយៗឈានដល់អាយុដូចខ្ញុំ ក្មួយៗមិនសូវចាប់អារម្មណ៍លើការមានលុយច្រើន ឬបើកឡានឡូយទៀតទេ ។ អ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់ក្មួយៗនោះគឺគ្រួសាររបស់ក្មួយៗ—មិនត្រឹមតែគ្រួសារដែលក្មួយៗមាននៅទីនេះទេ ប៉ុន្ដែគ្រួសាររបស់ក្មួយៗដែលនៅក្នុងភាពអស់កល្បផងដែរ ។
អំណាចនៃសេចក្ដីពិតដែលបានស្ដារឡើងវិញ
ក្មួយៗដឹងថាក្មួយៗគឺជាអ្នកណា—ជាបុត្រា ឬបុត្រីម្នាក់របស់ព្រះដែលមានសក្ដានុពលគ្មានដែនកំណត់ ។ ក្មួយៗដឹងថាក្មួយៗមកពីណា ហេតុអ្វីក្មួយៗនៅទីនេះ និងអ្វីដែលនឹងកើតឡើងនៅផែនដីនេះនាពេលខាងមុខ ។
ខ្ញុំភ្ញាក់ផ្អើលដែលសេចក្ដីពិតទាំងនេះចេញមកពីលទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ក្មេងប្រុសម្នាក់ដែលបានលុតជង្គង់ ហើយអធិស្ឋាននៅក្នុងព្រៃឈើមួយ ។ ព្រះវរបិតា និងព្រះរាជបុត្រាបានយាងមកជួបយ៉ូសែប ស្ម៊ីធ ហើយមួយជំហានម្តងៗ ពរជ័យនៃដំណឹងល្អត្រូវបានស្ដារឡើងវិញ ។
ខ្ញុំមានការដឹងគុណយ៉ាងខ្លាំងចំពោះយ៉ូសែប ស្ម៊ីធ ។ ការយល់ដឹងរបស់យើងអំពីផែនការរបស់ព្រះត្រូវបានស្ដារឡើងវិញ តួនាទីដ៏សំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងគ្រប់សារៈសំខាន់ដ៏អស់កល្បនៃក្រុមគ្រួសារ និងព្រះវិហារបរិសុទ្ធទាំងអស់បានចាប់ផ្ដើមឡើងដោយលោក ។ យើងនឹងបន្តសាងសង់ព្រះវិហារបរិសុទ្ធទាំងឡាយ និងប្រកាសសាងសង់ព្រះវិហារបរិសុទ្ធថ្មីៗទុកជាសារដ៏អស្ចារ្យ នៃការស្ដារឡើងវិញដែលកំពុងបន្តគ្របដណ្ដប់លើផ្ទៃ ផែនដី ។
សេចក្ដីពិតដែលបានស្ដារឡើង វិញ ជាពិសេសសេចក្ដីពិតដែលយើងបានរៀនតាមរយៈពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ បានដាក់ជីវិតទៅក្នុងទស្សនៈវិស័យ និងផ្ដល់ឲ្យយើងនូវអំណាចដើម្បីជួយយើងនៅលើដំណើរដ៏អស់កល្បរបស់យើង ។
សូមធ្វើឲ្យព្រះវិហារបរិសុទ្ធក្លាយជាផ្នែកមួយនៅក្នុងជីវិតរបស់ក្មួយៗ
វាប្រហែលជាពិបាកឲ្យក្មួយៗគិតថា អ្វីដែលក្មួយៗអាចធ្វើបាននៅថ្ងៃនេះ នឹងធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងឆ្នាំខាងមុខៗ ឬបន្ទាប់ពីជីវិតនេះ ។ ប៉ុន្តែសូមចងចាំពីដំណើរដ៏អស់កល្បដែលក្មួយៗកំពុងដើរនៅលើនេះ ។ នៅពេលក្មួយៗបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះក្មួយៗឈានជំហានដ៏សំខាន់ៗនៅលើដំណើរមួយនេះ ។
ក្មួយៗអាចជួយអស់អ្នកដែលបានទទួលមរណភាពឈានទៅមុខនៅលើដំណើរ របស់ពួកគេ ដោយការធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់ខ្លួនពួកគេនៅក្នងព្រះវិហារបរិសុទ្ធបាន ។ ខ្ញុំបានធ្វើកិច្ចការនេះជាច្រើនដង កាលខ្ញុំនៅវ័យប៉ុនក្មួយៗ ។ ខ្ញុំចងចាំដល់គ្រាមួយដែលខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្ស ៦០នាក់ជាង ។ ខ្ញុំស្ទើរតែមិនអាចដកដង្ហើមបាននៅចន្លោះពេលធ្វើពិធីបុណ្យជ្រមុជទឹក !
ប្រសិនបើក្មួយៗមានឱកាសទៅព្រះវិហារបរិសុទ្ធ សូមទៅធ្វើវា ! សូមទៅឲ្យបានញឹកញាប់តាមដែលក្មួយៗអាចធ្វើទៅបាន ។ សូមកុំជាប់ជំពាក់ក្នុងរឿងដែលអាចឆក់យកពេលវេលាដ៏ច្រើនរបស់ក្មួយៗ ហើយបំបែរក្មួយៗចេញពីអ្វីដែលពិត និងអស់កល្បឡើយ ។ សូម្បីប្រសិនបើក្មួយៗរស់នៅឆ្ងាយពីព្រះវិហារបរិសុទ្ធក៏ដោយ សូមផ្ដោតទៅលើ និងរៀបចំខ្លួនរបស់ក្មួយៗឥឡូវនេះ ដើម្បីមានភាពស័ក្ដិសមចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមរៀបចំខ្លួនឥឡូវនេះដើម្បីទទួលពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ
ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដំបូងបំផុតដែលក្មួយៗទទួលសម្រាប់ខ្លួនរបស់ក្មួយៗ គឺអំណោយទានពិសិដ្ឋ ។ នេះគឺជាអំណោយទានមួយនៃអំណាចបព្វជិតភាព ដែលមានសម្រាប់ គ្រប់ បុត្រាបុត្រីរបស់ព្រះទាំងអស់ ។ យើងអាចទទួលបានអំណាចនេះ ដោយ ការទទួលយក ពិធីបរិសុទ្ធនានា និង ការរក្សា សេចក្ដីសញ្ញាដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធជារៀងរាល់ថ្ងៃនៃជីវិតរបស់យើង ។
ក្មួយៗអាចរៀបចំខ្លួនសម្រាប់អំណោយទានពិសិដ្ឋរបស់ក្មួយៗ និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផ្សេងទៀត ដោយការសញ្ជឹងគិត ការអធិស្ឋាន និងការរៀនសូត្រអំពីព្រះវិហារបរិសុទ្ធ ។ ប្រសិនបើឪពុកម្ដាយ ឬជីដូនជីតារបស់ក្មួយៗបានទៅព្រះវិហារបរិសុទ្ធ សូមប្រាប់ពួកគាត់ថាវាគឺជាពរជ័យដ៏រុងរឿងណាស់ ។ ប៊ីស្សពរបស់ក្មួយៗ និងពួកអ្នកដឹកនាំផ្សេងទៀតនឹងជួយក្មួយៗផងដែរ ។ ខ្ញុំសង្ឈឹមថា ក្មួយៗនឹងស្វែងរកមិត្តល្អៗដែលគាំទ្រដល់ក្មួយៗ ។ ក្មួយៗនឹងមានអំណរគុណនៅពេលថ្ងៃនោះមកដល់សម្រាប់ក្មួយៗដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ ហើយក្មួយៗបានរៀបចំខ្លួនដើម្បីទទួលគ្រប់ការសន្យាដ៏អស្ចារ្យទាំងឡាយ និងពរជ័យដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានដល់ក្មួយៗ ។
ដំណើរនេះកំពុងបន្ត
គោលបំណងក្នុងជីវិតនេះគឺដើម្បីរៀបចំខ្លួនរបស់យើងសម្រាប់ជីវិតបន្ទាប់ ។ ផែនការដ៏ធំមហិមារបស់ព្រះវរបិតាសួគ៌គឺមិនបញ្ចប់ត្រឹមការស្លាប់នេះទេ ដោយសារវិញ្ញាណរបស់ក្មួយៗមិនចេះស្លាប់នោះទេ ។ វានឹងបន្តទៅពិភពវិញ្ញាណ ដើម្បីបន្តរៀនសូត្រ បម្រើ និងរង់ចាំការរស់ឡើងវិញ ។ បន្ទាប់មក គ្រប់ទាំងជង្គង់នឹងលុតចុះហើយគ្រប់ទាំងអណ្ដាតនឹងទូលថ្លែងប្រាប់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ( សូមមើល អេសាយ ៤៥:២៣ ) ។ ដោយសារដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់ នោះរូបកាយ និងវិញ្ញាណរបស់យើងនឹងបានរួបរួមគ្នាសារជាថ្មី ហើយដំណើររបស់យើងនឹងបន្តរហូតដល់អស់កល្បជានិច្ច ។ នេះជាពរជ័យដ៏រុងរឿងអ្វីម៉្លេះទេសម្រាប់ពួកយើងទាំងអស់គ្នា !
និយាយឲ្យអស់ទៅ គ្រប់អ្វីទាំងអស់ដែលផ្ដល់ឲ្យនូវភាពអស់កល្ប និងមានសារសំខាន់ គឺត្រូវបានផ្ដោតទៅលើព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ ចំណេះដឹង និងសេចក្ដីជំនឿរបស់ក្មួយៗទៅលើទ្រង់នឹងរីកចម្រើន នៅពេលក្មួយៗបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។ ក្មួយៗនឹងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏និរន្តរ៍របស់ទ្រង់ចំពោះក្មួយៗ ហើយទទួលបទពិសោធន៍នៃសេចក្ដីអំណរ និងអំណាចខាងវិញ្ញាណពេញមួយជីវិតរបស់ក្មួយៗ ។