២០២២
អែលឌើរ ដេណេសុន ស៊ីលវ៉ា
ខែ ឧសភា ឆ្នាំ ២០២២


« អែលឌើរ ដេណេសុន ស៊ីលវ៉ា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អែលឌើរ ដេណេសុន ស៊ីលវ៉ា

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

ការត្រឡប់​មកវិញ​ពីដំណើរ​លើចម្ងាយផ្លូវ ៦,៤០០​គ.ម ពី​ទីក្រុង​លូអាន់ដា ប្រទេស​អង់ហ្គោឡា ទៅ​ទីក្រុង​សៅប៉ូឡូ ប្រទេស​ប្រេស៊ីល បានទុកពេល​ឲ្យ​អែលឌើរ ដេណេសុន ស៊ីលវ៉ា និង​ភរិយា​របស់​លោក រេជីណា ដើម្បី​គិតពី​ការបំផុស​គំនិត​មួយ ។ បន្ទាប់ពី​បម្រើជា​ប្រធាន​បេសកកម្ម អែលឌើរ ស៊ីលវ៉ា បានទទួល​អារម្មណ៍ថា លោក និង​ភរិយា​របស់លោក​ពុំគួរ​ទិញ​ផ្ទះទេ ។

ពួកលោក​បាន​លក់ផ្ទះ​ពីមុន​ចេញ​បេសកកម្ម ។ ពួកលោក​បាន​ដាក់​ផែនការ​ទិញ​ផ្ទះថ្មី​មួយខ្នង បន្ទាប់ពី​ត្រឡប់​មកវិញ ប៉ុន្តែ​បាន​ទទួល​ការបំផុស​គំនិត​ឲ្យរង់ចាំ​សិន ។ អែលឌើរ ស៊ីលវ៉ា បានថ្លែង​ថា « ផ្ទះ​នៅ​ប្រទេស​ប្រេស៊ីល​ពុំមែន​ជា​ទ្រព្យសម្បត្តិ​ដែល​អ្នកដាក់​លក់​គឺ​លក់​ដាច់​ភ្លាម​នោះទេ ។ វា​អាច​ចំណាយ​ពេល​ច្រើន​ថ្ងៃ ឬខែ ឬ​រហូត​ដល់​ឆ្នាំ » ។

ស៊ីស្ទើរ ស៊ីលវ៉ា បាន​ថ្លែងថា ពួកលោក​បាន​ផ្ដោត​លើ​ការពិត​ដែល​ព្រះវរបិតា​សួគ៌​បាន​ដឹកនាំ​ពួកលោក​ពីមុន​បេសកកម្ម ហើយថា​ទ្រង់​នឹងដឹកនាំ​ពួកលោក​ម្ដងទៀត ។ គាត់​បានថ្លែងថា « យើង​បាន​សម្រេចចិត្ត​រួមគ្នា​ថា​រង់ចាំ​មួយរយៈ​សិន » ។ ពួកលោក​បាន​ជ្រើសរើស​ជួលផ្ទះ​វិញ ។

ដូចជា​ការលក់​ផ្ទះ​នៅ​ប្រទេស​ប្រេស៊ីល​ដែរ ចម្លើយ​ពុំ​បាន​កើតឡើង​ភ្លាមៗ​តែប៉ុន្មាន​ថ្ងៃ ឬ ប៉ុន្មានខែ ឬ ប៉ុន្មាន​ឆ្នាំឡើយ ។ ចម្លើយនោះ​បាន​កើតឡើង​ជាង​ពីរ​ឆ្នាំ​ក្រោយមក ពេល​អែលឌើរ ស៊ីលវ៉ា បានទទួល​ការហៅ​មួយ​ឲ្យ​បម្រើ​ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

អែលឌើរ ស៊ីលវ៉ា បានថ្លែងថា « យើង​ត្រូវតែ​គិតថា ប្រសិនបើ​ទ្រង់​បង្គាប់ឲ្យ​យើង​ធ្វើ​អ្វីមួយ ចម្លើយ​របស់​យើង​គឺ​យល់ព្រម​ជានិច្ច ។ ប្រសិនបើ​ចម្លើយ​របស់យើង​ពុំមែន ‹ យល់ព្រម › ជានិច្ច​ទេ នោះវា​ទុកកន្លែង​ឲ្យពាក្យថា ‹ ទេ › ឬ ‹ ប្រហែលជា › ហើយ » ។ ទោះជាយ៉ាងណា លោក​ពន្យល់ថា ចំពោះ​ព្រះអង្គ​សង្គ្រោះ « គ្មាន​កន្លែង​ឲ្យពាក្យថា ‹ ទេ › ឬ ‹ ប្រហែលជា › នៅ​គែតសេម៉ានី​ឡើយ » ។

ដេណេសុន អឺបាណូ ដា ស៊ីលវ៉ា បានកើត​នៅថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ១៩៦៥ នៅទីក្រុង រេស៊ីហ្វេ ប្រទេស​ប្រេស៊ីល ត្រូវ​ជា​កូន​របស់​លោក ដូម៉ីងហ្គូស អឺបាណូ ដា ស៊ីលវ៉ា និង​លោកស្រី ម៉ារីយ៉ា ហូសេ ឌឺ អាល់មីដា ស៊ីលវ៉ា ។ លោក​បាន​ធំដឹងក្ដី​ឡើង​នៅទីក្រុង​រេស៊ីហ្វេ ហើយ​បាន​ផ្សារភ្ជាប់​នឹង រេជីណា ម៉ារីយ៉ា ឌឺ ខាវ៉ាល់ហូ ស៊ីលវ៉ា នៅ​ព្រះវិហារ​បរិសុទ្ធ​សៅប៉ូឡូ​ប្រេស៊ីល​នៅខែ​ឧសភា ឆ្នាំ​១៩៨៧ ។ គូស្វាមី​ភរិយា​នេះ​មានកូន​ពីរនាក់ ។

គាត់​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង​ធុរកិច្ច ( ដំណើរការ​ទិន្នន័យ ) ។ លោក​បានធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​អស់​រយៈពេល ៣០ ឆ្នាំ ។

ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ អែលឌើរ ស៊ីលវ៉ា បានបម្រើ​ជា​ប្រធាន​បេសកកម្ម​ជាមួយ​នឹង​ភរិយា​របស់លោក​នៅ​បេសកកម្ម​លូអង់ដា អង់ហ្គោឡា ។ លោក​ក៏​ធ្លាប់​បម្រើ​ជា​ពួកចិតសិបនាក់​ប្រចាំ​តំបន់ ប្រធាន​ស្តេក ប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ និង​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​បេសកកម្ម​ខឺរីទីបា​ប្រេស៊ីល​ដែរ ។

បោះពុម្ព