ដើម្បី​កម្លាំង​នៃ​យុវជន
តើ « ឥរិយាបថ » របស់​ប្អូន​គឺ​ជា​អ្វី ?
ខែ កញ្ញា ឆ្នាំ ២០២៤


ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ប្អូន ។

តើ « ឥរិយាបថ » របស់​ប្អូន​គឺ​ជា​អ្វី ?

អាកប្បកិរិយា​របស់​ប្អូន​ចំពោះ​គោលការណ៍​នៅ​ក្នុង​សេចក្តីណែនាំ​នៃ ដើម្បី​កម្លាំង​នៃ​យុវជន អាច​ជួយ​ប្អូន​ឲ្យ​រីកលូតលាស់​កាន់​តែ​ខ្ពស់​ឡើង ។

រូបភាព
យន្តហោះ

អ្នក​បើក​យន្តហោះ​និយាយ​សំដៅ​ទៅ​លើ​ទី​តាំង​របស់​យន្ត​ហោះ​នៅ​ក្នុង​អាកាស​ថា​ជា ឥរិយាបថ របស់​វា ។ តើ​ច្រមុះ​យន្តហោះ​ឡើងលើ ឬ​ច្រមុះ​យន្តហោះ​ចុះ​ក្រោម ? បត់ ឬ​ធ្វើ​ដំណើរ​ត្រង់ និង​ថេរឬ​ទេ ? នៅក្នុង​ភាសា​អង់គ្លេស ឥរិយាបថ​ក៏​អាច​មាន​ន័យ​ថា​ជា​ផ្នត់​គំនិត​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​ចុះ​នៃ​ជីវិត​ផង​ដែរ ។ ពាក្យ​ចាស់​មួយ​ដែល​និយាយ​អំពី​ទាំង​ការហោះ​ហើរ និង​ជីវិត​គឺ ៖ « ឥរិយាបថ​របស់​យើង​កំណត់​រយៈ​កម្ពស់​របស់​យើង » ។

តើ​យើង​នឹង​មាន​ឥរិយាបថ​បែបណា​នៅ​ពេល​យើង​អាន ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ? ឥរិយាបថ​របស់​យើង​អំពី​គោលការណ៍​នៅ​ក្នុង​សេចក្តីណែនាំ​នេះ​អាច​ជា​ការផ្លាស់​ប្ដូរ​ជីវិត​ហើយ​អាច​មាន​ឥទ្ធិពល​ថា​តើ​យើង​នឹង​កើន​ឡើង​ដល់​កម្ពស់​ថ្មី ឬ​លិច​ទៅ​កម្រិត​ទាប​ជាង​នេះ ។

ព្រះអង្គ​សង្គ្រោះ​បាន​ឲ្យ​យើង​នូវ​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្តើម ។ ទ្រង់​បាន​មាន​បន្ទូល​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ » ( ម៉ាថាយ ៥:៥ ) ។ យើង​អាច​អនុវត្ត​ការមាន​ឥរិយាបថ​ស្លូតបូត​ដោយ​ការមាន​ភាពសុចរិត បន្ទាប​ខ្លួន និង​មាន​ឆន្ទៈ​ធ្វើ​តាម​ការបង្រៀន​ដំណឹង​ល្អ​ទាំងឡាយ ។ នេះ​គឺ​ជា​សំណួរ​បី​ដែល​បង្ហាញ​អំពី​ឥរិយាបថ​ផ្សេង​គ្នា ដែល​យើង​អាច​មាន​អំពី​គោល​ការណ៍​ដែល​យើង​ត្រូវ​បាន​ផ្តល់​ឲ្យ ។

ឥរិយាបថ ទី១ ៖ តើ​ខ្ញុំ​អាច​ធ្វើ អាក្រក់ ប៉ុណ្ណា ?

អស់អ្នក​ដែល​មាន​ឥរិយាបថ​ដូច​នេះ​និយាយ​ថា « តើ​ព្រំដែន​កំណត់​សម្រាប់​ឥរិយាបថ​នៅ​ត្រឹម​ណា ? ខ្ញុំ​ចង់​រស់​នៅ​ជិត​ព្រំដែន​កំណត់​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​បាច់​ឆ្លង​ហួស​វា​ទេ » ។ វា​មាន​គ្រោះ​ថ្នាក់​ដូចគ្នា​នឹង​អ្នក​លោត​ឆ័ត្រយោង​ដែល​សួរ​ថា « តើ​ខ្ញុំ​អាច​ទៅជិត​ដល់​ដី​បាន​ប៉ុណ្ណា​មុន​ពេល​បើក​ឆ័ត្រយោង​របស់​ខ្ញុំ ? »

ឥរិយាបថ ទី២ ៖ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ខ្លួន ឲ្យបាន ល្អ​ប៉ុណ្ណា ?

ឥរិយាបថ​នេះ​កំពុង​ស្វែង​រក​ការខិតខំ​ដ៏​តិច​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។ នេះ​ដូច​ជា​ការសួរ​គ្រូ​ថា « តើ​ខ្ញុំ​អាច​ធ្វើ​នូវ​កម្រិត​ទាប​បំផុត​ប៉ុណ្ណា​ដើម្បី​ខ្ញុំ​អាច​រៀន​ជាប់​បាន ? » វា​ហាក់​ដូច​ជា​អ្នក​លោត​ឆ័ត្រយោង​និយាយ​ថា « ខ្ញុំ​ចង់​ធ្វើ​ការខ្ចប់​ឆ័ត្រយោង​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ ប៉ុន្តែ​មិន​ល្អ​ពេក​នោះទេ » ។

ឥរិយាបថ ទី៣ ៖ តើ​ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស ក្លាហាន បាន​ប៉ុណ្ណា ?

មាន​ក្មេង​ប្រុស​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំថា គាត់​ទៅ​ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង ៥:០០ ព្រឹក ។ ខ្ញុំ​បាន​និយាយ​ថា « នោះ​គឺ​ព្រឹក​ពេក​ហើយ ។ ហេតុអី​បាន​ជា​ប្អូន​ទៅ ? » គាត់​គ្រាន់​តែ​ឆ្លើយ​ថា « ពីព្រោះ​ខ្ញុំ​ចង់​ទៅ ។ ខ្ញុំ​ស្រឡាញ់​ថ្នាក់​សិក្ខាសាលា ។ រាល់ថ្ងៃ ថ្នាក់​សិក្ខាសាលា​គឺជា​ផ្នែក​ដ៏​ល្អ​បំផុត​​របស់​ខ្ញុំ » ។ ឥរិយាបថ​របស់​គាត់​គឺ « ខ្ញុំ​ចង់​ក្លាហាន ! » ចំពោះ​គាត់ ការគោរព​ប្រតិបត្តិ​គឺជា​ដំណើរ​ស្វែង​រក មិនមែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មួម៉ៅ​ឡើយ ។

នោះ​គឺ​ដូច​ជា​អ្នក​លោត​ឆ័ត្រយោង​និយាយ​ថា « ខ្ញុំ​ខ្ចប់​ឆ័ត្រយោង​របស់​ខ្ញុំ​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​បើក​វា​យូរ​មុន​ពេល​ខ្ញុំ​ដល់​ដី ព្រោះ​ខ្ញុំ​ចូល​ចិត្ត​លោត​ឆ័ត្រយោង ហើយ​ចង់​បន្ត​ធ្វើ​វា​តទៅទៀត » ។ ឥរិយាបថ​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​រីកចម្រើន​ឡើង ។

ក្នុង​ព្រះគម្ពីរ​មរមន បិតា​របស់​ស្ដេច​ឡាម៉ូណៃ​បាន​ផ្តល់​នូវ​ការអធិស្ឋាន​ដ៏​ពិរោះ​មួយ​ដែល​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​ឥរិយាបថ​ទី​បី​នោះ ៖

« ឱ​ព្រះអង្គ​អើយ … សូម​ទ្រង់​ធ្វើ​ឲ្យ​ទូលបង្គំ​ស្គាល់​ផង ហើយ​ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ » ( អាលម៉ា ២២:១៨ ) ។

ស្ដេច​មិន​បាន​និយាយ​ថា « តើ​ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស​អាក្រក់​ប៉ុណ្ណា ហើយ​ស្គាល់​ទ្រង់​ ? » នោះទេ ឬ​ក៏ « តើ​ខ្ញុំ​ត្រូវ​ល្អ​កម្រិត​ណា​ដើម្បី​ស្គាល់​ទ្រង់​នោះ​ទេ ? » អត់ទេ ឥរិយាបថ​របស់​សេ្តចឡាម៉ូណៃ​គឺ​« ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ » ។

រូបភាព
ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស

ទម្លាប់​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង

ព្រះអម្ចាស់​ទុក​ចិត្ត​យើង​មិន​ឲ្យ​ស្វែងរក​ចន្លោះ​ប្រហោង​នោះ​ទេ ប៉ុន្តែ​ដើម្បី​ស្វែងរក​ទម្លាប់​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ។ ប្រសិន​បើ​អ្វី​មួយ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​សេចក្តី​ណែនាំ​ដូច​ដែល​យើង​បាន​រំពឹង​ទុក​នោះទេ សូម​កុំ​សួរ​ថា « តើ​ព្រះ​នឹង​អនុញ្ញាត​ទេ ? » ប៉ុន្តែ​សួរថា « តើ​ព្រះ​នឹង​ពេញ​ចិត្ត​អ្វី ? » សំណួរ​ទី​ពីរ​បង្ហាញ​ពី​ការស្ម័គ្រ​ចិត្ត​ដែល​ព្រះអម្ចាស់​ប្រាថ្នា​ឲ្យ​យើង​ម្នាក់ៗ​អភិវឌ្ឍ​នៅ​ពេល​ទ្រង់​បង្រៀន​យើង​ឲ្យ​មាន​ចិត្ត​ស្លូតត្រង់ ។

បើ​ខ្ញុំ​ជិះ​យន្តហោះ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​បើក​យន្តហោះ​សួរ​ថា « តើ​ខ្ញុំ​អាច​បើក​អាក្រក់​ប៉ុណ្ណា ? » ឬ​ក៏ « តើ​ខ្ញុំ​ត្រូវ​បើក​ឲ្យ​បាន​ល្អ​ប៉ុណ្ណា ? » នោះទេ ។ ខ្ញុំ​ចង់​ឲ្យ​គាត់ ឬ​នាង​សួរ​ថា « តើ​ខ្ញុំ​អាច​មាន​ភាព​ក្លាហាន​ប៉ុណ្ណា ? » ក្នុង​ការ​ហោះ​ហើរ និង​នៅក្នុង​ជីវិត ឥរិយាបថ​នឹង​កំណត់​រយៈ​កម្ពស់​របស់​យើង ។ សេចក្តី​ណែនាំ​សម្រាប់ ដើម្បី​កម្លាំង​នៃ​យុវជន មិន​ត្រូវ​បាន​សរសេរ​ដើម្បី​ពន្យល់​អំពី​អប្បបរមា​នៃ​អាកប្បកិរិយា​នោះ​ទេ ប៉ុន្តែ​ជា​គោលលទ្ធិ​សម្រាប់​ភាពជា​សិស្ស ។ វា​ពិត​ជា​កម្រិត​បន្ទាប់​ទៀត ។