« ពេលជីវិតខ្ញុំខ្មៅងងឹត ខ្ញុំងាកទៅរកព្រះគ្រីស្ទ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
យុវមជ្ឈិមវ័យ
ពេលជីវិតខ្ញុំខ្មៅងងឹត ខ្ញុំងាកទៅរកព្រះគ្រីស្ទ
ដោយមានរឿងមិនល្អកើតឡើងនៅជុំវិញខ្ញុំ ខ្ញុំមិនប្រាកដអំពីអត្ថន័យនៃការមានគ្រឹះនៅលើព្រះគ្រីស្ទឡើយ ។
នៅក្នុងសារលិខិតសន្និសីទទូទៅនាពេលថ្មីៗនេះ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រថានទីមួយ បានមានប្រសាសន៍ពីគ្រាលំបាកនៅក្នុងពិភពលោក ៖ « សាវកប៉ុលបានសរសេរទៅកាន់ ធីម៉ូថេថា ‹ ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ › ( ធីម៉ូថេ ទី២ ៣:១ ) ។
« … វាមិនងាយស្រួលឡើយ ប៉ុន្តែវាកាន់តែពិបាកខ្លាំងឡើង ហើយដើម្បីគោរពដល់សេចក្ដីសញ្ញា យើងត្រូវតែចុះ និងរក្សាដើម្បីរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ។១
ពេលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំមានអារម្មណ៍អន្ទះសារ ។ ខ្ញុំបានដោះស្រាយបញ្ហាប្រឈមមុខរួចហើយនៅផ្ទះរបស់ខ្ញុំនៅវ៉េណេស៊ុយអេឡា ។ អ៊ីចឹងសំណួរដូចជា « តើខ្ញុំអាចរក្សាសុទិដ្ឋិនិយមដោយរបៀបណានៅពេលដែលពិភពលោកខ្មៅងងឹតដូច្នេះ ? » និង « តើខ្ញុំអាចទន្ទឹងរង់ចាំអនាគតដ៏ភ្លឺស្វាង នៅពេលដែលបច្ចុប្បន្នភាពពោរពេញដោយភាពខ្មៅងងឹតដោយរបៀបណា ? » ដែលមាននៅក្នុងដួងចិត្តរបស់ខ្ញុំនៅពេលនោះ ។
ប៉ុន្តែប្រធាន អាវរិង បានផ្តល់ឲ្យនូវដំណោះស្រាយ ។ លោកបានដកស្រង់ ហេលេមិន ៥:១២ ដែលនិយាយអំពីការស្ថាបនាគ្រឹះរបស់យើង « នៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទ » ។
ខ្ញុំបានជឿរួចទៅហើយថា បទគម្ពីរនេះគឺពិត ប៉ុន្តែការស្ថាបនាគ្រឹះនៅលើព្រះអង្គសង្រ្គោះហាក់ដូចជាការនិយាយស្រួលជាងការធ្វើ ។ ទោះជាយ៉ាងណាក៏ដោយ កាលដែលខ្ញុំខិតមកជិតព្រះគ្រីស្ទ នោះខ្ញុំបានឃើញថាអ្វីៗគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន នៅពេលដែលជំនឿរបស់បងប្អូនរឹងមាំនៅលើទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី សញ្ញា ៩០:២៤ ) ។
ការមានអារម្មណ៍ត្រូវគេបោះបង់ចោល
ពីរបីខែមុន ខ្ញុំបានទទទួលដំណឹងមួយដ៏រន្ធត់បំផុតមកពីគ្រួសាររបស់ខ្ញុំ ។ ពិភពលោករបស់ខ្ញុំហាក់ដូចជារលំស្រុតចុះមកចំពោះមុខខ្ញុំ ។ ខ្ញុំមានអារម្មណ៍ស្លុត ច្របូកច្របល់ និងអន្ទះសាររហូតដល់ខ្ញុំធ្លាក់ខ្លួនឈឺ !
ខ្ញុំមិនយល់ថាហេតុអ្វីបានជាយើងប្រឈមមុខទៅនឹងភាពលំបាកបែបនេះឡើយ នៅពេលដែលខ្ញុំព្យាយាមដើម្បីធ្វើជាមនុស្សស្មោះត្រង់នោះ ។ ខ្ញុំងឿងឆ្ងល់ថាតើខ្ញុំបានធ្វើអ្វីខុសដែរឬទេ ។ អនាគតមើលទៅអួអាប់ ហើយខ្ញុំមានអារម្មណ៍ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវបានបោះបង់ខ្ញុំចោល ។
ពេលកំពុងមានទុក្ខលំបាក ខ្ញុំបាននិយាយជាមួយមិត្តល្អម្នាក់របស់ខ្ញុំ ។ គាត់បានប្រាប់ខ្ញុំអ្វីមួយដែលខ្ញុំនឹងមិនអាចបំភ្លេចបានឡើយ ៖ « ខ្ញុំគិតថាស្ថានភាពនេះគឺជាឱកាសល្អសម្រាប់ឯងដើម្បីសញ្ជឹងគិតអំពីទំនាក់ទំនង ផ្ទាល់ខ្លួន របស់ឯងជាមួយព្រះអម្ចាស់ ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ វាអាស្រ័យទៅលើឯងដើម្បីងាកទៅរកទ្រង់ដើម្បីទទួលបានជំនួយ ។ ប្រសិនបើឯងធ្វើដូច្នោះ ទ្រង់នឹងប្រទានដល់ឯងនូវសេចក្តីស្រឡាញ់ និងការធូរស្រាលដែលឯងត្រូវការឥឡូវនេះ » ។
ពាក្យសម្តីទាំងនោះបានផ្លាស់ប្តូរទស្សនវិស័យរបស់ខ្ញុំ ។ ខ្ញុំមានការខឹងសម្បារ និងឈឺចាប់ ហើយនិងច្របូកច្របល់ព្រោះតែកាលៈទេសៈរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានជម្រើស ។ មិនថាយើងកំពុងឆ្លងកាត់អ្វីនោះទេ សេចក្តីភ័យខ្លាចអ្វីដែលយើងមាន ឬការលំបាកអ្វីដែលយើងកំពុងប្រឈមមុខនោះទេ គឺព្រះយេស៊ូវគ្រីស្ទតែងតែគង់នៅជិតយើងជានិច្ច ។ យើងមានជម្រើសដើម្បីងាក ឆ្ពោះទៅរក ទ្រង់ដោយសេចក្ដីជំនឿ មិនមែន ចាកចេញឆ្ងាយ ពីទ្រង់នៅក្នុងគ្រាលំបាកនោះទេ ។
នេះ គឺជារបៀបដែលយើងពង្រឹងគ្រឹះនៃសេចក្តីជំនឿរបស់យើងនៅលើទ្រង់ ហើយតទល់នឹងភាពលំបាកនៅក្នុងពិភពលោកនេះ ។ តាមរយៈការជ្រើសរើសទ្រង់ ។
ដូចដែលអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « នៅកណ្តាលភ្លើងរបស់ជាងសំរងនេះ សូមចូលទៅជិតព្រះ ជាជាងខឹងជាមួយព្រះ ។ សូមអំពាវនាវទៅដល់ព្រះវរបិតានៅក្នុងព្រះនាមនៃព្រះរាជបុត្រា ។ សូមដើរជាមួយទ្រង់ទាំងទ្វេដោយព្រះវិញ្ញាណ ពីមួយថ្ងៃទៅមួយថ្ងៃ ។ សូមអនុញ្ញាតឲ្យទ្រង់ទាំងទ្វេបង្ហាញពីភក្តីភាពរបស់ទ្រង់ចំពោះបងប្អូន ។ សូមចូលមកស្គាល់ទ្រង់ទាំងទ្វេយ៉ាងពិតប្រាកដ ហើយស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ » ។២
ព្រះគ្រីស្ទកំពុងរង់ចាំខ្ញុំដើម្បីងាកទៅរកទ្រង់ដើម្បីទទួលបានជំនួយ ។ នោះពុំមានន័យថា ទ្រង់នឹងធ្វើឲ្យបញ្ហារបស់ខ្ញុំទាំងអស់រលាយបាត់ ឬកែប្រែអ្វីៗក្នុងជីវិតរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំជានិច្ចនោះទេ ប៉ុន្តែទ្រង់បានជួយខ្ញុំឲ្យប្រែក្លាយជាមនុស្សល្អប្រសើរ ទទួលបានអំណរ ហើយកាន់តែវិសុទ្ធវិញ ។
ហើយយូរៗទៅ នៅពេលខ្ញុំស្វែងរកព្រះអង្គសង្គ្រោះតាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងសេចក្តីជំនឿ ទ្រង់បានជួយខ្ញុំអភ័យទោសដល់សមាជិកគ្រួសាររបស់ខ្ញុំ ហើយប្រទានក្តីអំណរចូលមកក្នុងជីវិតរបស់ខ្ញុំម្តងទៀត បើទោះបីជាបញ្ហាមួយចំនួននៅតែមិនអាចដោះស្រាយបានក៏ដោយ ។
សេចក្តីសន្យានៃសុវត្ថិភាព
ទាំងនេះគឺជាការលំបាកនៅថ្ងៃចុងក្រោយយ៉ាងពិតប្រាកដ ។ យើងឮអំពីសង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាម ពីជំងឺរាតត្បាត ពីគ្រោះមហន្តរាយធម្មជាតិ—ហើយខ្ញុំជឿជាក់ថានឹងមានពេលវេលាដ៏លំបាកបន្ថែមទៀតនៅថ្ងៃខាងមុខផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការស្ថាបនានៅលើថ្មដាដែលជាព្រះយេស៊ូវគ្រីស្ទ ហើយការទុកចិត្តលើទ្រង់នឹងផ្តល់ឲ្យយើងនូវសន្តិភាព និងអំណរជានិច្ច មិនថាយើងកំពុងប្រឈមមុខទៅនឹងអ្វីនោះទេ ។ ក៏ដូចដែលប្រធាន អាវរិង បានបង្រៀនដែរថា « សម្រាប់យើងទាំងអស់គ្នាណាដែលព្រួយបារម្ភចំពោះខ្លួនឯង និងចំពោះមនុស្សដែលយើងស្រឡាញ់ ចូរមានសេចក្ដីសង្ឃឹមនៅក្នុងការសន្យាដែលព្រះបានប្រទានមក អំពីកន្លែងដែលមានសុវត្ថិភាពនៅកណ្ដាលខ្យល់ព្យុះខាងមុខនេះ » ។៣
ឱ នោះគឺជាការសន្យាដ៏មានអានុភាព និងស្រស់ស្អាតណាស់ ។ ហើយខ្ញុំបានឃើញការសន្យានោះនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំដឹងថា នេះគឺជាដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយថាទ្រង់ជាប្រភពនៃរាល់ពរជ័យទាំងឡាយ ។ ទ្រង់គឺជាពន្លឺ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង ហើយយើងគឺជាកូនចៀមរបស់ទ្រង់ ។ សូមឲ្យយើងជ្រើសរើសទ្រង់ និងជ្រើសរើសជឿ ។
អ្នកនិពន្ធរស់នៅទីក្រុងហ្សូលីយ៉ា ប្រទេសវ៉េណេស៊ុយអេឡា ។