ទ្រង់អាចព្យាបាល ខ្ញុំ បាន !
ព្រះចេស្ដានៃការព្យាបាល និងការប្រោសលោះរបស់ព្រះអង្គសង្រ្គោះអនុវត្តចំពោះកំហុសឆ្គងដោយអចេតនា ការសម្រេចចិត្ដមិនល្អ បញ្ហាប្រឈម និងការសាកល្បងគ្រប់ប្រភេទទាំងអស់—ព្រមទាំងអំពើបាបរបស់យើងផងដែរ ។
មរ៉ូណៃសន្យាថា បើយើងអានព្រះគម្ពីរមរមន ហើយបន្ទាប់មកទូលសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទថាតើព្រះគម្ពីរនេះពិតឬអត់ នោះព្រះនឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។១ មនុស្សរាប់លាននាក់បានអនុវត្តតាមការសន្យានេះ ហើយបានទទួលសាក្សីដ៏ជឿជាក់អំពីការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
នៅពេលយើងអានព្រះគម្ពីរមរមន មរ៉ូណៃដាស់តឿនយើងឲ្យ « នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមក រហូតមកដល់ពេល … [ នេះ ] ហើយសូម [ ធ្វើការ ] រំពឹងគិតនៅក្នុងចិត្ត [ យើង ] ចុះ » ។២ ដំណើររឿង និងការបង្រៀនទាំងឡាយនៅក្នុងព្រះគម្ពីរមរមនរំឭកដល់យើង និងថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ និងសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ។
ឪពុកខ្ញុំបានទទួលមរណភាពនៅខែ មេសា ឆ្នាំ ២០១៣ ។ នៅពេលខ្ញុំបានត្រៀមខ្លួនឡើងនិយាយនៅពិធីបុណ្យសពរបស់គាត់ ខ្ញុំបានដឹងថា ខ្ញុំមានពរយ៉ាងខ្លាំងដែលខ្ញុំដឹង និងស្រឡាញ់បទគម្ពីរទាំងឡាយដែលគាត់ចូលចិត្ត ។ គាត់បានចែកចាយបទគម្ពីរទាំងនេះនៅក្នុងការជួបជុំគ្រួសារ ហើយគាត់បានអានវាជាមួយខ្ញុំ ពេលខ្ញុំត្រូវការដំបូន្មាន ការណែនាំ ឬត្រូវការឲ្យសេចក្ដីជំនឿរបស់ខ្ញុំកាន់តែរឹងមាំឡើង ។ ខ្ញុំបានឮគាត់ចែកចាយបទគម្ពីរទាំងនេះនៅក្នុងការឡើងនិយាយ និងកិច្ចការចាត់តាំងនានា ។ ខ្ញុំមិនត្រឹមតែស្គាល់បទគម្ពីរទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងអាចនៅចាំសំឡេងរបស់គាត់ និងអារម្មណ៍ខាងវិញ្ញាណដែលខ្ញុំមាន ពេលគាត់បានចែកចាយបទគម្ពីរទាំងនេះទៀតផង ។ តាមរយៈការចែកចាយបទគម្ពីរ និងអារម្មណ៍ទាំងនេះ ឪពុកខ្ញុំបានជួយខ្ញុំឲ្យចាក់គ្រឹះសេចក្ដីជំនឿដ៏រឹងមាំមួយទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
ឪពុកខ្ញុំស្រឡាញ់ជាពិសេសនូវដំណើររឿងនៃការយាងមកជួបប្រជាជននីហ្វៃរបស់ព្រះអង្គសង្គ្រោះ ។៣ ដំណើររឿងដ៏ពិសិដ្ឋនេះគឺអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ និងបានតម្កើងឡើង ។ ទ្រង់បានសោយពែងល្វីង ហើយបានរងទុក្ខគ្រប់យ៉ាងទាំងអស់ ដើម្បីកុំឲ្យយើងរងទុក្ខ ប្រសិនបើយើងនឹងប្រែចិត្ត ។៤ ទ្រង់បានយាងទៅពិភពវិញ្ញាណ ហើយបានរៀបចំការផ្សព្វផ្សាយដំណឹងល្អនៅទីនោះ ។៥ ទ្រង់បានក្រោកពីសេចក្ដីស្លាប់ ហើយទ្រង់បានគង់នៅជាមួយព្រះវរបិតា និងបានទទួលបទបញ្ញត្តិពីព្រះវរបិតាឲ្យចែកចាយបទគម្ពីរជាមួយពួកសាសន៍នីហ្វៃ ដែលនឹងប្រទានពរដល់មនុស្សជំនាន់ក្រោយ ។៦ ទ្រង់ត្រូវបានតម្កើងឡើង ហើយមានគ្រប់ទាំងព្រះចេស្ដា និងសមត្ថភាពដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ យើងអាចរៀនមកពីគ្រប់សេចក្ដីលម្អិតនៃការបង្រៀនរបស់ទ្រង់បាន ។
នៅក្នុង នីហ្វៃទី៣ ១១ យើងបានអានពីរបៀបដែលព្រះអង្គសង្គ្រោះបានយាងចេញពីស្ថានសួគ៌ ដើម្បីបង្រៀនពួកសាសន៍នីហ្វៃថា ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការីបានថ្លែងទីបន្ទាល់ថានឹងមកកាន់លោកិយនេះ ។ ទ្រង់បានប្រកាសថា ទ្រង់គឺជាពន្លឺនៃពិភពលោក ហើយថាទ្រង់បានថ្វាយសិរីល្អដល់ព្រះវរបិតាក្នុងការទទួលយកអំពើបាបនៃលោកិយនេះ ។ ទ្រង់បានអញ្ជើញប្រជាជនឲ្យឡើងមក ហើយដាក់ដៃរបស់គេលើចំហៀងព្រះកាយទ្រង់ ហើយស្ទាបស្នាមដែកគោលនៅលើព្រះហស្ដ និងព្រះបាទរបស់ទ្រង់ ។ ទ្រង់ចង់ឲ្យពួកគេដឹងថា ទ្រង់គឺជាព្រះនៃអ៊ីស្រាអែល ដែលត្រូវបានគេធ្វើគុត ដោយសារអំពើបាបនៃលោកិយនេះ ។ ប្រជាជនបានឆ្លើយតបដោយអំណរ ដោយបានចេញទៅមុខម្ដងម្នាក់ៗ រហូតដល់ពួកគេទាំងអស់គ្នាបានឃើញ ហើយបានដឹងថា គឺពិតជាទ្រង់មែន ដែលពួកព្យាការីបានសរសេរថា ទ្រង់នឹងយាងមក ។៧
ព្រះយេស៊ូវបានបង្រៀនពួកសាសន៍នីហ្វៃអំពីសារៈសំខាន់នៃការប្រែចិត្ត អំពីការក្លាយដូចជាកូនក្មេងតូចមួយ និងអំពីតម្រូវការដើម្បីទទួលបុណ្យជ្រមុជទឹកដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចរបស់ទ្រង់ ។ បន្ទាប់មក ទ្រង់បានបង្រៀនអំពីគោលលទ្ធិភាគច្រើន ដែលយើងកំពុងសិក្សានៅឆ្នាំនេះក្នុងព្រះគម្ពីរសញ្ញាថ្មី ។
នៅក្នុង នីហ្វៃទី៣ ១៧ យើងបានអានថា ព្រះយេស៊ូវបានមានបន្ទូលប្រាប់ប្រជាជនថា វាដល់ពេលដែលទ្រង់ត្រូវទៅរកព្រះវរបិតាហើយ និងដើម្បីបង្ហាញព្រះអង្គទ្រង់ដល់ពួកពូជអំបូរនៃសាសន៍អ៊ីស្រាអែលដែលបាត់ផងដែរ ។៨ កាលទ្រង់ទតទៅហ្វូងមនុស្ស នោះទ្រង់បានកត់សម្គាល់ឃើញថា ពួកគេកំពុងស្រក់ទឹកភ្នែក ដោយសម្លឹងមើលទៅទ្រង់ឥតដាច់ ហាក់ដូចជាពួកគេទូលសូមឲ្យទ្រង់គង់នៅយូរបន្តិចទៀត ។៩
ការឆ្លើយតបរបស់ព្រះអង្គសង្រ្គោះចំពោះពួកសាសន៍នីហ្វៃគឺប៉ះពាល់ដល់ដួងចិត្តផង និងជាការណែនាំផង ។ ទ្រង់បានមានបន្ទូលថា « មើលចុះ ចិត្តយើងពោរពេញទៅដោយសេចក្ដីអាណិតមេត្តាដល់អ្នករាល់គ្នា » ។១០
ខ្ញុំជឿថា សេចក្តីអាណិតមេត្តារបស់ទ្រង់គឺមានន័យច្រើនជាងការឆ្លើយតបនឹងទឹកភ្នែករបស់ប្រជាជន ។ វាហាក់ដូចជាថា ទ្រង់អាចទតឃើញពួកគេតាមព្រះនេត្រនៃពលិកម្មដ៏ធួនរបស់ទ្រង់អ៊ីចឹងដែរ ។ ទ្រង់បានទតឃើញរាល់ការឈឺចាប់ ការរងទុក្ខ និងការល្បួងទាំងឡាយរបស់ពួកគេ ។ ទ្រង់បានទតឃើញការឈឺថ្កាត់របស់ពួកគេ ។ ទ្រង់បានទតឃើញជំងឺរបស់ពួកគេ ហើយទ្រង់បានញាណដឹងមកពីការរងទុក្ខដ៏ឈឺចាប់របស់ទ្រង់នៅឯសួនច្បារគែតសេម៉ានី និងនៅគាល់កូថា ថាតើត្រូវជួយពួកគេបែបណាតាមជំងឺរបស់គេ ។១១
ស្រដៀងគ្នានេះដែរ នៅពេលព្រះអង្គសង្រ្គោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ទតមើលមកយើង នោះទ្រង់ទតឃើញ ហើយយល់ពីការឈឺចាប់ និងបន្ទុកនៃអំពើបាបរបស់យើង ។ ទ្រង់ទតឃើញការញៀន និងឧបសគ្គទាំងឡាយរបស់យើង ។ ទ្រង់ទតឃើញការតស៊ូ និងទុក្ខវេទនារបស់យើងគ្រប់ប្រភេទទាំងអស់—ហើយទ្រង់ពោរពេញទៅដោយសេចក្ដីអាណិតមេត្តាដល់យើង ។
ការអញ្ជើញដ៏ពេញដោយព្រះគុណរបស់ទ្រង់ទៅកាន់ពួកសាសន៍នីហ្វៃមានដូចតទៅនេះ ៖ « តើនៅក្នុងចំណោមអ្នករាល់គ្នាមានអ្នកណាឈឺទេ ? ចូរនាំអ្នកទាំងនោះមកទីនេះចុះ ។ តើមាននរណាខ្វិន ឬខ្វាក់ ឬគ ឬបាក់ដៃបាក់ជើង ឬឃ្លង់ ឬស្ពឹកស្រពន់ ឬថ្លង់ ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា ចិត្តយើងពោរពេញទៅដោយសេចក្ដីមេត្តាករុណា » ។១២
ហើយហ្វូងមនុស្សទាំងអស់ក៏ដើរឆ្ពោះទៅមុខ « និងអស់ទាំងអ្នកដែលរងទុក្ខដោយជំងឺណាក៏ដោយ ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា នៅពេលពួកគេត្រូវនាំមករកទ្រង់ » ។១៣
នៅឆ្នាំ ១៩៩០ យើងបានរស់នៅទីប្រជុំជនតូចមួយនៃទីក្រុងសេល នៅវិកតូរៀ ប្រទេសអូស្ត្រាលី ។ យើងបានរវល់យ៉ាងរីករាយជាមួយគ្រួសារ ព្រះវិហារនិងការតាំងចិត្តធ្វើការងារ ។ នៅថ្ងៃសៅរ៍នារដូវក្តៅដ៏ស្រស់ស្អាតមួយ មុនបុណ្យគ្រីស្ទម៉ាស់បន្ដិចប៉ុននោះ យើងបានសម្រេចចិត្តទៅលេងឧទ្យានមួយចំនួន និងទៅឆ្នេរសមុទ្រដែលយើងចូលចិត្ត ។ បន្ទាប់ពីដើរលេងជាគ្រួសារយ៉ាងរីករាយនៅថ្ងៃដ៏អស្ចារ្យនេះហើយ យើងបានប្រមូលសមាជិកគ្រប់គ្នាចូលឡាន ហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ពេលកំពុងបើកបរ ខ្ញុំបានដេកលក់មួយភ្លែត ហើយបានបណ្ដាលឲ្យជួបគ្រោះថ្នាក់រថយន្តបុកគ្នា ។ មួយសន្ទុះក្រោយពីដឹងខ្លួនឡើងវិញ ខ្ញុំបានសម្លឹងមើលទៅក្នុងឡាន ។ ភរិយាខ្ញុំ ម៉ាកស៊ីន បានបាក់ជើង ហើយពិបាកដកដង្ហើម ។ គាត់បានបាក់ឆ្អឹងទ្រនុងនៅត្រង់ទ្រូងរបស់គាត់ ។ កូនស្រីបីនាក់របស់យើងបានភ័យស្លុត ប៉ុន្តែសំណាងដែលពួកគេមើលទៅមិនអី ។ ខ្ញុំមានរបួសស្រាលតិចតួច ។ ប៉ុន្តែកូនប្រុសរបស់យើងដែលមានអាយុប្រាំខែមិនដឹងខ្លួនសោះ ។
ក្នុងភាពតានតឹង និងការច្របូកច្របល់នៅកន្លែងកើតហេតុនោះ កូនស្រីច្បងអាយុ ១១ ឆ្នាំរបស់យើងឈ្មោះ ខេត បាននិយាយទាំងបន្ទាន់ថា « ប៉ា ប៉ាត្រូវប្រសិទ្ធពរឲ្យ ចារ៉ុម » ។ បន្ទាប់ពីខំរើខ្លួនចេញពីឡាន កូនស្រីរបស់ខ្ញុំ និងខ្ញុំបានចេញពីឡាន ។ ម៉ាកស៊ីន មិនអាចកម្រើកបានទេ ។ ខ្ញុំលើក ចារ៉ុម ឡើងយ៉ាងប្រយ័ត្នប្រយែង ហើយដាក់គាត់លើទ្រូងខ្ញុំថ្នមៗពេលខ្ញុំផ្តេកខ្លួនលើដី ហើយបានប្រសិទ្ធពរបព្វជិតភាពដល់គាត់ ។ ទម្រាំឡានសង្គ្រោះបន្ទាន់មកដល់ ប្រហែល ៤០ នាទីក្រោយមក ចារ៉ុម បានដឹងខ្លួនវិញហើយ ។
នៅយប់នោះ ខ្ញុំបានទុកសមាជិកគ្រួសារបីនាក់នៅមន្ទីរពេទ្យ ហើយបានជិះតាក់ស៊ីទៅផ្ទះជាមួយកូនស្រីពីរនាក់របស់ខ្ញុំយ៉ាងស្ងៀមស្ងាត់ ។ ពេញមួយយប់ដ៏សែននឿយហត់នោះ ខ្ញុំបានទូលអង្វរដល់ព្រះវរបិតាសួគ៌សូមឲ្យគ្រួសារខ្ញុំ និងអ្នកដែលរងរបួសនៅក្នុងរថយន្តផ្សេងទៀតបានជាសះស្បើយ ។ ការអធិស្ឋានរបស់ខ្ញុំ និងការអធិស្ឋានយ៉ាងក្លៀវក្លារបស់អ្នកដទៃជាច្រើនទៀតទទួលបានចម្លើយពេញដោយសេចក្ដីមេត្តាករុណា ។ ទាំងអស់គ្នាបានជាសះស្បើយមួយរយៈពេលក្រោយមក ដោយពរជ័យដ៏អស្ចារ្យ និងដោយសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ ។
ប៉ុន្តែខ្ញុំបានបន្តមានអារម្មណ៍ថាមានកំហុស និងការសោកស្តាយយ៉ាងខ្លាំង ដែលបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដ៏អាក្រក់បែបនេះកើតឡើង ។ ខ្ញុំភ្ញាក់ពីដំណេកនៅពេលយប់ ហើយនឹកឃើញពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នេះឡើងវិញស្រស់ៗ ។ ខ្ញុំបានតស៊ូអស់ជាច្រើនឆ្នាំដើម្បីអភ័យទោសខ្លួនឯង និងស្វែងរកភាពសុខសាន្ត ។ បន្ទាប់ ក្នុងនាមជាអ្នកដឹកនាំបព្វជិតភាព ខណៈពេលជួយអ្នកដទៃឲ្យប្រែចិត្ត និងជួយឲ្យពួកគេទទួលអារម្មណ៍នៃសេចក្ដីអាណិតអាសូរ សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ នោះខ្ញុំបានដឹងថា ទ្រង់អាចប្រោសខ្ញុំបាន ។
ព្រះចេស្ដានៃការព្យាបាល និងការប្រោសលោះរបស់ព្រះអង្គសង្រ្គោះអនុវត្តចំពោះកំហុសឆ្គងដោយអចេតនា ការសម្រេចចិត្ដមិនល្អ បញ្ហាប្រឈម និងការសាកល្បងគ្រប់ប្រភេទទាំងអស់—ព្រមទាំងអំពើបាបរបស់យើងផងដែរ ។ ពេលខ្ញុំងាកទៅរកទ្រង់ នោះអារម្មណ៍មានកំហុស និងការសោកស្តាយរបស់ខ្ញុំត្រូវបានជំនួសបន្តិចម្តងៗដោយសេចក្ដីសុខសាន្ដ និងការធូរស្បើយចិត្ត ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ពេលព្រះអង្គសង្គ្រោះធ្វើដង្វាយធួនសម្រាប់មនុស្សទាំងអស់ នោះទ្រង់បានបើកផ្លូវឲ្យអ្នកដែលធ្វើតាមទ្រង់ ទទួលបាននូវព្រះចេស្ដានៃការព្យាបាល ការពង្រឹង និងការប្រោសលោះរបស់ទ្រង់ ។ អភ័យឯកសិទ្ធិខាងវិញ្ញាណទាំងនេះនឹងកើតមានដល់អ្នកទាំងអស់ណា ដែលព្យាយាមស្ដាប់ និងធ្វើតាមទ្រង់ » ។១៤
បងប្អូនប្រុសស្រី មិនថាបងប្អូនកំពុងរែកបន្ទុកនៃអំពើបាបដែលមិនទាន់បានដោះស្រាយ កំពុងរងទុក្ខដោយសារកំហុសដែលគេធ្វើដាក់លើបងប្អូនជាយូរមកហើយ ឬក៏ពិបាកអភ័យទោសឲ្យខ្លួនឯងដោយសារកំហុសដោយអចេតនានោះទេ បងប្អូនមានសិទ្ធិទទួលបាននូវព្រះចេស្ដានៃការព្យាបាល និងការប្រោសលោះរបស់ព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់នៅ ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើង ។ ទ្រង់ស្រឡាញ់យើង ។ ទ្រង់មានព្រះទ័យអាណិតអាសូរដល់យើង ហើយទ្រង់ពោរពេញដោយសេចក្ដីមេត្តាករុណា ហើយទ្រង់អាចព្យាបាលបងប្អូនបាន ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕