ដើម្បី​កម្លាំង​នៃ​យុវជន
ការទទួល​បាន—និង​ការផ្តល់ឲ្យ—ជួយ​ដល់​សុខភាព​ផ្លូវចិត្ត
ខែ កញ្ញា ឆ្នាំ ២០២៤


ការទទួលបាន—និង​ការផ្តល់ឲ្យ—ជួយ​ដល់ សុខភាព​ផ្លូវចិត្ត

នៅពេល​និយាយ​អំពី​សុខភាព​ផ្លូវ​ចិត្ត ប្អូន​អាច​សុំ​ជំនួយ និង​ផ្តល់​ជំនួយ​ដល់​អ្នក​ដទៃ​បាន​ផង​ដែរ ។

រូបភាព
យុវជន​កំពុង​កាន់​ឆ័ត្រ​បាំង​ឲ្យ​យុវនារី​ម្នាក់​ដែល​មើល​ទៅ​ដូចជា​សោកសៅ

រចនា​រូបភាព​ដោយ ស៊ីម៉ូណា ឡូវ

តើ​ប្អូន​គួរ​ធ្វើ​អ្វី​ខ្លះ​នៅពេល​ប្អូន​មាន​អារម្មណ៍​សោកសៅ បាក់​ទឹក​ចិត្ត ថប់​បារម្ភ ព្រួយ ឬ​ធ្លាក់​ទឹក​ចិត្ត ?

ប្អូន​ប្រហែល​ជា​រំពឹង​ថា​ចម្លើយ​គឺ​ជា​អ្វី​មួយ​ដូច​ជា ៖ រស់​នៅ​តាម​ដំណឹង​ល្អ ។ អធិស្ឋាន ។ អាន​ព្រះគម្ពីរ ។ ទទួលទាន​សាក្រាម៉ង់ ។ ហើយ​ការបន្ត​ធ្វើ​កិច្ចការ​ទាំង​នោះ គឺ ជា​រឿងល្អ និង​ចាំបាច់ ហើយ អាច ដោះស្រាយ ( និង​ការពារ ) បញ្ហា​ជា​ច្រើន​បាន ។ ប៉ុន្តែ​បញ្ហា​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ការខិតខំ​បន្ថែម​ទៀត ។

ពិតណាស់ មនុស្ស​គ្រប់​គ្នា​មាន​ការថប់​បារម្ភ ឬ​សោកសៅ​ពេល​ខ្លះ ។ វា​ជា​ផ្នែក​មួយ​នៃ​ជីវិត ។ មាន​វិធី​ល្អៗ​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ។ ប៉ុន្តែ​ប្រសិន​បើ​ថប់​បារម្ភ ឬ​ការធ្លាក់ទឹកចិត្ត​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ឬ​យូរ​អង្វែង​ដែល​វា​ប៉ះពាល់​ដល់​ជីវិត​របស់​ប្អូន និង​រារាំង​ប្អូន​មិន​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ នោះ​ប្អូន​អាច​នឹង​ស្ថិត​នៅ​ដំណាក់​កាល​ដែល​វា​មិនមែន​ជាការ​ពិត​ទេ​ក្នុង​ការរំពឹង​ថា​វា​នឹង​ប្រសើរ​ឡើង​ដោយ​គ្មាន​ជំនួយ​បន្ថែម​ទៀត​នោះ ។

សុខភាព​ផ្លូវចិត្ត គឺជា សុខភាព​រាងកាយ ( សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស [ ឆ្នាំ ២០២២ ] ទំព័រ ២៩ ) ។ សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល​របស់​យើង​ជួយ​គ្រប់គ្រង​អារម្មណ៍ ហើយ​ខួរក្បាល​របស់​យើង​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ ។ អ្នក​ណា​ដែល​និយាយ​ថា​ការធ្លាក់ទឹកចិត្ត ឬ​ការថប់​បារម្ភ​គឺ​ជា « អ្វីៗ​នៅ​ក្នុង​ក្បាល​របស់​ប្អូន » គឺ​ត្រឹម​ត្រូវ​តែ​ក្នុង​ន័យ​ត្រង់​ប៉ុណ្ណោះ ៖ តាម​ពិត នៅ​ក្បាល​របស់​ប្អូន​គឺ​ជា​កន្លែង​ដែល​មាន​ខួរ​ក្បាល​របស់​ប្អូន ។ ប៉ុន្តែ​បញ្ហា​នេះ​មិន​អាច​មើល​ឃើញ​ដូច​ជា​ការបាក់​ជើង ឬ​ជំងឺ​រលាក​ខ្នែង​ពោះវៀន​នោះ​ទេ ។

ទទួល​ជំនួយ

ព្រះគម្ពីរ​មរមន​មាន​ចែង​ថា ពួកសាសន៍​នីហ្វៃ​បាន​ទទួល​ពរ​ដោយ « ​គុណ​ភាព​ដ៏​ប្រសើរ​របស់​ដើម​ឈើ និង​ឫស​ឈើ​ជា​ច្រើន​ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​ឲ្យ​មាន ដើម្បី​កម្ចាត់​ដើមហេតុ​នៃ​ជំងឺ​ទាំង​ឡាយ » ( អាលម៉ា ៤៦:៤០ ) ។ សព្វថ្ងៃនេះ​យើង​អាច​ហៅ​អ្វី​ទាំងនេះ​ថា ឱសថ ។

សព្វថ្ងៃនេះ​ព្រះ​បាន​រៀបចំ​កាន់តែ​ច្រើន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ និង​របួស​រួមទាំង​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ ។ សម្រាប់​ជំងឺ​ទាំងនោះ​យើង​មាន​ការព្យាបាល​ឥឡូវ​នេះ ដែល​ពួកសាសន៍​នីហ្វៃ—និង​ជីដូន​ជីតា​របស់​យើង​—មាន​តែ​ក្នុង​សុបិន​ប៉ុណ្ណោះ ។ យើង​រស់នៅ​ក្នុង​យុគសម័យ​ដ៏​អព្ភូតហេតុ ! ហើយ​ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​យើង​ប្រើ​វា ។

នោះ​មិន​មែន​មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​ដែល​ប្រឈមមុខ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ​ត្រូវការ​ឱសថ ឬ​ការព្យាបាល​នោះ​ទេ ។ គ្រប់គ្នា​គឺ​ខុសៗ​គ្នា ។ ប៉ុន្តែ​មិន​ថា​ស្ថានភាព​របស់​ប្អូន​បែប​ណា​នោះទេ រឿង​ដ៏​ពិត​មួយ​នោះ​គឺ​ថា ៖ គ្មាន​ហេតុ​ផល​ណា​មួយ​ត្រូវ​រង​ទុក្ខ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ព្រះវរបិតា​សួគ៌​ទ្រង់​ពិត​ជា​ចង់​ជួយ​ណាស់ ។

ព្រះវរបិតា​សួគ៌​របស់​ប្អូន​ជ្រាប​ដឹង​ពីអ្វី​ដែល​នឹង​ជួយ ប្អូន ។ សូម​ទួលសុំ​ជំនួយ​ពី​ទ្រង់​មិន​ថា​បញ្ហា​របស់​ប្អូន​អាច​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការអធិស្ឋាន និង​សេចក្តី​ជំនឿ ឬ​មិន​ថា​ប្អូនត្រូវ​ស្វែងរក​ពរជ័យ​របស់​ទ្រង់​ដោយ​រួម​ផ្សំ​គ្នា​ជាមួយ​ឱសថ ការព្យាបាល ឪពុកម្ដាយ មិត្ត​ភក្តិ ប៊ីស្សព ថ្នាក់​ដឹកនាំ​យុវវ័យ គ្រូបង្រៀន ខ្យល់​បរិសុទ្ធ និង​ការហាត់ប្រាណ​ដើម្បី​ធ្វើ​ឲ្យ​ប្អូន​ឆ្លងផុត​គ្រា​លំបាក​យ៉ាង​ណា​ក៏​ដោយ​នោះ​ទេ ។ កុំ​បារម្ភ​ច្រើន​ពេក​អំពី​របៀប​ដែល​អ្នក​ដទៃ​ដែល​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ។ ព្រះវរបិតា​សួគ៌​នឹង​ជួយ​ប្អូន​ស្វែងរក​ដំណោះស្រាយ​ដែល​សម​នឹង​ស្ថានភាព​របស់​ប្អូន ។

ធ្វើ​ឲ្យ​មាន​ប្រយោជន៍

ដំណឹងល្អ​គឺ​អំពី​ការជួយ​អ្នកដទៃ ដូចគ្នា​ទៅ​នឹង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ ប្អូន​គួរ​តែ​ព្យាយាម​ជានិច្ច​ដើម្បី « ជួយ​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ឯកោ នៅ​ដាច់​ដោយ​ឡែក​ពី​គេ ឬ​អស់សង្ឃឹម ។ សូម​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​នៃសេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​តាមរយៈ​ប្អូន » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បីធ្វើ​ការ​ជ្រើសរើស ទំព័រ ១២ ) ។ ប្អូន​ប្រហែល​ជា​មិន​មែន​ជា​វេជ្ជបណ្ឌិត ឬ​ជា​គ្រូ​ពេទ្យ​ព្យាបាល​ទេ ប៉ុន្តែ​ប្អូន​គឺជា​សិស្ស​របស់​ព្រះគ្រីស្ទ ហើយ​សិស្ស​របស់​ព្រះគ្រីស្ទ « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។

រឿង​សំខាន់​បំផុត​មួយ​ដែល​ប្អូន​អាច​ធ្វើ​បាន​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ដែល​ប្អូន​ស្រឡាញ់​កំពុង​តែ​ពុះពារ​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ថប់​បារម្ភ ឬ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​នោះ គឺ​ស្តាប់ ។

ជារឿយៗ​អ្វី​ដែល​នរណា​ម្នាក់​កំពុងមាន​​បញ្ហា​សុខភាព​ផ្នែក​សតិអារម្មណ៍​ចង់​បាន​គឺ ​ឲ្យ​ប្អូន​មាន​ចិត្ត​អាណិតអាសូរ និង​ចែករំលែក​ក្តី​ស្រលាញ់​របស់​ប្អូន ។ ពួកគេ​មិន​រំពឹង​ថា​ប្អូន​នឹង​មាន​ចម្លើយ​វេទ​មន្ដ​ដែល​នឹង​ដោះ​ស្រាយ​អ្វីៗ​ទាំង​អស់​នោះ​ទេ ។ ពួកគេ​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការបញ្ចេញ​អារម្មណ៍​ប៉ុណ្ណោះ ។ ពួកគេ​ចង់​អោយ​នរណា​ម្នាក់​នៅ​ជាមួយ​ពួកគេ ស្តាប់​ពួកគេ ហើយ​បង្ហាញ​អារម្មណ៍​អាណិត​អាសូរ—និយាយ​ថា « ខ្ញុំ​យល់ស្រប អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់​ស្តាប់ទៅ​ពិតជា​អាក្រក់​មែន ។ ខ្ញុំ​សូមទោស ។ ខ្ញុំ​ប្រាថ្នា​ថា​ខ្ញុំ​អាច​ជួសជុល​វាបាន ។ សូម​ឲ្យ​ខ្ញុំ​ដឹង​អំពី​របៀប​ដែល​ខ្ញុំ​អាច​ជួយ​បាន​ផង » ។

ហើយ​សូម​ចាំថា …

មិន​ថា​ប្អូន​ជា​មនុស្ស​ដែល​ផ្ដល់​ជំនួយ ឬ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​នោះ​ទេ សូម​ចងចាំ​ថា​មាន​រឿង​ខ្លះ​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ។ សូម​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​វា ។ នៅ​ពេល​បច្ចប្បន្ន​នេះ ធ្វើ​អ្វី​ដែល​ ប្អូន អាច​ធ្វើ​បាន​ដើម្បី​ថែរក្សា​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ប្អូន ។