ដើម្បី​កម្លាំង​នៃ​យុវជន
តើ​ប្អូន​នឹង​ស្តាប់​ឬទេ ?
ខែ កញ្ញា ឆ្នាំ ២០២៤


ចូរ​មក​តាម​ខ្ញុំ

ហេលេមិន ​១៣​–​១៦; នីហ្វៃទី៣ ១

តើ ប្អូន នឹង​ស្តាប់​ឬទេ ?

ការ​ណែនាំ​របស់​ព្យាការី​អាច​ការពារ ប្រទានពរ និង​ជួយ​យើង​បាន—ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​រឿង​នោះ​កើត​ឡើង ។

រូបភាព
យុវជន​ក្នុង​ហ្វូង​មនុស្ស​កំពុង​សម្លឹង​មើល​ជញ្ជាំង​ដែល​មាន សាំយូអែល ជា​សាសន៍​លេមិន​នៅ​ពី​លើ

រចនា​រូបភាព​ដោយ អាលីហ្សា ថាលិនថ៍

« ការ​បំផ្លិចបំផ្លាញ​មក​ដល់​ហើយ !»

នោះ​គឺ​ជា​សារលិខិត​ដ៏​សោកសៅ​មួយ​ដើម្បី​ទទួល​យក ។ តែ​សូម​ស្រមៃ​មើលថា​ប្អូន​គឺជា​អ្នក​ដែលត្រូវ ប្រគល់ សារ​លិខិតនោះ !

សាំយូអែល​សាសន៍​លេមិន​ត្រូវ​បាន​ហៅ​ដោយ​ព្រះអម្ចាស់​ឲ្យ​ព្រមាន​ពួកសាសន៍​នីហ្វៃ​អំពី​អំពើ​អាក្រក់​របស់​ពួក​គេ ។ ដោយ​ឈរ​លើ​កំផែង សាំយូអែល បាន​ប្រកាស​ថា​ថ្ងៃ​មួយ​នោះ « ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង … នឹង​កើត​ឡើង​ជា​ប្រាកដ លើក​លែងតែ​អ្នក​ប្រែ​ចិត្ត » ( ហេលេមិន ១៣:១០ ) ។

សាំយូអែល​ក៏​បាន​បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​នឹង​មាន​យប់​មួយ​ដែល​គ្មាន​ភាព​ងងឹត និង​មាន​ផ្កាយ​ថ្មី​នៅ​លើ​មេឃ​ដើម្បី​សម្គាល់​កំណើត​របស់​ព្រះអង្គ​សង្រ្គោះ ( សូម​មើល ហេលេមិន ១៤:២–៥ ) ។

តើ​ពួក​សាសន៍​នីហ្វៃ​បាន​តបត​យ៉ាងណា​ចំពោះ​សារ​របស់​សាំយូអែល ?

ពួក​គេ​បដិសេធ​មិន​ព្រម​ស្តាប់​ទេ ។ ពួក​គេ « ចោល​ដុំ​ថ្ម​ទៅ​លើ [ សាំយូអែល ] … និង … បាន​បាញ់​ព្រួញ​ទៅ​លើ​លោក​នៅ​ពេល​លោក​ឈរ​លើ​កំផែង » ( ហេលេមិន ១៦:២ ) ។ ជា​សំណាងល្អ​ដែល​មនុស្ស​មិន​បាន​ចោល​ថ្ម ឬ​បាញ់​ព្រួញ​ទៅ​លើ​ព្យាការី​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​បដិសេធ និង​សើច​ចំអក​ចំពោះ​ពាក្យ​សម្តី​របស់​លោក​នៅ​ពេល​ដែល​លោក​បង្រៀន​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅពេល​ព្យាការី​មាន​ប្រសាសន៍ តើ ប្អូន នឹង​ឆ្លើយ​តប​ដោយ​របៀបណា ? តើ​ប្អូន​នឹង​ស្តាប់​ឬទេ ?

នេះ​គឺ​ជា​ការរំឭក​បី​យ៉ាង​អំពី​ពរជ័យ​ដែល​បាន​មក​ពី​ការមាន​ព្យាការី​នៅ​លើ​ផែនដី ហើយ​ស្តាប់​តាម​លោក ។

ព្យាការី​ស្រឡាញ់​យើង ហើយ​អធិស្ឋាន​សម្រាប់​យើង

នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​ជាច្រើន ប្រធាន រ័សុល អិម ណិលសុន បាន​ប្រាប់​យើង ៖

« ខ្ញុំ​ស្រឡាញ់​បងប្អូន ! » « ខ្ញុំ​គិត​ដល់​បងប្អូន និង​អធិស្ឋាន​សម្រាប់​បងប្អូន​ឥត​ឈប់ឈរ » ។

នេះ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ដឹង​ថា​ព្យាការី​ស្រឡាញ់​យើង ហើយ​អធិស្ឋាន​សម្រាប់​យើង !

ជិត ៥ ឆ្នាំ ក្រោយ​ពី​សាំយូអែល​សាសន៍​លេមិន​បាន​ព្យាករ នោះ​ពួកសាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​និយាយ​ថា​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ហើយ​​ដើម្បី​ឲ្យ​ពាក្យ​សម្ដី​របស់​លោក​បាន​បំពេញ ។ ពួក​គេ​បាន​សើច​ចំអក​ដល់​អស់​អ្នក​ដែល​ជឿ ហើយ​ថែម​ទាំង​បាន​ជ្រើស​រើស​ថ្ងៃ​មួយ​ដើម្បី​សម្លាប់​ពួក​អ្នក​ជឿ ប្រសិន​បើ​សញ្ញា​នៃ​កំណើត​របស់​ព្រះអង្គ​សង្រ្គោះ​មិន​បាន​កើត​ឡើង ( សូម​មើល នីហ្វៃទី៣ ១:៦–៩ ) ។ ក្នុង​អំឡុង​ពេល​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ​ព្យាការី​នីហ្វៃ​បាន​អធិស្ឋាន​ពេញ​មួយ​ថ្ងៃ « ជំនួស​ប្រជាជន​របស់​លោក … ដែល​ជិត​នឹង​ត្រូវ​បំផ្លាញ​ចោល ដោយ​សារ​តែ​សេចក្ដី​ជំនឿ​របស់​គេ » ( នីហ្វៃទី៣ ១:១១ ) ។

សព្វថ្ងៃ​នេះ​ការអធិស្ឋាន​របស់​ព្យាការី​ជួយ​យើង​តាម​វិធី​ជាច្រើន​ដែល​យើង​មិន​បាន​ដឹង ។ ការណែនាំ​ខាង​វិញ្ញាណ​ដែល​លោក​ទទួល​តាម​រយៈ​ការអធិស្ឋាន​ប្រទាន​ពរ​ដល់​លោកិយ​ទាំង​អស់ ។

ព្យាការី​ណែនាំ​យើង​ឲ្យ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកសាសន៍​នីហ្វៃ​ថា « ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ » ។ « ពេល​នោះ​ជិត​មក​ដល់​ហើយ ហើយ​នៅ​ក្នុង​យប់​នេះ ទី​សម្គាល់នឹង​លេច​មក ហើយ​ថ្ងៃ​ស្អែក​ឡើង យើង​នឹង​ចុះ​មក​ឯ​លោកិយ » ( នីហ្វៃទី៣ ១:១៣ ) ។

ពេល​ព្រះ​អាទិត្យ​លិច​ចុះ​វា​មិន​បាន​ងងឹត​ទេ ។ ទីសម្គាល់​បាន​មក​ដល់​ហើយ ! ( សូម​មើល នីហ្វៃទី៣ ១:១៥ ) ។ នៅ​ព្រឹក​ស្អែក​ឡើង​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ថា​វា​ជា​ថ្ងៃ​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវ​ប្រសូត្រ​មក ហើយ​ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង ( សូម​មើល នីហ្វៃទី៣ ១:១៩, ២១ ) ។ អ្វីៗ​ទាំង​អស់ ដែល​ព្រះអម្ចាស់​បាន​សន្យា​តាម​រយៈ​សាំយូអែល​អំពី​កំណើត​របស់​ព្រះអង្គ​សង្រ្គោះ​ត្រូវ​បាន​បំពេញ​ដូច​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល ។

ការយាង​មក​របស់​ព្រះអង្គ​សង្រ្គោះ​ក្នុង​លោកិយ ភ្លាមៗ​នោះ​បាន​សង្រ្គោះ​អ្នកជឿ​ទាំងនោះ​ពី​សេចក្ដី​ស្លាប់ ។ ប៉ុន្តែ​វា​មិន​បាន​សង្គ្រោះ​ត្រឹម​តែ​ពួកគេ​ប៉ុណ្ណោះ​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជួយ​សង្គ្រោះ យើង​ទាំង​អស់​គ្នា ពី​អំពើ​បាប និង​សេចក្ដី​ស្លាប់ ផ្ដល់​កម្លាំង​ដល់​យើង​ក្នុង​ពេល​ដែល​ត្រូវការ ហើយ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​និង​អំណរ​តាម​រយៈ​ដង្វាយធួន​របស់​ទ្រង់ ។ នេះ​ជា​សារ​ដ៏​ចម្បង​របស់​ព្យាការី​គ្រប់​រូប « ដែល [ បាន ] ព្យាករ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ » ( ម៉ូសាយ ១៣:៣៣ ) ។ ព្យាការី​ណែនាំ​យើង​ឲ្យ​ទៅ​កាន់​ព្រះអង្គ​សង្រ្គោះ​ដែល​ទ្រង់​គឺ​ជា « ផ្លូវ សេចក្ដី​ពិត និង​ជីវិត » ( យ៉ូហាន ១៤:៦ ) ។

ព្យាការី​ប្រកាស​សេចក្ដី​ពិត

លើក​ដំបូង​ដែល​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​នៅ​វិទ្យាល័យ ការបង្រៀន​មកពី​សាំយូអែល​សាសន៍​លេមិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ។ លោក​បាន​ប្រាប់​ពួកសាសន៍​នីហ្វៃ​ថា ប្រសិន​បើ​ពួកគេ​បន្ត​ពន្យារ​ពេល​នៃ​ការប្រែចិត្ត​របស់​ពួកគេ​នោះ​នៅពេល​មកដល់ វា​នឹង « ហួស​ពេល​ជា​អស់​កល្ប​ជានិច្ច » ។ លោក​បាន​មាន​ប្រសាសន៍​ថា « អ្នក​រាល់​គ្នា​បាន​ស្វែងរក​នៅ​ក្នុង​ថ្ងៃ​ទាំង​អស់​នៃ​ជីវិត​របស់​អ្នក នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ពុំ​អាច​យក​បាន … អ្នក​រាល់​គ្នា​បាន​ស្វែង​រក​សុភមង្គល ដោយ​ធ្វើ​អំពើ​ទុច្ចរិត » ដែល​ផ្ទុយ​ពី​និស្ស័យ​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង ( ហេលេមិន ១៣:៣៨ ) ។

នៅក្នុង​សម័យ​របស់​យើង ប្រធាន ណិលសុន បាន​បង្រៀន​ស្រដៀង​គ្នា​នេះ​ថា ៖

« ខណៈ​ដែល​ពិភពលោក​នេះ​ទទូច​ចង់បាន អំណាច ទ្រព្យសម្បត្តិ ប្រជាប្រិយភាព និង​តម្រេក​ខាង​សាច់ឈាម​នាំឲ្យ​មាន​សុភមង្គល នោះ​វា​ពុំមែន​ជា​ការពិត​ទេ ! វា​ពុំ​អាច​ទេ !

សេចក្តីពិត​គឺ​ថា​វា កាន់តែ​នឿយ​ហត់​ខ្លាំង ឡើង​ដើម្បី​ស្វែងរក​សុភមង្គល​នៅ​កន្លែង​ដែល​បងប្អូន មិន អាច​រក​វា​ឃើញ ! … ព្រះយេស៊ូវ​គ្រីស្ទ … ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ [ មាន ] ព្រះចេស្តា លើក​បងប្អូន​ឡើង​ចេញពី​ឥទ្ធិពល​នៃ​ពិភពលោក​នេះ » ។

ពួកសាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​ជ្រើស​រើស​ស្ដាប់ ហើយ​ជឿ​ពាក្យ​របស់​សាំយូអែល មនុស្ស​ជាច្រើន​ផ្សេងទៀត​មិន​បាន​ជឿ​ពាក្យ​របស់​សាំយូអែល​ទេ ( សូម​មើល ហេលេមិន ១៦:១–៨ ) ។ តាម​វិធី​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​វា​មិន​ខុស​គ្នា​ពី​សម័យ​នោះ​ប៉ុន្មាន​ទេ ។

តើ អ្នក នឹង​ជ្រើសរើស​អ្វី ? តើ​ប្អូន​នឹង​ស្តាប់​តាម​ព្យាការី​ដែរ​ឬ​ទេ ?

ប្រធាន ណិលសុន​បាន​បង្រៀន ៖

« [ ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ] អាច​មិន​និយាយ​ប្រាប់​មនុស្ស​ទាំងឡាយ​នូវ​អ្វី​ដែល​ពួកគេ​ចង់​ស្ដាប់​ជានិច្ច​នោះទេ ។ ព្យាការី​កម្រ​នឹង​ល្បីល្បាញ​ណាស់ ។ ប៉ុន្ដែ​យើង​នឹង​បង្រៀន​សេចក្ដីពិត ជានិច្ច ! »

ពេល​ប្អូន​ស្តាប់​ព្យាការី ហើយ​ធ្វើ​សកម្មភាព​តាម​ពាក្យ​សម្តី​របស់​លោក នោះ​ប្អូន​នឹង​រកឃើញ​ថា​ការណែនាំ​របស់​ព្យាការី​នឹង​ការពារ ប្រទាន​ពរ និង​ជួយ​ប្អូន​ពេញ​មួយ​ជីវិត​របស់​ប្អូន ។