ដើរក្នុងពន្លឺរបស់ព្រះអង្គសង្រ្គោះ
ពេលក្មួយមករកព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត នោះព្រះចេស្តានៃការព្យាបាល និងការពង្រឹងរបស់ទ្រង់នឹងដឹកនាំក្មួយចេញពីភាពងងឹត ។
នៅលើជើងហោះហើរដ៏ឆ្ងាយមួយដែលខ្ញុំបានធ្វើជាអ្នកបើកយន្តហោះ ខ្ញុំបានហោះហើរចេញពីប្រទេសអាល្លឺម៉ង់នៅម៉ោង ១១:០០ ព្រឹក ហើយចុះចតនៅរដ្ឋកាលីហ្វ័រញ៉ានៅម៉ោង ១ ល្ងាច ថ្ងៃដដែលនេះ ។ បើប្រៀបធៀបពេលវេលាចេញដំណើរ និងពេលទៅដល់ វាអាចឃើញថាការហោះហើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងទ្វីបអាមេរិកខាងជើងចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ។
យន្តហោះប៊ូអ៊ីង ៧៤៧ លឿន តែមិនលឿនដល់ថ្នាក់នោះទេ ! តាមការពិតជើងហោះហើរបានចំណាយពេលប្រហែល ១១ ម៉ោង អាស្រ័យទៅលើខ្យល់ដើម្បីធ្វើដំណើរចម្ងាយ ៥៦០០ ម៉ៃល៍ ( ៩០០០ គីឡូម៉ែត្រ ) ។
ដោយសារយើងហោះហើរទៅទិសខាងលិច នោះព្រះអាទិត្យមិនបានលិចក្នុងអំឡុងពេលហោះហើររបស់យើងទេ ។ យើងរីករាយនឹងពន្លឺថ្ងៃពីប្រទេសអាល្លឺម៉ង់ទៅដល់រដ្ឋកាលីហ្វ័រញ៉ា ។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញគឺជារឿងខុសដាច់ពីគ្នា ។ ពេលយើងហោះហើរទៅទិសខាងកើត ព្រះអាទិត្យលិចលឿនជាងធម្មតា ហើយមុនពេលយើងដឹង គឺវាយប់បាត់ទៅហើយ ។
ទោះបីជាហោះហើរនៅពេលយប់ នៅក្នុងភាពងងឹតទាំងស្រុងក៏ដោយក្តី ក៏ខ្ញុំបានដឹងដោយច្បាស់ថាព្រះអាទិត្យនៅតែមិនប្រែប្រួល ខ្ជាប់ខ្ជួន និងគួរឲ្យទុកចិត្តបាន ។ ខ្ញុំបានដឹងថានៅទីបំផុតព្រះអាទិត្យនឹងរះឡើង ហើយពន្លឺភ្លឺនឹងត្រឡប់មកវិញដើម្បីនាំឲ្យមានភាពកក់ក្តៅ និងជីវិតទៅកាន់ថ្ងៃថ្មីមួយពីមុនពេលការធ្វើដំណើររបស់យើងបញ្ចប់ ។
ពេលខ្លះរឿងនៅជុំវិញយើងអាចហាក់ដូចជាមិនមានស្ថេរភាព មិនអាចរំពឹងទុកបាន និង ងងឹត ។ ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាពន្លឺ និងជាជីវិតនៃពិភពលោក ។ ដោយសារទ្រង់ នោះយើងមានសេចក្ដីសង្ឃឹមចំពោះអនាគត ចូលទៅកាន់ពន្លឺដ៏ទេវភាពរបស់ទ្រង់ និងការសន្យានៃជ័យជម្នះលើអំពើបាប និងសេចក្ដីស្លាប់ ។
សេចក្ដីស្រឡាញ់ និងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ
ដោយសារតែសេចក្ដីស្រឡាញ់ចំពោះយើង នោះព្រះយេស៊ូវគ្រីស្ទបានប្រទានជីវិតរបស់ទ្រង់ដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ហើយបានបើកទ្វារដើម្បីនាំមកនូវអមតៈភាព និងជីវិតដ៏អស់កល្បជានិច្ច ។
មិនថាសាតាំងចង់ឲ្យក្មួយជឿលើអ្វីនោះទេ ក៏ព្រះអង្គសង្គ្រោះនៅតែមានសមត្ថភាពជួយសង្គ្រោះក្មួយបានដែរ ។ ក្មួយមិនដែលនៅហួសពីការ « ឱបក្រសោបជាអង្វែងតទៅ ដោយព្រះពាហុនៃសេចក្ដីស្រឡាញ់របស់ទ្រង់ឡើយ »( នីហ្វៃទី២ ១:១៥ ) ។
អំណោយដ៏អស្ចារ្យទាំងអស់នេះបានមកពីអំណាចដែលធ្វើឲ្យកើតឡើង និងការប្រោសលោះនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែការឈឺចាប់របស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី និងភ្នំលលាដ៏ក្បាល ទ្រង់ជ្រាបដឹងអំពីរបៀបដើម្បីជួយក្មួយទៅតាមឧបសគ្គទាំងអស់ដែលក្មួយប្រឈមមុខ ( សូមមើល អាលម៉ា ៧:១១–១២ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ក្មួយ !
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ពេលព្រះអង្គសង្គ្រោះ [ ធ្វើដង្វាយធួន ] សម្រាប់មនុស្សទាំងអស់ នោះទ្រង់បានបើកផ្លូវឲ្យអ្នកដែលធ្វើតាមទ្រង់ ទទួលបាននូវព្រះចេស្ដានៃការព្យាបាល ការពង្រឹង និងការប្រោសលោះរបស់ទ្រង់ » ។
អំណាចនោះគឺប្រៀបដូចជាព្រះអាទិត្យអ៊ីចឹង គឺតែងតែមាននៅទីនោះជានិច្ច ។ វាមិនដែលងាករេនោះទេ ។ ការដើរតាមដានព្រះបាទារបស់ព្រះអង្គសង្គ្រោះគឺប្រៀបដូចជាការដើរចេញពីស្រមោល ហើយចូលទៅក្នុងពន្លឺព្រះអាទិត្យ ជាកន្លែងដែលក្មួយអាចទទួលបាននូវពរជ័យនៃពន្លឺ ភាពកក់ក្ដៅ និងសេចក្ដីស្រឡាញ់របស់ព្រះ ។
ការចាប់ផ្តើមថ្មីដ៏ភ្លឺស្វាង
ព្រះគម្ពីរមរមនប្រាប់អំពីរបៀបដែលពួកសាសន៍នីហ្វៃបានចំណាយពេលបីថ្ងៃនៅក្នុងភាពងងឹតដ៏ជ្រាលជ្រៅបំផុតបន្ទាប់ពីព្រះអង្គសង្គ្រោះបានត្រូវគេឆ្កាង ។ ភាពងងឹតខាងរូបកាយនៅជុំវិញពួកគេគឺជានិមិត្តរូបនៃភាពងងឹតខាងវិញ្ញាណដែលយើងជួបប្រទះដោយសារអំពើបាប ។ បន្ទាប់មកពួកគេបានឮសំឡេងនៃព្រះគ្រីស្ទអញ្ជើញពួកគេចេញពីភាពងងឹត ហើយចូលទៅក្នុងពន្លឺរបស់ទ្រង់ ៖
« តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? » ( នីហ្វៃទី៣ ៩:១៣ ) ។
« ហើយអ្នករាល់គ្នាត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ » ( នីហ្វៃទី៣ ៩:២០ ) ។
« ចូរប្រែចិត្ត ហើយត្រឡប់មករកយើងដោយអស់ពីដួងចិត្ត » ( នីហ្វៃទី៣ ១០:៦ ) ។
ព្រះអង្គសង្គ្រោះបានប្រទានការអញ្ជើញដូចគ្នាទាំងនោះទៅកាន់ក្មួយៗនៅពេលក្មួយៗរកឃើញខ្លួនឯងវង្វេងនៅក្នុងភាពងងឹត ។ ដូចគ្នានឹងព្រះអាទិត្យរះម្តងៗជាការចាប់ផ្តើមនៃថ្ងៃថ្មីដែរ រាល់ពេលដែលក្មួយៗប្រែចិត្ត នោះក្មួយទទួលបានការចាប់ផ្ដើមថ្មី ជាការចាប់ផ្តើមមួយដ៏ភ្លឺស្វាង ។
តាមរយៈការប្រែចិត្តដ៏ស្មោះរបស់ក្មួយ នោះព្រះយេស៊ូវគ្រីស្ទ « ទ្រង់ប្តូរកំហុសរបស់ប្អូនជាមួយនឹងសេចក្តីសុខសាន្ត និងអំណរ ។ ទ្រង់នឹងមិនចងចាំកំហុសរបស់ក្មួយទៀតឡើយ ។ ជាមួយនឹងថាមពលរបស់ទ្រង់ នោះបំណងប្រាថ្នារបស់ក្មួយដើម្បីរក្សាព្រះបញ្ញត្តិរបស់ទ្រង់នឹងកើនឡើង ។
នៅពេលដែលក្មួយចាប់ផ្តើមជំហានដំបូងដើម្បីប្រែចិត្ត នោះព្រះអង្គសង្គ្រោះនឹងចាប់ផ្ដើម «ផ្លាស់ប្ដូរចិត្តនិងជីវិតរបស់ក្មួយ ។ បន្តិចម្តងៗ ក្មួយនឹងរីកចម្រើន ហើយប្រែក្លាយកាន់តែដូចទ្រង់ » ហើយទ្រង់ « នឹងនាំក្មួយឲ្យកាន់តែទទួលបានព្រះចេស្តាទ្រង់កាន់តែច្រើនឡើង » ។
ស្វែងរកការព្យាបាលដ៏យូរអង្វែង
ព្រះអង្គសង្រ្គោះគឺជាគ្រូព្យាបាលដ៏ចំណានបំផុត ។ ការបង្ហាញដ៏ស្រស់ស្អាតបំផុតមួយនៃអំណាចព្យាបាលរបស់ទ្រង់ត្រូវបានរកឃើញនៅក្នុងការងារបម្រើផ្ទាល់ខ្លួនរបស់ទ្រង់នៅក្នុងព្រះគម្ពីរមរមន ៖
« តើនៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺទេ ? ទ្រង់បានសួរ ។ តើមាននរណា … រងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា ។ …
« ហើយហេតុការណ៍បានកើតឡើងថា កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះហ្វូងមនុស្សទាំងអស់ ក៏ដើរឆ្ពោះទៅមុខ … ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា នៅពេលពួកគេត្រូវនាំមករកទ្រង់ » ( នីហ្វៃទី៣ ១៧:៧,៩ ) ។
រាល់ពេលដែលព្រះអង្គសង្គ្រោះបានប្រោសនរណាម្នាក់ ទាំងមុន និងក្រោយការរស់ឡើងវិញ ទ្រង់បានថ្លែងទីបន្ទាល់អំពីអំណាចដ៏អស្ចារ្យបំផុតរបស់ទ្រង់ដើម្បីព្យាបាលព្រលឹងរបស់យើង ។ ការព្យាបាលដ៏អព្ភូតហេតុនីមួយៗបានចង្អុលបង្ហាញអំពីការសន្យារបស់ទ្រង់អំពីការព្យាបាលខាងរាងកាយ និងអារម្មណ៍ដ៏យូរអង្វែងដែលនឹងកើតមានដល់យើងក្នុងការរស់ឡើងវិញ ។
ជួនកាលការអធិស្ឋានរបស់ក្មួយសម្រាប់ការព្យាបាលប្រហែលជាមិនបានឆ្លើយតាមរបៀបដែលក្មួយសង្ឃឹមចង់បាននោះទេ ប៉ុន្តែការអធិស្ឋាននោះមិនត្រូវបានបំភ្លេចនោះឡើយ ។ ពេលវេលាសម្រាប់ការព្យាបាលនៅទីបំផុតនឹងកើតឡើងតាមរបៀប និងពេលវេលារបស់ព្រះវរបិតាសួគ៌ផ្ទាល់ ដូចជាភាពងងឹតនៃពេលយប់តែងតែធ្វើឲ្យមានព្រះអាទិត្យរះដ៏រុងរឿង ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគ្រីស្ទគឺជាអង្គព្យាបាលក្នុងជីវិតនេះ ហើយក្នុងភាពអស់កល្បជានិច្ច ។ សេចក្តីមេត្តាករុណារបស់ទ្រង់គឺគ្រប់គ្រាន់ដើម្បីព្យាបាលស្នាមរបួស លាងសម្អាតនូវអំពើបាប ពង្រឹងក្មួយនៅក្នុងការសាកល្បង ហើយប្រទានពរដល់ក្មួយនូវសេចក្ដីសង្ឃឹម ប្រាជ្ញា និងសេចក្ដីសុខសាន្ត ។ ព្រះចេស្តារបស់ទ្រង់តែងតែមាននៅទីនោះជានិច្ច—ឥតឈប់ឈរ និងអាចទុកចិត្តបាន—សូម្បីពេលខ្លះនៅពេលក្មួយ មានអារម្មណ៍ឆ្ងាយពីសេចក្ដីស្រឡាញ់ ពន្លឺ និងភាពកក់ក្តៅរបស់ទ្រង់ក្តី ។
សូមកុំឲ្យក្មួយបាត់បង់អារម្មណ៍ស្ងប់ស្ងែង និងការដឹងគុណដ៏ជ្រាលជ្រៅរបស់ក្មួយចំពោះអ្វីៗទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ក្មួយឡើយ ។ សូមដឹងថាក្មួយមានអ្នកស្រឡាញ់យ៉ាងល្អឥតខ្ចោះ ។ សូមចងចាំនូវអ្វីដែលក្មួយបានសន្យាដ៏អស់កល្ប ។ ហើយ « សូមព្រះទ្រង់សម្រាលបន្ទុករបស់ក្មួយ តាមរយៈសេចក្ដីអំណរនៃព្រះរាជបុត្រារបស់ទ្រង់ » គឺ ព្រះយេស៊ូវគ្រីស្ទ ( អាលម៉ា ៣៣:២៣ ) ។