ដើម្បី​កម្លាំង​នៃ​យុវជន
ភាព​មិន​ប្រក្រតី​នៃ​ការបរិភោគ​របស់​ខ្ញុំ​ទល់នឹង អត្តសញ្ញាណ​ពិត​របស់​ខ្ញុំ
ខែ កញ្ញា ឆ្នាំ ២០២៤


សំឡេង​យុវវ័យ

រវាង ភាព​មិន​ប្រក្រតី​នៃ​ការបរិភោគ របស់ខ្ញុំ​ទល់នឹង អត្តសញ្ញាណ​ពិត របស់​ខ្ញុំ

រូបភាព
យុវនារី

ជា​យូរ​មក​ហើយ​ខ្ញុំ​បាន​មាន​បញ្ហា​ជាមួយ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការបរិភោគ​ដែល​ហៅ​ថា​ជំងឺ​សរសៃ​ប្រសាទ​ធ្វើ​ឲ្យ​ធុំ​នឹង​អាហារ​មិនចង់​បរិភោគ ដែល​អ្នក​បរិភោគ​តិច​ទៅ​តិចៗ ហើយ​ព្រួយ​បារម្ភ​អំពី​ការ​ឡើង​ទម្ងន់ ។ វា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក—អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​កំហុស​ចំពោះ​ការបរិភោគ និង​មិន​យល់​ពី​តម្រូវការ​របស់​រាងកាយ​របស់​អ្នក ។ វា​មិន​បាន​ជួយ​ទេ​ដែល​ខ្ញុំ​តែង​តែ​ឃើញ​ស្តង់ដារ​ដែល​មិន​ត្រឹមត្រូវ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​នៅ​សាលា ហើយ​ខ្ញុំ​បាន​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​គ្រួសារ​របស់​ខ្ញុំ និង​អ្នក​ផ្សេង​ទៀត​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ។

ភាព​មិន​ប្រក្រតី​នៃ​ការបរិភោគ​របស់​ខ្ញុំ​គឺ​ពិត​ជា​រឿងមួយ​ដែល​ខ្ញុំ​បាន​លាក់បាំង ។ ប៉ុន្តែ​ម្តាយ​របស់​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ការផ្លាស់ប្ដូរ​ទម្លាប់​បរិភោគ​របស់​ខ្ញុំ ។ គាត់​បាន​អង្គុយ​ជាមួយ​ខ្ញុំ ហើយ​បាន​ផ្តល់​ពេល​វេលា​ឲ្យ​ខ្ញុំ​ច្រើន​តាម​ដែល​ខ្ញុំ​ត្រូវការ ដើម្បី​ប្រាប់​គាត់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង ។ មាន​ទឹក​ភ្នែក​ហូរ​ជា​ច្រើន​ដំណក់ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ព្រះវិញ្ញាណ​បាន​ជួយ​ណែនាំ​គាត់​ឲ្យ​ដឹង​ថា​ខ្ញុំ​ត្រូវការ​ជំនួយ ។ យើង​បាន​ដាក់​ផែនការ​រួមគ្នា​មួយ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើការ​ដោយ​ទន់ភ្លន់​តាម​ផែនការ​នោះ​។

ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទទួល​ពរជ័យ​លោក​អយ្យកោ​របស់​ខ្ញុំ​ផង​ដែរ ។ ខ្ញុំ​ចង់​ដឹង​ថា​ជីវិត​ខ្ញុំ​អាច​មាន​លក្ខណៈ​បែប​ណា​នៅ​ខាង​ក្រៅ​នៃ​ភាព​ងងឹត​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ ។ ខ្ញុំ​បាន​មក​ទូល​សួរ​ព្រះ​ថា « តើ​ខ្ញុំ​ជា​នរណា ? » « តើ​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ​ទេ ? » ហើយ « ហេតុ​អ្វី​ខ្ញុំ​នៅ​ទី​នេះ ? » រឿង​ទី​មួយ​ដែល​លោក​អយ្យកោ​បាន​និយាយ​គឺ​ជា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ។ ពរជ័យ​របស់​ខ្ញុំ​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​អត្តសញ្ញាណ​ពិត​របស់​ខ្ញុំ និង​អ្វី​ដែល​ព្រះ​មាន​សម្រាប់​ខ្ញុំ ។ ពេល​ណា​ដែល​ខ្ញុំ​អាន​វា នោះ​ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ខ្ញុំ ហើយ​ចងចាំ​ពី​អ្វី​ដែល​ខ្ញុំ​អាច​ក្លាយទៅ​ជា​មួយនឹង​ទ្រង់ ។

ទោះ​បី​ជា​មាន​ការ​គាំទ្រ​មក​ពី​ពរជ័យ​លោក​អយ្យកោ​របស់​ខ្ញុំ គ្រួសារ​របស់​ខ្ញុំ ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ និង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ក៏​វា​បាន​ចំណាយ​ពេល​ដ៏​យូរ​ដើម្បី​ដំណើរការ​អារម្មណ៍​ដែល​ខ្ញុំ​ធ្លាប់​មាន​អំពី​រូបកាយ​របស់​ខ្ញុំ ។ ពេល​ខ្លះ​វា​នៅ​តែ​ពិបាក​ក្នុង​ការទទួល​យក​រូបរាង​របស់​ខ្ញុំ និងភាព​ជាខ្លួន​ខ្ញុំ ។ ប៉ុន្តែ​ដោយសារ​គ្រា​នៃភាព​ងងឹត​របស់​ខ្ញុំ ខ្ញុំ​កំពុង​ចាប់​ផ្ដើម​មាន​អំណរគុណ​ចំពោះ​ការរីកចម្រើន និង​ពន្លឺ​ដែល​មក​ពី​ការទទួល​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​ខ្ញុំ ។ ខ្ញុំ​ជា​បុត្រី​របស់​ព្រះវរបិតា​សួគ៌ ។ ខ្ញុំ​គឺ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ទាំងទ្វេ​សម្លឹង​មើល​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការលើក​ទឹក​ចិត្ត ហើយ​នោះ​មាន​សារៈ​សំខាន់​ជាង​គំនិត​របស់​នរណាៗ​ទាំងអស់ ។

អាណាលីស ប៊ី អាយុ ១៧ ឆ្នាំ រដ្ឋ​ចរចា ស.រ.អា.

រីករាយ​ក្នុង​ការហាត់​ធ្វើការ​នៅឯ​មន្ទីរ​ពេទ្យ​របស់​នាង និង​បង្កើត​សិល្បៈ និង​តន្ត្រី​ដើម្បី​សរសើរ​តម្កើង​ដល់​ព្រះ និង​ការបង្ក​បង្កើត​របស់​ទ្រង់ ។