គន្លឹះ ៥ យ៉ាងដើម្បីមាន សុខភាពផ្នែកសតិអារម្មណ៍ កាន់តែប្រសើរឡើង
យើងឈរកាន់តែរឹងមាំជាមួយគ្នា ។
ស្វាមីរបស់ខ្ញុំ ស្កត និងខ្ញុំបានបម្រើជាថ្នាក់ដឹកនាំបេសកកម្មនៅក្នុងបេសកកម្ម ស៊ីដនី ប្រទេសអូស្ត្រាលីចាប់ពី ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២១ ។ នៅពេលណាដែលកំណត់ត្រារបស់អ្នកផ្សព្វផ្សាយសាសនាថ្មីបានបង្ហាញថា ពួកគេមានបញ្ហាជាមួយនឹងសុខភាពផ្នែកសតិអារម្មណ៍របស់ពួកគេ ខ្ញុំបានប្រាប់ពួកគេឲ្យដឹងភ្លាមថា ខ្ញុំធ្លាប់បានរស់នៅឆ្លងកាត់គ្រានៃការធ្លាក់ទឹកចិត្តពេញមួយជីវិតពេញវ័យរបស់ខ្ញុំ ។ ខ្ញុំចង់ឲ្យពួកគេយល់ថាយើងស្ថិតនៅក្នុងក្រុមតែមួយ ដូច្នេះពួកគេមិនចាំបាច់ប្រឈមមុខនឹងរឿងនេះដោយខ្លួនឯងនោះទេ ។
ខ្ញុំចង់ចែកចាយសារលិខិតដូចគ្នានេះជាមួយក្មួយៗដែរ ! មនុស្សជាច្រើនមានបញ្ហាសុខភាពផ្នែកសតិអារម្មណ៍ ប៉ុន្តែយើងទាំងអស់គ្នាអាចជួយគ្នាទៅវិញទៅមកបាន ។ សូមប្រាប់ឲ្យហើយថា ៖ ខ្ញុំមិនមែនជាអ្នកជំនាញខាងសុខភាពផ្នែកសតិអារម្មណ៍ទេ ។ ប៉ុន្តែខ្ញុំចង់ចែកចាយគន្លឹះយោបល់ជាក់ស្តែង និងខាងវិញ្ញាណមួយចំនួនដើម្បីមានសុខភាពផ្នែកសតិអារម្មណ៍កាន់តែប្រសើរឡើង ដែលបានជួយខ្ញុំព្រមទាំងអ្នកដែលខ្ញុំស្គាល់ និងស្រឡាញ់ផងដែរ ។
គន្លឹះ ទី១ ៖ សូមទុកព្រះគ្រីស្ទនៅចំណុចកណ្តាល
ខ្ញុំបានធំឡើងនៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនីញ៉ា ស. រ. អា. ហើយចាំថាខ្ញុំស្រលាញ់គ្រឿងជិះលេងក្នុងសួនកម្សាន្តតាមឆ្នេរសមុទ្រ ! វាមានថាសឈើធំមួយដែលអ្នកអាចអង្គុយលើ ហើយព្យាយាមតោងឲ្យជាប់នៅពេលដែលថាសបង្វិលលឿនទៅៗ ។ អ្នកដែលអង្គុយនៅខាងក្រៅជាធម្មតាត្រូវបានគ្រវែងចេញមុនគេ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលយល់ពីកម្លាំងវិល អង្គុយនៅជិតចំណុចកណ្តាល ។
ខ្ញុំគិតថាវាជារឿងប្រៀបប្រដូចដ៏អស្ចារ្យមួយសម្រាប់ការរក្សាព្រះគ្រីស្ទឲ្យនៅចំណុចកណ្តាល ខណៈពេលដែលយើងកំពុងឆ្លងកាត់ស្ថានភាពលំបាកមួយចំនួន—មិនថាវាជាការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ជំងឺ OCD ឬអ្វីដែលស្រដៀងគ្នានោះទេ ។ យើងត្រូវការព្រះគ្រីស្ទនៅចំណុចកណ្តាលនៃជីវិតរបស់យើង ។
នៅពេលដែលមានបញ្ហាសុខភាពខួរក្បាល នោះយើងប្រហែលជាបិទទំនាក់ទំនងទៅនឹងស្ថានសួគ៌ ឬមានការលំបាកក្នុងការមានអារម្មណ៍ជិតស្និទ្ធទៅនឹងព្រះអង្គសង្គ្រោះ ។ នេះមិនមែនមានន័យថាយើងកំពុងត្រូវបានដាក់ទណ្ឌកម្ម ឬថាយើងមិនមានភាពស័ក្តិសមទៅនឹងសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ សម្រាប់ខ្ញុំ ការទុកចិត្តថា ទ្រង់គង់នៅទីនោះ ខណៈកំពុងរង់ចាំដើម្បីស្តារឡើងវិញនូវការតភ្ជាប់គឺជារឿងដ៏មានតម្លៃណាស់ ! សូមបន្តអធិស្ឋាន រក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់ ទទួលទានសាក្រាម៉ង់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នកអាចផ្តោតទៅលើទ្រង់ ។
គន្លឹះ ទី២ ៖ ចូរយើងពឹងផ្អែកលើព្រះអម្ចាស់ រាល់ថ្ងៃ
កូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថានត្រូវពឹងផ្អែកលើព្រះអម្ចាស់ ដើម្បីបាននំម៉ាន៉ា ជារៀងរាល់ថ្ងៃ ។ ពេលខ្លះនៅពេលដែលយើងកំពុងដោះស្រាយបញ្ហាធំៗដូចជាការភ័យស្លន់ស្លោ ឬការឈឺចាប់ផ្នែកផ្លូវចិត្តផ្សេងទៀត យើងចង់ឲ្យវាចាកចេញពីយើងជារៀងរហូត ។ ហើយប្រហែលរឿងទាំងនោះនឹងចាកចេញទៅ—ប៉ុន្តែប្រហែលវាមិនបាត់ទៅតាមរបៀប ឬតាមពេលវេលាដែលយើងចង់បាននោះទេ ។ នោះមិនមែនមានន័យថាក្តីសង្ឃឹមត្រូវបានបាត់បង់នោះទេ ។ យើងត្រូវពឹងផ្អែកលើព្រះ ជារៀងរាល់ថ្ងៃ ពេលយើងធ្វើការ ហើយទន្ទឹងរង់ចាំថ្ងៃដ៏ភ្លឺស្វាងនៅខាងមុខ ។
វិធីសាស្ត្រមួយគឺស្វែងរកជំនួយរបស់ព្រះវរបិតាសួគ៌ ហើយសាកល្បងយុទ្ធសាស្ត្រផ្សេងៗដើម្បីស្វែងរកអ្វីដែលជួយអ្នកបាន ។ បន្ទាប់មក នៅក្នុងអំឡុងពេលពិបាកបំផុត ឬក្នុងស្ថានភាពដ៏ស្លន់ស្លោនោះ ទ្រង់អាចជួយអ្នកឲ្យចងចាំពីរបៀបដែលតន្ត្រីដ៏ស្រទន់ហាក់ដូចជាជួយក្នុងស្ថានភាពស្រដៀងគ្នានេះ ឬរបៀបដែលការតភ្ជាប់ទំនាក់ទំនងទៅនឹងនរណាម្នាក់ដែលអ្នកទុកចិត្តបានធ្វើឲ្យអ្នកមានអារម្មណ៍ថា មានសុវត្ថិភាពម្តងទៀត ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកប្រមូលបណ្តុំឧបករណ៍ដែលបានបង្ហាញដើម្បីសាកល្បងនៅពេលក្រោយដែលអ្នកមានបញ្ហា ។ មិនថាអ្នកធ្វើអ្វីក៏ដោយ ចូរស្វែងរកជំនួយពីព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ ។
យើងថែមទាំងអាចនិយាយឲ្យឮៗថា ៖ « កាលណាខ្ញុំពឹងលើព្រះអម្ចាស់ជារៀងរាល់ថ្ងៃ នោះខ្ញុំនឹងក្រោកឡើង ហើយរកឃើញកម្លាំងដែលខ្ញុំមិនដឹងថាខ្ញុំមានពីមុនមក ! »
គន្លឹះ ទី៣ ៖ ប្អូនអាចថែរក្សារាងកាយរបស់ប្អូនបាន
ខួរក្បាលគឺជាផ្នែកមួយនៃរូបកាយរមែងស្លាប់របស់យើង ដូច្នេះហើយ វាងាយនឹងទទួលឥទ្ធិពលនៃការប្រែប្រួល និងភាពមិនល្អឥតខ្ចោះជាច្រើននៃជីវិតនៅលើផែនដី ។ ប៉ុន្តែមានដំណឹងល្អ ៖ មានជំហានដែលបានបញ្ជាក់ថាយើងអាចធ្វើដើម្បីពង្រឹងខួរក្បាលរបស់យើងដែលអាចបង្កើនសុខភាពផ្នែកសតិអារម្មណ៍របស់យើងបានផងដែរ ។ នេះគឺជាជំហានមួយចំនួន ៖
-
ស្រូបពន្លឺព្រះអាទិត្យ ឬពន្លឺសិប្បនិម្មិតនៅពេលព្រឹក
-
ចេញទៅក្រៅក្នុងធម្មជាតិ ភ្ជាប់ទៅនឹងផែនដី
-
ការហាត់ប្រាណជាប្រចាំ
-
ការញ៉ាំអាហារដែលធ្វើឲ្យសុខភាពល្អ
-
ការផឹកទឹកឲ្យបានច្រើន
-
ការគេងឲ្យបានគ្រប់គ្រាន់រាល់យប់
របៀបដកដង្ហើមក៏អាចមានឥទ្ធិពលដែរ ។ ព្យាយាមដកដង្ហើមធំចូលតាមច្រមុះ ហើយបន្ទាប់មកធ្វើម្តងទៀត ។ ទប់ពីបីវិនាទី ហើយបញ្ចេញដង្ហើមចេញតាមមាត់របស់អ្នក ។
ខ្ញុំធ្វើបែបនេះពីរបីដងនៅពេលខ្ញុំភ្ញាក់ពីដំណេក ក្នុងអំឡុងពេលនៃអារម្មណ៍តានតឹងខ្លាំង ( ដូចជាមុនឡើងនិយាយនៅសន្និសីទទូទៅ ! ) និងមុនពេលគេង ។
គន្លឹះ ទី៤ ៖ យើងអាចសុំជំនួយបាន
ប្រសិនបើប្អូនវង្វេងក្នុងការឡើងភ្នំ ហើយបានជួបនឹងអ្នកនាំផ្លូវម្នាក់ តើប្អូននឹងខ្មាសអៀនក្នុងការសុំសួររកផ្លូវទៅកាន់ទីសុវត្ថិភាពដែរឬទេ ? ខ្ញុំមិនគិតអ៊ីចឹងទេ ។ ការសុំជំនួយមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ។ ជារឿយៗយើងធ្វើវានៅក្នុងផ្នែកផ្សេងទៀតនៃជីវិតរបស់យើង ។
ជួយបំបាត់ការរិះគន់ចំពោះការសុំជំនួយចំពោះបញ្ហាផ្លូវចិត្ត ។
មិនថាប្អូនត្រូវការជំនួយពីព្រះ មិត្តភក្តិ គ្រួសារ ឬអ្នកជំនាញខាងវេជ្ជសាស្ត្រទេ ប្អូនមិនមែនជាមនុស្សទន់ខ្សោយដែលស្វែងរកជំនួយបន្ថែមដែលប្អូនត្រូវការនោះទេ ។ តាមពិត ប្អូនកំពុងបង្ហាញភាពក្លាហានទៅវិញទេ !
គន្លឹះ ទី៥ ៖ ចូរយើងរក្សាទំនាក់ទំនង
ការភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌របស់អ្នកតាមរយៈការអធិស្ឋានប្រចាំថ្ងៃគឺជារឿងសំខាន់ណាស់ ។
ខ្ញុំក៏មានអារម្មណ៍ថាវាជារឿងដ៏សំខាន់ដើម្បីរក្សាទំនាក់ទំនងជាមួយមនុស្សដែលយើងអាចមានអារម្មណ៍សុវត្ថិភាព និងទុកចិត្ត ។ សូមទូរសព្ទទៅម៉ាក់របស់ប្អូន ! និយាយជាមួយមិត្តភក្ដិទល់មុខគ្នា ។ និយាយជាមួយបងប្អូន ។ យើងកាន់តែរឹងមាំនៅពេលយើងជួយគ្នាទៅវិញទៅមក ។ កម្លាំងនោះមានទាំងសងខាង ។ មនុស្សគ្រប់គ្នាត្រូវការគ្នាទៅវិញទៅមក ។ ភាពនៅដាច់ដោយឡែក និងការធ្លាក់ទឹកចិត្តជាញឹកញាប់កើតចេញពីគ្នាទៅវិញទៅមក ។ ការភ្ជាប់ទំនាក់ទំនងទៅនឹងអ្នកទាំងឡាយណាដែលយើងស្រឡាញ់ និងរស់នៅជាមួយហើយអាចមើលឃើញ និងឱប គឺជាថ្នាំបន្សាបដ៏អស្ចារ្យមួយចំពោះការឈឺចាប់ជាច្រើនដែលយើងជួបប្រទះ ។
យើងអាចស៊ូទ្រាំក្នុងគុកភ្លើងជាមួយនឹងទ្រង់បាន !
ពេលខ្លះយើងគ្រាន់តែត្រូវការការរំឭកថាព្រះទ្រង់គង់នៅជាមួយយើង ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សេ្តចនេប៊ូក្នេសាបានបោះ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ចូលទៅក្នុងគុកភ្លើងដ៏សែនក្តៅ សូម្បីតែអ្នកយាមនៅខាងក្រៅក៏មិនអាចទ្រាំទ្រនឹងកម្ដៅនោះបានដែរ ។
ដូច្នេះតើអ្នកទាំងបីនេះបានរួចជីវិតយ៉ាងដូចម្ដេច ?
ព្រះគម្ពីរបង្រៀនថាអ្នកទីបួនដែលអាចមើលឃើញនៅជាមួយពួកគេក្នុងអណ្តាតភ្លើងមានសភាព « ដូចជាកូនព្រះ » ( ដានីយ៉ែល ៣:២៥ ) ។
ខ្ញុំជឿថានេះមានន័យថាព្រះគ្រីស្ទគង់នៅជាមួយនឹងយើងតាមរយៈកម្តៅនៃការសាកល្បងរបស់យើង ជាពិសេសនៅពេលដែលយើងកំពុងស៊ូទ្រាំនឹងការសាកល្បងទាំងនោះ ។ ហើយបញ្ហាសុខភាពខួរក្បាលពិតជាអាចមានអារម្មណ៍ដូចជាគុកភ្លើងអ៊ីចឹងដែរ ។ ព្រះគ្រីស្ទគឺជាអេម៉ាញូអែល ដែលមានន័យថា « ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ។
សូមកុំភ្លេចថា ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់យើង មិនត្រឹមតែនៅចុងផ្លូវនៅពេលដែលយើងមានសេរីភាពពីបទពិសោធន៍នៃអារម្មណ៍ដែលយើងមិនបានសុំទាំងនោះប៉ុណ្ណោះទេ ។ ទ្រង់ពិតជានៅជាមួយនឹងយើងទាំងអស់គ្នាពេញមួយដំណើររបស់យើង ។ ឥឡូវនេះ ទ្រង់គឺជាកម្លាំង និងជាការសង្រ្គោះរបស់យើង ។
ចូរយើងឈររឹងមាំជាមួយគ្នា !