ឆ្នាំ ២០១០-២០១៩
ត្រូវបាន​រកឃើញ​តាមរយៈ​អនុភាព​នៃ​ព្រះគម្ពីរ​មរមន
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

ត្រូវបាន​រកឃើញ​តាមរយៈ​អនុភាព​នៃ​ព្រះគម្ពីរ​មរមន

អ្វីៗទាំងអស់​ត្រូវ​តែ​ជួប​បទពិសោធន៍ និង​រកឃើញ​ដោយ​អំណាច​នៃ​សេចក្ដីពិត​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរមរមន ។

ពេល​ខ្ញុំ​ទៅលេង​ផ្ទះ​របស់​អ្នក​ផ្លាស់ប្រែចិត្តជឿ សំណួរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​សួរ​ជា​ញឹកញាប់​ដល់​ពួកគេ​គឺ តើ​ពួកគេ និង​គ្រួសារ​ពួកគេ​បាន​ដឹង​ពី​សាសនាចក្រ​តាម​របៀប​ណា និង​របៀប​ដែល​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ វា​មិន​សំខាន់​ទេ បើ​មនុស្ស​នៅ​ក្នុង​គ្រានោះ គឺជា​សមាជិក​សកម្ម ឬ​មិន​បាន​ទៅ​ព្រះវិហារ​អស់ជាច្រើន​ឆ្នាំមកហើយ ។ ចម្លើយ​មិន​តែងតែ​ដូចគ្នា​នោះទេ ៖ ដោយ​មាន​ទឹកមុខពព្រាយ និង​ស្នាមញញឹម ពួកគេ​ចាប់​ផ្ដើម​ប្រាប់​រឿង​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​រកឃើញ ។ តាម​ពិត​ទៅ វា​ទំនងជា ដំណើរ​រឿង​អំពី​ការប្រែចិត្ត​ជឿ​គឺ​តែងតែ​ជា​រឿងរ៉ាវ​ពី​របៀប​ដែល​យើង​ត្រូវបាន​រកឃើញ ។

ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​គឺ​ជា​ព្រះអម្ចាស់​នៃ​អ្វីៗ​ដែល​បាត់ ។ ទ្រង់​ខ្វល់ខ្វាយ​ពី​អ្វីៗ​ដែល​បាត់ ។ នោះ​ប្រាកដ​ជា​មូលហេតុ​ដែល​ទ្រង់​បង្រៀន​អំពី​រឿង​ប្រៀបធៀប​ចំនួន​បី ដែល​មាន​នៅក្នុង លូកា ១៥ ៖ ជា​រឿង​ប្រៀបធៀប​ពី​ចៀម​ដែលបាត់ កាក់ដែលបាត់​ហើយ​ចុងក្រោយ​គឺ​រឿង​កូនប្រុស​ខ្ជះខ្ជាយ ។ រឿង​ទាំងអស់នេះ​មានភាគជាទូទៅមួយ ៖ វា​ពុំ​សំខាន់​ថា​ហេតុអ្វី​បាន​ជាពួកគេ​បាន​វង្វេងបាត់​នោះទេ ។ វា​ពុំសំខាន់ទេ ទោះ​ជា​ពួកគេ​បាន​ដឹង​ថា​ពួកគេ​បាន​វង្វេងក្ដី ។ រាជ្យដ៏អស្ចារ្យ អារម្មណ៍អំណរ​ដែល​ប្រកាស​ថា «  នៅ​ទីបំផុត ពុំ​មាន​អ្វី​ដែល​បាត់​ជា​ប្រាកដ​ចំពោះ​ទ្រង់​ឡើយ ។

សូម​ឲ្យ​ខ្ញុំ​ចែកចាយ​ជាមួយ​បងប្អូន​នាល្ងាច​នេះនូវ​អ្វី​មួយ​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​ខ្ញុំ—ដំណើរ​រឿង​ពី​របៀប​ដែល​ខ្ញុំ​រកខ្លួន​ឯង​ឃើញ ។

ពេល​ខ្ញុំ​ហៀប​នឹង​ឈាន​ចូល​វ័យ ១៥ ឆ្នាំ ពូ​ខ្ញុំ ឈ្មោះ ម៉ាញូអែល ប៊ូសថូស បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មក​លេង​គាត់ និង​គ្រួសារ​គាត់​មួយ​រយៈ​នៅ​សហរដ្ឋ ។ នេះ​ជាឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ដើម្បី​រៀន​ភាសា​អង់គ្លេស​ខ្លះៗ ។ ពូ​ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​ចូល​សាសនាចក្រ​ជា​ច្រើន​ឆ្នាំ​ពី​មុន​នោះ ហើយ​គាត់​មាន​ស្មារតី​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​អស្ចារ្យ ។ ប្រហែល​នោះ​ហើយ​ជា​មូលហេតុ​ដែល​ម្ដាយ​ខ្ញុំ​បាន​និយាយ​ជាមួយ​ពូ​ខ្ញុំ​ទាំង​មិន​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​នឹង​យល់ព្រម​ដល់​ការអញ្ចើញ​របស់​ពូ​ដោយ​មាន​លក្ខខណ្ឌ​មួយ ៖ ថា​ពូ​មិន​ត្រូវ​លួងលោម​ខ្ញុំ​ឲ្យ​ក្លាយ​ជា​សមាជិក​សាសនាចក្រ​របស់​ពូ​នោះ​ទេ ។ ពួកយើង​ជា​ពួក​កាតូលិក​ជា​ច្រើន​ជំនាន់ ហើយ​គ្មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​នោះ​ទេ ។​ ពូ​ខ្ញុំ​បាន​យល់ព្រម​ទាំងស្រុង ហើយ​បាន​រក្សា​ពាក្យ​សន្យា​របស់​គាត់​រហូត​ដល់​គាត់​មិន​ចង់​ឆ្លើយ​សំណួរ​ធម្មតាៗ​អំពី​សាសនាចក្រ ។

ពិតណាស់ អ្វី​ដែល​ពូ​ខ្ញុំ និង​ភរិយា​ដ៏​ល្អ​របស់​គាត់ មីង​ម៉ាចូរី មិន​អាច​ចៀស​បាន​គឺ​ការធ្វើ​ជា​ខ្លួនឯង ។​

ពួកគាត់​ឲ្យ​ខ្ញុំ​នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​បណ្ណាល័យ​ដែល​មាន​សៀវភៅ​ជា​ច្រើន ។ ខ្ញុំ​អាច​ឃើញ​ថា មាន​ព្រះគម្ពីរ​មរមន​ជា​ភាសា​ខុសៗ​គ្នា​ប្រហែល​ជា ២០០ ក្បាល​នៅក្នុង​បណ្ណាល័យ​នោះ ក្នុង​នោះ​មាន ២០ ក្បាល ជា​ភាសា​អេស្ប៉ាញ ។​

ថ្ងៃ​មួយ ដោយ​ការចង់​ដឹង​ចង់ឮ​ពេក ខ្ញុំ​បាន​យក​ព្រះគម្ពីរ​ជា​ភាសា​អេស្ប៉ាញ​មួយ​ក្បាល​ចុះ​មក ។

ព្រះគម្ពីរ​មរមន​ជា​ភាសា​អេស្ប៉ាញ

វា​ជា​ច្បាប់​ដែល​មាន​ក្រប​ទន់​ពណ៌​ផ្ទៃមេឃ ដែល​មាន​រូប​ទេវតា​មរ៉ូណៃ​នៅ​ខាង​មុខ ។ ពេល​ខ្ញុំ​បើក​ព្រះគម្ពីរ នៅលើ​ទំព័រ​ទី​មួយ​វា​មាន​សរសេរ​នូវ​ការសន្យា​ដូច​តទៅនេះ ៖ « ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

បន្ទាប់​មក​វា​បន្ថែម​ថា « ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

វា​ពិបាក​នឹង​ពន្យល់​ពី​ឥទ្ធិពល​ដែល​បទគម្ពីរ​ទាំងនេះ​មាន​មកលើ​គំនិត និង​ដួងចិត្ត​ខ្ញុំ ។ និយាយ​តាម​ត្រង់ ខ្ញុំ​មិន​បាន​ស្វែងរក « សេចក្ដី​ពិត » ទេ ។ ខ្ញុំ​គ្រាន់តែ​ជា​យុវជន​ម្នាក់ ដែលរីករាយ​នឹង​ជីវិត និង​វប្បធម៌​ថ្មី​នេះ ។

ទោះ​ជា​យ៉ាង​ណា ដោយ​មាន​ការសន្យា​នោះ​នៅក្នុង​គំនិត ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​ដោយ​សម្ងាត់ ។ នៅ​ពេល​ខ្ញុំ​អាន​បន្ថែម ខ្ញុំ​យល់​ថា បើ​ខ្ញុំ​ពិត​ជា​ចង់​ទទួល​បាន​អ្វី​ពី​សៀវភៅ​នេះ ខ្ញុំ​គួរ​ចាប់​ផ្ដើម​អធិស្ឋាន​ទៅ ។ ហើយ​យើង​ទាំងអស់​គ្នា​ដឹង​នូវ​អ្វី​ដែល​កើត​ឡើង នៅពេល​អ្នក​សម្រេច​ចិត្ត​ថា​មិនគ្រាន់តែ​អាន ប៉ុន្តែ​ក៏​អធិស្ឋាន​ផងដែរ​អំពី​ព្រះគម្ពីរមរមន ។ មែនហើយ នោះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ វា​ជា​អ្វី​មួយ​ដែល​ពិសេស និង​ប្លែក​ណាស់—មែនហើយ គឺ​ដូច​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដែរ ។ ខ្ញុំ​បាន​ដឹង​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​ពិត ។

បន្ទាប់​មក ខ្ញុំ​បាន​ទៅ​ពន្យល់​ប្រាប់​ពូ​ខ្ញុំ​ពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ថា​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពូ​ខ្ញុំ​ពុំ​អាច​ទប់​អារម្មណ៍​រំភើប​របស់​គាត់​បានទេ ។ គាត់​បានបើក​ឡាន​ទៅ​ព្រលាន​យន្តហោះ ហើយ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​សំបុត្រ​យន្តហោះ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​លិខិត​តូច​មួយ​ផ្ញើ​ទៅ​ម្ដាយ​ខ្ញុំ ដែល​ថ្លែង​យ៉ាង​សាមញ្ញ​ថា « ខ្ញុំ​អត់មាន​អ្វី​ទាក់ទង​នឹង​រឿង​នេះ​ទេ ! »

ជា​របៀប​មួយ ដែល​ពូ​ខ្ញុំ​ត្រូវ ។ ខ្ញុំ​ត្រូវបាន​រកឃើញ​ដោយ​ផ្ទាល់​តាមរយៈ​អនុភាព​នៃ​ព្រះគម្ពីរ​មរមន ។

ប្រហែលជា​មាន​មនុស្ស​ជាច្រើន​បាន​រកឃើញ​តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ដ៏​ល្អៗ​នៅ​ជុំវិញ​ពិភពលោក នៅ​គ្រប់​ករណី​តាម​រយៈ​របៀប​ដ៏​មាន​អព្ភូតហេតុ ។ ឬ​ប្រហែល​ជា​ពួកគេ​បាន​រកឃើញ​តាមរយៈ​មិត្តភក្ដិ​ដែល​ព្រះ​បាន​ដាក់​នៅ​លើ​ផ្លូវ​របស់​ពួកគេ ។ ប្រហែល​ជា​ពួកគេ​ត្រូវបាន​រកឃើញ​ដោយ​នរណា​ម្នាក់​ពី​ជំនាន់​នេះ ឬ​តាមរយៈ​ដូនតា​ម្នាក់​របស់​ពួកគេ ។ មិន​ថា​ជា​ករណី​មួយ​ណា​ទេ ដើម្បី​រីក​ចម្រើន​ទៅកាន់​ការប្រែចិត្ត​ជឿ​ដ៏​ពិត​មួយ ឲ្យ​បាន​ឆាប់​ជាជាង​នៅ​ពេល​ក្រោយ នោះ​ពួកគេ​ទាំងអស់​គ្នា​ត្រូវតែ​ដក​ពិសោធន៍ និង​រកឃើញ​ដោយ​ព្រះចេស្ដា​នៃ​សេចក្ដី​ពិត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន ។ ជាមួយ​គ្នា​នោះ​ដែរ ពួកគេ​ត្រូវតែ​សម្រេច​ចិត្ត​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​ការតាំង​ចិត្ត​ដ៏​ហ្មត់ចត់​មួយ​ចំពោះ​ព្រះ​ថា ពួកគេ​នឹង​ពុះពារ​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

ពេល​ខ្ញុំ​ត្រឡប់​មក​ប៊ុយណូហ្សែ​វិញ ម្ដាយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិត​ជា​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មែន ។ ដោយសារ​តែ​ខ្ញុំ​មាន​វិញ្ញាណ​នៃ​ការ​បះបោរ​ខ្លះៗ ជាជាង​គាត់​ជំទាស់​នឹង​ខ្ញុំ គាត់​បាន​មក​គៀកខ្ញុំ​យ៉ាង​វ័យឆ្លាត ។ ហើយ​ដោយ​ពុំ​បាន​ដឹង​អំពី​រឿងនោះ គាត់​បាន​ធ្វើ​ការ​សម្ភាស​ពិធីបុណ្យជ្រមុជទឹក​ខ្ញុំ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។ ការពិត ខ្ញុំ​ជឿ​ថា ការសម្ភាស​របស់​គាត់​ស៊ី​ជម្រៅ​ជាង​ការសម្ភាស​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​ឡើង​ទៅ​ទៀត ។ គាត់​បាន​ប្រាប់​ខ្ញុំ ៖ « បើ​កូន​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ម៉ាក់​នឹង​គាំទ្រ​កូន ។​ តែ​ដំបូង ម៉ាក់​នឹង​សួរ​កូន​នូវ​សំណួរ​មួយ​ចំនួន​សិន ហើយ​ម៉ាក់​ចង់​ឲ្យ​កូន​គិតឲ្យ​ហ្មត់ចត់ ហើយ​ឆ្លើយ​នឹង​ម៉ាក់​ដោយ​ស្មោះត្រង់ ។​ តើ​កូន​ប្ដេជ្ញា​ថា​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ​យ៉ាង​ប្រាកដ​ឬ​ទេ ?

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « បាទ ប្រាកដ​ណាស់ ខ្ញុំ​នឹង​ធ្វើ​ដូច្នោះ » ។​

« តើ​កូន​ដឹង​ថា ព្រះវិហារ​យូរ​ប៉ុណ្ណា​ទេ ?

ខ្ញុំ​បាន​និយាយ​ថា « បាទ​ខ្ញុំ​ដឹង » ។​

គាត់​តប​ថា « មែនហើយ បើ​កូន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ម៉ាក់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា កូន​ទៅ​ព្រះវិហារ » ។​ បន្ទាប់​មក គាត់​បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ពិត​ជា​ប្ដេជ្ញា​មិន​ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​រហូត​ឬទេ ។

ខ្ញុំ​បាន​ឆ្លើយ​ថា « បាទ ប្រាកដ​ណាស់ ខ្ញុំ​នឹង​អនុវត្ត​តាម​នោះ​ផងដែរ » ។​

គាត់​បាន​បន្ថែម​ថា « មែនហើយ បើ​កូន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ម៉ាក់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា កូន​ត្រូវ​គោរព​តាម » ។ ហើយ​គាត់​បាន​បន្ត​តាម​របៀប​នោះ​ស្ទើរតែ​គ្រប់​បទបញ្ញត្តិ​ទាំងអស់ ។

ពូ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ម្ដាយ​ខ្ញុំ​ប្រាប់​គាត់​ថា​កុំ​ឲ្យ​បារម្ភ អី​មិន​យូរ​ទេ​ខ្ញុំ​នឹង​ភ្លេច​ពី​វា​ហើយ ។ បួន​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​របស់​ខ្ញុំ​នៅក្នុង​បេសកកម្ម យ៉ូរ៉ាហ្គាយ ម៉ុនតេវីដេអូ នោះ​ម្ដាយ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​សួរ​ពូ​ខ្ញុំ​ថា តើ​ពេល​ណា​ទើប​ខ្ញុំ​នឹង​ភ្លេច​ពី​វា​ឲ្យ​ប្រាកដ​ទៅ ។​ ការពិត​គឺ​ថា តាំង​ពី​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​បាន​ក្លាយ​ជា​ម្ដាយ​ម្នាក់​ដែល​កាន់តែ​រីករាយ ។​

ខ្ញុំ​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​សំខាន់​ខ្លាំង​ណាស់​នៅក្នុង​ដំណើរ​ការប្រែចិត្ត​ជឿ ដោយ​ការដក​ពិសោធន៍​ដោយ​ផ្ទាល់​នូវ​ការសន្យា​ដែល​ថា « បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ » ។

នីហ្វៃ​បាន​ពន្យល់​ពី​គោលបំណង​សំខាន់​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀប​នេះ ៖

« ដ្បិត​យើង​ព្យាយាម​ខំ​សរសេរ​ពាក្យ​ទាំង​នេះ ដើម្បីបញ្ចុះ​បញ្ចូល​កូន​ចៅ​យើង និង​បងប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ …

« ហើយ [ ដូច្នោះ ] យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើងផ្សាយ​អំពី​ព្រះគ្រីស្ទ [ ហើយ ] យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ … ដើម្បី​ឲ្យ​កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ » ។

ព្រះគម្ពីរ​មរមន​​ទាំងមូល​មាន​ពេញ​ដោយ​គោលបំណង​ដ៏​ពិសិដ្ឋ​ដូច​គ្នា​នោះ ។

ដោយ​មូលហេតុ​នេះ អ្នក​អាន​ណា​ដែល​តាំង​ចិត្ត​សិក្សា​ដោយ​ស្មោះ ដោយ​ស្មារតី​នៃ​ការ​អធិស្ឋាន នោះ​នឹង​ពុំ​គ្រាន់តែ​រៀន​អំពី​ព្រះគ្រីស្ទ​ប៉ុណ្ណោះទេ ប៉ុន្តែ​នឹង​រៀន មកពី ព្រះគ្រីស្ទ — ជាពិសេស​បើ​ពួកគេ​ធ្វើ​ការ​សម្រេចចិត្ត « សាកល្បង​គុណតម្លៃ​នៃ​ពាក្យ​សម្ដី » ហើយ​មិន​បដិសេធ​វា​ជា​និរន្ដរ៍​ដោយ​ការ​មិន​ជឿ​ទាំង​លម្អៀង ដោយ​អ្វី​ដែល​អ្នក​ដទៃ​បាន​និយាយ​អំពី​រឿង​ទាំងឡាយ​ដែល​ពួកគេ​មិន​ដែល​បាន​អាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក ៖ «​ នៅពេល​ខ្ញុំ​គិត​អំពី​ព្រះ​គម្ពីរ​មរមន ខ្ញុំ​គិត​អំពី​ពាក្យថា អំណាច ។ សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​មរមន​មាន​នូវ អំណាច ដើម្បី​ព្យាបាល លួង​លោម ស្ដារ​ឡើង​វិញ ជួយ ពង្រឹង លើក​ទឹក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​យើង​រីករាយ » ។

មិន​ថា​យើង​ជា​សមាជិក​សាសនាចក្រ​យូរ​យ៉ាង​ណា​ទេ ការអញ្ជើញ​របស់​ខ្ញុំ​នៅ​រសៀល​នេះ​ដល់​យើង​ម្នាក់ៗ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​អនុភាព​នៃ​សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​មរមន​រក​យើង​ឃើញ ហើយ​ឱប​ក្រសោប​យើង​ម្ដង​ទៀត និង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​យើង​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​ដោយ​ឧស្សាហ៍​ព្យាយាម ។​ វា​នឹង​ធ្វើ​ដូច្នោះ បើ​យើង​អនុញ្ញាត ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​ឧឡារិក​ថា ព្រះគម្ពីរ​មរមន​មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​សេចក្ដី​ពិត​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​នរណា​ដែល​ស្វែងរក​ការចេះ​ដឹង​ដល់​សេចក្ដី​សង្គ្រោះ​ព្រលឹង​របស់​ពួកគេ ដោយ​ដួងចិត្ត​ស្មោះសរ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. លូកា ១៥:៦ សូមមើល​ផងដែរ លូកា ១៥: ៩, ៣២ ។

  2. នៅ​ក្នុង​ន័យ​ដ៏​ទូលំទូលាយ​របស់​វា ដំណើរ​រឿង​ព្រះគម្ពីរ​សម្រាប់​ការ​ព្យាករ​ដែល​ថ្លែង​អំពី​ការ​ប្រមូល​ផ្ដុំ​ពូជអំបូរ​អ៊ីស្រាអែល​ដែល​បាន​បាត់ ( សូមមើល រ័សុល អិម ណិលសុន, « The Gathering of Scattered IsraelLiahona, ខែវិច្ឆិកា ឆ្នាំ ២០០៦, ៧៩–៨២ ) ។ ទោះ​បី​ជា​ពួកគេ​បាន​វង្វេង ពួកគេ​ពុំ​វង្វេង​បាត់​នៅ​ចំពោះ​ទ្រង់​ឡើយ ( សូមមើល នីហ្វៃទី ៣ ១៧:៤) ។ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​កត់ចំណាំ​ថា​ពួកគេ​ពុំ​ដឹង​ថា​ពួកគេ​ត្រូវ​វង្វេង​នោះទេ រហូត​ដល់​ពេល​ដែល​ពួកគេ​ត្រូវ​បាន​រកឃើញ ជា​ពិសេស​នៅពេល​ពួកគេ​ទទួល​បាន​ពរជ័យ​អយ្យកោ​របស់​ពួកគេ ។

  3. អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បាន​ដកស្រង់​សង់ ហ្វ្រង់សែ​របស់​អាស៊ីស៊ី នៅពេល​លោក​មាន​ប្រសាសន៍​ថា « ប្រកាស​ដំណឹងល្អ​នៅ​គ្រប់​ពេល ហើយ​បើ​ចាំបាច់ សូម​ប្រើពាក្យ » (« Waiting on the Road to Damascus » Liahona ខែ​ឧសភា ឆ្នាំ ២០១១, ៧៧ សូមមើល​ផងដែរ វិល្លាម ហ្វេ និង​លីនដា អ៊ីវ៉ាន សែហ្វឺត ចែកចាយ​ព្រះយេស៊ូវ​ដោយ​គ្មាន​ភាព​ភ័យខ្លាច [ ឆ្នាំ ១៩៩៩ ] ២២ ) ។

  4. មរ៉ូណៃ ១០:៤–៥ ។

  5. ដំណើររឿង​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​ជីដូនជីតា​យើង​ក៏​ជា​រឿង​ផ្ទាល់ខ្លួន​របស់​យើង​ដែរ ។ អែលឌើរ វីល្លាម អរ វ៉កឃើរ បាន​បង្រៀន​ថា « វា​នឹង​ជា​រឿង​អស្ចារ្យ​មួយ​បើ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់រូប​បាន​ដឹង​ដំណើររឿង​ផ្លាស់ប្រែចិត្តជឿ​របស់​ជីដូនជីតា​ពួកគេ » ( «Live True to the FaithLiahona, ខែ​ឧសភា ឆ្នាំ ២០១៤, ៩៧) ។ ហេតុដូច្នោះហើយ យើងទាំងអស់គ្នា​ត្រូវ​បាន​រកឃើញ​ដោយផ្ទាល់ ឬ​តាម​រយៈ​ជីដូនជីតា​យើង អរគុណ​ចំពោះ​ព្រះវរបិតាសួគ៌ ដែល​ដឹង​ពី​ទីបញ្ចប់​តាំង​ពី​ដើម​ដំបូង ( សូមមើល អ័ប្រាហាំ ២:៨) ។

  6. បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន សូមមើល​ផងដែរ អាលម៉ា ៣១:៥ ។

  7. នីហ្វៃទី២ ២៥:២៣, ២៦ ។

  8. អាលម៉ា ៣១:៥ ។

  9. សូម​មើល អាលម៉ា ៣២:២៨ ។

  10. រ័សុល អិម ណិលសុន «ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ? » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ។​

  11. សូមមើល នីហ្វៃទី៣ ៥:២០ ។