« ការធ្វើតាមគំរូរបស់ព្រះគ្រីស្ទ ៖ ការមើលថែដល់អ្នកដែលខ្វះខាត » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
ការធ្វើតាមគំរូរបស់ព្រះគ្រីស្ទ ៖ ការមើលថែដល់អ្នកដែលខ្វះខាត
ចេញពីផលិតកម្មស្បៀងអាហារ ទៅដល់ការឆ្លើយតបចំពោះភាពអាសន្នរហូតដល់ការងារបម្រើ មានរបៀបជាច្រើនដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកជិតខាងរបស់យើង ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ នោះសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយខិតខំរស់នៅតាមបទបញ្ញត្តិធំពីរ ៖ ត្រូវស្រឡាញ់ព្រះ និងត្រូវស្រឡាញ់អ្នកជិតខាងរបស់យើង ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ ការធ្វើតាមបទបញ្ញត្តិទាំងពីរនេះ និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាអ្វីដែលដឹកនាំដល់សាសនាចក្រ និងសមាជិករបស់សាសនាចក្រដើម្បីមើលថែដល់អស់អ្នកដែលខ្វះខាត ។
ដូច្នេះ តើសាសនាចក្រជួយមើលថែដល់អ្នកដែលខ្វះខាតដោយរបៀបណា ? ហើយតើសមាជិកអាចចូលរួមចំណែកនៅក្នុងកិច្ចការដ៏អស្ចារ្យនេះដោយរបៀបណា ?
របៀបដើម្បីជួយ
ក្នុងនាមជាសមាជិកសាសនាចក្រ យើងព្យាយាម ស្វែងរកអ្នកដែលខ្វះខាត និងផ្ដល់ជំនួយដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ មិនថាពួកគេមានពូជសាសន៍ សញ្ជាតិ ឬ សាសនាអ្វីនោះទេ ។
យើងខ្វល់ខ្វាយដល់អស់អ្នកដែលខ្វះខាតតាមរបៀបជាច្រើន រួមមាន ៖
-
ការតមអាហារ និងការប្រើប្រាស់ដង្វាយតមអាហារ ។
-
ការផ្តល់ការងារបម្រើដល់គ្នាទៅវិញទៅមក ។
-
កម្មវិធីខ្លួនទីពឹងខ្លួន ។
-
កម្មវិធីស្បៀងអាហារពិភពលោក ការអប់រំ ទឹកស្អាត សេវាសុខភាព ។
-
ការឆ្លើយតបចំពោះភាពអាសន្ន
-
គម្រោងស្ម័គ្រចិត្តនៅក្នុងសហគមន៍ ។
ខណៈដែលកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌មួយចំនួនរបស់សាសនាចក្រមានទំហំធំ សូម្បីតែការខិតខំតូចតាចក៏អាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងផងដែរ ។ នេះគឺជាឧទាហរណ៍មួយចំនួនពីរបៀបដែលសមាជិកសាសនាចក្រជួយដល់អស់អ្នកដែលខ្វះខាត ។
ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ ២០២២ ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេសប៉ូឡូញ បានជួយជនភៀសខ្លួនជាមួយនឹងមធ្យោបាយធ្វើដំណើរ ស្បៀងអាហារ និងផ្តល់ជម្រក ។
ការបម្រើក្នុងពេលមានជម្លោះ
រ៉ាអេន និង ស្តេលីង ចាវីស—សមាជិក សាសនាចក្រ នៅក្នុង ទីក្រុង វ័រស្ស័រ ប្រទេសប៉ូឡូញ—មិនដឹងថាទៅជាយ៉ាងណានៅពេលពួកគេជ្រើសរើសយកផ្ទះរបស់ពួកគេធ្វើ ជាទីជម្រកសម្រាប់ជនភៀសខ្លួន ។ ប៉ុន្តែពួកគេស្ម័គ្រចិត្តដើម្បីជួយតាមរបៀបណាមួយដែលពួកគេអាចធ្វើបាន ។
មិនយូរប៉ុន្មានក្រោយពីជម្លោះបានចាប់ផ្តើមនៅទ្វីបអឺរ៉ុប គ្រួសារអ៊ុយក្រែន មួយដែលមានគ្នាប្រាំនាក់បានមកដល់មាត់ទ្វាររបស់ពួកគេនៅម៉ោង ១:០០ ព្រឹក ។ ពួកគេបានធ្វើដំណើរជិត ៥០០ ម៉ាយ ( ៨០០ គ.ម. ) ដើម្បីស្វែងរកទីសុវត្ថិភាព ។ គ្រួសារចាវីស បានស្វាគមន៍ដល់ ម៉ារីណា និង សឺហ៊ី បូវ និងកូនៗរបស់ពួកគេបីនាក់ទៀតឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ។ យូរៗទៅ ពួកគេបានបង្កើតក្តីស្រឡាញ់ និងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រួសារ បូវ ។ ម៉ារីណា បាននិយាយអំពីគំរូនៃការបម្រើរបស់គ្រួសារ ចាវីស ថា « នៅពេលអ្នកចែកចាយក្តីស្រឡាញ់ វានឹងរីកចម្រើនឡើង » ។ « វាធ្វើឲ្យយើងជិតស្និទ្ធនឹងគ្នា និងចំពោះព្រះអម្ចាស់ » ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងខិតខំធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ តាមរយៈការងារបម្រើចំពោះមនុស្សនៅជុំវិញយើង ។ មនុស្សមិនត្រូវរត់គេចពីសង្រ្គាម ឬការធ្វើការបៀតបៀនដើម្បីទទួលបានជំនួយនោះទេ ។ រាល់ទង្វើនៃសេចក្តីសប្បុរសពីយើង—មិនថាតូចប៉ុណ្ណា—អាចមានឥទ្ធិពលលើជីវិតរបស់នរណាម្នាក់សម្រាប់សេចក្តីល្អបាន ។
ការចែកចាយក្នុងសហគមន៍
នៅកសិដ្ឋានដំណាំរបស់សាសនាចក្រនៅទីក្រុង ឡាអ៊ីអេ រដ្ឋ ហាវ៉ៃក្រុមគ្រួសារជាង ៣១០ គ្រួសារបានដាំដំណាំដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ ។ នៅលើដីទំហំ ១.២៥ ហិចតា គ្រួសារទាំងនេះដាំត្រាវ ដំឡូងមី ដំឡូងជ្វា ផ្លែសាកេ ផ្លែត្របែក និងដំណាំដាំលើកោះផ្សេងៗទៀត ។
កសិដ្ឋាននេះគ្រប់គ្រងដោយគូស្វាមីភរិយាដែលជាអ្នកផ្សព្វផ្សាយសាសនា ហើយទទួលបានការគាំទ្រពីពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកដទៃទៀត ។ អ្នកស្ម័គ្រចិត្តទាំងនេះជួយឈូសឆាយដី រៀបចំដីសម្រាប់ដាំដំណាំ និងបង្រៀនជំនាញមូលដ្ឋានគ្រឹះកសិកម្មនានា ។
ដោយសារពួកអ្នកផ្សព្វផ្សាយសាសនា សមាជិក និងអ្នកស្ម័គ្រចិត្ដទាំងនេះ មនុស្សជាច្រើនដែលត្រូវការអាហារនៅរដ្ឋហាវ៉ៃ មានលទ្ធភាពចិញ្ចឹមខ្លួនបានកាន់តែល្អប្រសើរ នៅពេលក្សត់ការងារ ។ សហគមន៍កាន់តែរឹងមាំនៅពេលដែលមនុស្សធ្វើការរួមគ្នាដើម្បីថែទាំកសិដ្ឋាន និងចែករំលែកអ្វីដែលពួកគេដាំដុះ ។
គម្រោងមនុស្សធម៌របស់សាសនាចក្រជួយផ្តល់សន្តិសុខស្បៀងអាហារ ការអប់រំ ទឹកស្អាត និងសេវាថែទាំសុខភាពសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ។ សាសនាចក្រក៏បានផ្តល់ធនធានជាច្រើនដើម្បីបង្កើនភាពខ្លួន ទីពឹងខ្លួន រួមទាំងឃ្លាំងរបស់ប៊ីស្សព មជ្ឈមណ្ឌលការងារ ហាងលក់ទំនិញ Deseret Industries ការប្រឹក្សាសេវាកម្មគ្រួសារ វគ្គបណ្តុះបណ្តាលសម្រាប់ភាពខ្លួនទីពឹងខ្លួន កសិដ្ឋាន និងចម្ការដែលគ្រប់គ្រងដោយសាសនាចក្រ ដូចជាកសិដ្ឋានដាំដំណាំ ទីក្រុងឡាអ៊ីអេ រដ្ឋហាវ៉ៃ ជាដើម ។ គម្រោងទាំងនេះជារឿយៗបានទទួលជំនួយពីសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនា ដែលការបរិច្ចាគពេលវេលា ទេពកោសល្យ និងធនធានផ្សេងៗទៀតដោយសុទ្ធចិត្តធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះអ្នកដែលខ្វះខាត ។
ទង្វើនៃមិត្តភាព
នៅឆ្នាំ ២០២១ សមាជិកសាសនាចក្រប្រហែល ២០០ នាក់បានឆ្លើយតបការអំពាវនាវសុំជំនួយ ។ ពួកគេបានទៅមជ្ឈមណ្ឌលនៅប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតដើម្បីជួយដំណើរការជនភៀសខ្លួនប្រហែល ៥៥,០០០ នាក់មកពីប្រទេស អាហ្វហ្គានីស្ថាន ។
ពួកអ្នកស្ម័គ្រចិត្តជាច្រើនបានបម្រើការនៅមជ្ឈមណ្ឌលទាំងនេះរយៈពេលពីរ ឬបីសប្តាហ៍ ហើយអ្នកខ្លះទៀតបានបន្តកាន់តែយូរ ។ សមាជិកសាសនាចក្របានបំពេញតម្រូវការបន្ទាន់នៃអ្នកដែលស្វែងរកទីជ្រកកោនដោយការផ្តល់ជាអាហារ សម្លៀកបំពាក់ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត ។
បងប្អូនស្ត្រីសមាគមសង្គ្រោះមួយចំនួនបានកត់សម្គាល់ឃើញថា ស្ត្រីអាហ្វហ្គានីស្ថាន ជាច្រើនបានប្រើប្រាស់អាវរបស់ស្វាមីពួកគេដើម្បីគ្របក្បាលពួកគេ ជំនួសឲ្យក្រណាត់គ្របក្បាលជាប្រពៃណីរបស់ពួកគេដែលបានបាត់ ឬរហែកនៅក្នុងភាពវឹកវរនៅឯអាកាសយានដ្ឋាន ។ បងប្អូនស្រីនៃសមាគមសង្គ្រោះទាំងនេះបានជួបជុំគ្នាដើម្បីដេរសំលៀកបំពាក់ប្រពៃណីរបស់ សាសន៍អ៊ីស្លាម សម្រាប់ស្ត្រីដែលខ្វះខាតទាំងនេះ—ដោយបង្ហាញសេចក្តីសប្បុរស និងការគោរពចំពោះអ្នកដទៃ ដោយទុកចោលភាពខុសគ្នានៃជំនឿរបស់ពួកគេមួយអន្លើ ។
ស៊ីស្ទើរ សារ៉ុន អូប៊ែង នាយកអង្គការសប្បុរសធម៌ពួកបរិសុទ្ធថ្ងៃចុងក្រោយបានមានប្រសាសន៍ថា « កិច្ចខិតខំនីមួយៗរបស់យើង ពុំចាំបាច់តែមានប្រាក់ ឬក៏នៅទីតាំងដ៏ឆ្ងាយនោះទេ តែវាពិតជាតម្រូវឲ្យមានការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ និងដួងចិត្តដែលមានឆន្ទៈដើម្បីទូលទៅកាន់ព្រះអម្ចាស់ថា « ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ » [ អេសាយ ៦:៨ ] » ។១
បំណងចង់បម្រើនៅពេលគ្រោះមហន្តរាយកើតឡើង គឺជាមូលហេតុដែលសាសនាចក្រជារឿយៗគឺជាក្រុមដំបូងគេក្នុងចំណោមក្រុមដំបូងៗដែលឆ្លើយតប—ទាំងការសង្គ្រោះបណ្តោះអាសន្ន និងជំនួយរយៈពេលវែង ។ ការងាររបស់សមាជិកសាសនាចក្រ និងពួកអ្នកផ្សព្វផ្សាយសាសនាជួយអ្នកដែលខ្វះខាតឲ្យមានអារម្មណ៍មានសុវត្ថិភាព ទទួលបានការថែទាំផ្លូវកាយ និងផ្លូវចិត្ត ហើយមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះតាមរយៈសេចក្តីសប្បុរសរបស់អ្នកដទៃ ។
តើប្រាំបួននាក់ទៀតនៅឯណា ? ដោយ លីហ្ស លីមិន ស្វីនឌល ហាមថតចម្លង
ហៅឲ្យធ្វើកិច្ចការ
គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៣ សរសេរថា « បើសិនជាអ្នករាល់គ្នាមានបំណងចង់បម្រើដល់ព្រះ នោះអ្នករាល់គ្នាបានហៅឲ្យធ្វើកិច្ចការនោះហើយ » ។ ជាមួយនឹងអ្វីៗដែលសាសនាចក្រធ្វើ មានរបៀបជាច្រើនដើម្បីបម្រើ ។
ការខិតខំរៀបចំជាច្រើនរបស់សាសនាចក្រក្នុងការជួយអ្នកដែលខ្វះខាត គឺអាចធ្វើទៅបានតែតាមរយៈការបម្រើរបស់ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកប៉ុណ្ណោះ ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលយកគ្រួសារជនភៀសខ្លួន ផ្គត់ផ្គង់តម្រូវការខាងរាងកាយរបស់អ្នកដទៃ ឬទម្លាក់អ្វីៗគ្រប់យ៉ាងដើម្បីជួយក្នុងគ្រោះមហន្តរាយនោះទេ ។ ប៉ុន្តែមនុស្សគ្រប់រូបមានចំណែកក្នុងការធ្វើកិច្ចការ ហើយការរួមចំណែករបស់មនុស្សគ្រប់រូបត្រូវបានដឹង និងឲ្យតម្លៃ ។
របៀបដ៏សំខាន់បំផុតមួយដែលសមាជិកផ្តល់ដល់ការងារនេះគឺតាមរយៈការតមអាហារ និងការបរិច្ចាគមនុស្សធម៌ ។ ការបរិច្ចាគដ៏ពិសិដ្ឋទាំងនេះត្រូវបានប្រើប្រាស់ដើម្បីជួយអ្នកដែលខ្វះខាតបំផុត និងធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់មនុស្សដែលខ្វះខាត ។ សមាជិកសាសនាចក្រអាចបម្រើបេសកកម្មផ្នែកមនុស្សធម៌ ជួយសម្រួលដល់វគ្គសិក្សាអំពីភាពខ្លួនទីពឹងខ្លួន និងអ្នកស្ម័គ្រចិត្តនៅឃ្លាំងរបស់ប៊ីស្សព និងនៅហាង Deseret Industries ។ អ្នកក៏អាចថែទាំអ្នកដែលត្រូវការជំនួយ តាមរយៈសេវាកម្មក្នុងស្រុក ការបរិច្ចាគឈាម កិច្ចការបម្រើ ការអធិស្ឋាន និងអ្វីៗជាច្រើនទៀត ។
យើងទាំងអស់គ្នាត្រូវបានហៅឲ្យទៅធ្វើកិច្ចការ ។ យើងត្រូវបានហៅឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។ អ្វីដែលយើងត្រូវការគឺបេះដូងដែលស្ម័គ្រពីចិត្ត ។