« គ្មាននរណាម្នាក់ដូចអ្នកនោះទេ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២
ចូរមកតាមខ្ញុំ
នាងអេសធើរ
គ្មាននរណាម្នាក់ដូច អ្នកនោះទេ
ព្រះអម្ចាស់បានរៀបចំព្រះនាងអេសធើរសម្រាប់កិច្ចការដ៏សំខាន់របស់ព្រះនាង ហើយទ្រង់កំពុងធ្វើដូច្នោះដែរសម្រាប់អ្នក ។
ធ្វើអ្វីម៉្យាងឥឡូវនេះ ។ ធ្វើអ្វីក៏បានដែរ ! សូមបត់ដៃរបស់អ្នកទៅលើក្បាល បង្វិលជុំវិញ ឬស្រែកចេញពាក្យប្លែកៗមួយចំនួនដូចជា « ខ្ញុំចូលចិត្តនំប៉័ងចេក ! »
ធ្វើរួចរាល់ហើយមែនទេ ? ល្អណាស់ ។ អ្នកទើបតែបានសម្រេចនូវអ្វីមួយដែលមិនធ្លាប់ធ្វើពីមុនមក ។ ស្ដាប់ទៅដូចជាចម្លែកមែន អ្វីដែលអ្នកទើបតែធ្វើ—សូម្បីតែអ្នកគ្រាន់តែគិតអំពីអ្វីម៉្យាង ប៉ុន្តែមិនដែលបានធ្វើវាសោះ—គឺមិនធ្លាប់បានធ្វើបែបនោះឡើយតាំងពីមុនមកទេ ។ គឺមិនមាននៅទីនេះឡើយ មិនកើតនៅពេលជាក់លាក់នេះឡើយ និងមិនមែនដោយសារអ្នកឡើយ ។
ការធ្វើលំហាត់ប្រាណតិចតួចកំប្លែងបែបនេះ គូសបញ្ជាក់ពីចំនុចសំខាន់ ៖ គ្មាននរណាម្នាក់ដូចអ្នកបេះបិទនោះទេ ក៏មិនស្ថិតក្នុងកាលៈទេសៈដូចអ្នកបេះបិទនោះដែរ ។ សូម្បីតែបងប្អូនបង្កើតរបស់អ្នកក៏ដោយ ។ មនុស្សនៅក្នុងពិភពលោកទាំងអស់ គ្មាននរណាម្នាក់មានទេពកោសល្យ សមត្ថភាព មិត្តភាព គ្រួសារ អំណោយទានខាងវិញ្ញាណ និងទស្សនវិស័យផ្ទាល់ខ្លួនរួមផ្សំជាក់លាក់ដូចអ្នកនោះទេ ។
ដូចជាព្រះនាងអេសធើរចេញពីព្រះគម្ពីរសញ្ញាចាស់ដែរ អ្នកមានគុណសម្បត្តិយ៉ាងពិសេសគ្រប់គ្រាន់« សម្រាប់ពេលនេះឯង »( នាងអេសធើរ ៤:១៤ )ដើម្បីមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់សេចក្ដីល្អនៅក្នុងជីវិតរបស់មនុស្សទាំងអស់ដែលអ្នកស្គាល់ ។
អ្នកមានរឿងសំខាន់ៗដែលត្រូវធ្វើ !
ពីក្មេងកំព្រាក្លាយទៅជាត្រកូលរាជវង្ស
នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាចាស់ក្នុងខែនេះដែលជាផ្នែកនៃ ចូរមកតាមខ្ញុំ អ្នកនឹងរៀនអំពីយុវនារីសាសន៍យូដាដ៏គួរឲ្យកត់សម្គាល់ម្នាក់ ដែលមានឈ្មោះថា អេសធើរ ។ នៅគ្រាមួយនៃជីវិតរបស់នាងអេសធើរដែលធ្លាប់ជាកូនកំព្រាម្នាក់ ហើយត្រូវបានទទួលចិញ្ចឹមដោយសមាជិកសាច់ញាតិគ្រួសារមួយរូប ឈ្មោះ ម៉ាដេកាយ ។ នាងបានធំឡើងនៅចំពេលដែលសាសន៍យូដាត្រូវបានចាប់ជាទាសករដោយសាសន៍ដ៏ទៃ ។
ក្នុងនាមជាក្មេងស្រីកំព្រាម្នាក់ដែលរស់នៅលើទឹកដីចម្លែកមួយ នាងប្រហែលជាមិនដែលគិតថា ថ្ងៃណាមួយនាងនឹងក្លាយជាអគ្គមហេសីម្នាក់ឡើយ ។ ប៉ុន្តែរឿងនោះពិតជាបានកើតឡើងមែន( សូមមើល នាងអេសធើរ ២ ) ។ នាងត្រូវបានជ្រើសរើសធ្វើជាកូនក្រមុំរបស់ស្ដេចអ័ហាស៊ូរុស ។
ប៉ុន្តែថ្ងៃមួយព្រះនាងបានប្រឈមមុខនឹងការសាកល្បងដ៏លំបាកមួយ ៖ ពួកសាសន៍យូដាដែលជាប្រជារាស្រ្តរបស់ព្រះនាងអេសធើរ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបំផ្លាញចោល ។ ស្ដេចដែលជាព្រះស្វាមីរបស់ព្រះនាង បន្ទាប់ពីព្រះសណ្ដាប់ការណែនាំរបស់ទីប្រឹក្សារបស់ទ្រង់រួចហើយ បានចេញរាជក្រឹត្យមួយថា ពួកសាសន៍យូដានៅក្នុងទីក្រុងទាំងអស់ នឹងត្រូវសម្លាប់ចោលនៅថ្ងៃជាក់លាក់មួយ ដែលទ្រង់បានបញ្ជា ។
ឥឡូវនេះ មានប្រជារាស្រ្តជាច្រើនកំពុងរស់នៅក្នុងទីក្រុងនេះ ។ មានសាសន៍យូដាជាច្រើនកំពុងរស់នៅក្នុងទីក្រុងនេះផងដែរ ។ ប៉ុន្តែមានតែអគ្គមហេសីអេសធើរតែម្នាក់គត់ ។ ហើយព្រះនាងគឺជាបុគ្គលតែម្នាក់ប៉ុណ្ណោះ ដែលអាចធ្វើអ្វីមួយបាន ដើម្បីបញ្ឈប់គ្រោះមហន្តរាយនេះ ។
ដូចជាអគ្គមហេសីអេសធើរដែរ គឺមានតែអ្នកម្នាក់គត់ ។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងដែលអ្នកអាចធ្វើបាន—រឿងដែលព្រះអម្ចាស់ត្រូវការឲ្យអ្នកធ្វើ ។ រឿងដែលអាចនាំទៅរកសេចក្ដីសង្គ្រោះនៃមនុស្សជាច្រើន ។
ចម្លើយចំពោះការអធិស្ឋាន
សំណាងណាស់ដែលអ្នកគ្មានឳកាសត្រូវប្រឈមមុខនឹងរឿងដែលគ្រោះថ្នាក់ និងគួរឲ្យខ្លាចដូចអ្វីដែលព្រះនាងអេសធើរបានជួបនោះ ។ ប៉ុន្តែនោះពុំមែនមានន័យថា គោលបំណងរបស់អ្នកក្នុងជីវិតនេះមិនសូវសំខាន់នោះទេ ។
ដូចជាព្រះនាងអេសធើរដែរ អ្នកត្រូវបានដឹកនាំ និងរៀបចំដើម្បីក្លាយជារូបអ្នកនៅពេលនេះ ។ ហើយការរៀបចំនោះនឹងបន្តនៅពេលអ្នកធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចជាចម្លើយចំពោះការអធិស្ឋានប្រចាំថ្ងៃរបស់មនុស្សជាច្រើន ។
ប្រាកដណាស់ សូម្បីតែមានគ្រប់ទេពកោសល្យ និងសមត្ថភាពរបស់អ្នកក៏ដោយ វាតែងតែល្អបំផុតដើម្បីសុំជំនួយខាងវិញ្ញាណជានិច្ចកាល ដូចជាព្រះនាងអេសធើរបានធ្វើដែរ ។
សេចក្ដីជំនឿ ការជឿជាក់ និងខ្លួនអ្នក
ព្រះនាងអេសធើរបានដឹងថា ព្រះនាងត្រូវតែព្យាយាម និងជួយសង្គ្រោះដល់ប្រជាជនរបស់ព្រះនាង ។ ព្រះនាងក៏បានដឹងថា ព្រះនាងត្រូវការសេចក្ដីជំនឿ និងការគាំទ្របន្ថែមទៀតពីប្រជាជនរបស់ព្រះនាង នៅពេលព្រះនាងបានស្វែងរកជំនួយពីព្រះ ។ « សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង ៣ថ្ងៃ ឯខ្ញុំ និងពួកស្រីបម្រើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរយ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » ( នាងអេសធើរ ៤:១៦ ) ។
នៅពេលជីវិតមានភាពលំបាក នោះភាពស្មោះត្រង់ត្រលប់ទៅជាភាពក្លាហានចំពោះព្រះ ។ ព្រះនាងអេសធើរត្រូវការគ្រប់ជំនួយទាំងអស់ ដែលព្រះនាងអាចទទួលបាន ។ ព្រះនាងមិនត្រឹមតែត្រូវការជំនួយក្នុងការនិយាយលួងលោមព្រះស្វាមីរបស់ព្រះនាងអំពីរាជក្រឹត្យរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែព្រះនាងត្រូវតែប្រថុយជីវិតរបស់ព្រះនាងផ្ទាល់ ដោយការយាងទៅគាល់ស្ដេចដោយគ្មានការកោះហៅជាមុន ( ដែលប្រឆាំងនឹងច្បាប់ សូម្បីតែជាអគ្គមហេសីក៏ដោយ ) ។
តើអ្នកមើលឃើញការជឿជាក់ និងសេចក្ដីជំនឿរបស់ព្រះនាងដែរទេ ? វាមានអត្ថប្រយោជន៏ដើម្បីអានជាលើកទីពីរនូវពាក្យដែលព្រះនាងអេសធើរបាននិយាយ ៖ « បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » ។ ពាក្យដ៏មានឥទ្ធិពលទាំងនេះក៏ត្រូវបាននិយាយដោយ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទៅកាន់ស្ដេចនេប៊ូក្នេសាផងដែរ នៅពេលពួកគេបានបដិសេដក្នុងការថ្វាយបង្គំរូបមាសរបស់ស្ដេច ។
សូម្បីតែនៅពេលដែលទ្រង់បានគំរាមបោះពួកគេចូលទៅក្នុងឡភ្លើងដោយសារការមិនគោរពតាមក៏ដោយ ក៏ពួកគេបាននិយាយដោយក្លាហានថា « បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ ។
«តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ » ( ដានីយ៉ែល ៣:១៧–១៨, ការគូសបញ្ជាក់បានបន្ថែម ) ។
« តែបើមិនជួយទេ » និង « បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » គឺជាប្រយោគដ៏អស្ចារ្យនៃសេចក្ដីជំនឿ ។ ជំនឿដ៏មានឥទ្ធិពលបែបនេះមាន មិនថាលទ្ធផលបែបណានោះទេ ។ ភាពក្លាហានរបស់ព្រះនាងអេសធើរទីបំផុតបានសង្គ្រោះប្រជារាស្រ្តរបស់ព្រះនាង ! សូម្បីតែ ព្រះនាងបានដឹងតាំងពីដំបូង ដូចដែលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោដែរ ថាអំឡុងពេលដែលលទ្ធផលនៃការជ្រើសរើសសេចក្ដីជំនឿមិនតែងតែប្រាកដនោះទេ តែការធ្វើអ្វីដែលត្រឹមត្រូវ គឺតែងតែជាជម្រើសត្រឹមត្រូវជានិច្ច ។
អ្នកប្រហែលជាមានគ្រាខ្លះនៅក្នុងជីវិតរបស់អ្នកផ្ទាល់ នៅពេលដែលការជ្រើសរើសផ្លូវសុចរិតប្រហែលជាមានការពិបាក ។ គ្មានពួកយើងណាម្នាក់ដែលគេចផុតពីការសាកល្បងដ៏វិលវល់នៃភាពខាងសាច់ឈាមនោះឡើយ ។ ប៉ុន្ដែដូចគ្នានេះដែរ អ្នកអាចជ្រើសរើសដើម្បីក្លាយដូចជាព្រះនាងអេសធើរបាន ។ សូមជ្រើសរើសសេចក្ដីសុចរិត ហើយឲ្យលទ្ធផលមកតាមក្រោយចុះ ។
ទីបញ្ចប់ អ្នកគឺជា អ្នក តែម្នាក់គត់នៅទីនេះ—និង« សម្រាប់ពេល »របស់អ្នក ដើម្បីធ្វើឲ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងនេះ គឺនៅពេលនេះឯង ។