ព្រះយេស៊ូវគ្រីស្ទជាសេចក្ដីសង្គ្រោះ
យើងអាចធ្វើជាដៃគូជាមួយព្រះអង្គសង្គ្រោះដើម្បីជួយផ្ដល់នូវការសង្រ្គោះខាងសាច់ឈាម និងខាងវិញ្ញាណដល់អ្នកដែលត្រូវការ—ហើយនៅក្នុងដំណើរការនៃការស្វែងរកសេចក្តីសង្គ្រោះផ្ទាល់ខ្លួនរបស់យើង ។
ដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមលើអ្វីដែលពួកគេបានឮអំពីអព្ភូតហេតុរបស់ទ្រង់ អ្នកមើលថែបុរសពិការម្នាក់បាននាំគាត់ទៅរកព្រះយេស៊ូវ ។ ពួកគេបានរកឃើញវិធីថ្មីក្នុងការនាំគាត់ទៅទីនោះ—ដោយទម្លុះដំបូល ហើយសម្រូតគ្រែបុរសនោះចុះ ទៅកន្លែងដែលព្រះយេស៊ូវកំពុងបង្រៀន ។ ពេលព្រះយេស៊ូវ « លុះទ្រង់បានឃើញសេចក្តីជំនឿរបស់គេដូច្នោះក៏មានបន្ទូល [ ទៅកាន់បុរសពិការនោះថា ]បាបអ្នកបានអត់ទោសឲ្យអ្នកហើយ » ។១ ហើយបន្ទាប់មក « ក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ » ។២ ហើយរំពេចនោះបុរសពិការនោះបានក្រោកឡើង ហើយសែងគ្រែរបស់គាត់ទៅផ្ទះវិញ « ទាំងសរសើរតម្កើងដល់ព្រះ » ។៣
តើយើងដឹងអ្វីបន្ថែមទៀតអំពីមិត្តភក្តិ ដែលបានមើលថែបុរសពិការនោះដែរឬទេ ? យើងដឹងថាព្រះអង្គសង្រ្គោះទ្រង់ជ្រាបអំពីសេចក្តីជំនឿរបស់ពួកគេ ។ ហើយដោយបានឃើញ និងឮព្រះអង្គសង្គ្រោះ ហើយធ្វើជាសាក្សីចំពោះអព្ភូតហេតុរបស់ទ្រង់នោះគេបាន « ភ័យខ្លាច » និង« សរសើរតម្កើងព្រះ » ។៤
ព្រះយេស៊ូវគ្រីស្ទបានផ្ដល់ក្ដីសង្ឃឹមសម្រាប់ការព្យាបាល—សេចក្តីសង្គ្រោះខាងរាងកាយពីការឈឺចាប់ និងផលវិបាកដ៏អាក្រក់នៃជំងឺរ៉ាំរ៉ៃ ។ គួរឲ្យកត់សម្គាល់ថាព្រះអង្គសង្រ្គោះក៏បានផ្ដល់នូវសេចក្តីសង្គ្រោះខាងវិញ្ញាណ ក្នុងការសម្អាតមនុស្សពីអំពើបាប ។
ហើយមិត្តភក្តិ—នៅក្នុងការខិតខំរបស់ពួកគេក្នុងការមើលថែទាំអ្នកដែលខ្វះខាត ពួកគេបានរកឃើញប្រភពនៃការសង្គ្រោះ ហើយពួកគេបានរកឃើញព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគ្រីស្ទ ជា សេចក្ដីសង្គ្រោះ ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចនឹងបានរំដោះពីបន្ទុក និងផលវិបាកនៃអំពើបាប ហើយបានសង្គ្រោះពីភាពទន់ខ្សោយរបស់យើង ។
ហើយដោយសារយើងស្រឡាញ់ព្រះ និងបានចុះសេចក្តីសញ្ញាដើម្បីបម្រើទ្រង់ នោះយើងអាចធ្វើជាដៃគូជាមួយព្រះអង្គសង្គ្រោះដើម្បីជួយផ្ដល់នូវការសង្រ្គោះខាងសាច់ឈាម និងខាងវិញ្ញាណដល់អ្នកដែលត្រូវការ—ហើយនៅក្នុងដំណើរការនៃការស្វែងរកការសង្គ្រោះផ្ទាល់ខ្លួនរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។៥
ព្យាការីជាទីស្រឡាញ់របស់យើងប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យយកឈ្នះលោកិយ ហើយបានសេចក្តីសម្រាក ។៦ លោកបានកំណត់ « សេចក្តីសម្រាក ពិតប្រាកដ » ជា« ការធូរស្បើយ និងភាពសុខសាន្ត » ។ ប្រធានណិលសុន បានមានប្រសាសន៏ថា « ដោយសារព្រះអង្គសង្គ្រោះបានប្រោសលោះពួកយើងម្នាក់ៗពីភាពទន់ខ្សោយ កំហុស និងអំពើបាប ហើយដោយសារទ្រង់បានដកពិសោធការឈឺចាប់ ការបារម្ភ និងបន្ទុកដែលបងប្អូនធ្លាប់មាន ពេលបងប្អូនប្រែចិត្តដ៏ពិត ហើយស្វែងរកជំនួយពីទ្រង់ តាមរយៈដង្វាយធួនដ៏និរន្តររបស់ទ្រង់ នោះបងប្អូនអាចយកឈ្នះលើពិភពលោកដ៏គ្រោះថ្នាក់បច្ចុប្បន្ននេះបាន ។៧ នេះជាសេចក្ដីសង្គ្រោះដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យយើង !
យើងម្នាក់ៗប្រៀបដូចជាកំពុងស្ពាយកាបូបមួយ ។ វាប្រហែលជាកញ្ច្រែងដែលមានលំនឹងនៅលើក្បាលរបស់បងប្អូនន ឬការបូបឬរបស់របរមួយចំនួនដែលរុំដោយក្រណាត់ ហើយដាក់លើស្មារបស់បងប្អូន ។ ប៉ុន្តែ សូមហៅវាថាកាបូបស្ពាយ ។
កាបូបស្ពាយនេះគឺប្រៀបដូចជាយើងស្ពាយបន្ទុកនៃការរស់នៅក្នុងពិភពលោកដែលធ្លាក់ចុះនេះ ។ បន្ទុករបស់យើងគឺដូចជាថ្មនៅក្នុងកាបូបនោះ ។ ជាទូទៅមានបីប្រភេទគឺ ៖
-
ថ្មដែលបណ្តាលមកពីការប្រព្រឹត្តអំពើបាបរបស់យើងផ្ទាល់ ។
-
ថ្មនៅក្នុងកាបូបស្ពាយរបស់យើង បានមកពីការសម្រេចចិត្តមិនល្អ ការប្រព្រឹត្តខុស និងចិត្តអាក្រក់ដាក់អ្នកដទៃ ។
-
ហើយថ្មដែលយើងកំពុងរស់នៅក្នុងស្ថានភាពធ្លាក់ចុះ ។ ទាំងនេះរួមមានថ្មនៃជំងឺ ការឈឺចាប់ ជំងឺរ៉ាំរ៉ៃ ភាពសោកសៅ ការខកចិត្ត ភាពឯកោ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ។
ខ្ញុំសូមប្រកាសដោយអំណរថាបន្ទុកនៃជីវិតរមែងស្លាប់របស់យើង ថ្មទាំងនេះដែលនៅក្នុងកាបូបស្ពាយរបស់យើង វាគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះ សូមកុំមានអារម្មណ៍ថាធ្ងន់ឡើយ ។
ព្រះយេស៊ូវគ្រីស្ទអាចសម្រាលបន្ទុករបស់យើងបាន ។
ព្រះយេស៊ូវគ្រីស្ទអាចលើកបន្ទុករបស់យើងឡើង ។
ព្រះយេស៊ូវគ្រីស្ទផ្ដល់នូវរបៀបមួយដើម្បីឲ្យយើងបានធូរស្រាលពីទម្ងន់នៃអំពើបាប ។
ព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីសង្គ្រោះរបស់យើង ។
ទ្រង់បានមានបន្ទូល ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក [ នោះគឺជាការធូរស្បើយ និងភាពសុខសាន្ត ] ។
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ។
ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ។៨
នឹមនោះងាយទេ ហើយបន្ទុកក៏ស្រាល គឺសន្មតថាយើងទឹមជាមួយព្រះអង្គសង្គ្រោះ យើងចែករំលែកបន្ទុករបស់យើងជាមួយទ្រង់ យើងអនុញ្ញាតឲ្យទ្រង់លើកបន្ទុករបស់យើងឡើង ។ ដែលមានន័យជាថាការចូលទៅក្នុងទំនាក់ទំនង នៃសេចក្តីសញ្ញាជាមួយព្រះ និងរក្សាសេចក្តីសញ្ញានោះ ដូចដែលប្រធាន ណិលសុន បានពន្យល់ថា « ធ្វើឲ្យជីវិតមានភាពងាយស្រួល » ។ លោកបានមានប្រសាសន៍ថា « ការដាក់នឹមជាមួយព្រះអង្គសង្គ្រោះមានន័យថា បងប្អូនមានសិទ្ធិទទួលព្រះចេស្តាដើម្បីពង្រឹង និងប្រោសលោះរបស់ទ្រង់ » ។៩
ដូច្នេះហេតុអ្វីយើងមិនចិត្តល្អនឹងដុំថ្មរបស់យើង ? ហេតុអ្វីបានជាកីឡាករវាយកូនបាល់ដ៏នឿយហត់ម្នាក់បដិសេធមិនចាកចេញពីទីលាននៅពេលអ្នកសង្គ្រោះបានត្រៀមខ្លួនជាស្រេចដើម្បីចូលប្រកួតជំនួសនោះ ? ហេតុអ្វីបានជាខ្ញុំទទូចរក្សាតំណែងរបស់ខ្ញុំតែឯង នៅពេលដែលអ្នកសង្គ្រោះត្រៀមខ្លួនជាស្រេចដើម្បីរក្សាតំណែងនោះជាមួយខ្ញុំ ?
ប្រធាន ណិលសុន បានបង្រៀនថា « ព្រះយេស៊ូវគ្រីស្ទ…គង់ចាំទាំងព្រះហស្តលាតលា ដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែកយើងជាបរិសុទ្ធ » ។១០
ដូច្នេះហេតុអ្វីយើងទទូចសែងថ្មរបស់យើងតែម្នាក់ឯង ?
នេះជាសំណួរផ្ទាល់ខ្លួន សម្រាប់បងប្អូនរាល់គ្នាម្នាក់ៗយកទៅពិចារណា ។
សម្រាប់វ័យរបស់ខ្ញុំ សំណួរនេះគឺជាមោទនភាព ។ ខ្ញុំអាចនិយាយថា៖ « ខ្ញុំមាននូវសំណួរនេះរួចហើយ » ។ « កុំបារម្ភឡើយ ខ្ញុំនឹងធ្វើវាឲ្យបាន » ។ វាជាអ្នកបោកបញ្ឆោតដ៏ធំដែលចង់ឲ្យខ្ញុំពួនពីព្រះ ដើម្បីងាកចេញពីទ្រង់ ដើម្បីធ្វើអ្វីៗតែឯង ។
បងប្អូនប្រុសស្រី ខ្ញុំមិនអាចទៅតែឯង ខ្ញុំមិនធ្វើដូច្នេះ ហើយខ្ញុំនឹងមិនធ្វើបែបនោះទេ ។ ការជ្រើសរើសនៅជាប់នឹងព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើជាមួយព្រះនោះ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ »។១១
អ្នករក្សាសេចក្ដីសញ្ញាបានពរដោយទទួលបានការសង្គ្រោះពីព្រះអង្គសង្គ្រោះ ។
សូមពិចារណាឧទាហរណ៍នេះនៅក្នុងព្រះគម្ពីរមរមន ៖ប្រជាជនអាលម៉ា ត្រូវបានគេបៀតបៀនដោយ « ដាក់ការធ្ងន់ៗឲ្យគេធ្វើ…ហើយដាក់អ្នកត្រួតកិច្ចការឲ្យត្រួតត្រាលើពួកគេ » ។១២ ហាមឃាត់មិនឲ្យអធិស្ឋានបញ្ចេញសំឡេង ពួកគេបាន « ថ្វាយដួងចិត្តគេដល់[ ព្រះ ] វិញហើយទ្រង់បានជ្រាបនូវគំនិតដែលនៅក្នុងចិត្តគេ » ។១៣
ហើយ « សំឡេងនៃព្រះអម្ចាស់បន្លឺមកគេ ក្នុងសេចក្តីវេទនារបស់គេថា ៖ ចូរងើបក្បាលឡើង ហើយចូរក្សាន្តចិត្តចុះ ព្រោះយើងដឹងនូវសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើជាមួយនឹងយើង ហើយយើងនឹងធ្វើសេចក្ដីសញ្ញាជាមួយនឹងរាស្ត្រយើង ហើយនឹងដោះពួកគេឲ្យរួចផុតពីសេវកភាព ។
« ហើយយើងនឹងសម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ » ។១៤
ហើយមិនយូរប៉ុន្មានបន្ទុករបស់ពួកគេនឹង « ត្រូវបានសម្រាលទៅ » ហើយ « ព្រះអម្ចាស់ទ្រង់បានចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេបានដោយងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយការអត់ធន់ » ។១៥
អស់អ្នកដែលរក្សាសេចក្ដីសញ្ញានឹងបានសង្គ្រោះក្នុងទម្រង់នៃការលួងលោម បង្កើនការអត់ធ្មត់ និងក្តីរីករាយ ដែលបន្ទុករបស់ពួកគេងាយ ដូច្នេះពួកគេមានអារម្មណ៍ថាស្រាល ហើយនៅទីបំផុតត្រូវបានដោះលែង ។១៦
ឥឡូវសូមត្រឡប់ទៅកាន់អត្ថន័យធៀបនៃកាបូបស្ពាយ ។
ការប្រែចិត្តតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ គឺបានសម្រាលបន្ទុកយើងពីទម្ងន់ថ្មនៃអំពើបាប ។ ហើយព្រោះតែអំណោយដ៏អស្ចារ្យនេះ នោះសេចក្ដីមេត្តាករុណារបស់ព្រះបានធ្វើឲ្យយើងធូរស្រាលពីការទាមទារដ៏ធ្ងន់ធ្ងរ និងមិនអាចចៀសផុតបាននៃសេចក្តីយុត្តិធម៌ ។១៧
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក៏ធ្វើឲ្យយើងអាចទទួលកម្លាំងដើម្បីអភ័យទោស អនុញ្ញាតឲ្យយើងទម្លាក់ចោលនូវទម្ងន់ដែលយើងរែកពន់ដោយសារតែការប្រព្រឹត្ដមិនត្រឹមត្រូវរបស់អ្នកដទៃ ។១៨
ដូច្នេះតើព្រះអង្គសង្គ្រោះរំដោះយើងពីបន្ទុកនៃការរស់នៅក្នុងពិភពលោកដ៏វិកវរ ជាមួយនឹងរូបកាយរមែងស្លាប់ដែលរងនូវទុក្ខវេទនានិងការឈឺចាប់យ៉ាងដូចម្ដេច ?
ជាញឹកញាប់ ទ្រង់ធ្វើការសង្គោ្រះបែបនេះតាមរយៈយើង ! ក្នុងនាមជាសមាជិកនៃសេចក្តីសញ្ញានៃសាសនាចក្ររបស់ទ្រង់ យើងសន្យាថានឹង « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ » ហើយ « កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ។១៩ ពីព្រោះយើង « ចូលរួមក្នុងក្រោលនៃព្រះ » ហើយដើម្បី « ឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ » យើង « យល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » ។២០
ពរជ័យនៃសេចក្ដីសញ្ញារបស់យើងគឺដើម្បីធ្វើជាដៃគូនឹងព្រះយេស៊ូវគ្រីស្ទក្នុងការផ្ដល់ការសង្គ្រោះទាំងខាងរូបកាយនិងខាងវិញ្ញាណ ដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។ យើងគឺជាបំពង់មួយដែលទ្រង់ប្រទានការសង្គ្រោះតាមរយៈនោះ ។២១
ដូច្នេះហើយដូចជាមិត្តភក្តិរបស់បុរសពិការនោះដែល « ចូរលើកដៃដែលរោយ ហើយចូរចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលរញ័រផង » ។២២ យើង « ចូរយក…អាសារគ្នាទៅវិញទៅមកយ៉ាងនោះទើបបានសម្រេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ » ។២៣ កាលយើងធ្វើដូចនេះ យើងមកស្គាល់ទ្រង់ ប្រែក្លាយដូចទ្រង់ហើយបានសង្គ្រោះក្នុងទ្រង់ ។២៤
តើអ្វីគឺជាសេចក្តីសង្គ្រោះ ?
វាគឺជាការដកចេញ ឬសម្រាលនូវអ្វីមួយដែលឈឺចាប់ទុក្ខព្រួយ ឬបន្ទុក ឬកម្លាំងដើម្បីស៊ូទ្រាំនឹងវា ។ វាសំដៅទៅលើបុគ្គលដែលយកមកជំនួសកន្លែងនរណាម្នាក់ ។ វាគឺជាការកែតម្រូវកំហុសដោយស្របច្បាប់ ។២៥ ពាក្យ Anglo-French មកពីភាសាបារាំងបុរាណ releverឬ« ដើម្បីលើកឡើង » និងមកពីភាសាឡាតាំងrelevare « លើកឡើងម្តងទៀត » ។២៦
បងប្អូនប្រុសស្រី ព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីសង្គ្រោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថាទ្រង់មានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ហើយបានបំពេញដង្វាយធួនប្រកបដោយសេចក្ដីស្រឡាញ់ និងជានិរន្ត គង់ចាំទាំងព្រះហស្តលាតលា ផ្តល់ឱកាសឲ្យយើងរស់ឡើងវិញម្តងទៀត ដោយបានសង្គ្រោះហើយត្រូវបានតម្កើងឡើង និង ប្រែក្លាយដូចទ្រង់ ។ សេចក្ដីសង្គ្រោះដែលទ្រង់ប្រទានដល់យើងគឺរហូតអស់កល្បជានិច្ច ។
ដូចជាស្ត្រីដែលទេវតាបានយាងមកជួប នៅព្រឹកបុណ្យអ៊ីស្ទើរដំបូងនោះដែរ ខ្ញុំប្រាថ្នារត់ទៅ « ដូចផ្លេកបន្ទោរ » និងដោយ « អំណរយ៉ាងអស្ចារ្យ » ដើម្បីនាំយកដំណឹងទៅកាន់លោកិយ៍ថា ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ។២៧ ក្នុងនាមនៃព្រះអង្គសង្គ្រោះយើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។