សន្និសីទទូទៅ
ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


19:4

ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ

បងប្អូន​មាន​សិទ្ធិ​ជ្រើសរើស​ដើម្បី​រើស​យក​ការទាស់ទែង​គ្នា ឬ​ការផ្សះផ្សា​គ្នា ។ ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​បងប្អូន​ឲ្យ ជ្រើសរើស​ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ នៅ​ពេល​ឥឡូវ​នេះ និង​ជានិច្ច​តទៅ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ ខ្ញុំ​មាន​អំណរ​ដែល​មាន​វត្តមាន​នៅ​ជាមួយ​បងប្អូន ។ អំឡុង​ពេល​ប្រាំមួយ​ខែ​កន្លង​មក​នេះ ខ្ញុំ​គិត​ដល់​បងប្អូន និង​អធិស្ឋាន​សម្រាប់​បងប្អូន​ឥត​ឈប់ឈរ ។ ខ្ញុំ​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រាប់​អ្វី​ដែល​ព្រះអម្ចាស់​ចង់ឲ្យ​បងប្អូន​ស្តាប់ នៅពេល​ខ្ញុំ​និយាយ​ទៅកាន់​បងប្អូនឥឡូវ​នេះ ។

អំឡុង​ពេល​ខ្ញុំ​ចុះ​កម្មសិក្សា​ផ្នែក​វះកាត់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ជួយ​ដល់​គ្រូពេទ្យ​វះកាត់​ម្នាក់ ដែល​កំពុង​កាត់​ជើង​ដំបៅ​រលួយ​ឆ្លង​មេរោគ​យ៉ាង​ខ្លាំងមួយ។ ការវះកាត់​នោះ​ពិបាក​ណាស់ ។ ហើយ​អ្វី​ដែលតានតឹង​ជាងនោះ​គឺ សមាជិក​ក្រុម​ម្នាក់​ពុំ​បំពេញ​ភារកិច្ច​បាន​ល្អ ហើយ​គ្រូពេទ្យ​វះកាត់​នោះ​ក៏បាន​ផ្ទុះ​កំហឹង ។ កាល​គាត់​ខឹង​ខ្លាំង គាត់​បាន​បោះ​ចោល​កាំបិត​វះកាត់​គាត់ ដែល​មាន​សុទ្ធ​តែ​មេ​រោគ ។ វា​មក​ប៉ះ​ចំ​កំភួន​ដៃ របស់​ខ្ញុំ !

គ្រប់​គ្នា​ក្នុង​បន្ទប់​វះកាត់​នោះ—ក្រៅ​ពី​គ្រូពេទ្យ​វះកាត់​ឆេវឆាវ​នោះ—រន្ធត់​ជា​ខ្លាំង ព្រោះ​តែ​ទង្វើ​បំពាន​លើ​ការអនុវត្ត​ផ្នែក​វះកាត់​ដ៏​គ្រោះថ្នាក់​នេះ ។ សំណាង​ល្អ ខ្ញុំពុំ​ឆ្លង​មេរោគ ។ ប៉ុន្តែ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ទុក​យូរ​អង្វែង ។ នៅ​ក្នុង​ម៉ោង​នោះ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ថា មិន​ថា​មាន​អ្វី​ កើតឡើងក្នុង​បន្ទប់​វះកាត់ ​ខ្ញុំទេ ខ្ញុំ​នឹង​មិន បាត់បង់ ការគ្រប់គ្រង​អារម្មណ៍​​ខ្ញុំ​ឡើយ ។ ខ្ញុំ​ក៏​បាន​សច្ចា​នៅ​ថ្ងៃនោះ​ថា ខ្ញុំ​នឹង​មិន​បោះ​អ្វី​ទាំងអស់​ ពេល​កំពុង​មាន​កំហឹង​ឡើយ—មិន​ថា​វា​ជា​កាំបិត​វះកាត់ ឬ​ពាក្យ​សម្ដី​នោះ​ទេ ។

សូម្បី​តែ​ឥឡូវ​ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមកនេះ ខ្ញុំ​នៅតែ​ឆ្ងល់​ក្នុង​ខ្លួន​ឯង​ថា តើ​កាំបិត​មេរោគ ដែល​បាន​ប៉ះ​ត្រូវ​ដៃ​ខ្ញុំ​នោះ ​ពិសពុល​ខ្លាំង​ជាង​ការឈ្លោះ​ប្រកែក​ដ៏​សាហាវ ដែល​ឆ្លង​រាល​ពេញ​ក្នុង​ការសន្ទនា​ជាសាធារណៈ​របស់​យើង និង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏ច្រើន​​នៅ​សព្វថ្ងៃ​នេះ​ឬអី ។ ការចេះ​គួរសម និង​សុជីវធម៌​ហាក់​ដូចជា​បាន​បាត់ខ្លួន​ ពីក្នុង​យុគសម័យ​ដ៏​បែក​ខ្ញែក​ និង​ការខ្វែង​គំនិត​គ្នា​ដ៏​ខ្លាំង​នេះ​ហើយ ។

ភាពឆ្មើងឆ្មៃ ការចាប់​កំហុស​គ្នា និង​ការនិយាយ​អាក្រក់​ពី​អ្នកដទៃ​គឺ​ជា​រឿង​ធម្មតា​អស់​ទៅហើយ ។ បណ្ឌិត​ជំនាញ អ្នកនយោបាយ អ្នកសម្ដែង និង​អ្នកមាន​ឥទ្ធិពល​ដទៃ​ទៀត​ដ៏ច្រើន​សន្ធឹក ប្រើ​ពាក្យ​ជេរ​ប្រមាថ​ឥត​ឈប់ឈរ ។ ខ្ញុំ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ព្រោះ​មនុស្ស​ជាច្រើន​ហាក់​ដូចជា​ជឿ​ថា ការថ្កោលទោស ការមួល​បង្កាច់ និង​ការនិយាយ​អាក្រក់​ពី នរណា​ម្នាក់ ដែល​មិន​យល់ស្រប​នឹង​ពួកគេ គឺ​ជា​រឿង​អាច​ទទួល​យក​បាន​ទាំងស្រុង ។ មនុស្ស​ជាច្រើន​មើល​ទៅ​ដូចជា​ចង់​បំផ្លាញ​កេរ្តិ៍ឈ្មោះ​​អ្នកដទៃ​ដោយ​សម្ដី​ឥតគិត និង​ចាក់​ដោត​ចិត្ត​គេ​ខ្លាំង !

កំហឹង​ពុំ​ដែល​ល្អ​ទេ ។ ការបង្ក​សត្រូវ​ពុំ​ស្ថាបនា​នរណា​ម្នាក់ឲ្យល្អ​ទេ ។ ការទាស់ទែង​គ្នា​ពុំ​នាំឲ្យ​មាន​ដំណោះស្រាយដ៏បំផុស​គំនិត​ឡើយ ។ គួរឲ្យ​សោកស្តាយ ពេលខ្លះ​យើង​ឃើញ​ឥរិយាបថ​ទាស់ទែង​គ្នា​បែបនេះ​កើតមាន សូម្បីតែ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​យើង ។ ពួកយើង​ឮ​អំពីអ្នកដែលនិយាយ​បន្ទាប​បន្ថោក​ស្វាមី​ភរិយា និង​កូនៗ​នៃ​អស់​អ្នក​ដែល​ប្រើ​កំហឹង​គ្រប់គ្រងលើ​អ្នកដទៃ និង​អ្នក​ដែល​ដាក់​ទណ្ឌកម្ម​សមាជិក​គ្រួសារ​ដោយ « ការមិន​និយាយ​រក​គ្នា » ។ ពួកយើង​ឮ​អំពី​យុវវ័យ និង​កុមារ​ដែល​សម្លុត​ធ្វើបាប​គេ និង​និយោជិត​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​​មិត្ត​រួម​ការងារ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ រឿង​ទាំងអស់​នេះ​មិន​គួរ​កើត​មាន​ឡើយ ។ ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​ធ្វើជា​គំរូ​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ—ជាពិសេស នៅពេល​យើង​មាន​ទស្សនៈ​ខុសគ្នា ។ វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នកដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ មើល​ថា​តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា ។

ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​ពី​រឿង​នេះ​យ៉ាង​ច្បាស់ នៅក្នុង​ទេសនកថា​របស់​ទ្រង់​ទៅកាន់​អ្នក​ដើរ​តាម​ដែល​នៅ​អឌ្ឍគោល​ទាំងពីរ ។ ទ្រង់​មាន​បាន​មាន​បន្ទូល​ថា « មាន​ពរ​ហើយ​អស់​អ្នកដែល​ផ្សះផ្សា​គេ » ។​. « បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត » ។ រួច​ហើយ ប្រាកដ​ណាស់ ទ្រង់​បាន​ក្រើន​រំឭក​ពួកយើង​ម្នាក់ៗ ឲ្យ​យើង​ចេះ​តាំងចិត្ត ៖ « ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នករាល់គ្នា​វិញ » ។

មុន​ពេល​ទ្រង់​សុគត ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកសាវក​ដប់ពីរ​នាក់​​ស្រឡាញ់​គ្នា ដូចជា​ទ្រង់​បាន​ស្រឡាញ់​ពួកគេ​ដែរ ។ ហើយ​បន្ទាប់​មក ទ្រង់​បាន​បន្ថែម​ថា « គេ​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នករាល់គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក » ។

សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​ច្បាស់​ណាស់ ៖ សិស្ស ដ៏​ពិត របស់​ទ្រង់​ស្ថាបនា លើកស្ទួយ លើក​ទឹកចិត្ត បញ្ចុះ​បញ្ចូល និង​បំផុស​គំនិត—មិន​ថា​ស្ថានភាព​លំបាក​ប៉ុនណា​ទេ ។ សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ ។

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​អាទិត្យ​ធាង​ចាក ។ យើង​កំពុង​ត្រៀមខ្លួន​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត ហើយ​ដែល​ពុំ​ធ្លាប់​បាន​កត់ត្រា​នៅលើ​ផែនដី​នេះ ដែល​ជា​ដង្វាយ​ធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​អាច​គោរព​ព្រះអង្គ​សង្គ្រោះ​ គឺ​ការក្លាយជា​អ្នកដែល​ផ្សះផ្សា​គេ ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើឲ្យ​យើង​អាច​យកឈ្នះ​លើ​អំពើអាក្រក់ ទាំងអស់ បាន—រួមទាំង​ការទាស់ទែង​គ្នា​ផងដែរ ។ សូម​យល់​ឲ្យ​ច្បាស់៖ ការទាស់​ទែង​គ្នា គឺជា រឿង​អាក្រក់ ! ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា អស់​អ្នកណា​ដែល​មាន « វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា » គឺ​ពុំ​មែន​ជា​របស់​ផង​ទ្រង់​ទេ ប៉ុន្តែ​ជា « របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ហើយ [ អារក្ស​វា ] ចាក់រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅ​មក » ។ អ្នក​ញុះញុង់​ឲ្យ​មាន​ការទាស់ទែង​គ្នា​កំពុង​តែ​ធ្វើ​ទង្វើ​ដូចគ្នា​នឹង​សាតាំង​ធ្វើ​ដែរ មិន​ថា​ពួកគេ​ដឹង​ខ្លួន​ឬ​អត់​នោះ​ទេ ។ « គ្មាន​អ្នកណា​អាច​នឹង​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ » ។ យើង​មិន​អាច​គាំទ្រ​សាតាំង​ដោយ​ការវាយ​ប្រហារ​ជា​ពាក្យ​សម្តី​របស់​យើង ហើយ​បន្ទាប់​មក​គិត​ថា យើង​នៅតែ​អាច​បម្រើ​ព្រះ​បាន​នោះ​ឡើយ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ! របៀប​ដែល​យើង​និយាយចំពោះ និង​អំពី​អ្នកដទៃ​នៅ​ផ្ទះ នៅ​ព្រះវិហារ នៅ​កន្លែង​ធ្វើការ និង​នៅ​តាម​អនឡាញ ​គឺ​សំខាន់​ខ្លាំង​ណាស់ ។ ថ្ងៃនេះ ខ្ញុំ​សុំឲ្យ​ពួកយើង​ប្រាស្រ័យ​ទាក់ទងនឹង​អ្នកដទៃ​តាម​របៀប​មួយ​ដែល​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង​នេះ ។ សូម​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ ។ « បើសិនជា​មាន​អ្វី​ណាមួយ ដែល​ប្រកប​ដោយ​គុណធម៌ គួរ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរឲ្យ​សរសើរ »១០ ដែល​យើង​អាច​និយាយ​អំពី​មនុស្ស​ម្នាក់​ទៀត—មិន​ថា​ចំពោះ​មុខ ឬ​​ពីក្រោយ​ខ្នងគាត់​នោះ​ទេ—ការណ៍​នោះ​គួរតែ​ជា​បទដ្ឋាន​នៃ​ទំនាក់ទំនង របស់​យើង ។

បើ​ស្វាមី​ភរិយា​មួយ​គូ​ក្នុង​វួដ​របស់​បងប្អូន​លែងលះ​គ្នា ឬ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ម្នាក់​ត្រឡប់​មក​ផ្ទះ​មុន​កំណត់ ឬ​ក្មេង​ជំទង់​ម្នាក់​សង្ស័យ​ពី​ទីបន្ទាល់​​ខ្លួន នោះ​ពួកគេ​មិន​ត្រូវការ​ការវិនិច្ឆ័យ​របស់​បងប្អូន​ឡើយ ។ ពួកគេ​ត្រូវការ​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ឆ្លុះ​បញ្ចាំង​តាម​ពាក្យ​សម្ដី និង​សកម្មភាព​របស់​បងប្អូន​វិញ ។

បើ​មិត្ត​ម្នាក់​នៅលើ​បណ្ដាញ​សង្គម​មាន​ទស្សនៈ​នយោបាយ ឬ​ទស្សនៈ​សង្គម​មុតមាំ​ខ្លាំង ដែល​វា​បំពាន​អ្វី​ដែល​បងប្អូន​ជឿ ចម្លើយ​តប​របស់​បងប្អូន​ទាំង​ខឹង​សម្បារ នឹង​មិន​ជួយ​អ្វី​ឡើយ ។ បងប្អូន​នឹង​តម្រូវ​ឲ្យ​បង្កើត​ទំនាក់ទំនង​នៃ​ការយោគយល់ ឲ្យ​កាន់​តែ​ច្រើន នោះ​ហើយ​ជា​អ្វី​ដែល​មិត្ត​របស់​បងប្អូន​ត្រូវ​ការពិត ។

ការទាស់ទែង​គ្នា​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ—គ្រប់ពេល​ទាំងអស់ ។ ការទាស់ទែង​គ្នា​ពង្រឹង​គំនិត​ដែល​មិន​ពិត ​ថា ការប្រឈម​មុខ​ដាក់​គ្នា គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​ភាពខុសគ្នា ប៉ុន្តែ​វា​ពុំ​ដោះស្រាយ​បាន​ទេ ។ ការទាស់ទែង​គ្នា​គឺ​ជា​ជម្រើស​មួយ ។ ការ​ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ​គឺជា​ជម្រើស​មួយ ។ បងប្អូន​មាន​សិទ្ធិ​ជ្រើសរើស​ដើម្បី​រើស​យក​ការទាស់ទែង​គ្នា ឬ​ការផ្សះផ្សា​គ្នា ។ ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​បងប្អូនឲ្យ ជ្រើសរើស ធ្វើជា​អ្នកដែល​ផ្សះផ្សា​គេ នៅពេល​ឥឡូវ​នេះ និង​ជានិច្ច​តទៅ ។១១

បងប្អូន​ប្រុសស្រី យើង​ពិត​ជា​អាច​ផ្លាស់ប្ដូរ​ពិភពលោក​នេះ​បាន—មនុស្ស​ម្ដង​ម្នាក់ៗ ការប្រាស្រ័យ​ទាក់ទង​ម្ដង​មួយៗ ។ ដោយ​របៀប​ណា​ទៅ ? ដោយ​យកគំរូ​តាមរបៀប​គ្រប់គ្រង​ភាព​ខុស​គ្នា​នៃ​មតិ​ដោយ​ស្មោះត្រង់ ​ ដោយ​គោរព​គ្នា​ទៅវិញ​ទៅមក និង​សន្ទនា​ដោយ​ថ្លៃថ្នូរ ។

ការ​មាន​ទស្សនៈ​ខុស​គ្នា​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត ។ ជារៀង​រាល់ថ្ងៃ​ ខ្ញុំ​ធ្វើ​ការ​ជាមួយ​​អ្នកបម្រើ​ដ៏​លះបង់​របស់​ព្រះអម្ចាស់ ដែល​មើល​ឃើញ​បញ្ហា​មួយ​ខុសៗ​គ្នា​ជានិច្ច ។ ពួកលោក​ដឹង​ថា ខ្ញុំ​ចង់ឮ​គំនិត និង​អារម្មណ៍​ស្មោះត្រង់​របស់​ពួកលោក អំពី​អ្វីៗ​​ដែល​យើង​ពិភាក្សា​គ្នា—ជាពិសេស បញ្ហា​សំខាន់ៗ ។

ប្រធាន ដាល្លិន អេក អូក និង​ប្រធាន ហិនរី ប៊ី អាវរិង

ទីប្រឹក្សា​ដ៏ឧត្តម​ទាំងពីរ​រូប​របស់​ខ្ញុំ គឺ​ប្រធាន ដាល្លិន អេក អូក និង​ប្រធាន ហិនរី ប៊ី អាវរិង គឺ​ជា​គំរូ​ដ៏ល្អ​ពី​របៀប​ដែល​ពួកលោក​បង្ហាញ​​អារម្មណ៍​របស់​ពួកលោក—ជាពិសេស​ពេល​ពួកលោក​​គិត​ខុសពីគ្នា ។ ពួកលោក​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ​មិន​ដែល​និយាយ​ថា លោក​ដឹង​ច្បាស់​ជាង អ៊ីចឹង លោក​ត្រូវតែ​ការពារ​អំណះអំណាង​ឲ្យ​ខ្លាំង​នោះទេ ។ ក៏​មិន​ដែល​បង្ហាញ​ថា​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នោះ​ដែរ ។ ដោយសារ​ម្នាក់ៗ​មានពេញ​ទៅដោយ​សេចក្តី​សប្បុរស ដែល​ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ »១២ នោះ​ការពិចារណា​របស់​យើង ​អាច​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ឱ ! ខ្ញុំ​ស្រឡាញ់ និង​គោរព​បុរស​ដ៏អស្ចារ្យ​ទាំងពីរ​រូប​នេះ​ណាស់ !

សេចក្ដី​សប្បុរស​គឺ​ជា​ថ្នាំ​បន្សាប​ដល់​ការទាស់ទែង​គ្នា ។ សេចក្ដី​សប្បុរស​គឺជា​អំណោយទាន​ខាង​វិញ្ញាណ ដែល​ជួយ​យើង​ឲ្យ​សម្រាត​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម​ ដែល​អាត្មានិយម ការពារ​ខ្លួនឯង ឆ្មើងឆ្មៃ និង​ច្រណែន​ឈ្នានីស​ចោលចេញ ។ សេចក្ដី​សប្បុរស​គឺជា​ចរិត​លក្ខណៈដ៏​សំខាន់​របស់​អ្នកដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។១៣ សេចក្ដី​សប្បុរស​កំណត់​ពី អ្នកដែល​ផ្សះផ្សា​គេ ។

នៅពេល​យើង​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភ័ក្រ្ដ​ព្រះ ហើយ​អធិស្ឋាន​ដោយ អស់ពី កម្លាំង​ចិត្ត​យើង នោះ​ព្រះ​នឹង​ប្រទាន​សេចក្ដី​សប្បុរស​ដល់​យើង ។១៤

អស់​អ្នក​ដែល​មាន​ពរ​ឲ្យមាន​អំណោយទាន​ដ៏ទេវភាព​នេះ មាន​ចិត្ត​អំណត់ និង​មាន​ចិត្ត​ល្អ ។ ពួកគេ​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន​ឡើយ ។ ពួកគេ​មិន​រហ័ស​ខឹង ហើយ​មិន​គិត​អាក្រក់​ពី​អ្នកដទៃ ។១៥

បងប្អូន​ប្រុសស្រី សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​គឺជា​ចម្លើយ​ចំពោះ​ការទាស់​ទែង​គ្នា ដែល​ធ្វើឲ្យ​យើង​ឈឺចាប់​នៅ​សព្វ​ថ្ងៃនេះ ។ សេចក្ដី​សប្បុរស​ជំរុញ​ឲ្យ​យើង « យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក »១៦ ជា​ជាង​ដាក់​បន្ទុក​គ្នា​កាន់​តែ​ធ្ងន់ ។ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី »១៧ជាពិសេស ក្នុង​ស្ថានភាព​ដ៏​តានតឹង ។ សេចក្ដី​សប្បុរស​អនុញ្ញាតឲ្យ​យើង​បង្ហាញពី​របៀប​ដែល​បុរស និង​ស្ដ្រី​នៃ​ព្រះគ្រីស្ទ​នឹងនិយាយ និង​ប្រព្រឹត្ដ—ជា​ពិសេស នៅពេល​កំពុង​រង​ការរិះគន់ ។

ឥឡូវ​នេះ ខ្ញុំ​ពុំ​និយាយ​អំពី « សេចក្ដី​សុខសាន្ដ​ដែល​ត្រូវ​លះបង់​អ្វី​គ្រប់យ៉ាង » នោះ​ទេ ។១៨ ខ្ញុំ​កំពុង​និយាយ​អំពី​ការប្រព្រឹត្ត​ចំពោះ​អ្នកដទៃ តាម​របៀប​ដែល​ស្របទៅ​នឹង​ការរក្សា​សេចក្ដី​សញ្ញា ដែល​បងប្អូន​ធ្វើ នៅពេល​បងប្អូន​ទទួល​ទាន​សាក្រាម៉ង់ ។ បងប្អូន​ចុះ​សេចក្ដី​សញ្ញា​ថា​ នឹង​ចងចាំ​ព្រះអង្គ​សង្គ្រោះ ជានិច្ច ។ នៅក្នុង​ស្ថានភាព​ដែល​តានតឹង​អារម្មណ៍​យ៉ាងខ្លាំង និង​ពោរពេញ​ទៅដោយ​ការទាស់ទែង​គ្នា ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ។ សូម​អធិស្ឋាន​ឲ្យ​មាន​ភាពក្លាហាន និង​ប្រាជ្ញា​ដើម្បី​និយាយ ឬ​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ។ នៅពេល​យើង​ធ្វើតាម​ម្ចាស់​នៃ​មេត្រីភាព នោះ​យើង​នឹង​ក្លាយជា​អ្នក​ដែល​ផ្សះផ្សា​គេ​របស់​ទ្រង់ ។

មកដល់​ចំណុច​នេះ បងប្អូន​អាច​គិត​ថា សារលិខិត​នេះ​ពិតជា​នឹង​ជួយ​ដល់​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ។ ប្រហែល​បងប្អូន​សង្ឃឹម​ថា វា​នឹង​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​កាន់តែ​ល្អ​ចំពោះ​បងប្អូន ។ ខ្ញុំ​សង្ឃឹម​ថា វានឹង​ជួយ​បាន ! ប៉ុន្តែ ខ្ញុំ​ក៏​សង្ឃឹម​ផងដែរ​ថា បងប្អូន​នឹង​មើលឲ្យជ្រៅ​ទៅក្នុង​ចិត្ត បងប្អូន ដើម្បី​មើល​ថា តើ​មាន​បំណែក​នៃ​ចិត្ត​ឆ្មើងឆ្មៃ ឬ​ការច្រណែន​ណា​មួយ ដែល​រារាំង បងប្អូន មិន​ឲ្យ​ក្លាយជា​អ្នកដែល​ផ្សះផ្សា​គេ​ដែរ​ឬទេ ។១៩

បើ​បងប្អូន​ម៉ឺងម៉ាត់​ក្នុង​ការជួយ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល និង​ការស្ថាបនា​ទំនាក់ទំនង​ដែល​នឹង​មាន​ភាព​យូរ​អង្វែង​ដល់​អស់កល្ប​ជានិច្ច ពេលនេះគឺ​ជា​ពេល​ដើម្បី​បោះចោល​ភាពល្វីង​ជូរចត់​ហើយ ។ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​ឈប់​ចចេស​ថា នេះជារបៀប​ខ្ញុំ ឬអត់ធ្វើ​នោះទៅ ។ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​ឈប់​ធ្វើ​អ្វី​ដែល​ធ្វើឲ្យ​អ្នកដទៃ​ខ្លាច​រអា ព្រោះតែខ្លាច​ធ្វើឲ្យ​បងប្អូន​អាក់អន់​ចិត្ត ។ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​កប់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​បងប្អូន​ហើយ ។២០ បើ​ឃ្លាំង​ពាក្យ​សម្ដី​របស់​បងប្អូន​មានពេញ​ទៅ​ដោយ​ការប្រមាថ និង​ការចោទ​ប្រកាន់ ឥឡូវ​នេះ គឺជា​ពេល​ដើម្បី​បោះ​វា​ចោល​ហើយ ។២១ បងប្អូន​នឹង​រីកចម្រើន​ឡើង​ជា​បុរស ឬ​ស្ដ្រី​ដ៏រឹងមាំ​ខាង​វិញ្ញាណ​របស់​ព្រះគ្រីស្ទ ។

ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​​ក្នុង​ការខិតខំ​របស់​យើង​បាន ។ នៅ​ទីនោះ យើង​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ដែល​ប្រទាន​សមត្ថភាព​ឲ្យ​យើង​អាច​យកឈ្នះ​លើ​សាតាំង​ ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ទាំងអស់បាន ។២២ សូម​បណ្តេញ​វា​ចេញពី​ទំនាក់ទំនង​របស់​បងប្អូន ! សូមចំណាំ​ថា យើង​ក៏​ស្តី​បន្ទោស​ដល់​មេសត្រូវ​ផងដែរ រាល់​ពេល​ដែល​យើង​ផ្សះផ្សារការយល់​ខុស ឬ​បដិសេធ​មិនទទួលយក​ការ​អាក់អន់​ចិត្ត ។ ផ្ទុយ​ទៅវិញ យើង​អាច​បង្ហាញ​ក្ដី​មេត្តា​ករុណា​ដ៏ទន់ភ្លន់ ដែល​ជា​ចរិត​លក្ខណៈ​នៃ​សិស្ស​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ដែល​ផ្សះផ្សា​គេ រារាំង​សត្រូវ ។

សូម​ឲ្យ​យើង​ក្លាយជា​ពន្លឺ​ដ៏ពិត​នៅលើ​ភ្នំ—​ជា​ពន្លឺ​មួយ​ដែល « លាក់​មិន​កំបាំង​ទេ » ។២៣ សូម​យើង​បង្ហាញ​ថា​មាន​របៀប​ដែល​ពេញ​ដោយ​ភាពសុខសាន្ត ពេញ​ដោយ​ការគោរព​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ និង​មាន​របៀប​ដែល​បាន​បំភ្លឺ ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា ។ នៅពេល​បងប្អូន​បង្ហាញ​សេចក្ដី​សប្បុរស ដូចដែលអ្នកដើរតាម​ដ៏ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ នោះ​ព្រះអម្ចាស់​នឹង​តម្កើង​កិច្ចខិតខំ​របស់​បងប្អូន ហួសពីអ្វី​ដែល​បងប្អូនអាច​​ស្រមៃ​ដល់ទៅទៀត ។

សំណាញ់​ដំណឹងល្អ​គឺជា​សំណាញ់​ដ៏ធំ​បំផុត​នៅក្នុង​ពិភពលោក​នេះ ។ ព្រះ​បាន​អញ្ជើញ មនុស្ស​ទាំងអស់​គ្នា ឲ្យ​មក​រក​ទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ។២៤ ដំណឹងល្អមាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ប៉ុន្ដែ មិន មាន​កន្លែង​សម្រាប់​ការលំអៀង ការថ្កោល​ទោស ឬ​ការទាស់​ទែង​គ្នាទេ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ រឿង​ដ៏ល្អ​បំផុត​នឹង​កើតមាន​ដល់​អ្នក​ដែល​ចំណាយ​ពេល​ក្នុង​ជីវិត​របស់​ខ្លួន​ដើម្បី​លើកស្ទួយ​អ្នកដទៃ ។ ថ្ងៃនេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិនិត្យ​មើល​ភាពជា​សិស្ស​របស់​បងប្អូន ក្នុង​បរិបទ​នៃ​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យឲ្យ​បងប្អូន​កែ​តម្រូវ​ ដើម្បី​ឲ្យ​ឥរិយាបថ​របស់​បងប្អូន​បាន​ខ្ពង់ខ្ពស់ ពេញ​ដោយ​ការគោរព និង​ជា​តំណាង​ឲ្យ​អ្នកដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​បងប្អូន​ឲ្យ​ជំនួសការ​ស្ដីបន្ទោស​មកជាការទូល​អង្វរ​ព្រះ ការ​ស្អប់​មកជាការយោគ​យល់ និង​ការទាស់ទែង​គ្នា​មកជាភាព​សុខសាន្ដ ។

ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ទ្រង់​គឺជា​អង្គ​ដឹកនាំ​សាសនាចក្រ​នេះ ។ ពួកយើង​គឺជា​អ្នកបម្រើ​​ទ្រង់ ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ក្លាយជា​អ្នកដែល​ផ្សះផ្សា​រគេបស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នេះ​នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕