២០២២
អែលឌើរ អាយស៊ីក ខេ ម៉ូរីសុន
ខែ ឧសភា ឆ្នាំ ២០២២


« អាយស៊ីក ខេ ម៉ូរីសុន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អែលឌើរ អាយស៊ីក ខេ ម៉ូរីសុន

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ អាយស៊ីក ខេ ម៉ូរីសុន ថ្លែងថា លោក និង​ភរិយា​របស់លោក​ពុំសូវ​បាន​ទទួលទាន​ដំណេក​ទេ​ចាប់តាំងពី​ប្រធាន រ័សុល អិម ណិលសុន បានហៅ​អែលឌើរ ម៉ូរីសុន បម្រើ​ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​មក ។

លោក​បាន​ថ្លែង​ថា « យើង​ដឹង​ថា កិច្ចការនេះ​នឹង​ជា​ដំណើរ​វែងឆ្ងាយ​មួយ​សម្រាប់​យើង ។ យើង​នឹង​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​បង្ហាញ​ដល់​យើងនូវ​អ្វី​ដែល​យើង​គួរធ្វើ » ។

អែលឌើរ ម៉ូរីសុន ត្រូវបាន​ហៅ​ជា​ប្រធាន​ស្តេក​នៅឆ្នាំ ២០១៤ ជា​ពួកចិតសិបនាក់​ប្រចាំ​តំបន់​នៅឆ្នាំ ២០១៨ និង​ជា​ប្រធាន​បេសកកម្ម ខូស​កាប៉េ​ហ្គាណា​នៅឆ្នាំ ២០២០ ។

លោក​បានថ្លែង​ថា « រាល់​ការចាត់តាំង​បាន​កើតឡើង​នៅពេល​ដែល​ខ្ញុំ​មិនបាន​រំពឹងទុក ។ ប៉ុន្តែ​ខ្ញុំ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ និង​ពុំ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ខ្ញុំ​ផ្ទាល់​ឡើយ » ។

អែលឌើរ ម៉ូរីសុន បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​យុទ្ធសាស្ត្រ និង​ភាព​ជាអ្នកដឹកនាំ​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្វានមេ គ្រូម៉ា នៅ​ប្រទេស​ហ្គាណា ។ លោក​បាន​ធ្វើការ​ឲ្យ​សាសនាចក្រ​ក្នុង​តួនាទី​ជាច្រើន​ចាប់តាំង​ពី​ឆ្នាំ ២០០៤ មក ថ្មីៗ​នេះលោក​បម្រើការ​ងារ​ជា​អ្នកគ្រប់គ្រង​ផ្នែក​គាំទ្រ​ថ្នាក់ដឹកនាំ និង​សមាជិក​សម្រាប់​ទ្វីប​អាហ្វ្រិក​ខាងលិច ។

អាយស៊ីក ខេ ម៉ូរីសុន កើត​នៅថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ នៅ​ទីក្រុង តាកូរ៉ាឌី ប្រទេស​ហ្គាណា ត្រូវ​ជា​កូន​របស់លោក យ៉ូសែប កូចូ ម៉ូរីសុន និង​លោកស្រីម៉ារី អេហ្វូអា អូប៊ូអា សាហ្វូ ។

កាលពីក្មេង អែលឌើរ ម៉ូរីសុន និង​គ្រួសារ​របស់​លោក​បានចូល​រួម​ការប្រជុំ​ព្រះវិហារ​និកាយ​ផ្សេង ។ ពេល​លោក​ផ្លាស់​ទៅរស់​នៅជាមួយ​នឹង​គ្រួសារ​របស់​ពូលោក​ដើម្បី​ចូលរៀន​នៅ​វិទ្យាល័យ នោះលោក​បាន​ចូល​រួម​ការប្រជុំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាមួយ​នឹង​ពួកគេ រួចហើយ​ទៅ​ការប្រជុំ​នៅ​ព្រះវិហារ​របស់​លោក ។ មាន​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​នាព្រឹក​ព្រលឹម​មួយរូប​បាន​អញ្ជើញ​លោក​ឲ្យ​ចូលរួម​ថ្នាក់​សិក្ខាសាលា ជាកន្លែង​ដែល​លោក​បាន​ជួប​នឹង ហាន់ណា នីយ៉ាកូ ។

លោក​បាន​ថ្លែង​ថា « នាង​ឆ្លាតណាស់ ហើយ​តែង​ផ្ដល់​មតិ​យោបល់​ល្អៗ ។ វាពិតជា​ធ្វើឲ្យ​ខ្ញុំ​ចង់សិក្សា​បន្ថែមទៀត » ។ បន្ទាប់ពី​ការសិក្សា​អំពី​ព្រះគម្ពីរ​មរមន​នៅ​​ឆ្នាំ​នោះមក លោក​បាន​ថ្លែង​ថា « ខ្ញុំ​បាន​ត្រៀមខ្លួនរួច​ជា​ស្រេច​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក » ។

នៅថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០០៤ លោក និង​ហាន់ណា បាន​រៀបការ​នៅ​តាកូរ៉ាឌី ហើយ​បានផ្សារ​ភ្ជាប់​នៅ​បីថ្ងៃ​ក្រោយមក​នៅ​ព្រះវិហារ​បរិសុទ្ធ​អាក្រា ហ្គាណា ។ ពួកលោក​មាន​កូន​ប្រុស​បីនាក់ ។

បន្ថែម​ពីលើ​ការហៅ​ផ្សេងទៀត​របស់លោក អែលឌើរ ម៉ូរីសុន បានបម្រើ​ជា​ទីប្រឹក្សា​ក្នុងគណៈប្រធាន​ស្តេក ប៊ីស្សព ទីប្រឹក្សា​ក្នុងគណៈប៊ីស្សព ប្រធាន​កូរ៉ុម​អែលឌើរ គ្រូ​បង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅប្រទេស​នីហ្សេរីយ៉ា ។

បោះពុម្ព