ឆ្នាំ ២០១០-២០១៩
កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា

ដើម្បី​ជា​កម្មសិទ្ធិជាមួយ​ព្រះ ហើយ​ដើរជាមួយ​គ្នានៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ គឺ​ត្រូវ​បាន​ប្រទានពរ​ដោយ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ មាន​រឿង​ត្រូវ​បាន​ប្រាប់​អំពី​ការ​រៀន​អធិស្ឋាន​របស់​កុមារ​ថ្នាក់​អង្គការបឋមសិក្សា ។ « អរគុណ​ចំពោះ​អក្សរ អេ និង អក្សរ ប៊ី … អក្សរ ជី » ។ ការ​អធិស្ឋាន​របស់​កុមារ​បន្ដ​ថា « អរគុណចំពោះ​អក្សរ អិច វ៉ាយ ហ្សី ព្រះវរបិតាជា​ទីស្រឡាញ់ អរគុណ​ចំពោះ​លេខ ១ លេខ ២ » ។ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​បារម្ភ ប៉ុន្តែចាំមើល​ដោយ​ឆ្លាតវៃ ។ កុមារបាន​និយាយ​ថា « អរគុណ​ចំពោះលេខ ៥ លេខ ៦ — និង​អរគុណ​ចំពោះគ្រូ​ថ្នាក់​អង្គការបឋម​សិក្សា​របស់ខ្ញុំ ។ គាត់​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ទុក​ឲ្យ​ខ្ញុំ​បញ្ចប់​ការ​អធិស្ឋាន​របស់​ខ្ញុំ » ។

ព្រះវរបិតាសួគ៌ ស្ដាប់​ឮ​ការអធិស្ឋាន​របស់​កុមារគ្រប់ៗរូប ។ ដោយ​ក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍ ទ្រង់​បាន​ហៅ​យើងឲ្យ​មក​ជឿ ហើយ​ក្លាយ​ជាសមាជិក​តាមរយៈ​សេចក្ដីសញ្ញា ។

ពិភពលោក​នេះ​គឺ​មាន​ពេញ​ទៅ​ដោយការបំភ័ន្ដ បោកបន្លំ​យ៉ាង​ប៉ិនប្រសព្វ ។ មាន​រឿង​ជា​ច្រើន​ដែល​មើល​ទៅ​ទំនង​ជា​បណ្ដោះ​អាសន្ន ហើយ​ស្ទាក់​ស្ទើរ ។ នៅពេល​យើង​ពុំគិតពី​របាំងមុខ ការបន្លំ ការមានអ្នក​ចូលចិត្ត ឬ​មិនចូលចិត្ត នោះ​គឺយើងចង់បាន​ច្រើនជាង​ការ​ចាប់អារម្មណ៍​មួយភ្លែត ទំនាក់ទំនង​បណ្ដោះអាសន្ន ឬការ​ខិតខំ​ចង់​បាន​ចំណាប់អារម្មណ៍ផ្ទាល់​ខ្លួន​ខាង​លោកិយនោះ​ហើយ ។ ជាអំណរគុណ មាន​វិធី​មួយ​ឆ្ពោះទៅរក​ចម្លើយ​ដែល​សំខាន់ ។

ពេល​យើង​ងាកមក​រក​បទបញ្ញត្តិ​ដ៏​ធំ​របស់ព្រះ ​គឺស្រឡាញ់ទ្រង់ និង​អ្នក​​នៅជុំវិញ​យើង​តាមរយៈ​សេចក្ដីសញ្ញា យើង​ធ្វើដូច្នោះ​ពុំ​មែន​ជា​មនុស្ស​ចម្លែក ឬ​ជា​ភ្ញៀវឡើយ ប៉ុន្តែ​ជា​បុត្រ​របស់ទ្រង់​នៅក្នុង​ដំណាក់ ។ ប្រតិមតិ​កាល​ពី​បុរាណ​គឺ​នៅ​តែ​ពិត ។ នៅពេល​យើង​ប្រគល់​ខ្លួន​យើង​តាមរយៈ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា ​នោះ​យើង​ស្វែងរក និង​ប្រែក្លាយ​ទៅ​ជា​ខ្លួន​យើង​ដ៏​អស់កល្បជានិច្ច មានសេរីភាព មានជីវិត ពិត— ហើយ​កំណត់​ពី​ទំនាក់ទំនង​សំខាន់​បំផុត​របស់​យើង ។ កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា​គឺ​ដើម្បី​ចុះ ហើយ​រក្សា​សន្យា​ដ៏​មុតមាំ​ចំពោះ​ព្រះ និង​ចំពោះ​គ្នា តាមរយៈ​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ដែល​យាង​អញ្ជើញ​អនុភាព​នៃ​សេចក្ដី​ល្អ​ឲ្យ​សម្ដែង​ឡើង​នៅក្នុង​ជីវិត​របស់​យើង ។ នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដោយ​អស់ពី​ខ្លួន​យើង នោះ​យើង​អាច​ប្រែក្លាយ​ហួស​ពី​ខ្លួន​យើងជា​នរណាទៅទៀត ។ កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា ផ្តល់​កន្លែង និទានកថា សមត្ថភាព​ដើម្បីប្រែក្លាយ ។ វា​បង្កើត​ជំនឿ​ទៅកាន់​ជីវិត និង​សេចក្ដីសង្គ្រោះ ។

សេចក្ដីសញ្ញា​ដ៏ទេវភាព​ប្រែក្លាយជា​ប្រភព​នៃ​សេចក្ដីស្រឡាញ់ និង​មកពី​ព្រះ និងជាមួយ​គ្នា​ទៅវិញទៅមក ។ ព្រះជាព្រះ​វរបិតាសួគ៌​ស្រឡាញ់​យើង​ខ្លាំង ហើយ​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្រឡាញ់ ឬ​ស្គាល់​ខ្លួន​យើងទៅ​ទៀត ។ សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការផ្លាស់ប្ដូរ​ផ្ទាល់ខ្លួន ( ការ​ប្រែចិត្ត ) នាំមក​នូវ​ក្ដីមេត្តា ព្រះគុណ និងការអភ័យទោស ។ អ្វីទាំងនេះ​ជួយ​លួងលោម​ការ​ឈឺចាប់ ភាព​ឯកោ អយុត្តិធម៌ ដែល​យើង​មានបទពិសោធន៍​នៅក្នុងជីវិតរមែងស្លាប់ ។ ទ្រង់​ជា​ព្រះ ព្រះវរបិតាសួគ៌​របស់​យើង​ចង់​ឲ្យ​យើង​ទទួល​អំណោយ​ដ៏​មហិមា​បំផុត​របស់​ព្រះ— ក្តីអំណរ និងជីវិត​អស់កល្បជានិច្ច​របស់​ទ្រង់ ។ ​

ព្រះរបស់​យើង​គឺ​ជា​ព្រះ​នៃ​សេចក្ដីស្រឡាញ់ ។ តាមលក្ខណៈ​ធម្មជាតិ​របស់ទ្រង់ ទ្រង់ « កាន់​តាម​សេចក្ដី​សញ្ញា ហើយ​បង្ហាញ​សេចក្ដី​មេត្តាករុណា​ » ។ សេចក្ដីសញ្ញា​របស់ទ្រង់​បន្ដ​នៅ​មាន « ​ដរាបណាពេលវេលា​នៅ​មាន ឬនៅ​មាន​ផែនដី​ ឬ​​មាន​មនុស្ស​ម្នាក់​នៅ​លើ​ផែនដី​ដែល​នឹង​បាន​សង្គ្រោះ » ។ យើងមិន​ត្រូវ​វង្វេង​នៅ​ក្នុង​ភាព​មិនពិតប្រាកដ និង​ភាព​សង្ស័យទេ ប៉ុន្តែរីករាយ​នៅ​ក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ដ៏​រីករាយ « ខ្លាំង​ជាង​ចំណង​នៃ​សេចក្ដីស្លាប់ » ។

ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​របស់ព្រះ គឺ​មានជាសាកល​ជា​តម្រូវការ​របស់ពួកគេ និង​បុគ្គល​ម្នាក់​តាមឱកាស​របស់​ពួកគេ ។ នៅ​ក្នុង​ភាព​យុត្តិធម៌​របស់ព្រះ​បុគ្គល​ម្នាក់ៗ​នៅគ្រប់កន្លែង និង​គ្រប់វ័យ អាច​ទទួល​បានពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ ។ សិទ្ធិសេរីភាព​អនុវត្ត​ឡើង— កាល​ដែល​បុគ្គល​ម្នាក់ៗ​ជ្រើសរើស​ថាតើ​ទទួលយក​ពិធីបរិសុទ្ធ​ដែល​ផ្ដល់​ឲ្យ​ឬ​យ៉ាងណា ។ ពិធីបរិសុទ្ធ​នានា​របស់​ព្រះ​ផ្ដល់​ជាសញ្ញាសម្គាល់​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ។ យើង​ហៅ​ផែនការ​របស់ព្រះ​ដើម្បី​នាំ​កូនចៅ​របស់ទ្រង់មក​ផ្ទះ​ថា​ជា ផែនការ​នៃ​សេចក្ដីប្រោសលោះ ផែនការ​នៃ​សេចក្ដីសង្គ្រោះ ផែនការ​នៃ​សុភមង្គល ។ ការ​ប្រោសលោះ ការសង្គ្រោះ សុភមង្គល​សេឡេស្ទាល កើត​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ « ដែល​បាន​នាំ​មក​នូវ​ដង្វាយ​ធួន​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ » ។

ដើម្បី​ជា​របស់​ផង​ព្រះ ហើយ​ដើរជាមួយ​គ្នា​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា គឺ​ត្រូវ​បាន​ប្រទានពរ​ដោយ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា ។

ទីមួយ កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា​ផ្ដោតចម្បង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ « ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី » ។ គ្រប់ការណ៍​ទាំងអស់ផ្សំ​គ្នា​សម្រាប់​សេចក្ដីល្អរបស់​យើង នៅពេល​យើង « ​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ​គ្រីស្ទ…នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​វរបិតា » ។ គ្រប់​សេចក្ដីល្អ និងពរជ័យ​ដែល​បាន​សន្យា កើត​មាន​មក​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​បន្ដស្មោះត្រង់​ដល់​ទីបំផុត ។ « ស្ថានភាព​ដ៏​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » គឺ « បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង » ហើយ « អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ… »​ ។

នៅពេល​យើងគោរព​ដល់​សេចក្ដីសញ្ញា​របស់​យើង នោះពេលខ្លះ​យើង​អាច​មានអារម្មណ៍​ថា​យើង​នៅជាមួយ​ពួក​ទេវតា ។ ហើយ​យើង​នឹង​ក្លាយជា—​អ្នក​ទាំងឡាយ​ដែល​យើង​ស្រឡាញ់ និង​ជា​អ្នក​ដែល​ប្រទានពរ​យើង​នៅ​ម្ខាង​នេះនៃវាំងនន និងជា​អ្នកទាំងឡាយ​ដែល​ស្រឡាញ់ និង​ប្រទានពរ​យើង​មកពី​ម្ខាង​ទៀត​នៃ​វាំងនន ។

ថ្មីៗនេះ ស៊ីស្ទើរ ហ្គង និង​ខ្ញុំ បាន​មើលឃើញ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា​ក្នុងភាព​ដ៏ទន់ភ្លន់បំផុត​នៅក្នុង​បន្ទប់​ពេទ្យ​មួយ ។ ឪពុក​វ័យ​ក្មេង​ម្នាក់ត្រូវការ​ផ្លាស់ប្ដូរ​តម្រងនោម​យ៉ាង​ខ្លាំង ។ គ្រួសារ​របស់​គាត់​បាន​យំ បាន​តមអាហារ ហើយបានអធិស្ឋាន​សម្រាប់​គាត់​ដើម្បី​ទទួល​បាន​តម្រងនោម​មួយ ។ នៅពេលបាន​​ឮដំណឹង​ថាមាន​តម្រង​នោម​សង្គ្រោះ​ជីវិតមួយ នោះភរិយា​គាត់​បាន​និយាយ​ដោយ​ស្ងាត់ៗថា « ខ្ញុំ​សង្ឃឹម​ថាគ្រួសារ​ផ្សេងទៀត​គឺ មិនអីទេ » ។ ដើម្បី​ជាសកម្មសិទ្ធិដោយ​សេចក្ដីសញ្ញា តាមពាក្យ​សម្ដី​របស់​សាវក​ប៉ុល « ឲ្យ​យើង​បាន​សេចក្តី​កម្សាន្ដ​​​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ​របស់​យើង​និមួយៗ គឺ​របស់​អ្នក​រាល់​គ្នា និង​របស់​ខ្ញុំ​ផង» ។

ដំណើរក្នុង​ជីវិត យើង​អាចនឹង​បាត់បង់ជំនឿ​ទៅលើ​ព្រះ ប៉ុន្តែ​ទ្រង់​មិន​ដែល​បាត់ជំនឿលើ​យើង​ទេ ។ ទ្រង់​បំភ្លឺ​​ជានិច្ចដូចសព្វដង ។ ទ្រង់អញ្ជើញ​យើង​ឲ្យមក ឬ​ត្រឡប់មក​កាន់​សេចក្ដីសញ្ញា​ដែល​គូសសញ្ញា​​ផ្លូវ​របស់ទ្រង់ ។ ទ្រង់​រង់ចាំ​ជាស្រេច​ដើម្បី​ឱបក្រសោបយើង ទាំង​យើង « នៅ​ពី​ចម្ងាយ ​» ។ នៅពេល​យើង​រកមើលគំរូ ផ្កាភ្លើង ឬ​ចំនុច​ភ្ជាប់តូចៗ​នៃ​បទពិសោធន៍​របស់​យើងដោយ​កែវភ្នែក​នៃ​សេចក្ដីជំនឿ​ នោះ​យើង​អាចមើលព្រះគុណ និង​ការលើកទឹកចិត្ត​ដ៏ទន់ភ្លន់​របស់ទ្រង់ ជាពិសេស​នៅក្នុង​ការសាកល្បង ការ​សោកស្ដាយ និង​ឧបគ្គ​នានា ក៏​ដូចជា​នៅក្នុង​អំណរ​របស់​យើង ។ ទោះជាយ៉ាងណា យើង​ជំពប់ដួល ឬ​ធ្លាក់​ជាញឹកញាប់ បើយើង​បន្ដ​ឆ្ពោះទៅមុខទៅរក​ទ្រង់ នោះទ្រង់​នឹង​ជួយយើង​មួយ​ជំហាន​ម្ដងៗ ។

ទីពីរ ព្រះគម្ពីរមរមន គឺ​ជាភស្ដុតាងដែល​យើង​អាច​កាន់​នៅក្នុងដៃ​របស់យើង​នូវ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា ។ ព្រះគម្ពីរមរមន គឺ​ជាឧបករណ៍​ដែលបាន​សន្យា​សម្រាប់​ការ​ប្រមូល​ផ្ដុំកូនចៅ​នៃ​ព្រះ​ដែល​បាន​ព្យាករ​ទុក ជា​សេចក្ដីសញ្ញា​ថ្មី ។ នៅពេល​យើង​អាន​ព្រះគម្ពីរមរមន​ដោយ​ខ្លួន​យើង និង​ជាមួយ​អ្នកដទៃ មិនថាដោយស្ងាត់ៗ ឬ​ខ្លាំងៗ នោះ​យើងអាច​សួរ​ព្រះ « ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ហើយ​ទទួលបានការអះអាង​ពីព្រះចេស្ដានៃ​ព្រះវិញ្ញាណបរិសុទ្ធ​ថា ព្រះគម្ពីរមរមន​គឺជាការពិត ។ រឿងនេះ​​រួមមាន​នូវការអះអាងថា​ ព្រះយេស៊ូវគ្រីស្ទគឺជា​ព្រះអង្គសង្គ្រោះ​របស់យើង យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ ហើយ​សាសនាចក្រ​​របស់ព្រះអម្ចាស់ ត្រូវ​បានហៅ​តាម​ព្រះនាម​របស់ទ្រង់— សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

ព្រះគម្ពីរ​មរមន​ថ្លែង​ពី​សេចក្ដីសញ្ញា​ពីបុរាណ និង​សម័យទំនើបចំពោះ​អ្នក​ដែលជា​កូនចៅ​លីហៃ « កូនចៅ​នៃ​ពួក​ព្យាការី » ។ ជីដូនជីតា​របស់អ្នក បានទទួល​សេចក្ដីសញ្ញាដែល​សន្យា​ថា អ្នក កូនចៅ​របស់អ្នក នឹង​ទទួល​ស្គាល់​សំឡេង​មួយ ចេញពី​ក្នុងធូលីដី​នៅក្នុង​ព្រះគម្ពីរមរមន ។ សំឡេង​ដែលអ្នក​បាន​ទទួលអារម្មណ៍ នៅពេល​អ្នកអានថ្លែង​ទីបន្ទាល់​ថា​​អ្នកគឺជា « កូនចៅ​នៃ​សេចក្ដីសញ្ញា » ហើយ​ព្រះយេស៊ូវ​គឺជា​អ្នកគង្វាល​ល្អ​របស់អ្នក ។

ព្រះគម្ពីរមរមន​អញ្ជើញ​យើងម្នាក់ៗ តាមពាក្យ​របស់​អាលម៉ា ដើម្បី​ចូលទៅក្នុង « ​​សេចក្ដី​សញ្ញា​ជាមួយ​នឹង [ព្រះអម្ចាស់] ​ថា [ យើង ] ​នឹង​បម្រើ​ព្រះ​អង្គ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់ មក​លើ​ [ យើង ] ​យ៉ាង​បរិបូរណ៍? » ។ នៅពេល​យើង​ចង់​ផ្លាស់ប្ដូរ​ដើម្បី​បានកាន់តែល្អប្រសើរ— មាន​មនុស្ស​ម្នាក់​រៀបរាប់ថា « ឈប់​រងទុក្ខវេទនា ចូររីករាយ​ជា​តួររីករាយ » — នោះយើងបើក​ចំពោះ​ការដឹកនាំ ជំនួយ និង​កម្លាំង ។ យើង​អាច​មក​ដោយ​សេចក្ដីសញ្ញា​ដើម្បី​មាន​កម្មសិទ្ធិ​ជាមួយ​ព្រះ និង​សហគមន៍​នៃ​អ្នកជឿ​ស្មោះត្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឥឡូវនេះ ។

សិទ្ធិអំណាច​បព្វជិតភាព​ដែលបាន​ស្ដារឡើងវិញ​ប្រទានពរ​កូនចៅ របស់ទ្រង់​ទាំងអស់ គឺជាផ្នែក​ទីបី​នៃ​កម្មសិទ្ធិនៃ​សេចក្ដីសញ្ញា ។ នៅក្នុង​គ្រាកាន់កាប់ត្រួតត្រានេះ យ៉ូហានបាទីស្ទ និង​សាវក​ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​យាងមក​ជា​តួអង្គរុងរឿង​មកពី​ព្រះ ដើម្បី​ស្ដារ​សិទ្ធិអំណាច​បព្វជិតភាព​របស់​ទ្រង់ ។ បព្វជិតភាព​របស់ព្រះ និង​ពិធីបរិសុទ្ធនានា​របស់ទ្រង់ ធ្វើ​ឲ្យ​ទំនាក់​ទំនង​នៅលើ​ផែនដី ហើយ​អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​នៃ​សេចក្ដី​សញ្ញា​នៅ​ស្ថានសួគ៌ ។

បព្វជិតភាព​អាច​ប្រទានពរ​​ចាប់តាំងពី​ជាទារករហូត​ដល់ស្លាប់— ចាប់​ពី​ពេល​ដាក់ឈ្មោះ​ និងការប្រសិទ្ធពរ​របស់ទារករហូត​ដល់​ពេល​ឧទ្ទិសឆ្លង​ផ្នូរ ។ ពរជ័យ​បព្វជិតភាព​ ព្យាបាល លួងលោមចិត្ត ទូន្មាន ។ ឪពុក​ម្នាក់​ខឹង​នឹង​កូនប្រុសគាត់ រហូត​ដល់​មានសេចក្ដីស្រឡាញ់​អភ័យទោស​កើតឡើង នៅពេល​ឪពុក​ប្រទាន​ពរជ័យបព្វជិតភាព​ដ៏ទន់ភ្លន់​ដល់កូនប្រុស​របស់គាត់ ។ សមាជិកតែមួយ​គត់នៅក្នុង​គ្រួសារ​នាង យុវនារី​ជាទីស្រឡាញ់​មានភាព​មិនប្រាកដ​អំពី​សេចក្ដីស្រឡាញ់​របស់ព្រះ​ចំពោះនាង រហូត​ដល់​នាង​បាន​ទទួល​ពរជ័យ​បព្វជិតភាព​ដ៏​បំផុសគំនិត ។ ពួក​លោកអយ្យកោ​ដ៏​ថ្លៃថ្នូ​រៀបចំខ្លួន​ខាង​វិញ្ញាណ​ដើម្បី​ប្រទានពរជ័យ​បព្វជិតភាព​ដ៏បំផុសគំនិត​នៅទូទាំង​ពិភពលោក ។ នៅពេល​លោក​អយ្យកោ​ដាក់ដៃគាត់​លើក្បាល​របស់អ្នក គាត់​ដឹង ហើយ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់ព្រះ​ចំពោះ​អ្នក ។ លោក​ប្រកាស​អំពី​ខ្សែស្រឡាយ​របស់អ្នកនៅក្នុង​វង្ស​នៃ​អ៊ីស្រាអែល ។ លោកបាន​បង្ហាញ​ពី​ពរជ័យ​ទាំងឡាយមកពី​ព្រះអម្ចាស់ ។ ភរិយា​របស់​លោកអយ្យកោ​ម្នាក់​ប្រកប​ដោយប្រាជ្ញា បានប្រាប់​ខ្ញុំអំពី​របៀប​ដែល​គាត់ និង​គ្រួសារគាត់​អញ្ជើញ​ព្រះវិញ្ញាណ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​ប៉ាប៉ា​របស់​ពួកគាត់​កំពុង​ផ្ដល់​ពរជ័យ​អយ្យកោ ។

ជាចុង​ក្រោយ ពរជ័យ​នៃ​កម្មសិទ្ធិ​នៃ​សេចក្ដី​សញ្ញា​កើត​ឡើង ពេល​យើង​ធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់ ហើយ​រីករាយ​នៅ​ក្នុង​រស់​នៅ​តាម​សេចក្ដីសញ្ញា រួមទាំង​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ផង​ដែរ ។ សេចក្ដីសញ្ញា​អាពាហ៍ពិពាហ៍​ប្រែក្លាជា​អស្ចារ្យ និងអស់កល្ប នៅពេល​យើង​ជ្រើសរើស​ជា​ប្រចាំ​នូវ​សុភមង្គល​របស់​ស្វាមីភរិយា​យើង និង​គ្រួសារ​ពីមុន​ខ្លួន​យើង ។ នៅពេលពាក្យ « ខ្ញុំ » ក្លាយជា « ពួកយើង » នោះ​យើង​រីកចម្រើនជាមួយ​គ្នា ។ យើង​រីកចម្រើន​ពីភាពវ័យក្មេង ទៅចាស់ទុំជាមួយគ្នា ។ នៅពេល​យើង​ប្រទានពរ​ដល់​គ្នា​ទៅវិញទៅមក​នៅក្នុង​ជីវិត​នៃ​ការ​មិនគិត​ពី​ខ្លួន​យើង នោះ​យើង​រកឃើញ​សេចក្ដីសង្ឃឹម និង​អំណរ​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីករាយ នៅក្នុងពេល​នេះ និង​អស់កល្បជានិច្ច ។

ខណៈ​ដែល​ស្ថានភាព​ផ្សេងៗ​ពី​គ្នា នៅពេល​យើង​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន អស់​ពី​សមត្ថភាព​របស់​យើង ហើយ​ទូលសូម​ដោយ​ស្មោះសរ ហើយ​ស្វែងរក​ជំនួយ​របស់​ទ្រង់​នៅពេល​យើង​ធ្វើ​កិច្ចការ​នានា នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​ពួកយើង នៅក្នុង​ពេលវេលា​ និង​របៀប​របស់​ទ្រង់ នៅក្នុង​​គំនិត និង​ដួងចិត្ត​របស់​យើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។​ សេចក្ដីសញ្ញា​អាពាហ៍ពិពាហ៍​កំពុង​ចងភ្ជាប់នៅពេលពួកគេ​ជ្រើសរើសធ្វើ​ជាមួយគ្នា— ជា​ការ​រំឭកមួយ​អំពីការគោរពរបស់​​ព្រះ និង​​យើង​ចំពោះសិទ្ធិសេរីភាព និង​ពរជ័យ​នៃ​ជំនួយ​របស់ទ្រង់ នៅពេល​យើង​ស្វែងរក​វា​រួម​គ្នា ។

ផលផ្លែ​នៃ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា​មានគ្រប់ជំនាន់ក្នុងគ្រួសារ មាន​នៅក្នុងគេហដ្ឋាន និង​ដួងចិត្ត​របស់យើង ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្ហាញ​ឧទាហរណ៍​ផ្ទាល់ខ្លួន ។

នៅពេល​ស៊ីស្ទើរ ហ្គង និង​ខ្ញុំ កំពុង​ធ្លាក់ក្នុង​អន្លង់ស្នេហ៍​ឆ្ពោះទៅ​កាន់អាពាហ៍ពិពាហ៍ ខ្ញុំ​បានដឹង​អំពី​សិទ្ធិសេរីភាព និង​ការ​សម្រេចចិត្ត ។ ​យើង​រស់នៅ​ក្នុង​ប្រទេស​ពីរ​ផ្សេង​ពី​គ្នា​ នៅលើ​ទ្វីបពីរ​ផ្សេង​គ្នា​អស់មួយ​រយៈ​ ។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​អាច​និយាយ​ត្រង់ៗ​ថា ខ្ញុំ​រៀន​បាន​សញ្ញាប័ត្របណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ។

នៅពេល​ខ្ញុំ​បាន​សួរ​ថា « ឱ​ ព្រះវរបិតា​សួគ៌អើយ តើ​ទូលបង្គំ​គួរតែ​រៀបការ​ជាមួយ​ស៊ូសាន​ដែរ​ឬ​ទេ ? » ខ្ញុំ​មាន​អារម្មណ៍​​សុខសាន្ត​ក្នុង​ចិត្ត ។ ប៉ុន្តែ​វា​កើត​ឡើង​នៅពេល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះអស់​ពី​ចិត្ត​ថា « ឱ ព្រះវរបិតា​សួគ៌អើយ ទូលបង្គំ​ស្រឡាញ់​ស៊ូសាន ហើយ​ចង់​រៀបការ​ជាមួយ​នាង ។ ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ស្វាមី និង​ឪពុក​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើបាន » — នៅពេល​ខ្ញុំ​បាន​អនុវត្ត ហើយ​ធ្វើ​ការសម្រេច​ចិត្ត​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ នោះ​ការបញ្ជាក់​ដ៏​ខ្លាំង​ក្លា​​​បាន​កើត​ឡើង​ដល់​ខ្ញុំ ។

ឥឡូវ​នេះ មែកធាង​គ្រួសារ ដំណើរ​រឿង និង​រូបថត​របស់​គ្រួសារ​ហ្គង និង លីនសេ ក្នុង​កម្មវិធី​ស្រាវ​ជ្រាវ​ពង្ស​ប្រវត្តិ ជួយ​យើង​រក​ឃើញ ហើយ​តភ្ជាប់​តាម​រយៈ​បទពិសោធន៍​រស់​នៅ​នៃ​កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា​ជាច្រើន​ជំនាន់ ។ សម្រាប់យើង រួមមាន​ទាំងការគោរពបុព្វការីជន ៖

អាលីស ប្លោអើរ បែងហ្គើតធើរ

លោក​យាយ​ទួត អាលីស ប្លោអើរ បែងហ្គើតធើរ ដែល​មាន​គេសុំ​រៀបការ​ដល់​ទៅ​បី​នាក់​ក្នុង​ថ្ងៃ​តែ​មួយ ក្រោយ​មក​បាន​សូម​ឲ្យ​ស្វាមី​របស់​គាត់​​ភ្ជាប់​ឈ្នាន់ធាក់ទៅនឹង​ធុង​សម្រាប់​ធ្វើ​ប័ររបស់គាត់ ដើម្បី​ឲ្យ​គាត់​អាច​កូរវឹក​ទឹកដោះធ្វើប័រ​ផង និង​ចាក់​អាវ​ក្នុង​ពេល​តែ​មួយ​ផង ។

ឡូយ គៀ ឆា

លោកតាទួត ឡូយ គៀ ឆា បាន​លីកូនៗ​របស់គាត់​នៅលើ​ខ្នង និង​របស់​មួយចំនួន​របស់​គ្រួសារ​គាត់​នៅលើ​សត្វលា នៅពេល​ពួកគេ​បាន​ឆ្លងកាត់វាល​ឡាវ៉ានៅលើ​កោះ​ហាវ៉ៃដ៏ធំ ។ ការតាំងចិត្ត និង​លះបង់​នៃជំនាន់ជាច្រើន​របស់គ្រួសារ​ឆា បាន​ប្រទានពរ​ដល់​គ្រួសារ​យើង​នាសព្វថ្ងៃនេះ ។

ម៉ារី អាលីស ផូវ៉េល លីនសេ

លោក​យាយ​ទួត ម៉ារី អាលីស ផូវ៉េល លីនសេ បាន​ចាកចេញ​ជាមួយ​នឹង​កូន​តូច​ប្រាំ​នាក់ ពេល​ស្វាមី និង​កូន​ប្រុស​ច្បង​របស់​គាត់​បាន​ស្លាប់​ភ្លាមៗ​រំលង​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ ។ ជា​ស្ត្រី​មេម៉ាយ​អស់រយៈពេល ៤៧ ឆ្នាំ ហ្គ្រាម បាន​ចិញ្ចឹម​គ្រួសារ​របស់​គាត់​ ដោយក្ដីស្រឡាញ់​​ជ្រោមជ្រែង​មក​ពី​ថ្នាក់ដឹក​នាំ និង​សមាជិក​ក្នុង​មូលដ្ឋាន ។ អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​នោះ ហ្គ្រាម បាន​សន្យា​នឹង​ព្រះអម្ចាស់​ថា ប្រសិនបើ​ទ្រង់​ជួយ​គាត់ នោះ​គាត់​នឹង​ពុំ​រអ៊ូរទាំ​ឡើយ ។ ព្រះអម្ចាស់​បាន​​ជួយ​គាត់​មែន ។ គា​ត់​ពុំ​រអ៊ូរទាំ​ឡើយ ។

បងប្អូនប្រុសស្រី អ្វី​ទាំងអស់ដែល​ល្អ និង​អស់កល្ប​គឺ​បាន​ផ្តោត​ទៅលើ​​ភាព​ពិត​ដ៏​រស់រវើក​នៃ​ព្រះ​ជា​ព្រះវរបិតា​ដ៏​​នៅ​អស់​កល្ប​ជានិច្ច និង​​ព្រះរាជ​បុត្រា​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួនរបស់​ទ្រង់​ ដែល​បាន​ធ្វើ​ជា​សាក្សី​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះអម្ចាស់​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​កណ្តាល​​នៃ​សេចក្តីសញ្ញា​ថ្មី ។ ការ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គោលបំណង​នៃ​សេចក្ដី​សញ្ញា​មួយ​រ​បស់​ព្រះគម្ពីរ​មរមន ។ ដោយ​សម្បថ និង​សេចក្ដីសញ្ញា សិទ្ធិអំណាច​បព្វជិតភាព​ដែល​បាន​ស្ដារឡើងវិញ​របស់ព្រះ គឺមានបំណងដើម្បី​ប្រទានពរ​ដល់​កូនចៅ​របស់ព្រះទាំងអស់ រួមមានទាំង​តាមរយៈ​សេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ គ្រួសារជាច្រើនជំនាន់ និង​ពរជ័យ​នីមួយៗ ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រកាស​ថា « យើង​គឺជា​អាលផា និង​អូមេកា ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ មែន​ហើយ គឺ​យើង​នេះ​ហើយ គឺជា​ទ្រង់ គឺជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក » ។

ទ្រង់​គង់នៅ​ជាមួយ​យើង នៅក្នុង​គ្រប់​សិទ្ធិអំណាច​នៃ​សេចក្ដីសញ្ញា​ទាំងអស់របស់​យើង​ចាប់​ពី​ដើមដំបូង​រហូតដល់​ចប់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមដ៏ពិសិដ្ឋ និង​បរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។