ការបំបែក វដ្ដអាសគ្រាម
ខ្ញុំមានអារម្មណ៍ឯកោ និងអស់សង្ឃឹម ។ ប៉ុន្តែប៊ីស្សពរបស់ខ្ញុំបានរំឭកខ្ញុំពីគន្លឹះមួយចំនួនដើម្បីស្វែងរកសេចក្ដីសង្ឃឹម និងជំនួយ ។
ខ្ញុំបានឃើញការណ៍អាសគ្រាមដំបូងនៅអាយុ ១៣ ឆ្នាំ ។ ខ្ញុំបានរកឃើញវាដោយចៃដន្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមិនដឹងថាវាជាអ្វី ហើយមិនបានយល់ពីវាទេ ។ ខ្ញុំបានចេញពីការមើលដោយអចេតនា និងការចង់ដឹងចង់ឮ ទៅជាការស្វែងរកវាដោយចេតនាទៅវិញ ។
នៅពេលនោះសារលិខិតរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំអំពីការណ៍អាសក្រាមហាក់ដូចជានិយាយថា វាគឺជាអ្វីដែលមានតែក្មេងប្រុសប៉ុណ្ណោះដែលមានបញ្ហាជាមួយរឿងនេះ ។ ការនិយាយបែបនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍អាម៉ាស់ជាខ្លាំង ។ ខ្ញុំបានគិតថា ខ្ញុំនឹងមិនអាចប្រាប់នរណាម្នាក់អំពីការលំបាករបស់ខ្ញុំបានទេ ។ ខ្ញុំបានដឹងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែដោយសារខ្ញុំបានគិតថា ខ្ញុំគឺជាក្មេងស្រីតែម្នាក់គត់ដែលមានបញ្ហានេះ នោះខ្ញុំមានអារម្មណ៍ថាស្ថានភាពរបស់ខ្ញុំគឺនៅឆ្ងាយពីអ្វីដែលព្រះអង្គសង្គ្រោះអាចជួយបាន ។ ខ្ញុំមានអារម្មណ៍ថាវាជាករណីលើកលែង ។
ការិយាល័យរបស់ប៊ីស្សព
ក្នុងអំឡុងប៉ុន្មានឆ្នាំនោះ នៅកន្លែងដូចជាថ្នាក់សិក្ខាសាលា ឬការប្រជុំធម្មនិដ្ឋាន—ជាកន្លែងដែលមានព្រះវិញ្ញាណគង់នៅ—ខ្ញុំតែងតែមានអារម្មណ៍បំផុសគំនិតឲ្យរៀបចំដើម្បីជួបជាមួយនឹងប៊ីស្សពរបស់ខ្ញុំ ។ អ្វីមួយដែលរារាំងខ្ញុំមិនឲ្យជួបជាមួយនឹងប៊ីស្សពរបស់ខ្ញុំអស់រយៈពេលជាយូរនោះ គឺគំនិតមួយដែលថា ខ្ញុំមានកេរ្តិ៍ឈ្មោះដើម្បីរក្សាភាពជាក្មេងល្អម្នាក់មកពីគ្រួសារសកម្មមួយ ។ ខ្ញុំគិតថាគាត់នឹងឃើញខ្ញុំថាខ្ញុំជាមនុស្សបែបណា—ហើយខ្ញុំមិនជឿថាមនុស្សនោះគួរឲ្យស្រឡាញ់នោះទេ។ ។ ខ្ញុំបានគិតថាខ្ញុំនឹងត្រូវបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មភ្លាមៗ ។
នៅទីបំផុតពេលខ្ញុំរៀបចំការជួបមួយ នោះវាខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលខ្ញុំបានរំពឹងទុក ។ ជំនួសឲ្យការដាក់ទណ្ឌកម្ម ប៊ីស្សពរបស់ខ្ញុំបានប្រាប់ខ្ញុំថា « ក្មួយនៅតែជាបុត្រីរបស់ព្រះ ។ ក្មួយនៅតែមានគេស្រលាញ់ ហើយក្មួយនៅតែមានតម្លៃដដែល » ។
ខ្ញុំចាំថាខ្ញុំមានអារម្មណ៍ពោរពេញដោយសេចក្ដីស្រឡាញ់យ៉ាងច្រើនក្រៃលែង ។ នោះគឺជាលើកដំបូងដែលខ្ញុំបានទទួលអារម្មណ៍ពីអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយ៉ាងខ្លាំងក្នុងជីវិតរបស់ខ្ញុំ ។ ដោយគិតត្រឡប់ទៅពេលនោះវិញ ខ្ញុំយល់ពីមូលហេតុដែលប៊ីស្សពរបស់ខ្ញុំបាននិយាយពាក្យដ៏សំខាន់ទាំងនោះ ។
បុត្រីនៃព្រះ
នៅពេលអ្នកកំពុងមានបញ្ហាជាមួយនឹងការណ៍អាសគ្រាម អ្នកឆ្លងកាត់វដ្តនៃភាពអាម៉ាស់ ។ សម្រាប់ខ្ញុំ ខ្ញុំបានមានអារម្មណ៍មិនស្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយបន្ទាប់មកប្រើការណ៍អាសគ្រាមដើម្បីដោះស្រាយអារម្មណ៍អវិជ្ជមានទាំងនោះ ។ បន្ទាប់មកខ្ញុំមានអារម្មណ៍អាម៉ាស់ ហើយបំបែកខ្លួនរបស់ខ្ញុំចេញពីអ្នកដទៃ ហើយបន្តវដ្តនេះម្តងទៀត ។
អស់រយៈពេលជាយូរ ខ្ញុំបានព្យាយាមពឹងផ្អែកលើឆន្ទៈរបស់ខ្ញុំផ្ទាល់ដើម្បី « គ្រាន់តែបញ្ឈប់ប៉ុណ្ណោះ » ។ ប៉ុន្តែយើងពុំអាចធ្វើវាដោយខ្លួនឯងបានទេ ។ ប៊ីស្សពរបស់ខ្ញុំបានជួយខ្ញុំឲ្យចងចាំនូវអត្តសញ្ញាណរបស់ខ្ញុំ—ថាខ្ញុំជាបុត្រីជាទីស្រឡាញ់របស់ព្រះ ។ ពេលខ្ញុំបានជួបជាមួយលោក ហើយចងចាំនូវសេចក្ដីពិតនោះ ខ្ញុំបានចាប់ផ្ដើមរីកចម្រើនយ៉ាងពិតប្រាកដ ។
រូបថតផ្តល់សិទ្ធិដោយ ម៉ាឌឺលីន និងគ្រួសាររបស់នាង
ម៉ាឌឺលីន ដឹងថាការណ៍អាសគ្រាមនឹងមិនមែនជាភ្នំតែមួយគត់របស់នាងដើម្បីឡើងនោះទេ ។ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ និងឧបករណ៍ត្រឹមត្រូវនានា នោះនាងនៅតែបន្តស្វែងរកកម្លាំងដើម្បីយកឈ្នះលើឧបសគ្គក្នុងជីវិត ។ រូបថតនេះត្រូវបានថតមុនពេលនាងឡើងលើភ្នំទឹកកកនៅរដ្ឋអាឡាស្កា ស.រ.អា. !
សេចក្ដីពិតអំពីព្រះ និងព្រះអង្គសង្គ្រោះ
ដំបូង ខ្ញុំខ្លាចក្នុងការអធិស្ឋាន ។ ខ្ញុំបានមើលឃើញព្រះវរបិតាសួគ៌ជាព្រះនៃសេចក្ដីយុត្តិធម៌ និងកំហឹង ។ ប៉ុន្តែការឆ្លងកាត់ដំណើរការនៃការប្រែចិត្តជាបន្តបន្ទាប់បានជួយខ្ញុំឲ្យយល់អំពីនិស្ស័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការដឹងថាការប្រែចិត្តមួយពេលមិនធ្វើឲ្យខ្ញុំមានភាពស៊ាំនឹងបញ្ហានេះ បានអនុញ្ញាតឲ្យខ្ញុំបន្តពឹងផ្អែកលើជំនួយទេវភាពមកពីទ្រង់ទាំងទ្វេ ។ ព្រះវរបិតាសួគ៌បានជ្រាប និងយល់រួចហើយអំពីការសាកល្បងរបស់ខ្ញុំ ខ្ញុំគ្រាន់តែត្រូវឈោងទៅរកទ្រង់ប៉ុណ្ណោះ ។
ខ្ញុំបានរៀនថាទាំងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានក្ដីមេត្តាករុណា និងការយោគយល់ ។ ពេលអ្នកបែរទៅរកទ្រង់ទាំងទ្វេ នោះទ្រង់នឹងដើរជាមួយអ្នក ហើយកាន់ដៃអ្នកគ្រប់ជំហាននៅលើផ្លូវនោះ ។
ការយកឈ្នះលើឧបាយកលរបស់សាតាំង
ការយល់ដឹងពីនិស្ស័យរបស់ព្រះក៏បានជួយខ្ញុំឲ្យយល់អំពីសាតាំង និងឧបករណ៍របស់វា និងរបៀបដែលពួកវាធ្វើការប្រឆាំងដោយផ្ទាល់ទៅនឹងព្រះ ។ ឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយរបស់សាតាំងគឺជា ការអាម៉ាស់ ដែលខុសពី កំហុស ឬ « សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ » ( កូរិនថូស ទី២ ៧:១០ ) ។ នៅពេលដែលអ្នកមានអារម្មណ៍ថាមានកំហុស អ្នកដឹងថាអ្នកបានធ្វើកំហុស ។ ប៉ុន្តែភាពអាម៉ាស់ភ្ជាប់អារម្មណ៍អវិជ្ជមានដែលអ្នកមានអំពីខ្លួនឯងនៅពេលអ្នកប្រព្រឹត្តអំពើបាបចំពោះអត្តសញ្ញាណរបស់អ្នកដូចជាអ្នក គឺជា អារម្មណ៍ទាំងនោះដែរ ។
សាតាំងចង់ឲ្យខ្ញុំជឿថាខ្ញុំអាចយកឈ្នះលើឧបសគ្គនេះដោយខ្លួនឯងបាន ។ នេះគឺជាការកុហកដែលធ្វើឲ្យខ្ញុំមិននិយាយជាមួយនឹងប៊ីស្សពរបស់ខ្ញុំអំពីបញ្ហារបស់ខ្ញុំជាមួយនឹងការណ៍អាសគ្រាម ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចជួបលោកបានទេ រហូតដល់ខ្ញុំអាចនិយាយថាវាជាអ្វីដែលខ្ញុំ បាន មានបញ្ហាកាលពីអតីតកាល ។ សាតាំងប្រើភាពទន់ខ្សោយផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍មិនស័ក្ដិសមក្នុងការស្វែងរកព្រះចេស្តាព្យាបាលរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំបានរៀនថាសាតាំងធ្វើការលើយើងនៅពេលយើងនៅដាច់ដោយឡែកពីគេ ដូច្នេះការការពារដ៏ល្អបំផុតរបស់យើងគឺការភ្ជាប់ទំនាក់ទំនង ។ ពេលខ្លះវាសាមញ្ញដូចជាការទៅជួបជាមួយអ្នកដទៃ និងការចំណាយពេលដ៏មានអត្ថន័យជាមួយនឹងមិត្តភក្តិល្អ ។ ការភ្ជាប់ទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ ជាមួយខ្លួនឯង និងជាមួយអ្នកដទៃ ( ជាពិសេសជាមួយនឹងអ្នកដែលមើលអ្នកក្នុងរបៀបដែលព្រះវរបិតាសួគ៌ធ្វើ ) គឺជាវិធីដ៏ល្អបំផុតដើម្បីចងចាំនូវអត្តសញ្ញាណពិតរបស់អ្នក ៖ ជាបុត្រដ៏មានតម្លៃរបស់ព្រះ ។
គោលបំណងកាន់តែខ្ពង់ជាង
ទីបំផុតខ្ញុំបានចាប់ផ្ដើមទទួលការបំផុសគំនិតដើម្បីជួយយុវនារីផ្សេងទៀតដែលកំពុងមានបញ្ហានឹងការណ៍អាសគ្រាមដែរ ។ ខ្ញុំមានអារម្មណ៍ថាមានគោលបំណងដ៏ខ្ពស់មួយ ។ ខ្ញុំបានសម្រេចចិត្តយកចិត្តទុកដាក់កាន់តែច្រើនអំពីអ្វីដែលព្រះវរបិតាសួគ៌ព្រះតម្រិះជាជាងអ្វីដែលអ្នកដទៃនៅជុំវិញខ្ញុំអាចនឹងគិត ដូច្នេះខ្ញុំបានចាប់ផ្ដើមនិយាយដោយបើកចំហអំពីបទពិសោធន៍របស់ខ្ញុំ ។
នៅពេលដែលអ្នកមានអារម្មណ៍រីករាយដែលមិនអាចបដិសេធបានចំពោះការប្រែចិត្ដឥតឈប់ឈរ នោះអ្នកចង់ចែកចាយវាជាមួយអ្នកដទៃ ! ឥឡូវខ្ញុំបន្តចែកចាយអំណរនេះនៅពេលខ្ញុំបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
ម៉ាឌី ត្រូវបានចាត់តាំងឲ្យធ្វើការជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅក្នុងបេសកកម្មសិង្ហបុរីដោយនិយាយភាសាម៉ាឡេ ។
សាររបស់ខ្ញុំ
បងប្អូនមិនដែលនៅម្នាក់ឯងទេ ហើយមានសេចក្ដីសង្ឃឹម ។
បញ្ហានេះគឺជាអ្វីដែលបងប្អូនអាចយកឈ្នះបានដោយមានជំនួយពីព្រះអង្គសង្គ្រោះ ដោយទុកចិត្តលើមនុស្សជាទីស្រឡាញ់ និងថ្នាក់ដឹកនាំ និងឧបករណ៍ត្រឹមត្រូវទាំងឡាយ ។ ដកខ្លួនរបស់បងប្អូនចេញពីភាពនៅតែឯង ហើយឈោងទៅរកនរណាម្នាក់ដែលមើលឃើញបងប្អូនតាមរយៈព្រះនេត្ររបស់ព្រះ ។ សួរពួកគេថាតើពួកគេមើលឃើញអ្វីក្នុងបងប្អូន !
មិនថាការប្រយុទ្ធរបស់បងប្អូនជាអ្វីទេ បងប្អូនមិនដែលនៅហួសពីការឈោងទៅជួយរបស់ព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ឡើយ ។ ព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូនទាំងស្រុង ហើយវាមានតម្លៃណាស់ដើម្បីបន្តការប្រែចិត្ត ។