« ការរៀបចំសម្រាប់ព្រះវិហារបរិសុទ្ធឌូបៃ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
ការរៀបចំសម្រាប់ ព្រះវិហារបរិសុទ្ធឌូបៃ
យុវវ័យនៅទីក្រុងឌូបៃ និងប្រទេសកាតា ចែកចាយពីសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះវិហារបរិសុទ្ធ និងសេចក្តីរំភើបរបស់ពួកគេចំពោះព្រះវិហារបរិសុទ្ធមួយដែលនឹងត្រូវសាងសង់នៅក្បែរពួកគេ ។
វាគ្រាន់តែជាពាក្យសាមញ្ញពីរបីម៉ាត់ប៉ុណ្ណោះ ប៉ុន្តែវាផ្លាស់ប្ដូរជីវិតរបស់អ្នកនៅពេលត្រូវបានប្រកាសដោយព្យាការីរបស់ព្រះម្នាក់ ។ អំឡុងពេលសន្និសីទទូទៅ សមាជិកសាសនាចក្រទូទាំងពិភពលោកស្ដាប់យ៉ាងអន្ទះសាសម្រាប់ការប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មី ។ ហើយសម្រាប់ សាជិន និង គ្វែន នៅពេលដែលប្រធាន រ័សុល អិម ណិលសុន បាននិយាយពាក្យ « ទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម » នៅក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ ២០២០ យុវវ័យទាំងពីរអ្នកដឹងថា ជីវិតរបស់ពួកគេនឹងមិនដូចមុនទៀតឡើយ ។១
សូមជួប សាជិន មកពីទីក្រុងឌូបៃ
សាជិន ដែលមានអាយុដប់ពីរឆ្នាំ មិនធ្លាប់បានឃើញព្រះវិហារបរិសុទ្ធដោយផ្ទាល់ភ្នែកឡើយ ។
សាជិនបាននិយាយថា « ម៉ាក់របស់ខ្ញុំតែងតែមានគោលដៅមួយដើម្បីទៅព្រះវិហារបរិសុទ្ធ » ។ « សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះវិហារបរិសុទ្ធអាចបន្តដល់មនុស្សផ្សេងទៀត ។ ឥឡូវនេះគោលដៅនៅក្នុងជីវិតរបស់ខ្ញុំគឺដើម្បីទៅព្រះវិហារបរិសុទ្ធ » ។
សាជិន បានកើតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្ដែនៅពេលដែលឪពុកម្ដាយរបស់គាត់បានលែងលះគ្នា គាត់បានទៅរស់នៅជាមួយម៉ាក់របស់គាត់នៅ អេមីរ៉ាតអារ៉ាប់រួម ។ « ម៉ាក់របស់ខ្ញុំធ្វើការលំបាកយ៉ាងលំបាក ។ គាត់ប្រៀបដូចជាវីរនារីដ៏ក្លាហានម្នាក់សម្រាប់ខ្ញុំអញ្ចឹង ។ សូម្បីតែអំឡុងពេលដ៏លំបាកៗ គាត់មិនដែលចុះចាញ់នោះទេ » ។
ម៉ាក់ និងលោកយាយរបស់សាជិនបានចូលរួមក្នុងសាសនាចក្រនៅប្រទេសឥណ្ឌាពីរបីឆ្នាំ មុនពេលគាត់កើតមក ។ ពួកគាត់បានអានព្រះគម្ពីរមរមន ហើយបានដឹងថា វាជាចម្លើយចំពោះការអធិស្ឋានរបស់ពួកគាត់ ។ សាជិនបានធំឡើងទៅព្រះវិហារជាមួយម៉ាក់របស់គាត់ ហើយគាត់ទើបតែទទួលពិធីបុណ្យជ្រមុជទឹកកាលពីពេលថ្មីៗនេះ បន្ទាប់ពីរង់ចាំការអនុញ្ញាតពីប៉ារបស់គាត់ ។
គាត់បាននិយាយថា « ការទទួលពិធីបុណ្យជ្រមុជទឹកគឺជាជម្រើសដ៏ល្អបំផុត ដែលខ្ញុំមិនធ្លាប់ធ្វើ » ។ « ហើយនៅពេលខ្ញុំបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំមានអារម្មណ៍កក់ក្ដៅ និងមានអំណរយ៉ាងខ្លាំងនៅក្នុងចិត្ត » ។
ឥឡូវ សាជិនអាចចែកសាក្រាម៉ង់នៅវួដរបស់គាត់ ហើយរៀបចំខ្លួនចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយរង់ចាំយ៉ាងអន្ទះសាដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធឌូបៃ អេមីរ៉ាតអារ៉ាប់រួម នៅពេលព្រះវិហារបរិសុទ្ធសាងសង់រួចរាល់ ។
សាជិនបាននិយាយថា « នៅពេលខ្ញុំបានឮគេប្រកាសពីព្រះវិហារបរិសុទ្ធ ខ្ញុំខ្លួនឯងមានអារម្មណ៍ថា វាគឺសម្រាប់ខ្ញុំ » « វាគឺជាចម្លើយចំពោះការអធិស្ឋានរបស់យើង ។ ខ្ញុំភ្ញាក់ផ្អើល ពីព្រោះពួកគេកំពុងសាងសាង់ព្រះវិហារបរិសុទ្ធនៅចំកន្លែងដែលយើងរស់នៅ ! ខ្ញុំអាចជិះរថភ្លើងទៅដល់ព្រះវិហារបរិសុទ្ធផ្ទាល់ ហើយទៅញឹកញាប់ប៉ុណ្ណាក៏បានដែរ ។ ខ្ញុំក៏រំភើបចិត្តចំពោះព្រះវិហារបរិសុទ្ធបេងហ្គាលូរូ ប្រទេសឥណ្ឌា ដែលជីតារបស់ខ្ញុំនឹងអាចទៅបានផងដែរ »។
សាជិនចង់ធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់គាត់ដទៃទៀតផងដែរ ។
« ខ្ញុំកំពុងរៀបចំខ្លួនរបស់ខ្ញុំ ដើម្បីខ្ញុំនឹងអាចមានភាពស័ក្ដិសមចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំអាចធ្វើ ដើម្បីជួយបុព្វការីជនរបស់ខ្ញុំទាំងអស់ ។ ខ្ញុំមានឱកាសដ៏រំភើបមួយ ដើម្បីបម្រើព្រះអម្ចាស់ ហើយធ្វើការណ៍ដែលទាក់ទងទៅនឹងនគរនៃព្រះ » ។
សូមជួប គ្វែន មកពីប្រទេស កាតា
ក្នុងរយៈពេល ១៨ឆ្នាំដំបូងនៃជីវិតរបស់នាង គ្វែនបានរស់នៅក្នុងប្រាំប្រទេសខុសៗគ្នា ៖ ស្កុតឡង់ អង់ហ្គោឡា អង់គ្លេស កាហ្សាក់ស្ថាន និង កាតា ។ ការងាររបស់ប៉ានាងបាននាំពួកគេទៅជុំវិញពិភពលោក ប៉ុន្ដែថ្មីៗនេះ ពួកគេទៅតំបន់មជ្ឈិមបូព៌ា ។
បងៗរបស់គ្វែនបានរើសចេញពីផ្ទះអស់ហើយ មានតែនាងប៉ុណ្ណោះដែលរស់នៅក្នុងប្រទេសកាតាជាមួយម៉ាក់ និងប៉ារបស់នាង ។ បទពិសោធន៍មួយដែលនាងពេញចិត្តគឺការធ្វើដំណើរជាមួយយុវវ័យនៅក្នុងវួដ ដើម្បីធ្វើដំណើរទៅព្រះវិហារបរិសុទ្ធកៀវ ប្រទេសអ៊ុយក្រែន ។ មិនមានព្រះវិហារបរិសុទ្ធណានៅក្បែរនោះទេ ដូច្នេះពួកបរិសុទ្ធនៅមជ្ឈិមបូព៌ាត្រូវតែធ្វើដំណើរតាមយន្តហោះ ដើម្បីទៅព្រះវិហារបរិសុទ្ធនានាក្នុងបណ្ដាប្រទេសដទៃទៀត ។
នាងបាននិយាយថា « ខ្ញុំរំភើបចិត្តណាស់ចំពោះការធ្វើដំណើររបស់យើង ហើយខ្ញុំចង់យកឈ្មោះគ្រួសារទៅផងដែរ » ។ « ជារៀងរាល់ថ្ងៃ ខ្ញុំស្វែងរកឈ្មោះគ្រួសារនៅលើទូរសព្ទខ្ញុំ នៅតាមផ្លូវទៅសាលា និងពេលត្រលប់មកវិញ ។ ខ្ញុំរកបានប្រហែល ២០០ ឈ្មោះ ។ ខ្ញុំមានអារម្មណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយ ! »
ប៉ុន្ដែមានបញ្ហាតូចមួយ ដែលនាងមិនអាចត្រៀមទុកជាមុនបាន ។
ជំងឺរាតត្បាតទូទាំងពិភពលោក ។
យន្ដហោះរបស់គ្វែនបានចុះចតនៅប្រទេសអ៊ុយក្រែន ក្នុងខែ មិនា ឆ្នាំ ២០២០—ចំពេលដែលពួកគេចាប់ផ្ដើមឮកាន់តែច្រើនឡើងអំពីការរាតត្បាតនៃវីរ៉ុសកូវីដ-១៩ ។ ដោយមានជំនួយពីស្ថានសួគ៌ នោះពួកគេបានទៅដល់ព្រះវិហារបរិសុទ្ធ ហើយអាចធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់ឈ្មោះគ្រួសារ ដែលគ្វែនបានរៀបចំនោះ ។
នាងបាននិយាយថា « វាមានអព្ភូតហេតុម្ដងហើយ ម្ដងទៀត » ។ « នៅពេលយើងធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ខ្ញុំបានព្រួយបារម្ភអំពីជំងឺរាតត្បាតនេះ ។ ប៉ុន្ដែនៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍សន្តិភាព និងការលួងលោមចិត្តយ៉ាងខ្លាំង ។ ហើយយើងអាចហោះហើរត្រលប់ទៅប្រទេសកាតាវិញ មុនពេលគេបិទព្រំដែន » ។
ប៉ុន្ដែម៉ាក់របស់គ្វែន ដែលបានទៅលេងបងបង្កើតម្នាក់របស់គ្វែនដែលរស់នៅសហរដ្ឋអាមេរិក មិនអាចត្រលប់ទៅប្រទេសកាតាវិញបានទេ ។ គ្វែន និងប៉ារបស់នាងបានធ្វើចត្តាឡីស័កនៅផ្ទះ នៅពេលប៉ារបស់នាងឆ្លងជំងឺកូវីដ ។ គ្វែនបាននិយាយថា « គាត់បានឈឺធ្ងន់អស់មួយរយៈ ហើយគាត់មិនអាចធ្វើចលនាបានច្រើននោះទេ » ។ « ខ្ញុំមានអារម្មណ៍ឯកោណាស់ ។ ម៉ាក់របស់ខ្ញុំនៅមិនទាន់ត្រលប់មកវិញ ហើយខ្ញុំមិនសូវចេះធ្វើម្ហូបក្រៅពីនំបុ័ងសាំងវ៉ិចជាមួយឈីសអាំងនោះទេ » ។
ប៉ុន្ដែគ្វែនមានបទពិសោធន៍ពិសេសមួយ នៅពេលបង្កើតព្រះវិហារនៅផ្ទះជាមួយប៉ារបស់នាង ។
នាងបាននិយាយថា « វាហាក់ដូចជាមានអារម្មណ៍ថា អស់អ្នកដែលយើងបានយកឈ្មោះទៅព្រះវិហារបរិសុទ្ធ បាននៅជាមួយខ្ញុំ និងប៉ារបស់ខ្ញុំ » ។ « ខ្ញុំពុំបានមានអារម្មណ៍ឯកោទៀតឡើយ ។ វាគឺជាបទពិសោធន៍ដ៏ទន់ភ្លន់មួយ ។ ការទៅព្រះវិហារបរិសុទ្ធមុនពេលមានជំងឺរាតត្បាត គឺជាពរជ័យមួយ » ។
ព្រះវិហារបរិសុទ្ធឌូបៃ អេមីរ៉ាតអារ៉ាប់រួមបានប្រកាសសាងសង់មួយខែ បន្ទាប់ពីការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធប្រទេសអ៊ុយក្រែន ។ គ្វែនរំភើបចិត្តខ្លាំងណាស់ ! ហើយនាងដឹងថា វាមានន័យខ្លាំងណាស់ចំពោះប្រជាជនដែលនៅក្នុងតំបន់របស់នាង ។
« ខ្ញុំដឹងថា មានប្រជាជនក្នុងតំបន់របស់ខ្ញុំ ដែលមិនអាចផ្គត់ផ្គង់ថ្លៃហោះហើរទៅកាន់ព្រះវិហារបរិសុទ្ធផ្សេងទៀតដែលនៅក្នុងទ្វីបអឺរ៉ុបបានទេ ។ ពួកគេបានរង់ចាំដើម្បីបានផ្សារភ្ជាប់ជាក្រុមគ្រួសារដ៏នៅអស់កល្ប ។ វាបង្ហាញដល់ខ្ញុំថា ការប្រមូលផ្ដុំនោះ គឺកំពុងកើតមានពិតមែន ។ យើងកំពុងរៀបចំផ្លូវសម្រាប់ការយាងមកម្ដងទៀតរបស់ព្រះគ្រីស្ទ ។
ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ
រឿងមួយដែលគ្វែន និងសាជិនមានដូចគ្នានោះ គឺថាព្រះវិហារបរិសុទ្ធបានប្រទានពរដល់ជីវិតរបស់ពួកគេរួចហើយ ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ព្រះវិហារបរិសុទ្ធគឺជាចំណែកដ៏សំខាន់នៃការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងសេចក្ដីល្អ និងសេចក្ដីសប្បុរសរបស់ព្រះ ទ្រង់កំពុងនាំពរជ័យនៃព្រះវិហារ បរិសុទ្ធមកកាន់តែជិតនឹងបុត្រាបុត្រីរបស់ទ្រង់ គ្រប់ទីកន្លែង ។ »២