របៀប ធ្វើឲ្យសន្និសីទកាន់តែមានន័យ ចំពោះប្អូន
សូមសាកល្បងគំនិតទាំងបីនេះសម្រាប់បទពិសោធន៍សន្និសីទដ៏ពិសេសជាងនេះ ។
សន្និសីទទូទៅនឹងមកដល់ឆាប់ៗ ហើយវាមានន័យថាមានឥទ្ធិពលដែលមានរយៈពេលវែងលើសពីសន្និសីទនៅចុងសប្តាហ៍ទៅទៀត ! គន្លឺះទាំងបីនេះអាចធ្វើឲ្យសន្និសីទកាន់តែមានអត្ថន័យសម្រាប់ ប្អូន ។
១. រៀបចំខ្លួនឯងខាងវិញ្ញាណ
ពីមុនសន្និសីទទូទៅ ប្អូនអាចរៀបចំខ្លួនខាងវិញ្ញាណតាមរយៈរបៀបសាមញ្ញៗដូចជា ការសិក្សាព្រះគម្ពីរ និងការអធិស្ឋានដ៏ស្មោះ ។ ប្អូនថែមទាំងអាចធ្វើការតមមើលប្រព័ន្ធផ្សព្វផ្សាយសង្គម ឬធ្វើដំណើរដ៏ពិសេសមួយទៅកាន់ព្រះវិហារបរិសុទ្ធបានផងដែរ ។ ការរៀបចំខាងវិញ្ញាណនឹងជួយប្អូនឲ្យមានអារម្មណ៍ពីឥទ្ធិពលដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
២. មានសំណួរក្នុងគំនិត
តើមានអ្វីនៅក្នុងគំនិតរបស់ប្អូនពេលថ្មីៗនេះ ? ប្អូនអាចមានការសម្រេចចិត្តធ្វើអ្វីមួយដ៏សំខាន់ ការព្រួយបារម្ភរបស់គ្រួសារ ឬសំណួរអំពីដំណឹងល្អ ។ សូមអធិស្ឋានដល់ព្រះវរបិតាសួគ៌អំពីរឿងនេះ ហើយសូមស្ដាប់ដើម្បីរកមើលការណែនាំក្នុងអំឡុងពេលសន្និសីទទូទៅ ។
សូមពិនិត្យមើលពីបទពិសោធន៍ដែល ជេមស៍ ធ្លាប់មានកាលពីឆ្នាំមុន !
នៅពេលសន្និសីទបានមកដល់ ខ្ញុំចង់ដឹងអំពីរបៀបដែលខ្ញុំអាចប្រើអំណាចនៃដង្វាយធួនរបស់ព្រះគ្រីស្ទក្នុងជីវិតរបស់ខ្ញុំឲ្យបានប្រសើរជាងនេះ ។ ខ្ញុំបានអធិស្ឋានទូលព្រះវរបិតាសួគ៌ឲ្យជួយខ្ញុំស្ដាប់ព្រះវិញ្ញាណ ដឹងអំពីរបៀបធ្វើការជ្រើសរើសឲ្យបានល្អប្រសើរ ហើយអភ័យទោសចំពោះជម្រើសខុសឆ្គងរបស់ខ្ញុំ ។
ខណៈពេលដែលអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ រឿងនេះបានដក់ជាប់ចំពោះខ្ញុំ ៖
« ពេលបងប្អូនសម្រេចចិត្តត្រឡប់មកវិញ ដើរតាមមាគ៌ានៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់បងប្អូន នោះព្រះចេស្ដាទ្រង់នឹងយាងចូលមកក្នុងជីវិតបងប្អូន ហើយនឹងធ្វើការផ្លាស់ប្រែជីវិត » ។
ខ្ញុំបានដឹងថានេះគឺជាអ្វីដែលព្រះអម្ចាស់ចង់ឲ្យខ្ញុំឮ ហើយខ្ញុំអាចមានអារម្មណ៍ថាព្រះវិញ្ញាណបានថ្លែងទីបន្ទាល់ដល់ខ្ញុំអំពីសេចក្ដីពិតរបស់រឿងនេះ ។ តាមរយៈការត្រៀមខ្លួនដោយមានសំណួរមួយនៅក្នុងចិត្ត នោះខ្ញុំអាចទទួលចម្លើយផ្ទាល់ខ្លួនចំពោះការអធិស្ឋានរបស់ខ្ញុំ ។
ជេមស៍ អិម អាយុ ១៦ ឆ្នាំ រដ្ឋណូសដាកូតា ស.រ.អា
៣. អនុវត្តគោលការណ៍ ឬការអញ្ជើញ
សូមស្ដាប់រកមើលការបង្រៀន ឬគោលការណ៍ដែលលេចធ្លោចំពោះប្អូន ។ បន្ទាប់មកសូមដាក់គោលដៅមួយដើម្បីអនុវត្តវាក្នុងជីវិតរបស់ប្អូន ។ ប្អូនក៏អាចស្តាប់ដោយប្រុងប្រយ័ត្នចំពោះការអញ្ជើញដោយផ្ទាល់មកពីព្យាការី និងសាវកផងដែរ ។ សូមកត់ត្រាទុក ហើយធ្វើតាមការអញ្ជើញទាំងនោះឲ្យបានយ៉ាងហោចណាស់មួយ ។ ការធ្វើសកម្មភាពដោយសេចក្ដីជំនឿនឹងជួយប្អូនឲ្យមានអារម្មណ៍ពីសេចក្ដីពិត និងអំណាចនៃការបង្រៀនរបស់ព្យាការី ។