« ជំនួយ និងក្តីសង្ឃឹមមកពីសន្និសីទទូទៅ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ជំនួយ និងក្តីសង្ឃឹមមកពីសន្និសីទទូទៅ
ខ្ញុំមិនដែលរំពឹងថានឹងបានស្តាប់សន្និសីទទូទៅទាំងមូលនិយាយអំពីអ្វីដែលខ្ញុំកំពុងជួបប្រទះយ៉ាងពិតប្រាកដនោះទេ ។
ក្រោយពីសម្រាលកូនទីមួយរបស់ខ្ញុំមក ខ្ញុំបានមានជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូន ។ វាគឺជាពេលដ៏អស្ចារ្យនៅក្នុងជីវិតខ្ញុំ ពីព្រោះខ្ញុំមានកូនប្រុស ប៉ុន្តែខ្ញុំមិនអាចដកពិសោធន៍អំណរនៃការមានកូនទាំងស្រុងនោះទេ ពីព្រោះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ ។
នៅអំឡុងពេលនៃការព្យាយាមនេះ ខ្ញុំបានអធិស្ឋានទៅព្រះវរបិតាសួគ៌ជាច្រើន ។ ខ្ញុំបានទូលសូមទ្រង់ឲ្យជួយខ្ញុំឲ្យឆ្លងផុតការសាកល្បងនេះ ។ ដោយជិតដល់សន្និសីទទូទៅនៅរដូវស្លឹកឈើជ្រុះនោះ ខ្ញុំក៏បានអធិស្ឋានឲ្យខ្ញុំអាចទទួលបានការលួងលោមមកពីសុន្ទរកថា តាមរយៈថ្នាក់ដឹកនាំនៃសាសនាចក្រ ។
កាលដែលខ្ញុំស្តាប់សុន្ទរកថាទាំងឡាយអំឡុងសម័យប្រជុំលើកទីមួយនៃសន្និសីទទូទៅ ខ្ញុំចាប់ផ្តើមទទួលអារម្មណ៍លួងលោម ។ បន្ទាប់មក នៅអំឡុងសម័យប្រជុំទីពីរ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីជំងឺធ្លាក់ទឹកចិត្ត ។ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឲ្យយើងមានអារម្មណ៍ « ដូចជាឆ្នាំងដែលបែកធ្លាយដែរ »១ ( ទំនុកដំកើង ៣១:១២ ) ។ ខ្ញុំមិនដែលរំពឹងថាបានស្តាប់ឮសុន្ទរកថាទាំងមូលអំពីអ្វីដែលខ្ញុំកំពុងជួបប្រទះជាក់ស្តែងនោះទេ ។
នោះគឺជាគ្រាដ៏ពិសេសមួយសម្រាប់ខ្ញុំ ។ សុន្ទរកថានេះបានជួយខ្ញុំយល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ហើយថា ទ្រង់ដឹងអំពីខ្ញុំ ។ ទ្រង់ជ្រាបពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់ ។ ទ្រង់ចង់ជួយខ្ញុំ ហើយផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ ។ ទ្រង់បានធ្វើដូច្នោះតាមរយៈប្រសាសន៍របស់អែលឌើរ ហូឡិន ។