២០២២
ពួក​ស៊ីស្ទើរ​ពង្រឹង និង​បម្រើ
ខែ ឧសភា ឆ្នាំ ២០២២


ពួក​ស៊ីស្ទើរ​ពង្រឹង និង​បម្រើ

គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បានបន្ត​កិច្ចការ​របស់​ពួកគាត់​ទាំង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ដោយ​ផ្ទាល់ ដើម្បី​ពង្រឹង​ក្រុម​គ្រួសារ និង​បុគ្គល​ម្នាក់ៗ ហើយ​បម្រើ​បុត្រាបុត្រី របស់​ព្រះ​ទូទាំង​ពិភពលោក ។

នៅខែ មីនា ឆ្នាំ ២០២២ ប្រធាន ជីន ប៊ី ប៊ីងហាំ បាន​ថ្លែង​អំពី​ខួប​លើក​ទី ១៨០ នៃ​ការ​បង្កើត​សមាគមសង្គ្រោះ ។ គាត់​បាន​ថ្លែង​ថា សព្វថ្ងៃ​នេះ​មាន​បងប្អូន​ស្រី​ប្រាំពីរ​លាន​នាក់កន្លះ​កំពុង​ជួយ​សម្រាល​ការរងទុក្ខ សង្គ្រោះ​ព្រលឹង និង​បំពេញ​គោលបំណង​តែមួយ​ដែល​សមាគម​សង្គ្រោះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៤២ ។

ប្រធាន ប៊ីងហាំ និង ស៊ីស្ទើរ សារ៉ុន អូប៊ែង ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ និង​ជា​ប្រធាន​សប្បុរសធម៌​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ចុះ​ទស្សនកិច្ច​នៅប្រទេស​មួយចំនួន​ក្នុង​មជ្ឈឹមបូព៌ា ។ នៅទីក្រុង​ខៃរ៉ូ ប្រទេស​អេហ្ស៊ីប ប្រធាន ប៊ីងហាំ បាន​ថ្លែង​ថា គាត់​មាន​ចំណាប់អារម្មណ៍​ចំពោះ « សេចក្ដីស្រឡាញ់​ពិត​ដែល​ពួក​បរិសុទ្ធ​មាន​ចំពោះ​គ្នា » ។ ប្រធាន ប៊ីងហាំ និង ស៊ីស្ទើរ អូប៊ែង ក៏​បាន​ចុះទស្សនកិច្ច​ជំរំ​ជនភៀសខ្លួន​នៅ ឃឺដឌីស្ទៃន ជា​កន្លែង​ដែល​សាសនាចក្រ​បាន​ជួយ​ផ្ដល់​កន្លែង​ស្នាក់នៅ​ផងដែរ ។

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សា​ទីពីរ បាន​ចុះ​ទស្សនកិច្ច​ប្រទេស​អេស្ប៉ាញ​ជាមួយ​នឹង ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធានយុវនារី​ទូទៅ ។ ស៊ីស្ទើរ អាប៊ើតូ បាន​ថ្លែង​នៅ​ឯ​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​កុមារ និង​យុវវ័យ​ថា « សេចក្ដីសុខសាន្ត​របស់​ព្រះ​ទ្រាំទ្រ និង​ឆ្លងផុត​រាល់​អំពើ​អាក្រក់​ក្នុង​លោកិយ​នេះ » ។

តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ចុះផ្សាយ​សារលិខិត​អំពី​អាហារូបត្ថម្ភ សុខុមាលភាព និង​សុខភាព​របស់​កុមារ ដោយ​ការ​សម្រប​សម្រួល​ជាមួយ​សេវាកម្ម​សុខុមាលភាព និង​ភាព​ខ្លួនទីពឹង​ខ្លួន​របស់​សាសនាចក្រ ដើម្បី​ផ្ដល់​សារលិខិតដល់​ឪពុកម្ដាយ​អំពី​អត្ថប្រយោជន៍​នៃ​ការលាងដៃ ទឹកស្អាត ជម្រើស​អាហារ​សុខភាព ការបំបៅកូន​ដោយទឹកដោះ ការចាក់ថ្នាំ​បង្ការ អនាម័យ និងការទៅជួប​គ្រូពេទ្យ ។

គណៈប្រធាន​នេះ​ក៏​បាន​លើក​ទឹកចិត្ត​ដល់​បងប្អូន​ស្រី ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​អ្វី​ដែល​បាន​លើកទឹកចិត្ត​ពួកគេ ឲ្យ​ចូលរួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​សមាគម​សង្គ្រោះ និង​អំពី​របៀប​ធ្វើ​ឲ្យ​សមាគម​សង្គ្រោះ​កាន់តែ​មាន​ការ​រាប់អាន និង​ការគាំទ្រ ។

បោះពុម្ព