ឆ្នាំ ២០២៣
របៀប​ដែល​អត្តសញ្ញាណ​ដ៏ទេវភាព​មាន​ឥទិ្ធពល​លើ​ការមាន​ចំណែក និង​ការក្លាយ​ទៅជា
ខែ មីនា ឆ្នាំ ២០២៣


« របៀប​ដែល​អត្តសញ្ញាណ​ដ៏ទេវភាព​មាន​ឥទិ្ធពល​លើ​ការមាន​ចំណែក និង​ការក្លាយ​ទៅជា » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

របៀប​ដែល​អត្តសញ្ញាណ​ដ៏ទេវភាព​មាន​ឥទិ្ធពល​លើ​ការមាន​ចំណែក និង​ការក្លាយ​ទៅជា

នៅពេល​យើង​ដាក់​អាទិភាព​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​ភាពជាសិស្ស​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រកឃើញ​នូវ​អំណរ​នៅក្នុង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ទទួល​បាន​អារម្មណ៍​នៃ​ការរួម​ចំណែក​ដ៏​ស្ថិតស្ថេរ ហើយ​ទីបំផុត​ឈាន​ដល់​សក្តានុពល​ដ៏ទេវភាព​របស់​យើង ។

រូបភាព
ក្រុម​មនុស្ស​ផ្សេងៗគ្នា

សមាគម​ចិត្តសាស្រ្ត​អាមេរិក​កំណត់​និយមន័យ ការមាន​ចំណែក ថាជា « អារម្មណ៏​នៃ​ការទទួល​ស្គាល់ និង​យល់ព្រម​ដោយ​ក្រុម​មួយ » ។

ជាអកុសល មិនមែន​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​អារម្មណ៍​ថា​មាន​ចំណែក​នោះទេ ហើយ​ជួនកាល​យើង​ព្យាយាម​កែតម្រូវ​ខ្លួន​យើង​ដើម្បី​បានការ​ទទួល​ស្គាល់​ពីអ្នកដទៃ ។ ចូអាណា ខេណិន គ្រូ​ពេទ្យ​រោគ​សតិ​ជនជាតិ​អង់គ្លេស ពន្យល់​ថា « យើង​ទាំងអស់គ្នា​ចង់​ចុះសម្រុង​នឹងគេ » ។ « ដើម្បី​សម្រេច​បាន​នូវ​ការណ៍​នោះ យើង​តែងតែ​បង្ហាញ​នូវ​កំណែ​ខុសគ្នា​បន្តិច​បន្តួច​អំពី​ខ្លួន​យើង​ថាជា​នរណា អាស្រ័យ​ទៅលើ​ស្ថានភាព និង​ក្រុម​ដែល​យើង​នៅ​ជាមួយ​នោះ ។ យើង​ប្រហែល​ជាមាន ‹ ឥរិយាបថ › ផ្ទាល់ខ្លួន​យើង​ជាច្រើន​របៀប—សម្រាប់​កន្លែង​ធ្វើការ នៅ​ផ្ទះ ឬ​សូម្បី​នៅតាម​អនឡាញ​ផងដែរ » ។

វា​សំខាន់​ណាស់​ក្នុង​ការកត់​សម្គាល់​ថា មាន​ភាពខុស​ប្លែកគ្នា​រវាង​ការចុះសម្រុង​គ្នា និង​ការមាន​ចំណែក ។ ប្រេណេ ប្រោន អ្នកស្រាវជ្រាវ និង​ជា​អ្នក​និពន្ធ​ជនជាតិ​អាមេរិក​ម្នាក់ បាន​សង្កេតថា « ការចុះសម្រុងគ្នា និង​ការ​មាន​ចំណែក គឺ​មិន​ដូចគ្នា​នោះទេ ។ តាមពិត ការចុះសម្រុងគ្នា គឺជា​ឧបសគ្គ​ដ៏ធំ​បំផុត​មួយ​នៃ​ការមាន​ចំណែក ។ ការចុះ​សម្រុងគ្នា គឺ​អំពី​ការវាយ​តម្លៃ​លើ​ស្ថានភាព​មួយ ហើយ​ប្រែក្លាយ​ខ្លួន​ឲ្យទៅជា​បុគ្គល​ដែល​គេ​ត្រូវការ​ដើម្បី​​បាន​ការទទួល​ស្គាល់​ពី​អ្នកដទៃ ។ ផ្ទុយ​ទៅវិញ ការមាន​ចំណែក មិន​តម្រូវ​ឲ្យ​យើង​ធ្វើ ការផ្លាស់ប្តូរ ខ្លួនយើង​នោះទេ វា​តម្រូវឲ្យ​យើង​ធ្វើ ជា ខ្លួន​យើង​ប៉ុណ្ណោះ » ។

ការស្គាល់​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង​គឺ​ចាំបាច់​ណាស់​សម្រាប់​ការមាន​ចំណែក​ដ៏​មាន​អត្ថន័យ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ចំណាយ​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​កែតម្រូវ​ខ្លួនយើង ក្នុងការ​ស្វែងរក​ការទទួល​ស្គាល់​ពីអ្នកដទៃ​នៅ​កន្លែង​ដែល​មិនមាន​ការគោរព ឬ​សមស្រប​ទៅនឹង​ធម្មជាតិ​ដ៏​អស់កល្ប​របស់​យើង​ជា​មិនខាន ។ លើសពីនេះ​ទៅទៀត កន្លែង​ដែល​យើង​ជ្រើសរើស​ដើម្បី​មាន​ចំណែក អាច​ដឹកនាំ​ទៅរក​ការ​ផ្លាស់ប្តូរ​តម្លៃ និង​ឥរិយាបថ​របស់​យើង ពេល​យើង​អនុលោម​តាម​ទម្លាប់ និង​បទដ្ឋាន​របស់​ក្រុម​នោះ ។ យូរៗទៅ កន្លែង​ដែល​យើង​ជ្រើសរើស​ដើម្បី​មាន​ចំណែក​នឹង​មាន​ឥទ្ធិពល​លើ​ការប្រែក្លាយ​ខ្លួន​របស់​យើង ។

រួម​សេចក្តីមក ការទទួល​យក​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង​ជះ​ឥទ្ធិពល​លើ​កន្លែង​ដែល​យើង​ប្រាថ្នា​ចង់​មាន​ចំណែក ហើយ​កន្លែង​ដែល​យើង​បាន​ជ្រើសរើស​ដើម្បី​មាន​ចំណែក នាំ​ឲ្យ​យើង​ក្លាយ​ជា​បុគ្គល​ដែល​ខ្លួន​យើង​នឹង​ប្រែក្លាយ​ជាក់​ជា​មិនខាន​ឡើយ ។

អត្តសញ្ញាណ​ដ៏ទេវភាព

យើង​ទាំងអស់គ្នា​បាន​រស់នៅ​ជាមួយ​ព្រះ​នៅ​ជីវិត​មុន​ឆាក​ជីវិត​នេះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:២៩; ១៣៨:៥៥–៥៦ ) ។ យើង​ត្រូវបាន​បង្កើតមក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់—ជា​ប្រុស​ជា​ស្រី ( សូមមើល លោកុប្បត្តិ ១:២៧ ) ។ ទ្រង់​បាន​រៀបចំ​ផែនការ​សម្រាប់​យើង​ដើម្បី​ប្រែក្លាយ​ឲ្យ​ដូចជា​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩-២០, ២៣–២៤ ) ។ ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​មាន​ពាក់ព័ន្ធ​នឹង​យើង​ចុះ​មក​ផែនដី​ដើម្បី​ទទួល​បាន​រូបកាយ ចំណេះដឹង ហើយ​នៅទីបំផុត​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ដើម្បី​រស់នៅ​ជាមួយ​ទ្រង់​ក្នុង​សេចក្តី​អំណរ​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី២ ២; ; អ័ប្រាហាំ ៣:២៦ ) ។ ព្រះ​បាន​បើក​សម្តែង​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ មិន​គួរ​ឲ្យ​ជឿ យើង គឺជា​ស្នាដៃ និង​សិរី​រុងរឿង​របស់​ទ្រង់ ! នេះ​ស​បញ្ជាក់​អំពី​តម្លៃ និង​គុណតម្លៃ​ដ៏​សម្បើម​របស់​យើង​ចំពោះ​ទ្រង់ ។

ដោយសារ​មាន​មនុស្ស​រាប់ពាន់​លាននាក់​នៅលើ​ផែនដី​នេះ អ្នក​ខ្លះ​ប្រហែលជា​ពិបាក​នឹង​ទទួល​យកថា ព្រះ​គិត​ដល់​យើង​ម្នាក់ៗ ។ ខ្ញុំ​សូមធ្វើ​ជា​សាក្សី​ថា ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ហើយ​ក៏​ជ្រាប​ពី​អ្វីៗ​ដែល​យើង​កំពុង​ធ្វើ កន្លែង​ដែល​យើង​នៅ និង​សូម្បី​តែ « គំនិត និង​បំណង​នៅក្នុង​ចិត្ត [ របស់​យើង ] [ ទាំងអស់គ្នា ]​ផងដែរ » ។( អាលម៉ា ១៨:៣២ ) ។ យើង​មិន​គ្រាន់តែ « បាន​រាប់​ចំពោះ » ព្រះ​ប៉ុណ្ណោះទេ ( ម៉ូសេ ១:៣៥ ) ប៉ុន្តែ​ទ្រង់​ក៏​ស្រឡាញ់​យើង​យ៉ាង​ឥតខ្ចោះ​ផងដែរ ( សូមមើល នីហ្វៃទី១ ១១:១៧ ) ។

ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ចំពោះ​យើង ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ចង់​ចែកចាយ​អ្វី​ទាំងអស់​ដែល​ទ្រង់​មាន​ជាមួយនឹង​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៨ ) ។ លើស​ពី​អ្វីៗ​ទាំងអស់ យើង​គឺជា​បុត្រាបុត្រី​របស់​ទ្រង់ ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ ធ្វើ​អ្វី​ដែល​ទ្រង់​ធ្វើ និង​ទទួល​បាន​នូវ​អំណរ​ដែល​ទ្រង់​មាន ។ នៅពេល​យើង​បើក​ដួងចិត្ត និង​គំនិត​របស់​យើង​ចំពោះ​សេចក្តី​ពិត​នេះ « ព្រះវិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ » ( រ៉ូម ៨:១៦–១៧ ) ។

ភាពខុសគ្នា​នៃ​ជីវិត​រមែងស្លាប់

នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ យើង​បាន​ដើរតាម​ព្រះ ឮ​ព្រះសូរសៀង​របស់​ទ្រង់ និង​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ យើង​បាន​ឆ្លង​កាត់​វាំងនន​នៃ​ការ​បំភ្លេច ចូល​ទៅក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​លែង​មាន​ការចងចាំ​ពី​ជីវិត​របស់​យើង​មុន​ទៀតហើយ ។ លក្ខខណ្ឌ​នៃ​បរិយាកាស​នៃ​ជីវិត​រមែង​ស្លាប់​នេះ ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​ឡើង​នៅក្នុង​ការយល់​អំពី​និស្ស័យ​នៃ​ព្រះ​របស់​យើង និង​ការរួម​ចំណែក​ដែល​យើង​បាន​មាន​នៅឯ​គេហដ្ឋាន​សួគ៌ា​របស់​យើង ។

ឧទាហរណ៍ ការផ្តោត​អារម្មណ៍​ច្រើន​ពេក​លើ​ភាពខុសគ្នា​នៃ​ហ្សែន និង​ស្ថានភាព​រស់នៅ​របស់​យើង​អាច​ជា​ឧបសគ្គ​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះ ។ មារសត្រូវ​ព្យាយាម​ទាញយក​ភាពខុសគ្នា​ទាំងនេះ ដើម្បី​បង្វែរ​យើង​ចេញពី​ដើម​កំណើត​ដ៏ទេវភាព​ទូទៅ​របស់​យើង ។ យើង​ទទួល​ស្លាក​ពី​អ្នក​ដទៃ ហើយ​ពេល​ខ្លះ​ថែម​ទាំង​សន្មត់​ពី​ស្លាក​ទាំងនោះ​ដោយ​ខ្លួន​ឯង​ទៀត​ផង ។ វា​មិន​មាន​អ្វី​ខុស​ទេ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ជាមួយ​នឹង​អ្នកដទៃ ដោយ​ផ្អែក​ទៅលើ​លក្ខណៈសម្បត្តិ​ខាង​លោកិយ តាមពិតទៅ ពួក​យើង​ជាច្រើន​រកឃើញ​សេចក្តី​អំណរ និង​ការគាំទ្រ​ពីអ្នក​ដែល​មាន​ចរិតលក្ខណៈ និង​បទពិសោធន៍​ស្រដៀងនឹង​យើង​ដែរ ។ ប៉ុន្តែ នៅពេល​ដែល​យើង​ភ្លេច​អត្តសញ្ញាណ​ដ៏សំខាន់​របស់​យើង​ជា​កូន​របស់​ព្រះ យើង​អាច​ចាប់ផ្តើម​ភ័យខ្លាច មិន​ទុកចិត្ត ឬ​មាន​អារម្មណ៍​ថា​ខ្លួន​យើង​ប្រសើរ​ជាង​អ្នក​ដែល​ខុស​ពីយើង ។ អាកប្បកិរិយា​ទាំងអស់​នេះ​ជារឿយៗ​នាំ​ទៅរក​ការបែកបាក់ ការរើសអើង និង​សូម្បីតែ​ការបំផ្លិចបំផ្លាញ ( សូមមើល ម៉ូសេ ៧:៣២–៣៣, ៣៦ ) ។

នៅពេល​យើង​ចងចាំ​នូវ​មរតក​ដ៏​ទេវភាព​របស់​យើង នោះ​ភាពចម្រុះ​របស់​យើង​ផ្តល់​នូវ​ភាពស្រស់​ស្អាត និង​សម្បូរបែប​ដល់​ជីវិត ។ យើង​មើល​ឃើញ​ខ្លួនយើង​ថា ជា​បងប្អូន​ប្រុស​ស្រី ទោះ​បី​ជា​យើង​ខុស​គ្នា​ក៏​ដោយ ។ យើង​មក​គោរព និង​រៀន​ពីគ្នា​ទៅវិញ​ទៅមក ។ យើង​ខិតខំ​ផ្តល់​ការ​គាំទ្រ​ដល​អ្នកដទៃ​ដើម្បីឲ្យ​មាន​ចំណែក ជាពិសេស​នៅពេល​ដែល​លក្ខណៈសម្បត្តិ និង​បទពិសោធន៍​របស់​ពួកគេ​ខុស​ពី​យើង ។ យើង​មាន​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ការបង្កបង្កើត​ផ្សេងៗ​ទាំងឡាយ​របស់​ទ្រង់ ។

ខណៈពេល​ដែល​ហ្សែន និង​ស្ថានភាព​រស់នៅ​របស់​យើង​មាន​ឥទ្ធិពល​លើ​បទពិសោធន៍​របស់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ រឿង​ទាំងនោះ​មិនមែន​កំណត់​ពី​ខ្លួនយើង​នោះទេ ។ យើង​គឺ​ជាបុត្រាបុត្រី​របស់​ព្រះ ដែល​មាន​សក្ដានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។

ការមាន​ចំណែក​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ

ដោយ​ដឹងថា​យើង​នឹង​ប្រឈមមុខ​នឹង​បញ្ហា​សំខាន់ៗ​នៅក្នុង​ជីវិត​រមែងស្លាប់ នោះ​ព្រះ​បាន​រៀបចំ និង​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ឲ្យមក​ជួយ​យើង​យកឈ្នះ​នូវ​ឧបសគ្គ​ទាំងនេះ ។ ព្រះគ្រីស្ទ​ស្មគ្រ័ព្រះទ័យ​ជួយ​យើង​ឲ្យ​បង្កើត​នូវ​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល ដែល​យើង​ធ្លាប់​មាន​ជាមួយ​នឹង​ព្រះ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ឡើង​វិញ ។ ដូច​ព្រះគ្រីស្ទ​បាន​ពន្យល់​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ( យ៉ូហាន ១៤:៦; សូមមើល​ផងដែរ យ៉ូហាន ៣:១៦–១៧ ) ។

ព្រះគ្រីស្ទ​គឺ តែងតែ មាន​ឆន្ទៈ​ជួយ​យើង​ជានិច្ច ។ យើង​ជា​កម្មសិទ្ធិ​របស់​ទ្រង់ ( សូមមើល កូរិនថូស ទី១ ៦:២០ ) ហើយ​ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​យើង​មក​រក​ទ្រង់ ។ នៅក្នុង​បន្ទូល​ផ្ទាល់​របស់​ទ្រង់ ព្រះអង្គសង្រ្គោះ​សន្យាថា « មក​រក​យើង​ដោយ​អស់​ពី​ដួង​ចិត្ត ទើប​យើង​នឹង​ទទួល​អ្នក » ( នីហ្វៃទី៣ ១២:២៤ ) ។

ដូច្នេះ តើ​យើង​មក​រក​ព្រះ​គ្រីស្ទ​ដោយ​អស់​ពី​ដួង​ចិត្ត​ដោយ​របៀប​ណា ?

ដំបូង យើង​ទទួល​យក​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ។ យើង​ទទួល​ស្គាល់​ភាពអស្ចារ្យ​របស់​ព្រះ ពី​ស្ថានភាព​វង្វេង និង​ភាព​ធ្លាក់​របស់​យើង និង​ការ​ពឹង​ផ្អែក​ទាំងស្រុង​របស់​យើង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​បាន​សង្គ្រោះ ។ យើង​ប្រាថ្នា​ចង់​​ឲ្យ​គេ​ស្គាល់​ដោយ​ព្រះ​នាម​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ៥:៧–៨ ) ហើយ​ចង់​ធ្វើជា​សិស្ស​របស់​ទ្រង់ « នៅក្នុង​ជីវិត​យើង​ខ្ញុំ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » ( ម៉ូសាយ ៥:៥ ) ។

ទីពីរ យើង​មក​រក​ព្រះ​គ្រីស្ទ​ដោយ​អស់​ពី​ដួង​ចិត្ត ដោយ​ការចុះ និង​ការរក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយនឹង​ព្រះ ( សូមមើល អេសាយ ៥៥:៣ ) ។ សេចក្តីសញ្ញា​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ការ​តម្កើងឡើង​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព ។

រូបភាព
ក្មេងប្រុស​ម្នាក់​កំពុង​ចែក​សាក្រាម៉ង់​ទៅកាន់​សមាជិក

ការចុះ និង​ការរក្សា​សេចក្ដីសញ្ញា​មិន​ត្រឹមតែ​ចង​យើង​ជាមួយ​នឹង​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ភ្ជាប់​យើង​ជាមួយគ្នា​ទៅវិញ​ទោមក​ផងដែរ ។ កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បាន​ទៅ​លេង​ប្រទេស កូស្តារីកា ជាមួយ​គ្រួសារ ហើយ​បាន​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​នៅ​ឯ​អង្គភាព​សាសនាចក្រ​ក្នុង​តំបន់​មួយ​កន្លែង ។ នៅពេល​យើង​ដើរ​ចូលទៅ យើង​ត្រូវ​បាន​ស្វាគមន៏​យ៉ាង​កក់ក្តៅ​ដោយ​សមាជិក​មួយ​ចំនួន ។ អំឡុងពេល​ការប្រជុំ យើង​បាន​ច្រៀង​ទំនុក​តម្កើង​សាក្រាម៉ង់​ជាមួយ​នឹង​ក្រុម​ជំនុំ​តូច​នោះ ។ យើង​បាន​មើល​ពួកសង្ឃ​រៀបចំ​សាក្រាម៉ង់ ហើយ​បន្ទាប់​មក​បាន​ស្តាប់​នៅពេល​ពួកគេ​សូត្រ​ការអធិស្ឋាន​សាក្រាម៉ង់ ។ នៅពេល​នំប៉័ង និង​ទឹក​ត្រូវ​បាន​ហុច​មក​ដល់​ពួកយើង នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក​រក្សា​សេចក្ដីសញ្ញា​ទាំងនេះ​គ្រប់ៗគ្នា ។ ខ្ញុំ​មិន​បាន​ជួប​ពួកគេ​ណា​ម្នាក់​ពីមុន​ការ​ប្រជុំ​នោះ​ទេ ប៉ុន្តែ​ខ្ញុំទទួល​អារម្មណ៍​រួបរួម និង​ចំណង​មិត្តភាព​ជាមួយ​ពួកគេ ដោយសារ​យើង​ទាំងអស់គ្នា​បាន​ចុះ​សន្យា និង​ខិតខំ​រក្សា​ការសន្យា​ដូចគ្នា​នោះ​ចំពោះ​ព្រះ ។

នៅពេល​យើង​ចុះ និង​ខិតខំ​រក្សា​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ យើង​ចាប់ផ្តើម​មាន​អារម្មណ៍​នៃ​ការមាន​ចំណែក​ច្រើនជាង​ដែល​អាច​សម្រេច​បាន​តាមរយៈ​ការជាប់​ទាក់ទង​ជាមួយ​ក្រុម​ខាងលោកិយ ឬ​ក្រុម​ខាង​សាច់ឈាម​ណាមួយ​ទៅទៀត ។ យើង « មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ » ( អេភេសូរ ២:១៩ ) ។

ខ្ញុំ​ទទួល​ស្គាល់​ថា យើង​មួយ​ចំនួន ដោយសារ​ស្ថានភាព​ក្នុង​ជីវិត​រមែងស្លាប់ នឹង​មិន​មាន​ឱកាស​ទទួល​រាល់​ពិធី​បរិសុទ្ធ និង​ចុះ​សេចក្ដីសញ្ញា​ទាំងអស់​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ទេ ។ ក្នុង​ករណី​បែប​នេះ ព្រះ​សុំ​ឲ្យ​យើង​ធ្វើ « អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី២ ២៥:២៣ ) ដើម្បី​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​មាន​សម្រាប់​យើង ។ បន្ទាប់​មក​ទ្រង់​សន្យា​ថា នឹង​ផ្តល់​ឱកាស​ដល់​យើង​ដើម្បី​ទទួល​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ដែល​នៅ​សេសសល់​នៅក្នុង​ជីវិត​ក្រោយ​ទៀត ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៤, ៥៨ ) ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​ពរជ័យ​គ្រប់យ៉ាង​ដែល​ទ្រង់​មាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ២:៤១ ) ។

រូបភាព
ការពិពណ៌នា​អំពី​ព្រះយេស៊ូវ​ជាមួយ​កុមារ​មួយ​ចំនួន

ការក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ

ព្រះ​មាន​ព្រះទ័យ​រីករាយ​ពេល​យើង​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់ សាមគ្គីភាព និង​កម្លាំង​ដែល​កើត​ចេញ​ពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​នៃ​ការ​រួម​ចំណែក​ជាមួយ​ទ្រង់ ព្រះរាជបុត្រា​របស់​ទ្រង់ និង​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់​ទាំងទ្វេ​ផងដែរ ។ ប៉ុន្តែ​ទ្រង់​មាន​ផែនការ​កាន់តែ​ប្រសើរ​ជាង​នេះ​សម្រាប់​យើង ! ខណៈពេល​ដែល​ទ្រង់​អញ្ជើញ​យើង​ឲ្យ​មក​ជាខ្លួនយើង ព្រះ​រាជបំណង​ពិត​របស់​ទ្រង់​គឺ​ចង់​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ ។

ការចុះ និង​ការរក្សា​សេចក្តីសញ្ញា​មិន​គ្រាន់តែ​ជួយ​យើង​ឲ្យ​មាន​ចំណែក​ជាមួយ​ព្រះ និង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អំណាច​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ទាំងទ្វេ​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩-២២ ) ។ នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​ដែល​ទាក់ទង​នឹង​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ការតម្កើងឡើង​នៃ​ដំណឹងល្អ នោះព្រះ​ចេស្តា​របស់​ព្រះ​អាច​ហូរ​ចូល​មក​ក្នុង​ជីវិត​របស់​យើង​បាន ។ យើង​អាច​មើល​ផ្លូវ​នៃ​សេចក្តីសញ្ញា​ថា​ដូចជា​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទេវភាព​មួយ​ប្រភេទ ។ នៅពេល​យើង​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ យើង​អនុវត្ត​នូវ​ការគិត ឥរិយាបទ និង​សេចក្ដីស្រឡាញ់​ដូច​ទ្រង់​ធ្វើ​ដែរ ។ បន្តិច​ម្តងៗ ជាមួយនឹង​ការជួយ និង​ព្រះចេស្ដា​របស់​ទ្រង់ នោះយើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ក្លាយ​ដូចជា​ទ្រង់​បាន ។

ព្រះ​ប្រាថ្នា​ចង់​ឲ្យ​យើង​ចូល​រួម​ជាមួយ​នឹង​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ក្នុង​ការ​នាំ « ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ទ្រង់​បាន​ប្រទាន​ពេលវេលា​ដល់​យើង​ម្នាក់ៗ​នៅលើ​ផែនដី​នេះ អំណោយទាន​ខាង​វិញ្ញាណ និង​សិទ្ធិ​ជ្រើសរើស​ដើម្បី​ប្រើ​វា​ក្នុង​ការបម្រើ​ដល់​អ្នកដទៃ ។ យើង​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​មាន​កិច្ចការ​សំខាន់​ឲ្យ​យើង​ធ្វើ ( សូមមើល ម៉ូសេ ១:៤, ៦ ) ។

ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​របស់​ទ្រង់ យើង​ត្រូវ​ងាក​ទៅ​បម្រើ​អ្នក​ដទៃ ហើយ​រៀន​ទុក​ព្រះ​ជា​ធំ​នៅក្នុង​ជីវិត ហើយ​ជា​ញឹកញាប់​ដាក់​សេចក្តី​ត្រូវការ​របស់​អ្នក​ដទៃ​ពីមុន​សេចក្តី​ត្រូវការ​របស់​ខ្លួន​យើង ។ ការ​ផ្តោត​ទៅលើ​ការជួយ​អ្នកដទៃ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ផ្ទាល់ខ្លួន ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១២–១៣ ) ប៉ុន្តែ​ក៏​បញ្ចូល​អត្ថន័យ​កាន់​តែ​ច្រើន​ក្នុង​ជីវិត​របស់​យើង និង​ផ្តល់​នូវ​សេចក្តី​អំណរ​ដ៏​អស្ចារ្យ​ផងដែរ ( សូមមើល អាលម៉ា ៣៦:២៤–២៦ ) ។

ពេល​យើង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ នោះ​យើង​មិន​គ្រាន់តែ​មាន​ចំណែក​ជាសមាជិក​នៃ​ក្រុម​មួយ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ យើង​ក្លាយជា​ដៃគូ​ដ៏​ពិតប្រាកដ​ជាមួយ​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មិនមាន​អារម្មណ៍​ណា​អស្ចារ្យ​ជាង​ការដឹង​ថា​ព្រះ​ទុកចិត្ដ​យើង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​តាមរយៈ​យើង​ដើម្បី​នាំ​ជីវិត​អស់កល្ប​ជានិច្ច​ដល់​អ្នកដទៃ​នោះទេ ។

រូបភាព
ក្រុម​មនុស្ស​ផ្សេងៗគ្នា​កំពុង​ធ្វើការរ​ជាមួយ​គ្នា

ការអញ្ជើញ​ទាំង​បី

ជា​ចុងក្រោយ ខ្ញុំ​សូម​ជូន​ការអញ្ជើញ​ចំនួន​បី ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ និង​ស្ថិតស្ថេរ​អំពី​អត្តសញ្ញាណ និង​ការមាន​ចំណែក ហើយ​អាច​ឲ្យ​យើង​ឈាន​ទៅដល់​សក្តានុពល​ដ៏​ទេវភាព​របស់​យើង ។

១. ខ្ញុំ​អញ្ជើញ​យើង​ឲ្យ​ផ្តល់​អាទិភាព​ដល់​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង​ក្នុង​នាម​ជា​បុត្រី និង​បុត្រា​របស់​ព្រះ ។ នេះ​មាន​ន័យថា​យើង​ផ្អែក​ទៅលើ​តម្លៃ​ខ្លួន​របស់​យើង​នៅលើ​ដើម​កំណើត​ដ៏​ទេវភាព​របស់​យើង ។ យើង​ស្វែងរក​ការស្ថាបនា​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ការប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក និង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សកម្មភាព​ផ្សេងទៀត​ដែលនាំ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង ហើយ​ពង្រឹង​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ។ យើង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

២. ខ្ញុំ​អញ្ជើញ​យើង​ឲ្យ​ទទួល​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្រ្គោះ​របស់​យើង និង​ដាក់​ភាព​ជា​សិស្ស​របស់​យើង​ចំពោះ​ទ្រង់​ពីលើ​ការពិចារណា​ផ្សេងទៀត​នានា ។ នេះ​មានន័យ​ថា យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​របស់​ទ្រង់ ហើយ​ថា​យើងប្រាថ្នា​ឲ្យ​គេ​ស្គាល់​យើង​ជា​អ្នក​ដើរតាម​ទ្រង់ ។ យើង​ខិតខំ​ដើម្បី​ទទួល​បាន​ការអភ័យ​ទោស និង​កម្លាំង​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ។ យើង​ចុះ​សេចក្តីសញ្ញា និង​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ ។ យើង​ព្យាយាម​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

៣. ខ្ញុំ​អញ្ជើញ​យើង​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ​តាមរយៈ​ការជួយ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។ នេះ​មាន​ន័យថា យើង​ជួយ​អ្នកដទៃ​មើល​ឃើញ​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ ហើយ​ទទួល​អារម្មណ៍ថា​កំពុង​មាន​ចំណែក ។ យើង​ចែកចាយ​ដោយ​បើកចំហ​នូវ​សេចក្តី​អំណរ​ដែល​យើង​រកឃើញ​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល អាលម៉ា ៣៦:២៣–២៥ ) ។ យើង​ព្យាយាម​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ចុះ និង​រក្សា​សេចក្តី​សញ្ញា​​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ ។ យើង​ស្វែងរក​ការណែនាំ​ពី​ព្រះ ដើម្បី​ដឹង​ថា​នរណា​ដែល​យើង​អាច​ផ្ដល់​ពរ និង​របៀប​ដើម្បី​ធ្វើ​ដូច្នេះ ។

ខ្ញុំ​សន្យា​ថា នៅពេល​យើង​ផ្តល់​អាទិភាព​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​ភាពជា​សិស្ស​របស់​យើង​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រកឃើញ​សេចក្តី​អំណរ​នៅក្នុង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ទទួល​បាន​នូវ​អារម្មណ៍​នៃ​ការមាន​ចំណែក​ដ៏​ស្ថិតស្ថេរ ហើយ​ទីបំផុត​ឈានដល់​សក្តានុពល​ដ៏​ទេវភាព​របស់​យើង ។

ដកស្រង់​មកពី​សុន្ទរកថា​មួយ​មាន​ចំណង​ជើង​ថា « Divine Identity, Becoming, and Belonging » ដែល​ថ្លែង​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ កាលពី​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ។

កំណត់​ចំណាំ

  1. APA Dictionary of Psychology, s.v. “belonging,” dictionary.apa.org.

  2. ចូអានណា ខានុន « We All Want to Fit In » Psychology Today ( ប្លុក ) ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦ គេហទំព័រ psychologytoday.com ។

  3. ប្រេណេ ប្រោន Daring Greatly: How the Courage to Be Vulnerable Transforms the Way We Live, Love, Parent, and Lead ( ឆ្នាំ ២០១៥ ) ទំព័រ ២៣១–៣២ ។

  4. ព្រះ​គម្ពីរ​មរមន​និទាន​អំពី​គ្រាមួយ​ដែល​មនុស្ស​ទោះបី​ជា​ចម្រុះគ្នា​ក៏ដោយ ក៏​នៅតែបាន​រួបរួម​ក្នុង​ព្រះដែរ ( សូមមើល នីហ្វៃទី ៤ ១:១៥–១៧ ) ។ មនុស្ស​មួយ​ក្រុម​នេះ​បាន​ចងចាំ​ពី​មរតក​ដ៏ទេវភាព​របស់​ពួកគេ បាន​ដាក់​ភក្តីភាព​របស់​ពួកគេ​ចំពោះ​ទ្រង់​នៅលើ​អ្វីៗទាំងអស់ ហើយ​រស់នៅ​ដោយ​សាមគ្គីភាព និង​សេចក្តី​ស្រឡាញ់​ជាមួយ​អ្នកដទៃ ទោះបីជា​មាន​ស្ថានភាព និង​លក្ខណៈ​ខុសគ្នា​ក៏ដោយ ។

  5. ព្រះ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ក៏​បង្កើត​បរិយាកាស​នៃ​សមភាព និង​សេចក្តីសញ្ញា​នៃការមាន​ចំណែក​ផងដែរ ។ សូម​ពិចារណា​ដូច​តទៅ​នេះ​អំពី​បទពិសោធន៍​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ មនុស្ស​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ យើង​ទាំងអស់​គ្នា​ស្លៀក​សម្លៀក​បំពាក់​ពណ៌ស ដែល​បង្ហាញពី​ភាពបរិសុទ្ធ​រួមគ្នា និង​សមភាព​នៅ​ចំពោះ​ព្រះ ។ យើង​ហៅ​គ្នា​ទៅវិញ​ទៅមក​ថាជា​បង​ប្អូន​ប្រុស ឬ​ស្រី ហើយ​មិន​ប្រើ​ងារ​ជា​ផ្លូវការ​នៅលើ​ផែនដី​ទេ ។ ទាំងអស់​គ្នា​ត្រូវ​បាន​ផ្តល់​ឱកាស​រៀន​ដូចគ្នា ។ ទាំងអស់​គ្នា​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ដូចគ្នា ហើយ​អាច​ទទួល​បាន​ពរជ័យ​អស់កល្ប​ដូចគ្នា ។

  6. នៅក្នុង​ចំណោម​មនុស្ស ១១៧ ពាន់​លាន​នាក់​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ ( សូមមើល តូហ្ស៊ីកូ កានីដា និង​ខាល ហិប « How Many People Have Ever Lived on Earth? » Population Reference Bureau ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ prb.org/articles/how-many-people-have-ever-lived-on-earth ) មាន​មនុស្ស​តិចណាស់​ដែល​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ការតម្កើង​ឡើង​ទាំងអស់​នៃ​ដំណឹងល្អ ។ ជាលទ្ធផល បុត្រាបុត្រី​របស់​ព្រះ​មួយ​ភាគធំ​នឹង​ត្រូវ​ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ​នៅក្នុង​ពិភព​វិញ្ញាណ ។

  7. សូមមើល រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ។

បោះពុម្ព