« តើខ្ញុំសម្រេចចិត្តចំពោះពេលវេលាដ៏ល្អបំផុតដើម្បីបម្រើបេសកកម្មដោយរបៀបណា? » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
សំណួរ និង ចម្លើយ
« តើខ្ញុំសម្រេចចិត្តចំពោះពេលវេលាដ៏ល្អបំផុតដើម្បីបម្រើបេសកកម្មដោយរបៀបណា ? »
ព្រះអម្ចាស់រៀបចំផ្លូវ
« ព្រះវរបិតាសួគ៌របស់យើងមានកិច្ចការសម្រាប់ឲ្យយើងធ្វើ ។ នៅពេលយើងអានព្រះបន្ទូលរបស់ទ្រង់ និងពាក្យសំដីរបស់អ្នកបម្រើដែលបានជ្រើសរើសរបស់ទ្រង់ យើងអាចដឹងដោយមានទំនុកចិត្ត អំពីអ្វីដែលទ្រង់នឹងឲ្យយើងធ្វើ ។ យើងដឹងថា ព្រះអម្ចាស់នឹងរៀបចំផ្លូវសម្រាប់យើង ដើម្បីបំពេញកិច្ចការដែលទ្រង់សុំយើងឲ្យធ្វើ ( សូមមើល នីហ្វៃទី១ ៣:៧) ។ ទ្រង់តែងតែនៅក្បែរយើងជានិច្ច ប្រសិនបើយើងខិតខំគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
ម៉ានូអេឡា អូ អាយុ ១៥ ឆ្នាំ ប្រទេសហ្គាណា
បងប្អូនប្រហែលមិនអាចមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ ១០០ % នោះទេ
« ខ្ញុំគឺជាអ្នកជិះស្គីលើទឹកអាជីពម្នាក់ ហើយខ្ញុំបានផ្អាកអាជីពនោះ ដើម្បីទទួលបទពិសោធន៍នៃសេចក្ដីអំណរដ៏ពិត ដែលបានមកពីការបម្រើបេសកកម្ម ។ ខ្ញុំបានរង់ចាំរហូតខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាត្រៀមខ្លួនរួចរាល់ ហើយខ្ញុំបានទទួលពរជ័យសម្រាប់រឿងនេះ ។ វាគឺជាការសម្រេចចិត្តរវាងបងប្អូន និងព្រះវរបិតារបស់បងប្អូនដែលគង់នៅស្ថានសួគ៌ ។ បងប្អូនប្រហែលមិនអាចមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ ១០០ % នោះទេ ។ ការដាក់ស្នើទម្រង់បែបបទសុំបម្រើបេសកកម្មរបស់បងប្អូន តែងតែត្រូវការសេចក្ដីជំនឿដ៏រឹងមាំ ប៉ុន្តែវាមានតម្លៃខ្លាំងណាស់ » ។
យ័រដាន់ ស៊ី អាយុ ២២ ឆ្នាំ រដ្ឋកាលីហ្វូញ៉ា ស.រ.អា.
ព្រះអម្ចាស់នឹងរៀបចំ ហើយប្រទានអំណាចឲ្យបងប្អូន
« អ្នកអាចសូមដល់ព្រះអម្ចាស់នៅក្នុងការអធិស្ឋានជានិច្ច ។ ព្រះអម្ចាស់ប្រទានអំណាចដល់អស់អ្នកដែលទ្រង់ហៅឲ្យធ្វើជាពួកអ្នកផ្សព្វផ្សាយសាសនា ។ នៅពេលដែលប៉ាខ្ញុំបានស្លាប់ ខ្ញុំបានទទួលការលួងលោមចិត្តដោយទីបន្ទាល់របស់ខ្ញុំក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ ប៉ុន្តែមានមនុស្សច្រើនណាស់នៅក្នុងពិភពលោកនេះ ដែលនៅតែពុំស្គាល់ផែនការរបស់ព្រះវរបិតាសួគ៌នៅឡើយ ។ ខ្ញុំដឹងថា ព្រះអម្ចាស់កំពុងរៀបចំមនុស្សសម្រាប់ខ្ញុំដើម្បីបង្រៀន » ។
ហ្វីលីពេ អេហ្វ អាយុ ១៧ ឆ្នាំ នៅប្រទេសប្រេស៊ីល
សូមសរសេរការបំផុសគំនិតរបស់បងប្អូន
« នៅពេលខ្ញុំបានអធិស្ឋានអំពីការបម្រើបេសកកម្ម ខ្ញុំបានសរសេរការបំផុសគំនិតដែលខ្ញុំបានទទួលមកពីសុន្ទរកថា តន្រ្តី ឬមិត្តភក្តិ ។ នៅពេលខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តក្នុងអំឡុងពេលរៀបចំខ្លួនសម្រាប់បេសកកម្មរបស់ខ្ញុំ នោះខ្ញុំនឹងត្រលប់ទៅអានអ្វីដែលព្រះវិញ្ញាណបានប្រាប់ខ្ញុំពីមុនវិញ ។ ខ្ញុំផ្ញើក្រដាសបេសកកម្មរបស់ខ្ញុំចេញទៅហើយទុកចិត្តលើព្រះអម្ចាស់ ។ នៅពេលយើងឆ្ពោះទៅមុខដោយសេចក្ដីជំនឿ បងប្អូនមិនដឹងថា វាអាចធ្វើទៅបានដោយរបៀបណានោះទេ ប៉ុន្តែបងប្អូននឹងសម្គាល់ឃើញព្រះហស្ថរបស់ព្រះ នៅក្នុងការធ្វើការសម្រេចចិត្តរបស់បងប្អូន ! »
ប៊្រីអាណា អិម អាយុ ១៩ ឆ្នាំ រដ្ឋអូរីហ្គិន ស.រ.អា
ទទួលពររបស់លោកអយ្យកោរបស់បងប្អូន
« តាំងពីខ្ញុំបានទទួលពររបស់លោកអយ្យកោរបស់ខ្ញុំមក ខ្ញុំដឹងថា ខ្ញុំត្រូវចែកចាយដំណឹងល្អ ។ ខ្ញុំកំពុងរៀបចំខ្លួនសម្រាប់បេសកកម្មឥឡូវនេះ ដោយការចែកចាយដំណឹងល្អជាមួយមិត្តរបស់ខ្ញុំ ។ សូម្បីតែខ្ញុំមានអារម្មណ៍ថា ការបម្រើបេសកកម្មពេញម៉ោងមិនសមសម្រាប់ខ្ញុំនៅពេលខ្ញុំធំឡើង ក៏ខ្ញុំនៅតែដឹងថា ខ្ញុំអាចចែកចាយដំណឹងល្អពេញមួយជីវិតរបស់ខ្ញុំផងដែរ » ។
អេលីស ឌី ១៤ ឆ្នាំ រដ្ឋផ្លរីដា ស.រ.អា
សូមសួរដល់ព្រះអម្ចាស់ និងអ្នកដទៃទៀត
« ខ្ញុំទើបតែអាយុ ១៤ ឆ្នាំមែន ប៉ុន្តែខ្ញុំបានសញ្ចឹងគិតពីសំណួរនេះដោយខ្លួនឯង ។ នៅពេលនោះមកដល់សម្រាប់ខ្ញុំ ដើម្បីសម្រេចចិត្តថាពេលណាខ្ញុំត្រូវបម្រើ ខ្ញុំនឹងអធិស្ឋានទៅព្រះអម្ចាស់ដើម្បីជួយខ្ញុំស្វែងរកចម្លើយ ។ ខ្ញុំនឹងនិយាយជាមួយអ្នកដែលជិតស្និទ្ធនឹងខ្ញុំបំផុត រាប់បញ្ចូលទាំងគ្រួសាររបស់ខ្ញុំ ប៊ីស្សព និងមិត្តភក្ដិរបស់ខ្ញុំផងដែរ ។
ជ័រដាន់ វី អាយុ ១៤ ឆ្នាំ រដ្ឋណេវ៉ាដា ស.រ.អា
ព្រះអម្ចាស់នឹងប្រទានពរចម្លើយដល់បងប្អូន
« ខ្ញុំតែងតែមានបំណងចង់បម្រើបេសកកម្មជានិច្ច ប៉ុន្តែខ្ញុំដឹងថា វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ។ ប្រសិនបើយើងឧស្សាហ៍ព្យាយាមសិក្សាព្រះគម្ពីរ ហើយអធិស្ឋានទៅព្រះវរបិតាសួគ៌ជានិច្ច នោះ ខ្ញុំដឹងថា ទ្រង់នឹងដឹកនាំយើង ។ សូមទុកចិត្តលើព្រះអម្ចាស់ ។ ទ្រង់នឹងប្រាប់បងប្អូនពីពេលវេលាដែលត្រឹមត្រូវដើម្បីចេញបម្រើបេសកកម្ម ។ សូមបន្តស្វែងរកចម្លើយ ហើយបងប្អូននឹងទទួលបានវា ហើយនឹងមានអារម្មណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយ » ។
នីកូល អ័រ អាយុ ១៤ ឆ្នាំ ប្រទេសប្រេស៊ីល
សូមរៀបចំខ្លួនខាងវិញ្ញាណ ខាងផ្លូវចិត្ត និងផ្លូវកាយ
« សូមអធិស្ឋានឲ្យអស់ពីដួងចិត្ត ហើយសញ្ចឹងគិតពីបទគម្ពីរអំពីការសម្រេចចិត្តរបស់បងប្អូន ។ សូមបើកដួងចិត្តសម្រាប់អ្វីដែលព្រះវិញ្ញាណបានខ្សឹបប្រាប់ ឬនិយាយទៅកាន់បងប្អូន ។ ហើយនៅក្នុងពេលនេះ បងប្អូនអាចចូលរួមគ្រប់ការប្រជុំសាក្រាម៉ង់ ថ្នាក់សិក្ខាសាលា ថ្នាក់សាលាថ្ងៃអាទិត្យ និងថ្នាក់យុវនារី ឬការប្រជុំកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បងប្អូនក៏អាចរៀបចំខ្លួនសម្រាប់ផ្លូវចិត្ត និងផ្លូវកាយផងដែរ ។
អាឌីសុន អេហ្វ អាយុ ១៤ ឆ្នាំ នៅរដ្ឋយូថាហ៍ ស.រ.អា.