រួមមកតែមួយនៅក្នុងព្រះគ្រីស្ទ
មានតែនៅក្នុង និងតាមរយៈភាពស្មោះត្រង់របស់យើងម្នាក់ៗចំពោះនិងសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទប៉ុណ្ណោះ ទើបយើងអាចមានសង្ឃឹមថា រួមមកតែមួយបាន ។
ដូចដែលប្រធាន ដាល្លិនបានកត់ចំណាំថ្ងៃនេះថាគឺជាថ្ងៃអាទិត្យធាងចាក ជាការចាប់ផ្តើមនៃសប្តាហ៍ដ៏បរិសុទ្ធ ដើម្បីគូសចំណាំពីការយាងចូលទៅក្នុងក្រុងយេរូសាឡិមរបស់ព្រះអម្ចាស់ដោយជោគជ័យ ការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារ គែតសេម៉ានី និងការសុគតនៅលើឈើឆ្កាងមិនបានប៉ុន្មានថ្ងៃក្រោយមក និងការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។ ចូរយើងកុំភ្លេចនូវអ្វីដែលព្រះគ្រីស្ទបានស៊ូទ្រាំ ដើម្បីប្រោសលោះយើង ។១ ហើយចូរយើងកុំបោះបង់អំណរដ៏លើសលប់ ដែលយើងនឹងមានជាថ្មីនៅថ្ងៃបុណ្យអ៊ីស្ទើរឡើយ នៅពេលយើងពិចារណាអំពីជ័យជម្នះលើផ្នូរ និងអំណោយនៃការរស់ឡើងវិញជាសកលរបស់ទ្រង់ ។
នាល្ងាចមុនពេលការសាកល្បង និងការឆ្កាងដែលនៅចាំទ្រង់ នោះព្រះយេស៊ូវបានចូលទៅសោយអាហារនៅបុណ្យរំលង ជាមួយពួកសាវករបស់ទ្រង់ ។ នៅទីបញ្ចប់នៃយប់អាហារចុងក្រោយ នៅក្នុងការអធិស្ឋានដ៏ពិសិដ្ឋរបស់ទ្រង់ទូលសូមទោសជំនួសឲ្យយើង នោះព្រះយេស៊ូវបានទូលអង្វរទៅកាន់ព្រះវរបិតានូវបន្ទូលទាំងនេះថា ៖ « ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ [ ពួកសាវករបស់ទូលបង្គំ ] នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងដែរ » ។២
បន្ទាប់មក ព្រះអង្គសង្គ្រោះបានបន្ថែមការទូលអង្វរដ៏ទន់ភ្លន់រួមបញ្ចូលអ្នកជឿទាំងអស់ ៖
« ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ។
ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង » ។៣
ការរួមគ្នាតែមួយគឺជាប្រធានបទដដែលៗនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងនៅក្នុងទំនាក់ទំនងរបស់ព្រះជាមួយបុត្រាបុត្រីទ្រង់ ។ ទាក់ទងនឹងទីក្រុងស៊ីយ៉ូននៅជំនាន់របស់ហេណុក គេនិយាយថា « ពួកគេមានចិត្តតែមួយ និងគំនិតតែមួយ » ។៤ ចំណោមពួកបរិសុទ្ធជំនាន់ដើម នៅក្នុងសាសនាចក្រគ្រាដំបូងរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរសញ្ញាថ្មីកត់ត្រាថា « ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្ត មានគំនិតតែមួយ » ។៥
នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើងផ្ទាល់ ព្រះអម្ចាស់បានដាស់តឿនថា « យើងមានបន្ទូលមកកាន់អ្នកថា ចូររួមគ្នាតែមួយ ហើយបើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ » ។៦ ក្នុងចំណោមហេតុផលដែលព្រះអម្ចាស់បានប្រទានឲ្យ ថាហេតុអ្វីពួកបរិសុទ្ធជំនាន់ដើមនៅរដ្ឋមិសសួរី បានបរាជ័យក្នុងការស្ថាបនាកន្លែងស៊ីយ៉ូនគឺថា ពួកគេ « មិនបានសាមគ្គីគ្នាតាមការរួបរួមគ្នា ដែលតម្រូវដោយក្រឹត្យវិន័យនៃនគរសេឡេស្ទាលឡើយ » ។៧
នៅទីណាដែលព្រះឈ្នះលើចិត្ត និងគំនិតទាំងអស់ នោះមនុស្សត្រូវបានពិពណ៌នាថា « ជារូបមួយ គឺជាកូនចៅនៃព្រះគ្រីស្ទ » ។៨
ក្នុងព្រះគម្ពីរមរមន ពេលព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ បានបង្ហាញព្រះកាយដល់ប្រជាជនពីបុរាណ នោះទ្រង់បានសម្គាល់ឃើញពីការមិនយល់ស្របគ្នា ដែលពីមុនមានការប្រកែកគ្នា ក្នុងចំណោមប្រជាជនអំពីពិធីបុណ្យជ្រមុជទឹក និងបញ្ហាផ្សេងៗទៀត ។ ទ្រង់បានត្រាស់បង្គាប់ថា ៖
« មិនត្រូវមានការប្រកែកគ្នានៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលធ្លាប់មានពីមុនមកឡើយ ហើយក៏មិនត្រូវមានការប្រកែកគ្នានៅក្នុងចំណោមអ្នករាល់គ្នាអំពីចំណុចទាំងឡាយ នៃគោលលទ្ធិរបស់យើង ដូចដែលធ្លាប់មានពី មុនមកដែរ ។
ដ្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា » ។៩
នៅក្នុងពិភពលោកយើងដែលមានការទាស់ទែងគ្នាដ៏ខ្លាំងក្លានេះ តើអាចមានសាមគ្គីភាពបានដោយរបៀបណា ជាពិសេសនៅក្នុងសាសនាចក្រ ដែលយើងត្រូវតែ « មានព្រះអម្ចាស់តែមួយ សេចក្តីជំនឿតែមួយ បុណ្យជ្រមុជតែមួយនោះ ? »១០ ប៉ុលផ្តល់ចំណុចគន្លឹះនេះឲ្យយើង ៖
« ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ ។
គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយនៅក្នុងព្រះគ្រីស្ទ » ។១១
ពួកយើងចម្រុះគ្នាច្រើន ហើយជួនកាលយើងមិនចុះសម្រុងគ្នា ពុំអាចមករួមគ្នាតែមួយតាមមូលដ្ឋានគ្រឹះផ្សេង ឬនៅក្រោមឈ្មោះផ្សេងនោះទេ ។ មានតែនៅក្នុងព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងពិតជាអាចរួមមកតែមួយបាន ។
ការរួមមកតែមួយនៅក្នុងព្រះគ្រីស្ទកើតឡើងម្តងម្នាក់ៗ—ពោលគឺយើងម្នាក់ៗចាប់ផ្ដើមពីខ្លួនឯង ។ យើងជាមនុស្សដែលមាន ទាំងសាច់ឈាម និងវិញ្ញាណ ហើយពេលខ្លះយើងមានជម្លោះក្នុងខ្លួនឯង ។ ដូចដែលប៉ុលបានបង្ហាញថា ៖
« ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ ។
តែខ្ញុំឃើញមានអំណាចមួយទៀត [ ក្នុង ] អស់ទាំង [ អវយវៈរបស់រូបកាយខ្ញុំ ] ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង » ។១២
ព្រះយេស៊ូវក៏ជាព្រះមួយអង្គដែលមានព្រះកាយ និងវិញ្ញាណផងដែរ ។ ទ្រង់ត្រូវបានសាកល្បង ទ្រង់យល់ ទ្រង់អាចជួយយើងឲ្យទទួលបានសាមគ្គីភាពនៅក្នុងខ្លួនយើង ។១៣ ហេតុដូច្នេះហើយ យើងព្យាយាមផ្ដល់ឲ្យវិញ្ញាណយើង—និងព្រះវិញ្ញាណបរិសុទ្ធ—មានអំណាចលើរូបកាយ ដោយការប្រើពន្លឺ និងព្រះគុណនៃព្រះគ្រីស្ទ ។ ហើយពេលយើងធ្វើខុស នោះព្រះគ្រីស្ទបានប្រទានអំណោយទាននៃការប្រែចិត្ត និងឱកាសដល់យើង ដើម្បីព្យាយាមម្តងទៀត តាមរយៈដង្វាយធួនរបស់ទ្រង់ ។
បើយើងម្នាក់ៗ « ប្រដាប់កាយដោយព្រះគ្រីស្ទ » នោះយើងអាចមានសង្ឃឹមមករួមគ្នាតែមួយ ដូចប៉ុលបានថ្លែងថា ជា « រូបកាយនៃព្រះគ្រីស្ទ » ។១៤ ប្រាកដណាស់ ដើម្បី « ប្រដាប់កាយដោយព្រះគ្រីស្ទ » រួមទាំងធ្វើឲ្យ « បញ្ញត្តិយ៉ាងសំខាន់ទីមួយ »១៥ របស់ទ្រង់ ក្លាយជាការតាំងចិត្តយ៉ាងសំខាន់ទីមួយរបស់យើង ហើយបើយើងស្រឡាញ់ព្រះ នោះយើងនឹងកាន់តាមបញ្ញត្តិរបស់ទ្រង់ ។១៦
សាមគ្គីភាពជាមួយបងប្អូនប្រុសស្រីយើងនៅក្នុងរូបកាយនៃព្រះគ្រីស្ទរីកចម្រើនឡើង នៅពេលយើងស្តាប់បង្គាប់តាមបទបញ្ញត្តិទីពីរ—ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងបញ្ញត្តិទីមួយ—គឺស្រឡាញ់អ្នកដទៃដូចខ្លួនយើងដែរ ។១៧ ហើយខ្ញុំគិតថា យើងនឹងទទួលបានសាមគ្គីភាពមួយដែលកាន់តែល្អឥតខ្ចោះ បើយើងធ្វើតាមការបង្ហាញដ៏ខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធរបស់ព្រះអង្គសង្គ្រោះស្តីពីបញ្ញត្តិទីពីរ—គឺឲ្យស្រឡាញ់គ្នា មិនត្រឹមតែដូចយើងស្រឡាញ់ខ្លួនឯងប៉ុណ្ណោះទេ តែដូច ទ្រង់ ស្រឡាញ់យើងផងដែរ ។១៨ សរុបមកគឺថា « មនុស្សគ្រប់រូបស្វែងរកចំណូលចិត្តនៃអ្នកជិតខាងរបស់ខ្លួន ហើយប្រព្រឹត្តនូវគ្រប់ការណ៍ទាំងអស់ ដោយមានភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អនៃព្រះ » ។១៩
ប្រធាន ម៉ារ៉ុន ជី រ៉ុមនី អតីតទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ ពន្យល់ពីរបៀបទទួលបានភាពសុខសាន្ត និងសាមគ្គីភាពយូរអង្វែងថា ៖
« បើមនុស្សម្នាក់មានពេញទៅដោយកិច្ចការខាងសាច់ឈាម ដោយចុះញ៉មនឹងសាតាំង នោះគាត់មានជម្លោះនៅក្នុងខ្លួនគាត់ហើយ ។ បើមនុស្សពីរនាក់ចុះញ៉មនឹងសាតាំង នោះពួកគេមានជម្លោះនៅក្នុងខ្លួនពួកគេ ហើយឈ្លោះទាស់ទែងគ្នា ។ បើមនុស្សច្រើននាក់ចុះញ៉មនឹងសាតាំង សង្គមនោះ [ ច្រូតកាត់ ] ផលនៃការកៀបសង្កត់ និងការទាស់ទែងគ្នាយ៉ាងខ្លាំង ។ បើអ្នកគ្រប់គ្រងប្រទេសមួយចុះញ៉មនឹងសាតាំង នោះនឹងមានការទាស់ទែងគ្នាទូទាំងពិភពលោក » ។
ប្រធាន រ៉ុមនីបានបន្តទៀតថា « កាលដែលកិច្ចការខាងសាច់ឈាមមានការអនុវត្តជាសាកល នោះដំណឹងល្អនៃភាពសុខសាន្តក៏ដូច្នោះដែរ ។ បើមនុស្សម្នាក់រស់នៅតាមដំណឹងល្អ នោះគាត់មានភាពសុខសាន្តនៅក្នុងខ្លួនគាត់ ។ បើមនុស្សពីរនាក់រស់នៅតាមដំណឹងល្អ នោះពួកគេម្នាក់ៗមានភាពសុខសាន្តនៅក្នុងខ្លួន និងជាមួយគ្នា ។ បើពលរដ្ឋរស់នៅតាមដំណឹងល្អ នោះប្រទេសជាតិនឹងមានភាពសុខសាន្តក្នុងស្រុក ។ ពេលមានជាតិសាសន៍គ្រប់គ្រាន់ដែលរីករាយនឹងផលផ្លែនៃព្រះវិញ្ញាណ ដើម្បីគ្រប់គ្រងការងារខាងលោកិយ នោះ ហើយមានតែពេលនោះប៉ុណ្ណោះ ដែលបំណងទៅធ្វើសង្គ្រាមត្រូវបញ្ចប់ ។ … ( សូមមើល Alfred Lord Tennyson, “Locksley Hall,” The Complete Poetical Works of Tennysonបានកែសម្រួល ។ W. J. Rolfe, Boston, Houghton–Mifflin Co. ឆ្នាំ ១៨៩៨ ទំព័រ ៩៣ ជួរទី ២៧–២៨ ) » ។២០
នៅពេលយើង « ប្រដាប់កាយដោយព្រះគ្រីស្ទ » នោះនឹងមានដំណោះស្រាយ ឬគ្មានភាពខុសគ្នា ការខ្វែងគំនិតគ្នា និងជម្លោះឡើយ ។ គំរូដ៏អស្ចារ្យមួយនៃការយកឈ្នះលើការបែកបាក់គ្នា គឺមាននៅក្នុងប្រវត្តិសាស្ត្រសាសនាចក្ររបស់យើង ។ អែលឌើរ ព្រិកហាំ ហេនរី រ៉ូប៊ើត ( ដែលគេស្គាល់ជាទូទៅថា ប៊ី អេច រ៉ូប៊ើត ) បានកើតនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៨៥៧ បានបម្រើជាសមាជិកនៃក្រុមប្រឹក្សាទីមួយក្នុងពួកចិតសិបនាក់—ដែលសព្វថ្ងៃនេះយើងហៅថា គណៈប្រធាននៃពួកចិតសិបនាក់ ។ ក្នុងគ្រាមានការលំបាកបំផុតមួយចំនួន អែលឌើរ រ៉ូប៊ើត គឺជាអ្នកការពារដំណឹងល្អដែលបានស្តារឡើងវិញ និងសាសនាចក្រ ប្រកបដោយសមត្ថភាព និងមិនចេះនឿយហត់ ។
ទោះជាយ៉ាងណា នៅឆ្នាំ ១៨៩៥ ការបម្រើរបស់អែលឌើរ រ៉ូប៊ើត នៅក្នុងសាសនាចក្រ ត្រូវបានរងការឈ្លោះទាស់ទែងគ្នា ។ ប៊ី អេច បានធ្វើជាប្រតិភូក្នុងមហាសន្និបាត ដើម្បីធ្វើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញសម្រាប់រដ្ឋយូថាហ៍ កាលយូថាហ៍ក្លាយជារដ្ឋ ។ ក្រោយមក លោកបានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនសម្រាប់សភាសហរដ្ឋអាមេរិក ប៉ុន្តែមិនបានជូនដំណឹង ឬសូមការអនុញ្ញាតពីគណៈប្រធានទីមួយនោះទេ ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ បានរិះគន់ ប៊ី អេច ខ្លាំងៗចំពោះកំហុសនោះនៅក្នុងការប្រជុំបព្វជិតភាពទូទៅ ។ អែលឌើរ រ៉ូប៊ើត បានចាញ់ការបោះឆ្នោត ហើយមានអារម្មណ៍ថា ផ្នែកមួយដ៏ធំនៃបរាជ័យរបស់លោក គឺដោយសារតែសេចក្តីថ្លែងការណ៍របស់ប្រធានស្ម៊ីធ ។ លោកបានតិះដៀលថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងសុន្ទរកថា និងការសម្ភាសន៍ផ្នែកនយោបាយមួយចំនួន ។ លោកបានដកខ្លួនពីការបម្រើសកម្មក្នុងសាសនាចក្រ ។ នៅក្នុងការប្រជុំដ៏យូរមួយ ជាមួយសមាជិកនៃគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកដប់ពីនាក់នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក នោះអែលឌើរ ប៊ី អេច នៅតែចចេសរឹងរូសប្រកែកថាលោកធ្វើត្រូវ ។ ក្រោយមក « ប្រធាន [ វិលហ្វួឌ ] វូឌដ្រុព្វ បានឲ្យពេលបីសប្តាហ៍ដល់ [ អែលឌើរ រ៉ូប៊ើត ] ដើម្បីពិចារណាឡើងវិញអំពីគោលជំហររបស់លោក ។ បើលោកនៅតែបន្តមិនប្រែចិត្ត នោះពួកលោកនឹងដោះលែងអែលឌើរ រ៉ូប៊ើត ពីពួកចិតសិបនាក់ » ។២១
នៅក្នុងការប្រជុំសម្ងាត់បន្ដបន្ទាប់ជាមួយសាវក ហ៊ើប៊ើរ ជេ ក្រាន់ និង ហ្វ្រាន់ស៊ី ឡាយមែន នោះ អែលឌើរ ប៊ី អេច មិនយល់ព្រមទេពីដំបូង ប៉ុន្តែនៅទីបំផុតសេចក្តីស្រឡាញ់ និងព្រះវិញ្ញាណបរិសុទ្ធបានយកឈ្នះលើលោក ។ លោកបានយំ ។ សាវកទាំងពីររូបអាចឆ្លើយតបទៅនឹងសេចក្តីឆ្គាំងឆ្គង និងកំហុសជាក់លាក់ដែលពួកលោកបានមើលដឹង ដែលវារំខានដល់អែលឌើរ ប៊ី អេច ហើយពួកលោកបានអង្វរដ៏ស្មោះពីចិត្ត សូមឲ្យមានការផ្សះផ្សាគ្នា ។ នៅព្រឹកបន្ទាប់ ក្រោយពីការអធិស្ឋានយ៉ាងយូរ នោះអែលឌើរ រ៉ូប៊ើត បានផ្ញើសំបុត្រមួយទៅកាន់អែលឌើរ ហ្គ្រាន និង អែលឌើរ ឡាយមែន ថាលោកបានត្រៀមខ្លួនត្រឡប់មករួបរួមនឹងបងប្អូនប្រុសរបស់លោកវិញហើយ ។២២
ក្រោយមក ពេលលោកបានជួបនឹងគណៈប្រធានទីមួយ អែលឌើរ រ៉ូប៊ើត បានថ្លែងថា ៖ « ខ្ញុំបានចូលទៅកាន់ព្រះអម្ចាស់ ហើយបានទទួលពន្លឺ និងការណែនាំ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីចុះចូលនឹងសិទ្ធិអំណាចរបស់ព្រះ » ។២៣ ដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជំរុញចិត្តរបស់លោក នោះអែលឌើរ ប៊ី អេច រ៉ូប៊ឺត បានបន្តធ្វើជាអ្នកដឹកនាំសាសនាចក្រដ៏ស្មោះត្រង់ និងមានសមត្ថភាព រហូតដល់ចុងបញ្ចប់នៃជីវិតលោក ។២៤
នៅក្នុងឧទាហរណ៍នេះយើងក៏អាចឃើញផងដែរថា សាមគ្គីភាពពុំមានន័យថា គ្រាន់តែជាការយល់ស្របយ៉ាងសាមញ្ញថា មនុស្សគ្រប់គ្នាគួរតែធ្វើកិច្ចការផ្ទាល់ខ្លួន ឬធ្វើកិច្ចការតាមរបៀបដែលគាត់ចង់ធ្វើនោះទេ ។ យើងមិនអាចមករួមតែមួយឡើយ លុះត្រាតែយើងគ្រប់គ្នាបត់បែនការខិតខំយើងទៅក្នុងបុព្វហេតុរួម ។ តាមប្រសាសន៍អែលឌើរ ប៊ី អេច រ៉ូប៊ើត វាមានន័យថា ជាការចុះចូលទៅនឹងសិទ្ធិអំណាចរបស់ព្រះ ។ យើងជាអវៈយវៈផ្សេងៗនៃរូបកាយរបស់ព្រះគ្រីស្ទ ដែលបំពេញមុខងារផ្សេងៗគ្នាទៅតាមពេលវេលាខុសៗគ្នា—គឺត្រចៀក ភ្នែក ក្បាល ដៃ ជើង—តែទាំងអស់ជារូបកាយតែមួយទេ ។២៥ ហេតុដូច្នេះហើយ គោលបំណងរបស់យើងគឺ « មិនឲ្យមានសេចក្តីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក » ។២៦
សាមគ្គីភាពមិនតម្រូវឲ្យមានភាពដូចគ្នានោះទេ ប៉ុន្តែវាតម្រូវឲ្យមានភាពចុះសម្រុងនឹងគ្នា ។ យើងអាចមានចិត្តចងក្រងរួមគ្នាក្នុងសេចក្ដីស្រឡាញ់រួបរួមតែមួយ ក្នុង សេចក្តីជំនឿ និងគោលលទ្ធិ នៅតែអបអរដល់ក្រុមផ្សេងៗដែល មិនយល់ស្របលើបញ្ហានយោបាយផ្សេងៗ ការពិភាក្សាអំពីគោលដៅ និងវិធីត្រឹមត្រូវដើម្បីសម្រេចវា និងរឿងបែបនេះជាច្រើនទៀត។ ។ ប៉ុន្តែយើងមិនអាចខ្វែងគំនិត ឬឈ្លោះគ្នាដោយកំហឹង ឬមើលងាយគ្នាទៅវិញទៅមកនោះទេ ។ ព្រះអង្គសង្គ្រោះមានបន្ទូល ៖
« ដ្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញដែលជាបិតានៃការទាស់ទែងគ្នា ហើយវាចាក់រុកចិត្តមនុស្ស ឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក ។
មើលចុះ នេះពុំមែនជាគោលលទ្ធិរបស់យើងទេ ដែលចាក់រុកចិត្តមនុស្សឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក ប៉ុន្ដែគោលលទ្ធិរបស់យើង គឺត្រូវលះបង់ការណ៍ទាំងនោះចោលវិញ » ។២៧
កាលពីមួយឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បានអង្វរយើងនៅក្នុងពាក្យទាំងនេះថា « គ្មានពួកយើងណាម្នាក់អាចគ្រប់គ្រងលើជាតិសាសន៍ ឬសកម្មភាពរបស់អ្នកដទៃបានទេ សូម្បីតែសមាជិកក្រុមគ្រួសារយើងផ្ទាល់ ។ ប៉ុន្តែយើងអាចគ្រប់គ្រងខ្លួនឯងបាន ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមអំពាវនាវនៅថ្ងៃនេះថា សូមបញ្ចប់ជម្លោះដែលដុតរោលនៅក្នុងដួងចិត្ត របស់បងប្អូនគេហដ្ឋាន របស់បងប្អូននិងជីវិត របស់បងប្អូន សូមកប់ចោលទំនោរចិត្តណាមួយ និងទំនោរចិត្តទាំងអស់ណាដែលធ្វើឲ្យអ្នកដទៃឈឺចាប់—មិនថាជាកំហឹង ការនិយាយអាក្រក់ ឬការថ្នាំងថ្នាក់ ចំពោះអ្នកដែលធ្វើឲ្យបងប្អូនឈឺចាប់នោះទេ ។ ព្រះអង្គសង្គ្រោះត្រាស់បង្គាប់យើងឲ្យបែរទៅថ្ពាល់ម្ខាងទៀត [ សូមមើល នីហ្វៃទី៣ ១២:៣៩ ] ឲ្យស្រឡាញ់ពួកខ្មាំងសត្រូវ និងអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់យើងវិញ [ សូមមើល នីហ្វៃទី៣ ១២:៤៤ ] » ។២៨
ខ្ញុំសូមនិយាយជាថ្មីថា មានតែនៅក្នុង និងតាមរយៈសេចក្ដីទៀងត្រង់របស់យើងម្នាក់ៗចំពោះនិងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចសង្ឃឹមថា រួបរួមតែមួយ—គឺមករួមតែមួយក្នុងខ្លួនយើង នៅក្នុងផ្ទះ នៅក្នុងសាសនាចក្រ ទីបំផុតមករួមតែមួយនៅក្នុងក្រុងស៊ីយ៉ូន ហើយលើសពីនោះ រួមមកតែមួយជាមួយព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំសូមត្រឡប់ទៅព្រឹត្តិការណ៍នៃសប្តាហ៍ដ៏បរិសុទ្ធ និងជោគជ័យដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះប្រោសលោះរបស់យើងវិញ ។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើជាសាក្សី អំពីភាពជាព្រះរបស់ទ្រង់ ហើយថា ទ្រង់បានយកឈ្នះលើអ្វីៗទាំងអស់ ។ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ធ្វើជាសាក្សីថា យើងនៅជាប់នឹងទ្រង់ដោយសេចក្ដីសញ្ញា យើងក៏អាចយកឈ្នះលើអ្វីៗទាំងអស់ ហើយរួមមកតែមួយផងដែរ ។ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ធ្វើជាសាក្សីថា តាមរយៈទ្រង់ នោះជីវិតអមតៈ និងជីវិតដ៏អស់កល្បជានិច្ច គឺជាការពិត ។
ព្រឹកនេះ ខ្ញុំសូមធ្វើជាសាក្សីអំពីការមានព្រះជន្មរស់ឡើងវិញដ៏ពិតរបស់ទ្រង់ និងអ្វីៗទាំងអស់នៅក្នុងនោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕