ឆ្នាំ ២០២៣
ការសម្លឹង​មើល​ពីលើ​របស់ខ្ញុំ
ខែ មីនា ឆ្នាំ ២០២៣


« ការ​សម្លឹង​មើល​ពីលើ​របស់ខ្ញុំ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការសម្លឹង​មើល​ពីលើ​របស់ខ្ញុំ

ខ្ញុំ​ស្ទើរតែ​បោះបង់ចោល​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្ញុំ ។

រូបភាព
តំបន់ រ៉យស៍ ភិគ

រូបថត​តំបន់ រ៉យស៍ ភិគ ដោយ​អ្នក​និពន្ធ

ថ្មីៗនេះ​ខ្ញុំ​បាន​ឡើង​ភ្នំដ៏​ល្បី​មួយ​នៅ រ៉យស៍ ភិគ​នៅលើ​ភ្នំ​ដ៏​ស្រស់ស្អាត​នៃ​កោះ​ខាងត្បូង​របស់​ប្រទេស​នូវវែលសេឡង់ ។ ដោយសារតែ​ការឡើងភ្នំ​ចំណាយ​ពេល​ជាច្រើន​ម៉ោង ខ្ញុំ​បាន​យក​តែ​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ប៉ុណ្ណោះ ៖ អាហារ​សម្រន់​ខ្លះៗ និង​ទឹក​ជាច្រើន ។

ពេល​ខ្ញុំ​ចាប់ផ្តើម កាបូបស្ពាយ​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្ងន់ ទៅ​ហើយ ។ ការឡើងភ្នំ​របស់​ខ្ញុំ​បាន​កន្លះ​ម៉ោង ខ្ញុំ​មាន​អារម្មណ៍​ការបូប​របស់​ខ្ញុំ​ធ្ងន់ឡើងៗ ស្មា និង​ខ្នង​របស់​ខ្ញុំ​កាន់តែ​ធ្ងន់ ។ ខ្ញុំ​បាន​គិត​មួយ​ភ្លែត​អំពី​ការចាក់​ទឹក​របស់​ខ្ញុំ​ចោល​ខ្លះ ។ ប៉ុន្តែ​រំពេច​នោះ ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​ត្រូវការ​ទឹក​នេះ ។

មួយ​ម៉ោង​កន្លះ​ពីមុន​ខ្ញុំ​ឡើង​ដល់​លើ​កំពូល​ភ្នំ ផ្លូវ​នោះ​កាន់តែ​ចោទ​ទៅៗ ហើយ​គ្របដណ្តប់​ដោយ​ព្រិល ។ ខ្ញុំ​ចាប់ផ្តើម​គិត​ថា​ខ្ញុំ​មិន​អាច​ឡើង​ដល់​កំពូល​បាន​ទេ ប៉ុន្តែ​គោលដៅ​របស់​ខ្ញុំ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​បន្ត ។

ទីបំផុត នៅពេល​ខ្ញុំ​ទៅដល់​កំពូល កាបូប​ស្ពាយ​របស់​ខ្ញុំ​មាន​អារម្មណ៍​ស្រាល​ជាងមុន​ច្រើន​ណាស់ ។ ដល់​ពេល​នោះ​ខ្ញុំ​បាន​ហូប​អាហារ​សម្រន់​របស់​ខ្ញុំ ហើយ​ផឹកទឹក​ជាច្រើន​របស់​ខ្ញុំ ។ ការសម្រាក និង​ការ​គយគន់​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ពី​លើ ធ្វើឲ្យខ្ញុំ​គិត​ពី​ដំណើរ​របស់​ខ្ញុំ—ទៅកាន់​កំពូល​ភ្នំ និង​នៅក្នុង​ជីវិត ។

អស់​ជា​ច្រើន​ម៉ោង ខ្ញុំ​បាន​ដើរ​ឡើង​លើ​ភ្នំ ដោយ​ចិញ្ជឹម និង​ផ្តល់ទឹក​ឲ្យ​រាងកាយ​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​រឹងមាំ និង​បន្ត​ទៅ​មុខ ។ អ្វី​ដែល​ហាក់​ដូចជា​បន្ទុក​ពេល​ចាប់ផ្តើម—ទឹក​សម្រាប់​ស្រោចស្រង់​ជីវិត—បាន​ជួយ​ឲ្យ​ខ្ញុំ​សម្រេច​បាន​គោលដៅ ។

យើង​ទាំងអស់​គ្នា​ឆ្លងកាត់​បទពិសោធន៍​ល្អ និង​អាក្រក់ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ។ ខ្ញុំ​ស្ទើរតែ​ចាក់ចោល​ទឹក​កន្លះ​លីត្រ​តាម​ផ្លូវ​ទៅហើយ ប៉ុន្តែ​ខ្ញុំ​ទទួល​អារម្មណ៍​ឲ្យ​ទុក​ទឹក​នោះ ។

ដោយ​អារម្មណ៍​ក្តុកក្តួល​ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​សម្រាប់​ការឆ្លុះបញ្ចាំង​នេះ ។ ការនៅលើ​ភ្នំ​ដែល​គ្របដណ្តប់​ទៅដោយ​ព្រិល​នៅថ្ងៃនោះ បាន​បំផុសគំនិត​ខ្ញុំ​ឲ្យ​វិភាគ​ពី​ជីវិត​របស់​ខ្ញុំ ការសម្រេចចិត្ត​របស់​ខ្ញុំ គោលដៅ​របស់​ខ្ញុំ និង​គំនិត​អំពី​ជីវិត​ផ្ទាល់​របស់​​ខ្ញុំ ។

មុនពេល​ខ្ញុំ​ឡើងលើ​ភ្នំ ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ភាព​មិនច្បាស់លាស់​ទាក់ទង​ទៅនឹង​ជីវិត​របស់​ខ្ញុំ និង​ការងារ​របស់​ខ្ញុំ​នៅ​បរទេស ។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រប់យ៉ាង​នឹង​ប្រសើរ​ឡើង ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​នឹង​ថែរក្សា​ខ្ញុំ ។

ដោយ​មាន​ព្រះវិញ្ញាណ​ជា​ជំនួយ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើការ​សម្រេចចិត្ត​ដែល​នឹង​លើក​ដំកើង​ខ្ញុំ​ខាង​វិញ្ញាណ និងខាង​រូបកាយ ។ ហើយ​នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​បន្ទុក ខ្ញុំ​អាច​ងាក​ទៅ​រក​ព្រះអង្គសង្រ្គោះ​របស់​យើង ដែល​ជា​ប្រភព​នៃ « ទឹករស់ » ( យ៉ូហាន ៤:១០ ) ។ ខ្ញុំ​ដឹង​ថា​ទ្រង់​នឹង​បីបាច់​ខ្ញុំ និង​សម្រាល​បន្ទុក​ខ្ញុំ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។

បោះពុម្ព