២០២២
អែលឌើរ ជែម ដបុលយូ ម៉ាក់ខនឃី III
ខែ ឧសភា ឆ្នាំ ២០២២


« អែលឌើរ ជែម ដបុលយូ ម៉ាក់ខនឃី III » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អែលឌើរ ជែម ដបុលយូ ម៉ាក់ខនឃី III

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

ពេល​អែលឌើរ ជែម ដបុលយូ ម៉ាក់ខនឃី III បាន​មក​ដល់​ប្រទេស​ឆេកូស្លូវ៉ាគី​នៅឆ្នាំ ១៩៩០ ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេងម្នាក់ ប្រទេស​នេះ​ទើបតែ​ងើប​ចេញ​លទ្ធិ​កុម្មុយនិស្ត ហើយ​ត្រៀម​ចាប់ផ្ដើម​រុករក​សាសនា និង​ជំនឿ​ជាថ្មី​ម្ដងទៀត ។ លោក​បានថ្លែង​ថា « ខ្ញុំបាន​ស្ថិតនៅ​កន្លែង​ដ៏​ត្រឹមត្រូវ​ក្នុង​ពេលវេលា​ត្រឹមត្រូវ ជាមួយ​នឹង​មនុស្ស​ដែល​ត្រឹមត្រូវ » ។

ក្រោយមកទៀត លោក​បាន​ត្រឡប់​ទៅ​តំបន់​នោះទៀត​ក្នុង​នាម​ជា​អ្នកជំនាញ​វ័យ​ក្មេង បាន​បង្កើត​មូលនិធិ​មិនស្វែង​រកប្រាក់​ចំណេញមួយ ហើយ​បន្ទាប់មក​បានបម្រើ​ជា​ប្រធាន​បេសកកម្ម​ឆេក/ស្លូវ៉ាគី ។

ពេល​លោក​មាន​អាយុ ១២ ឆ្នាំ ឪពុក​ម្ដាយ​របស់​លោក​បាន​អញ្ជើញ​លោក​ឲ្យ​សិក្សា​ពី​សៀវភៅ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ រួចហើយ​ពិភាក្សា​ពី​អ្វី​ដែល​លោក​បាន​អាន ។ អែលឌើរ ម៉ាក់ខនឃី បាន​ថ្លែង​ថា « ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ជឿ​លើ​សារៈសំខាន់​នៃ​ការបង្រៀន​ដល់​កូនៗ​ពួកលោកអំពី​ដំណឹងល្អ ដូចដែល​បាន​ណែនាំ​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។ កណ្ឌ ៦៨ អញ្ជើញ​ឪពុកម្ដាយ​ឲ្យ​បង្រៀន​កូនៗ​របស់​ពួកគេនូវ ‹ គោលលទ្ធិ​នៃ​ការប្រែចិត្ត › និង ‹ សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ › ( ខ​ទី ២៥ ) ។ ឪពុកម្ដាយ​របស់​ខ្ញុំ​បាន​ប្រកាន់​ខ្ជាប់​ការណ៍​នោះ​យ៉ាង​ម៉ឺងម៉ាត់ » ។

អារម្មណ៍​របស់​លោក​ចំពោះ​អានុភាព​នៃ​ដំណឹងល្អ​ដើម្បី​ផ្លាស់ប្ដូរ​មនុស្ស​បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ក្នុង​ព្រលឹង​របស់​លោក ។ លោក​បាន​ឃើញ​ថា រឿងដូច​គ្នា​នេះ​បាន​កើត​ឡើង​ចំពោះ​ពួក​បរិសុទ្ធ​នៅ​សាធារណរដ្ឋ​ឆេក និងស្លូវ៉ាគី ។

អែលឌើរ ជែម វិលសុន ម៉ាក់ខនឃី III បាន​កើត​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៩៧១ ត្រូវ​ជា​កូន​របស់​លោក ជេមស៍ វិលសុន ម៉ាក់ខនឃី II និង​លោកស្រី ជូឌីធ មីលឺ ម៉ាក់ខេនឃី ។ លោក​បាន​រៀបការ​នឹង ឡូរ៉េល ស្ព្រីងើរ នៅ​ខែ កក្កដា ឆ្នាំ ១៩៩៥ នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។ ពួកលោក​មាន​កូន​បួន​នាក់ ។

អែលឌើរ ម៉ាក់ខនឃី បាន​បញ្ចប់ការសិក្សា​ពី​សាកលវិទ្យាល័យ​យូថាហ៍ ដែល​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅឆ្នាំ ១៩៩៥ ហើយ​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅឆ្នាំ ១៩៩៩ ពី​មជ្ឈមណ្ឌល​ច្បាប់ជាតិ​នៃ​សាកលវិទ្យាល័យ​ចច វ៉ាស៊ីនតោន ។ ថ្មីៗនេះ​លោក​បម្រើ​ការ​ជា​មេធាវី​នៅ វ័កមិន នីឌេហ្គើរ និង​ជា​នាយក​នៃ​មូលនិធិ​វ៉លឡេស តូរ៉ង់តូ ដែល​លោក​បាន​ជួយ​បង្កើត​ឡើង ។

អែលឌើរ ម៉ាក់ខនឃី កំពុង​បម្រើ​ជា​ប្រធាន​ស្តេក​ពេល​លោក​ត្រូវ​បានហៅ​សម្រាប់​ការហៅ​របស់​លោក ។ លោក​ក៏​ធ្លាប់​បម្រើ​ជា​ប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព អ្នកដឹកនាំ​បេសកកម្ម​វួដ ទីប្រឹក្សា​ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ គ្រូបង្រៀន​ការរៀបចំខ្លួន​សម្រាប់​បេសកកម្ម គ្រូបង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ និង​ប្រធាន​យុវជន​វួដ ។

បោះពុម្ព