ឆ្នាំ ២០១០-២០១៩
ផ្ទុក​ឈើ​ឆ្កាង​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

ផ្ទុក​ឈើ​ឆ្កាង​របស់​យើង

ការផ្ទុក​ឈើឆ្កាង​លើ​ខ្លួន​បងប្អូន ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ មាន​ន័យ​ថា​បន្ដ​ដើរ​លើ​ផ្លូវ​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​ជំនឿ ហើយ​មិន​បណ្ដោយ​ខ្លួន​តាម​ទម្លាប់​លោកិយ​ឡើយ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ យើង​បាន​ទទួល​ការបង្រៀន​ដ៏​អស្ចារ្យ​មកពី​ថ្នាក់ដឹកនាំ​របស់​យើង​អំឡុង​ពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា បើ​យើង​ខិតខំ​អនុវត្ត​ការបង្រៀន​ដ៏​បំផុស​គំនិត និង​ទាន់​ពេល​ទាំងនេះ​ក្នុង​ជីវិត​យើង នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ម្នាក់ៗ​ឲ្យ​លី​ឈើឆ្កាង​របស់​យើង និង​សម្រាល​បន្ទុក​យើង​ឲ្យ​ស្រាល​តាមរយៈ​ព្រះគុណ​ទ្រង់ ។

ខណៈ​នៅ​ជិតខាង​នឹង​ក្រុង​សេសារា-ភីលីព ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ដល់​សិស្ស​របស់​ទ្រង់​ពី​អ្វី​ដែល​ទ្រង់​នឹង​រងទុក្ខ​នៅក្នុង​ដៃ​នៃ​ពួក​ចាស់ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​នៅ​ក្រុង​យេរូសាឡិម ។ ទ្រង់​បាន​បង្រៀន​ពួកគេ​យ៉ាង​ជាក់លាក់​អំពី​ការសុគត និង​ការរស់​ឡើងវិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ មក​ដល់​ត្រឹម​នេះ ពួកសិស្ស​របស់​ទ្រង់​មិន​បាន​យល់​ទាំងស្រុង​ពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​លើ​ផែនដី​នោះ​ទេ ។ ពេត្រុស​ផ្ទាល់​ពេល​បាន​ឮ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល គាត់​បាន​នាំ​ទ្រង់​ទៅ​ម្ខាង ហើយ​ទូល​ជំទាស់​នឹង​ទ្រង់​ថា « ឱ​ព្រះអង្គ​ម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការនោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ » ។

ដើម្បី​ជួយ​សិស្ស​របស់​ទ្រង់​ឲ្យ​យល់​ថា ភក្ដីភាព​ចំពោះ​កិច្ចការ​ទ្រង់​រួមមាន​ការចុះ​ចូល និង​ការរងទុក្ខ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ដោយ​ក្ដី​មេត្តា ៖

« អ្នកណា​ដែល​ចង់មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នកនោះ​លះកាត់​ចិត្ត​ខ្លួនឯង​ចោល ទាំង​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ។

ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ ។

ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? »

តាមរយៈ​ការប្រកាស​នេះ ព្រះអង្គ​សង្គ្រោះ​បាន​គូស​បញ្ជាក់​ថា អស់​អ្នក​ដែល​ស្ម័គ្រចិត្ត​ដើរ​តាម​ទ្រង់​ត្រូវ​កាត់​ចិត្ត​ខ្លួន ហើយ​គ្រប់គ្រង​បំណង​ប្រាថ្នា ការឃ្លាន និង​ចំណង់​របស់​ខ្លួន លះបង់​អ្វី​ទាំងអស់​សូម្បី​តែ​ជីវិត​ផង​បើ​ចាំបាច់ គឺ​ចុះចូល​ទាំងស្រុង​តាម​ព្រះទ័យ​របស់​ព្រះបិតា—គឺ​ដូចជា​ទ្រង់​បាន​ធ្វើ​ដែរ ។ តាមពិត​ទៅ នេះ​គឺជា​អ្វី​ដែល​ត្រូវ​បង់​ថ្លៃ​សម្រាប់​ការសង្គ្រោះ​ដល់​ព្រលឹង ។ ព្រះយេស៊ូវ​បាន​ប្រើ​និមិត្តសញ្ញា​នៃ​ឈើឆ្កាង​ក្នុង​គោលបំណង​ប្រៀបធៀប ដើម្បី​ជួយ​សិស្ស​របស់​ទ្រង់​ឲ្យ​យល់​ច្បាស់​ពី​អត្ថន័យ​ពិត​ប្រាកដ​នៃ​ពលិកម្ម និង​ភក្ដីភាព​ចំពោះ​បុព្វហេតុ​របស់​ព្រះអម្ចាស់ ។ សិស្ស​របស់​ទ្រង់ និង​រាស្ដ្រ​ក្នុង​ចក្រភព​រ៉ូម៉ាំង​ស្គាល់​ច្បាស់​ពី​រូបភាព​នៃ​ឈើឆ្កាង ដោយសារ​ពួករ៉ូម៉ាំង​បាន​បង្ខំ​ជនរងគ្រោះ​នៃ​ការឆ្កាង ឲ្យ​លី​ឈើឆ្កាង ឬ​នឹម​របស់​គេ​ផ្ទាល់​ទៅ​កន្លែង​ដែល​នឹង​ធ្វើ​ការកាត់ទោស​គេ ។

ទាល់តែ​ក្រោយពី​ការរស់​ឡើង​វិញ​របស់​ទ្រង់ ទើប​គំនិត​របស់​ពួកសិស្ស​ត្រូវបាន​បើក​ឡើង​ហើយ​យល់​អ្វី​ទាំងអស់ ដែល​បាន​សរសេរ​អំពី​ទ្រង់និង​អ្វី​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​តាំង​ពី​ពេល​នោះ​មក ។

បងប្អូន​ប្រុសស្រី នៅ​ក្នុង​របៀប​ដូ​ច​គ្នា​នេះ យើង​គ្រប់​គ្នា​ចាំបាច់​ត្រូវ​បើក​គំនិត និង​ចិត្ត​របស់​យើង ដើម្បី​យល់​ឲ្យ​កាន់​តែ​ពេញ​លេញ​ពី​ទំនាក់​ទំនង​នៃ​ការ​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ឈើ​ឆ្កាង​របស់​យើង និង​ការ​ដើ​តាម​ទ្រង់ ។ យើង​រៀន​តាមរយៈ​បទគម្ពីរ​ថា អ្នក​ដែល​ចង់​ផ្ទុក​ឈើឆ្កាង​គេ​នៅលើ​ខ្លួន​គេ ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​មួយ ដែល​ពួកគេ​កាត់​ចិត្ត​ខ្លួន​ពី​អ្វី​ដែល​មិនមែន​ជា​របស់​ព្រះ និង​ចំណង់​គ្រប់​យ៉ាង​នៃ​ពិភពលោក​នេះ ហើយ​កាន់តាម​បទបញ្ញត្តិ​ទ្រង់ ។

ការប្ដេជ្ញាចិត្ត​របស់​យើង​ដើម្បី​បោះចោល​អ្វី​ទាំងអស់​ដែល​ផ្ទុយ​ពី​ព្រះទ័យ​របស់​ព្រះ ហើយ​លះបង់​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​បាន​សូម​ឲ្យ​ផ្ដល់ និង​ធ្វើតាម​ការបង្រៀន​របស់​ទ្រង់ នឹង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​លើ​ផ្លូវ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ទោះ​ក្នុង​ការប្រឈម​នឹង​ទុក្ខ​ព្រួយ ភាពទន់ខ្សោយ​ក្នុង​ព្រលឹង​យើង ឬ​សម្ពាធ​ខាង​សង្គម និង​ទស្សនវិជ្ជា​ខាង​លោកិយ​ដែល​ផ្ទុយ​ពី​ការបង្រៀន​ទ្រង់​ក្ដី ។

ឧទាហរណ៍ ចំពោះ​អ្នក​ដែល​មិន​ទាន់​រកឃើញ​ដៃគូ​ដ៏​អស់កល្ប ហើយ​អាច​មាន​អារម្មណ៍​ឯកោ និង​អស់​សង្ឃឹម ឬ​អ្នក​ដែល​លែងលះ​គ្នា ហើយ​មាន​អារម្មណ៍​ថា​គេ​បោះបង់​និង​ភ្លេច​យើង ខ្ញុំ​សូម​ធានា​បងប្អូន​ថា ការទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ផ្ទុក​ឈើឆ្កាង​បងប្អូន​លើ​ខ្លួន​បងប្អូន និង​ការធ្វើ​តាម​ទ្រង់ មាន​ន័យ​ថា​ការបន្ដ​ដោយ​សេចក្ដី​ជំនឿ​លើ​ផ្លូវ​របស់​ព្រះអម្ចាស់ លើ​គន្លង​របស់​ព្រះ ហើយ​មិន​បណ្ដោយ​ខ្លួន​តាម​ទម្លាប់​នៃ​លោកិយ ដែល​នឹង​ផ្ដាច់​ក្ដីសង្ឃឹម​យើង​ពី​ក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា​របស់​ព្រះ​នៅ​ចុង​បញ្ចប់ ។

គោលការណ៍​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​បងប្អូន​ដែល​ដក​ពិសោធន៍​ការស្រឡាញ់​ភេទ​ដូចគ្នា ហើយ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត និង​តែលតោល ។ ហើយ​ប្រហែល​ដោយសារ​មូលហេតុ​នេះ ទើប​បងប្អូន​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​មែន​សម្រាប់​បងប្អូន​ទៀត​ឡើយ ។ ប្រសិនបើ​ពិត​ដូច្នេះ​មែន ខ្ញុំ​ចង់​ធានា​បងប្អូន​ថា នឹង​មាន​ក្ដីសង្ឃឹម​លើ​ព្រះ ជា​ព្រះវរបិតា និង​លើ​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​លើ​ការរស់នៅ​តាម​បទបញ្ញត្តិ​ជាទី​ស្រឡាញ់​របស់​ពួកទ្រង់​ជានិច្ច ។ ក្នុង​ប្រាជ្ញា ព្រះចេស្ដា សេចក្ដី​យុត្តិធម៌ និង​ក្ដី​មេត្តា​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ព្រះអម្ចាស់​អាច​ផ្សារភ្ជាប់​យើង​ទៅនឹង​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ចូល​ទៅក្នុង​វត្តមាន​របស់​ទ្រង់ ហើយ​ទទួល​បាន​ការសង្គ្រោះ​ដ៏​អស់កល្ប បើ​យើង​មាន​ចិត្ត​ខ្ជាប់​ខ្ជួន ហើយ​មុតមាំ​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយហើយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ល្អ​ជា​និច្ច ។

ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ការទទួល​យក​ការអញ្ជើញ​ដូចគ្នា​នេះ​មាន​ន័យ​ថា ក្នុង​ចំណោម​រឿង​ផ្សេងទៀត ត្រូវ​បន្ទាបខ្លួន​បងប្អូន​ចំពោះ​ព្រះ ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ត្រឹមត្រូវ និង​ប្រែចិត្ត ហើយ​បោះបង់​អំពើបាប​បងប្អូន ។ ដំណើរការ​នេះ​ក៏​នឹង​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​ប្រយុទ្ធ​នឹង​ការញៀន​ដែល​ធ្វើឲ្យ​បងប្អូន​ចុះខ្សោយ រួមមាន​អាភៀន ថ្នាំញៀន គ្រឿងស្រវឹង និង​អាសគ្រាម​ផងដែរ ។ ការធ្វើ​តាម​ជំហាន​ទាំងនេះ​នាំ​បងប្អូន​ទៅ​កាន់​តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ដែល​អាច​រំដោះ​បងប្អូន​ពី​កំហុស ទុក្ខសោក និង​ទាសភាព​ខាង​វិញ្ញាណ និង​សាច់ឈាម​នៅ​ទីបំផុត ។ លើសពី​នេះ បងប្អូន​ក៏​អាច​ស្វែងរក​ការគាំទ្រ​ពី​គ្រួសារ និង​មិត្តភក្ដិ​បងប្អូន ព្រមទាំង​អ្នកមាន​វិជ្ជាជីវៈ​ខាង​វេជ្ជសាស្ដ្រ និង​ប្រឹក្សា​ដ៏​ល្អ​ផងដែរ ។

សូម​កុំ​ចុះចាញ់​ឡើយ ក្រោយពី​បរាជ័យ​ច្រើនដង ហើយ​កុំ​គិត​ថា​បងប្អូន​មិន​អាច​បោះបង់​អំពើបាប និង​យកឈ្នះ​លើ​ការញៀន​នោះ​បាន​ឡើយ ។ បងប្អូន​មិន​អាច​ឈប់​ព្យាយាម រួច​ហើយ​បន្ដ​ក្នុង​ភាពទន់ខ្សោយ និង​អំពើបាប​បាន​ទេ ! សូម​ខិតខំ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ជានិច្ច ដោយ​បង្ហាញ​ពី​បំណង​ដើម្បី​សម្អាត​ខាង​ក្នុង​ចិត្ត​ដូច​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​កិច្ចការ​របស់​បងប្អូន ។ ពេលខ្លះ​ដំណោះស្រាយ​ចំពោះ​បញ្ហា​មួយ​ចំនួន​កើតមាន​រាប់​ខែ​ក្រោយពី​ការខិតខំ​ដ៏​ខ្ជាប់ខ្ជួន ។ សេចក្ដី​សន្យា​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន​ថា « មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន »អនុវត្ត​បាន​ក្នុង​ករណី​ទាំងនេះ ។ សូម​ចងចាំ​ថា អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ « មិន​មាន​កាល​កំណត់​ទេ ‹ បន្ទាប់ពី › អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​នោះ ។ យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​ពីមុន អំឡុង​ពេល និង​ក្រោយ​ពេល​ដែល​យើង​ពង្រីក​ការខិតខំ​របស់​យើង​ផ្ទាល់ » ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា កាល​យើង​បន្ដ​ខំ​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​យើង នោះ​ព្រះ​នឹង​ប្រទានពរ​យើង​នូវ​អំណោយ​នៃ​សេចក្ដី​ជំនឿ​ដើម្បី​បាន​សះស្បើយ និង​នៃ​កិច្ចការ​នៃ​អព្ភូតហេតុ ។ ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន ។

លើសពី​នេះ សម្រាប់​អ្នក​មាន​អារម្មណ៍​ជូរចត់ ខឹង​សម្បារ អន់ចិត្ត ឬ​កើត​ទុក្ខ​នឹង​អ្វី​ដែល​បងប្អូន​គិត​ថា​មិន​សម​កើត​លើ​បងប្អូន​សោះ ការផ្ទុក​ឈើឆ្កាង​ខ្លួន ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ថា ការខិតខំ​ទម្លាក់​ចោល​អារម្មណ៍​ទាំងនេះ ហើយ​ងាក​ទៅ​ព្រះអម្ចាស់ ដើម្បី​ទ្រង់​អាច​រំដោះ​យើង​ពី​សភាព​នៃ​គំនិត​នេះ ហើយ​ជួយ​យើង​ឲ្យ​រកឃើញ​សេចក្ដី​សុខសាន្ដ ។ ជាអកុសល បើ​យើង​នៅ​ឱបក្រសោប​អារម្មណ៍​អវិជ្ជមាន​ទាំងនេះ យើង​អាច​ឃើញ​ថា​ខ្លួនឯង​រស់នៅ​ដោយ​គ្មាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​យើង ។ យើង​មិន​អាច​ប្រែចិត្ត​ឲ្យមនុស្ស​ដទៃ​ឡើយ ប៉ុន្ដែ​យើង​អាច​អភ័យទោស​ឲ្យ​ពួកគេ​បាន—ដោយ​បដិសេធ​មិន​ចង​កំហឹង​នឹង​អ្នក​ដែល​ធ្វើឲ្យ​យើង​រងទុក្ខ ។

ព្រះគម្ពីរ​បង្រៀន​ថា មាន​របៀប​មួយ​គេច​ពី​ស្ថានភាព​ទាំងនេះ—គឺ​ការយាង​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជួយ​យើង​ជំនួស​ដួងចិត្ត​រឹង​ដូច​ថ្ម​របស់​យើង​ដោយ​ដួងចិត្ត​ថ្មី ។ ដើម្បី​ឲ្យ​ការណ៍​នេះ​កើតឡើង យើង​ត្រូវ​មករក​ព្រះអម្ចាស់​ដោយ​ភាពទន់ខ្សោយ​របស់​យើង បន្ទាបខ្លួន​ចំពោះ​ទ្រង់ហើយ​ទូល​សូម​ជំនួយ និង​ការអភ័យទោស​ពី​ទ្រង់ជាពិសេស​អំឡុង​ពេល​ដ៏​ពិសិដ្ឋ កាល​យើង​ទទួល​ទាន​សាក្រាម៉ង់​រាល់​ថ្ងៃអាទិត្យ ។ ចូរ​យើង​ជ្រើសរើស​ដើម្បី​ស្វែងរក​ជំនួយ​ពី​ទ្រង់ ហើយបោះ​ជំហាន​ដ៏​សំខាន់ តែ​ពិបាក​នេះ តាមរយៈ​ការអភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់ ដើម្បី​ឲ្យ​ស្នាមរបួស​យើង​អាច​ចាប់ផ្ដើម​សះស្បើយ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា កាល​បងប្អូន​ធ្វើ​ដូច្នេះ យប់​របស់​បងប្អូន​នឹង​ពេញ​ដោយ​ការធូរស្រាល ដែល​កើត​ពី​គំនិត​ដ៏​សុខសាន្ដ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

ខណៈ​ជាប់​ក្នុង​គុក​លីប៊ើរធី​ឆ្នាំ ១៨៣៩ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សរសេរ​សំបុត្រ​ទៅ​សមាជិក​សាសនាចក្រ រួមមាន​ការព្យាករ ដែល​អនុវត្ត​បាន​ល្អ​នៅ​រាល់​ស្ថានភាព​ និង​កាលៈទេសៈ​ទាំងនេះ ។ លោក​បាន​សរសេរ​ថា « គ្រប់​ទាំង​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង ក្សត្រ​បុរី និង​អំណាច​ទាំង​ឡាយ នឹង​ត្រូវបាន​បើក​សម្ដែង ហើយ​ប្រទាន​មក​លើ​អស់អ្នក​ណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន ដើម្បី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ ហេតុដូច្នេះ​ហើយ អ្នក​ដែល​លើក​ដាក់​មក​ខ្លួន​គេ​នូវ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ ទុកចិត្ត​លើ​ការសន្យា និង​ការលះបង់​របស់​ទ្រង់​ដល់​ទីបញ្ចប់​នឹង​ត្រូវ​បាន​សង្គ្រោះហើយ​អាច​រស់នៅ​ជាមួយ​ព្រះ​ក្នុង​សភាព​នៃ​សុភមង្គល​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ ។

យើង​ទាំងអស់​គ្នា​ប្រឈម​នឹង​កាលៈទេសៈ​អវិជ្ជមាន​ក្នុង​ជីវិត​យើង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ តែលតោល អស់​សង្ឃឹម ហើយ​ពេលខ្លះ​ទន់ខ្សោយ​ផងដែរ ។ អារម្មណ៍​ទាំងនេះ​ខ្លះ​អាច​នាំ​ឲ្យ​យើង​សួរ​ទៅ​ព្រះអម្ចាស់​ថា « ហេតុអ្វី​ខ្ញុំ​ជួប​នឹង​ស្ថានភាព​ទាំងនេះ ? » ឬ « ហេតុអ្វី​ខ្ញុំ​មិន​អាច​សម្រេច​ការរំពឹង​ទុក​ខ្ញុំ​បាន ? ទោះ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​ក្នុង​អំណាច​ខ្ញុំ​ដើម្បី​ផ្ទុក​ឈើឆ្កាង​ខ្ញុំ ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ហើយ​នោះ ! »

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ យើង​ត្រូវ​ចាំ​ថា ការផ្ទុក​ឈើឆ្កាង​របស់​យើង​លើ​ខ្លួន​យើង​រួម​មាន ការបន្ទាប​ខ្លួន និង​ទុកចិត្ត​លើ​ព្រះ និង​លើ​ព្រះប្រាជ្ញា​ដ៏​គ្មាន​ព្រំដែន​របស់​ទ្រង់ ។ យើង​ត្រូវ​ទទួល​ស្គាល់​ថា ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ និង​ពី​តម្រូវការ​យើង ។ វា​ក៏​ចាំបាច់​ដើម្បី​ទទួល​យក​ការពិត​ថា ពេលវេលា​របស់​ព្រះអម្ចាស់​គឺ​ខុស​ពី​យើង ។ ពេលខ្លះ​យើង​ចង់​បាន​ពរជ័យ​មួយ ហើយ​កំណត់​ពេលវេលា​ឲ្យ​ព្រះអម្ចាស់​បំពេញ​វា ។ យើង​មិន​អាច​ដាក់​លក្ខខណ្ឌ​លើ​ភក្ដីភាព​យើង​ចំពោះ​ទ្រង់ ដោយ​ដាក់​ថ្ងៃកំណត់​ឲ្យ​ទ្រង់​តប​នឹង​បំណង​ប្រាថ្នា​យើង​បាន​ទេ ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ដូចជា​ពួក​សាសន៍​នីហ្វៃ​ពី​បុរាណ​ដែរ​ដែល​មិនជឿ ហើយ​បាន​ចំអក​បងប្អូន​គេ​ដោយ​និយាយ​ថា ពេលវេលា​កន្លង​ហួស​ហើយ​សម្រាប់​ការបំពេញ​តាម​ពាក្យ​ដែល​បាន​ថ្លែង​ដោយ​សាំយ៉ូអែល ជា​សាសន៍​លេមិន ដែល​ធ្វើឲ្យ​អ្នកជឿ​មាន​ការភាន់​ភាំង ។ យើង​ត្រូវ​ទុកចិត្ត​ព្រះអម្ចាស់​ល្មម​នឹង​នៅ​ស្ងៀម ហើយ​ដឹង​ថា ទ្រង់​គឺជា​ព្រះ ថា​ទ្រង់​ជ្រាប​ពី​អ្វីៗ​ទាំងអស់ ហើយ​ថា​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ។

អែលឌើរ សូរ៉េស កំពុង​ធ្វើ​ការងារ​បម្រើ​ដល់​បងស្រី​កាលឡាម៉ាស៊ី

ថ្មីៗ​នេះ ខ្ញុំ​មាន​ឱកាស​បម្រើ​បងស្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ហ្រ្វាំងកា កាឡាម៉ាស៊ី ដែល​មាន​ជំងឺ​កម្រើក​ខ្លួន​លែង​បាន ។ បងស្រី​កាឡាម៉ាស៊ី​គឺជា​សមាជិក​ដំបូង​ក្នុង​គ្រួសារ​គាត់ ដែល​ចូលរួម​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ ។ ទោះបី​ស្វាមី​គាត់​មិន​បាន​ជ្រមុជ​ទឹក​ក្ដី ក៏​គាត់​ព្រម​ជួប​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​ចូលរួម​ការប្រជុំ​សាសនាចក្រ​ញឹកញាប់​ដែរ ។ ថ្វីបើ​មាន​ស្ថានភាព​ដូច្នេះ​ក្ដី ក៏​បងស្រី​កាឡាម៉ាស៊ី បន្ដ​ស្មោះត្រង់ ហើយ​ចិញ្ចឹម​កូន​បួន​នាក់​របស់​គាត់​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ ក្រោយពី​ស្វាមី​គាត់​ស្លាប់​បាន​មួយ​ឆ្នាំ បងស្រី​កាឡាម៉ាស៊ី​យក​កូនៗ​គាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកគេ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ជា​គ្រួសារ ។ ការសន្យា​ទាក់ទង​នឹង​ពិធីបរិសុទ្ធ​ទាំងនេះ​ផ្ដល់​ក្ដីសង្ឃឹម អំណរ និង​សុភមង្គល​ដ៏​ខ្លាំង​ដល់​គាត់ ដែល​ជួយ​គាត់​ឲ្យ​ខំ​បន្ដ​ទៀត​ក្នុង​ជីវិត ។

គ្រួសារ​កាឡាម៉ាស៊ី​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ

ពេល​រោគ​សញ្ញា​ជំងឺ​នេះ​ចាប់​ចេញ​មក​ដំបូង ប៊ីស្សព​គាត់​បាន​ផ្ដល់​ពរជ័យ​ដល់​គាត់ ។ នៅពេល​នោះ គាត់​បាន​ប្រាប់​ប៊ីស្សព​គាត់​ថា គាត់​ត្រៀម​ខ្លួន​ទទួល​យក​ព្រះទ័យ​របស់​ព្រះអម្ចាស់​រួច​ហើយ ដោយ​បង្ហាញ​សេចក្ដី​ជំនឿ​គាត់​ដើម្បី​បាន​សះស្បើយ ក៏​ដូចជា​សេចក្ដី​ជំនឿ​ដើម្បី​ស៊ូទ្រាំ​នឹង​ជំងឺ​គាត់​ដល់​ទីបញ្ចប់ ។

អំឡុងពេល​ខ្ញុំ​ទៅ​លេង ខណៈ​កាន់​ដៃ​បងស្រី​កាឡាម៉ាស៊ី ហើយ​មើល​ចំ​កែវភ្នែក​គាត់ ខ្ញុំ​ឃើញ​ពន្លឺ​ទេវតា​ភាយ​ចេញ​ពី​ទឹកមុខ​គាត់—ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​គាត់​លើ​ផែនការ​របស់​ព្រះ និង​ក្ដី​សង្ឃឹម​ដ៏​ចែងចាំង​ឥតខ្ចោះ​របស់​គាត់​លើ​ក្ដី​ស្រឡាញ់ និង​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​គាត់ ។ ខ្ញុំ​មាន​អារម្មណ៍​ពី​ការប្ដេជ្ញាចិត្ត​ដ៏​មាំមួន​របស់​គាត់ ដើម្បី​ស៊ូទ្រាំ​ក្នុង​សេចក្ដី​ជំនឿ​គាត់​រហូត​ដល់​ចុង​បញ្ចប់ ដោយ​ផ្ទុក​ឈើឆ្កាង​គាត់ មិន​ថា​គាត់​ជួប​ឧបសគ្គ​អ្វី​ទេ ។ ជីវិត​របស់​បងស្រី​រូបនេះ​គឺជា​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ សាក្សី​អំពី​សេចក្ដី​ជំនឿ និង​ការលះបង់​របស់​គាត់​ចំពោះ​ទ្រង់ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​ទៅកាន់​បងប្អូន​ថា ការផ្ទុក​ឈើឆ្កាង​យើង ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​តម្រូវ​ឲ្យ​យើង​ធ្វើតាម​គំរូ​ទ្រង់ ហើយ​ខិតខំ​ក្លាយ​ដូចជា​ទ្រង់ហើយ​ប្រឈម​នឹង​ស្ថានភាព​ជីវិត​ដោយ​អំណត់ កាត់​ចិត្ត​ចោល​ចំណង់​ខាង​សាច់ឈាម ហើយ​រង់ចាំ​ព្រះអម្ចាស់ ។ គម្ពីរ​ទំនុក​តម្កើង​បាន​សរសេរ ៖

« ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ » ។

« ទ្រង់​ជា​ជំនួយ ហើយ​ជា​ខែល​របស់​យើង​ខ្ញុំ » ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ការធ្វើ​តាម​គំរូ​របស់​លោក​ចៅហ្វាយ​យើង ហើយ​រង់ចាំ​ទ្រង់ ដែល​ជា​គ្រូព្យាបាល​ដ៏​ពូកែ​ដល់​ជីវិត​យើង នោះ​វា​ផ្ដល់​ការសម្រាក​ដល់​ព្រលឹង​យើង ហើយ​សម្រាល​បន្ទុក​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​ទាំងនេះ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕