ឆ្នាំ ២០២៣
ដំបូន្មាន​មួយ​ចំនួន​សម្រាប់​ការប្រឈមមុខ​ទៅនឹង​អនាគត​ដ៏​គួរ​ឲ្យ​ខ្លាច និង​មិន​ច្បាស់លាស់
ខែ មីនា ឆ្នាំ ២០២៣


យុវមជ្ឈិមវ័យ

ដំបូន្មាន​មួយ​ចំនួន សម្រាប់​ការប្រឈមមុខ​ទៅនឹង​អនាគត​ដ៏​គួរ​ឲ្យ​ខ្លាច និង មិន​ច្បាស់លាស់

នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​អាជីព​របស់ខ្ញុំ ខ្ញុំ​បាន​ប្រឈមមុខ​ទៅនឹង​ភាពមិន​ច្បាស់លាស់​ជាច្រើន ហើយ​បាន​រៀន​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​ឆ្លងកាត់​វា​បាន ។

រូបភាព
ស្រោមដៃ​ប្រដាល់

កាលខ្ញុំ​នៅ​ក្មេង គ្រួសារ​របស់​ខ្ញុំ​បាន​ធ្វើ​អន្តោប្រវេសន៍​ពី​តុងហ្គា​ទៅ​សហរដ្ឋ​អាមេរិក ។ ឪពុក​របស់​ខ្ញុំ​គឺជា​អ្នក​ប្រដាល់​នៅពេល​យើង​រស់នៅ​តុងហ្គា ហើយ​គាត់​បាន​ចាប់ផ្តើម​បង្ហាត់​ខ្ញុំ ​ឲ្យ​ប្រដាល់​បន្ទាប់ពី​យើង​មក​ដល់​សហរដ្ឋ​អាមេរិក ។ ផែនការ​ដ៏ចម្បង​របស់​គាត់​គឺ​ធ្វើឲ្យ​ខ្ញុំ​ក្លាយ​ជា​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​នៅ​ថ្ងៃ​ណា​មួយ ។ គាត់​បាន​បង្រៀន​ខ្ញុំ​កុំ​ឲ្យ​ខ្លាច ។ អ្នក​មិន​អាច​ខ្លាច​ក្នុង​សង្វៀន​ប្រដាល់​ទេ បើ​អ្នក​ចង់​ជោគជ័យ​នោះ ។ ឪពុក​របស់​ខ្ញុំ​ប្រហែល​ជា​មិន​បាន​សកម្ម​នៅក្នុង​សាសនាចក្រ​នៅ​ពេល​នោះ​ទេ ប៉ុន្តែ​គាត់​បាន​បង្រៀន​ខ្ញុំ​យ៉ាងច្រើន​អំពី​ការប្រឈម​មុខ​នឹង​ការលំបាក និង​ភាពក្លាហាន​ចំពោះ​មុខ​ការភ័យខ្លាច ។

ការរៀន​ប្រដាល់​​បាន​រៀបចំ​ខ្ញុំ​ជាពិសេស​សម្រាប់​អាជីព​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទៅ​រៀននៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ​តាមរយៈ​អាហារូបករណ៍​បាល់ឱប ។ ហើយ​សូម្បីតែ​ការប្រគួត​ដែល​មនុស្ស​ភាគ​ច្រើន​ចាត់ទុក​ថា ប្រហែលជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​ដែល​ត្រូវ​ធ្វើ​នៅលើ​ទីលាន​បាល់ឱបក្តី—តែចំពោះការចាប់បាល់—ខ្ញុំ​តែងតែ​ធ្វើ​វា​ដោយ​អារម្មណ៍ស្ងប់ស្ងាត់ ។ ខ្ញុំ​មិន​ដែល​ខ្លាច​នោះ​ទេ ។ តាមពិត ខ្ញុំ​ចូលចិត្ត​ការប្រគួត​បាល់ឱបណាស់ ។

ឪពុក​របស់​ខ្ញុំ​បាន​រំពឹង​ថា​ខ្ញុំ​នឹង​មាន​អាជីព​ក្នុង​វិស័យ​កីឡា—វា​បាន​ក្លាយ​ទៅ​ជា​បាល់ឱប មិន​មែនកីឡាប្រដាល់​ទេ ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការបំពាក់បំប៉ន​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ទាំង​ឲ្យ​មាន​ជំនឿ និង​ទន្ទឹង​រង់ចាំ​ដោយ​សេចក្តី​ជំនឿ និង​ក្តីសង្ឃឹម​ក្នុង​ភាព​មិន​ច្បាស់លាស់ ។

រូបភាព
ឪពុក​របស់ វៀ ស៊ីកាហេម៉ា អបអរ​ការមកដល់​ទីផ្តាច់ព្រ័ត្រ ​របស់ វៀ នៅ​លើ​ទីលាន

ឪពុក​របស់ វៀ អបអរ​ការមកដល់​ទីផ្តាច់ព្រ័ត្រ​របស់​កូន​គាត់​នៅ​លើ​ទីលាន ។

រូបថត​ដោយ ម៉ាក ហ្វីលប្រីក / ប៊ី.វាយ.យូ. © BYU Photo

កាល​នៅ​វ័យ​ក្មេង បងប្អូន​ប្រឈម​មុខ​នឹង​រឿង​លំបាក និង​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន—បញ្ហា​ផ្ទាល់​ខ្លួន​ដូច​ជា​ការ​សម្រេចចិត្ត​អំពី​ការអប់រំ អាជីព អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ ហើយ​បងប្អូន​ក៏​ប្រឈមមុខ​នឹង​បញ្ហា​កាន់តែ​ធំៗ​ផងដែរ ដូចជា​វិបត្តិ​សេដ្ឋកិច្ច ការល្បួង​ខាង​សង្គម ការ​ចលាចល​ខាង​នយោបាយ និង​សូម្បីតែ​សង្គ្រាម ។ ប៉ុន្តែ​តាម​បទពិសោធន៍​ជីវិត​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា នៅពេល​យើង​ជ្រើសរើស​ដាក់​ព្រះអម្ចាស់​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង នោះ​ទ្រង់​តែងតែ​គង់នៅ​ទីនោះ​ដើម្បី​ដឹកនាំ​យើង​ឆ្លងកាត់​គ្រប់​កិច្ចការ​ទាំងអស់ ។

ឥទ្ធិពល​របស់​មិត្ត​ល្អ និង​មនុស្ស​ល្អ

ខ្ញុំ​មាន​សំណាង​ណាស់ ដែល​មាន​មិត្ត​ល្អ​ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​ពី​បេសកកម្ម​របស់​ខ្ញុំ​វិញ ។ មិត្តភក្តិ​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​នារី​ម្នាក់ ​ដែល​ក្រោយមក​បានក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ដែល​មិន​ឲ្យ​តម្លៃ​លើ​ការពិត​ដែល​ថា​ មិត្តភក្តិ​របស់​បងប្អូន​តែងតែ​កំណត់​ភាពជោគជ័យ ឬ​បរាជ័យ​របស់​បងប្អូន​នៅក្នុង​ជីវិត​នោះទេ ។ មិត្តភក្តិ និង​អ្នកណែនាំ​របស់​បងប្អូន​អាច​ជួយ​បងប្អូន​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នឹង​នាំ​បងប្អូន​ខិតទៅជិត ឬ​ទៅកាន់តែ​ឆ្ងាយ​ពី​ព្រះ ។

នៅពេល​ខ្ញុំ​នៅក្នុង​ក្រុម​សម័្ពន្ធ​បាល់ឱប​ជាតិ ខ្ញុំ​បាន​យក​គំរូ​តាម ហ្គីហ្វត និលសិន ដែល​ធ្លាប់​លេង​ឲ្យ​សាកលវិទ្យាល័យ ប៊ី.វាយ.យូ. ផងដែរ ពីមុន​បន្ត​ទៅ​ក្រុម​សម័្ពន្ធ​បាល់ទាត់​ជាតិ ដែល​នៅ​ទីបំផុត​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់ ហើយ​ក្រោយមក​បម្រើ​ជា​ពួក​ចិតសិបនាក់​ដែល​មាន​សិទ្ធិ​​អំណាច​ទូទៅ ។ ថ្ងៃមួយ​ខ្ញុំបាន​ជួប​លោក​ដោយ​ចៃដន្យ​នៅ​លើ​ទីលាន​វាយ​កូនហ្គោល ហើយ​លោក​បាន​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​ដែល​ផ្លាស់ប្តូរ​ដំណើរ​អាជីព​របស់ខ្ញុំ ។

យើង​កំពុង​អង្គុយ​ក្នុង​ឡាន​វាយ​កូនហ្គោល ដែល​មាន​តែ​រូប​លោក និង​ខ្ញុំ​ប៉ុណ្ណោះ ហើយ​បន្ទាប់ពី​ខ្ញុំ​បាន​ជម្រាប​លោក​អំពី​ផែនការ​របស់​ខ្ញុំ​ដើម្បី​បាន​ចូល​ទូរទស្សន៍​ដូចជា​រូប​លោក បន្ទាប់ពី​ខ្ញុំ​លេង​បាល់ឱប​ចប់​ហើយ​នោះ លោក​ក៏​បាន​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​ថា​កុំ​ឲ្យ​បន្ត​អាជីព​ណា ​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ឡើយ ។ តាម​របៀប​នោះ ខ្ញុំ​អាច​មាន​ការហៅបម្រើ​នៅ​ថ្ងៃអាទិត្យ ហើយ​បម្រើ​ក្នុង​សាសនាចក្រ​ជា​និច្ច ។

វា​សាមញ្ញ​ណាស់ ប៉ុន្តែ​វា​ជា​ដំបូន្មាន​ដែល​ខ្ញុំ​មិន​បាន​នឹកឃើញ​ឡើយ ។ ហើយ​វា​បាន​ផ្លាស់ប្តូរ​ដំណើរ​ជីវិត​របស់ខ្ញុំ ។

ក្រោកឈរ​ឡើង​ការពារ​អ្វី​ដែល​អ្នក​ជឿ ។

អាជីព​របស់​ខ្ញុំ​ភាគច្រើន​នៅ​សម័្ពន្ធ​បាល់ទាត់​ជាតិ គឺ​គួរ​ឲ្យ​ខ្លាច និង​មិន​ច្បាស់លាស់​ឡើយ ។ មាន​តែ​ពីរ​ភាគរយ​នៃ​កីឡាករ​បាល់ឱប​ថ្នាក់​មហាវិទ្យាល័យ​ប៉ុណ្ណោះ​ដែល​បន្ត​ទៅ​សម័្ពន្ធ​បាល់ទាត់​ជាតិ ហើយ​សូម្បីតែ​នៅពេល​ខ្ញុំ​បាន​ចូល​ក្រុម​ក៏​ដោយ ក៏​ខ្ញុំ​អាច​ត្រូវ​ដកចេញ​គ្រប់​ពេល​បានដែរ ។ ដើម្បី​នៅ​បាន​ដូច​រូប​ខ្ញុំ​គឺជា​ពរជ័យ​ដ៏​មហិមា ប៉ុន្តែ​ការរស់នៅ​ដោយ​គ្មាន​ផែនការ​គឺ​ពិបាក ។ វា​ទាមទារ​ឲ្យ​មាន​ជំនឿ​ច្រើន ។

នៅក្នុង​សម័្ពន្ធ​បាល់ទាត់​ជាតិ យើង​ប្តូរ​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំធ្វើដំណើរ​ចុះឡើងៗ​ពេញ​ផ្ទៃ​ប្រទេស ។ វា​ហាក់​ដូចជា​អស្ចារ្យ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ឃើញ​ផ្នែក​ដែល​មិន​សូវ​អស្ចារ្យ​នោះ​ទេ ។ វា​ពិបាក​ក្នុង​ការរស់​របៀបនេះ ។ ហើយ​វា​ពិបាក​ក្នុង​ការរស់នៅ​ជីវិត​ជាគូស្រករ​ផងដែរ នោះ​ហើយ​ជាហេតុផល​មួយ ​ថា​ហេតុអ្វី​បាន​ជា​មាន​អត្រា​លែងលះ​ខ្ពស់​បែប​នេះ​ក្នុងចំណោម​អ្នក​មាន​អាជីព​ជា​អត្តពលិក ។

អ្វី​ដែល​បាន​ជួយ​នោះ​គឺ​ថា​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ឈរ​នៅ​ទី​ណា ។ ខ្ញុំ​មាន​គ្រឹះ​ដ៏​រឹងមាំ​លើ​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ​ខ្ជាប់ខ្ជួន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ជិត​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។

បងប្អូន​ប្រហែលជា​មិន​ប្រឈមមុខ​នឹង​​អាជីព​ដែល​តាមផ្លូវ​ពោរពេញ​ទៅ​ដោយ​សម្ពាធ និង​ការល្បួង​ច្រើន​នោះទេ ប៉ុន្តែ​ក្នុង​ករណី​របស់ខ្ញុំ ការក្លាយ​ជា​អត្តពលិក​អាជីព​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្លងកាត់​របៀប​រស់នៅ​ខុសគ្នា​ខ្លាំង​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ ។ ឧទាហរណ៍ នៅពេល​យើងទៅ​ដល់​ទី​ក្រុង​ធំៗ ហើយ​នៅពេល​ចាប់​ផ្តើម​ធ្វើដំណើរ មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​នឹង​ចង់​ចេញទៅ​លេង​ខាងក្រៅ​ភ្លាមៗ ហើយ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​ដែល​មិន​ស្រប​តាម​បទដ្ឋាន​នៃ​ដំណឹងល្អ ហើយ​ខ្ញុំ​ដឹង​ភ្លាមៗ​ថា ខ្ញុំ​មិន​អាច​ស្របតាម​បទដ្ឋាន​ស៊ីយ៉ូន និង​បាប៊ីឡូន​ទាំងពីរ​បាន​ទេ ។ ខ្ញុំ​មិន​អាច​ឆ្លើយ​ថា « ចាំ​ខ្ញុំ​គិតមើល​សិន​បានទេ » ដើម្បី​ផ្គាប់ចិត្ត​ពួកគេ​នោះ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ត្រូវ​មាន​ជំនឿ​រឹងមាំ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​មិន​អាច​ចូល​រួម​ជាមួយ​ពួក​គេ ។

រូបភាព
គ្រួសារ ស៊ីកាហេម៉ា នៅ​ថ្ងៃ​រៀបការ​របស់​ពួកគាត់

វៀ​ ជាមួយនឹង ​គាឡា ដែលត្រូវជា​ភរិយាគាត់ ក្នុង​ថ្ងៃ​មង្គលការ​របស់​ពួកគេ

រូបថត​គ្រួសារ​ផ្តល់​សិទ្ធិ​ដោយ​អ្នកនិពន្ធ

ខ្ញុំ​មាន​សំណាង​ណាស់​ដែល​ខ្ញុំ​បាន​រៀបការ​កាល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ។ នៅពេល​ខ្ញុំ​ទៅ​ចូលរួម​ក្នុង​សម័្ពន្ធ​បាល់ទាត់​ជាតិ ភរិយា​របស់​ខ្ញុំ និង​កូន​អាយុ​ប្រាំមួយ​ខែ​របស់​យើង​នៅជា​មួយខ្ញុំ ។ យើង​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​សេចក្ដីសញ្ញា​ទាំងនោះ​មាន​ន័យ​ចំពោះ​ខ្ញុំ និង​អ្វី​ដែល​វា​តម្រូវ​ពី​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​មិត្ត​រួម​ក្រុម​ថា « ទេ ខ្ញុំ​មិន​ធ្វើ​បែប​នោះ​ទេ » ។ ហើយ​នៅពេល​ពួកគេ​បង្ខំ ខ្ញុំ​នឹង​និយាយ​ថា « ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​បាន​រៀបការ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។ សេចក្ដី​សញ្ញា​ទាំង​នោះ​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ជាង​អ្វី​ទាំង​អស់ » ។

ហើយ​អ្វី​ដែល​ចម្លែក​នោះ​គឺ​នៅពេល​ពួកគេ​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​ទាំងនោះ ហើយ​ដឹង​យ៉ាងច្បាស់​ថា ខ្ញុំ​ជា​មនុស្ស​បែប​ណា មិត្ត​រួម​ក្រុម​ដដែល​ទាំងនោះ​បាន​ចាប់ផ្តើម​ការពារ​ខ្ញុំ និង​គោរព​បទដ្ឋាន និង​សេចក្តី​សញ្ញា​របស់ខ្ញុំ ។ វា​តម្រូវ​ឲ្យ​មាន​ភាពក្លាហាន​ដើម្បី​ក្រោកឈរ​ការពារ​អ្វី​ដែល​បងប្អូន​ជឿ និង​ពេញចិត្ត ។

ការប្រឈម​មុខ​ទៅនឹង​ការល្បួង​ជាច្រើន​គឺ​គួរ​ឲ្យ​ខ្លាច​ពី​ដំបូង ប៉ុន្តែ​ការពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌ ហើយ​ចងចាំ​ពី​ភាពពិសិដ្ឋ និង​អត្ថន័យ​នៃ​សេចក្តីសញ្ញា​របស់ខ្ញុំ​នៅពេល​ប្រឈមមុខ​ទៅនឹង​សម្ពាធ​តែងតែ​ជួយ​ខ្ញុំ​ឲ្យ​ឈរ​យ៉ាងរឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នៅក្នុង​អាជីព​របស់ខ្ញុំ ។ បងប្អូន​អាច​ធ្វើ​ដូចគ្នា​នៅ​គ្រប់​កាលៈទេសៈ​ដែល​បងប្អូន​ឃើញ​ខ្លួន​ឯង​ក្នុង​ដំណើរ​របស់​បងប្អូន ។

ធ្វើ​តាម​ព្យាការី

ខ្ញុំ​ដឹង​ថា​ក្នុងនាម​ជា​យុវមជ្ឈិមវ័យ​សព្វថ្ងៃ​នេះ បងប្អូន​កំពុង​ប្រឈមមុខ​ទៅនឹង​ភាពមិន​ច្បាស់លាស់ និង​ការភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​អនាគត ។ ហើយ​បងប្អូន​ប្រហែល​ជា​ឆ្ងល់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ​និង​ឆ្លង​កាត់​វា​ដោយ​របៀបណា​បាន ។ ចម្លើយ​ដ៏​ងាយ​ស្រួល​គឺការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្យាការី ប្រធាន រ័សុល អិម ណិលសុន ។ នៅពេល​ព្យាការី​នៃ​ព្រះ​មាន​ប្រសាសន៍ និង​ផ្តល់​អ្វី​ជាក់លាក់​ដល់​បងប្អូន នោះ​វា​សាមញ្ញ​ដូចជា​គ្រាន់តែ​ធ្វើតាម​ដំបូន្មាន​នោះ ។

ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រធាន ណិលសុន ចូលចិត្ត​ផ្ដល់​បញ្ជី​សាមញ្ញ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​មកនេះ លោក​បាន​ផ្តល់​កិច្ចការ​ប្រាំយ៉ាង​ដល់​សមាជិក​នៃ​សាសនាចក្រ​ដែល​ត្រូវ​ធ្វើ​ដើម្បី​បង្កើន​សេចក្តី​ជំនឿ​របស់យើង របៀប​ប្រាំ​យ៉ាង​ដើម្បី​បង្កើន​សន្ទុះ​ខាងវិញ្ញាណ កិច្ចការ​បី​យ៉ាង​ដែល​បងប្អូន​គួរ​ធ្វើ​នៅពេល​បងប្អូន​ចាប់ផ្តើម​ឆ្នាំថ្មី និង​អ្វីៗ​ជាច្រើន​ទៀត ។

លោក​មិន​បាន​ឲ្យ​យើង​ធ្វើ​កិច្ចការ​ច្រើនពេក​នោះ​ទេ ។ គ្រាន់តែ​ធ្វើ​កិច្ចការ​សាមញ្ញៗ​ប៉ុណ្ណោះ ។ ហើយ​បើ​បងប្អូន​ធ្វើ​កិច្ចការ​សាមញ្ញៗ​ទាំង​នោះ ហើយ​មាន​ការ​តាំងចិត្ត នោះ​ជីវិត​បងប្អូន​នឹង​ត្រូវ​ផ្លាស់ប្តូរ ​តាមរយ​ការ​ធ្វើ​រឿង​សាមញ្ញ​បំផុត​ទាំងនេះ ។ គ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​បងប្អូន​នឹង​រឹងមាំ ទោះបី​ជា​មាន​កាលៈទេសៈ​ដ៏​គួរ​ឲ្យ​ខ្លាច​ក្នុង​ពិភពលោក​ក៏​ដោយ ។ ធ្វើ​កិច្ចការ​ទាំងនោះ ហើយ​បងប្អូន​នឹង​មិន​ថ្វី​នោះទេ ។ បងប្អូន​នឹង​ត្រូវ​បាន​ការពារ ។

វា​រំឭក​ខ្ញុំ​អំពី​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​របស់ ណាម៉ាន់ ដែល​ជា​មេទ័ព​កើត​ជំងឺ​ឃ្លង់ ។ គាត់​បាន​ទៅ​ជួប​អេលីសេ ដែល​ជា​ព្យាការី ដែល​ប្រាប់​គាត់​ឲ្យ​ទៅ​សម្អាត​ខ្លួន​នៅ​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង ។ មេព័ទ​រូប​នោះ​គិត​ថា​ល្ងង់ ប៉ុន្តែ​មនុស្ស​ជុំវិញ​ខ្លួន​បាន​លើក​ទឹកចិត្ត​គាត់​ក្នុងនាម​ជា​មេទ័ព​ឲ្យ​ទៅ​ធ្វើ ។ ហើយ​គាត់​មាន​ជំនឿ​ក្នុង​ការធ្វើ​ដូច្នោះ—ជា​អ្វី​ដែល​សាមញ្ញ​បំផុត ។ ហើយ​គាត់​បាន​ជ្រះ​ស្អាត ។ ( សូម​មើល ពង្សាវតារក្សត្រ ទី២ ៥:១–១៥ ) ។

រូបភាព
គ្រួសារ​របស់​ស៊ីកាហេម៉ា

គ្រួសារ​របស់​អែលឌើរ ស៊ីកាហេម៉ា

សូម​ដាក់​អនាគត​របស់​បងប្អូន​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​វរបិតា​សួគ៌

ឥឡូវ​នេះ​ខ្ញុំ​ប្រហែល​ជា​មិន​ក្លាយ​ជា​កីឡាករ​ប្រដាល់​អាជីព​ទេ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​រឿង​មួយ​ចំនួន អំពី​ការប្រឈមមុខ​ទៅនឹង​ការភ័យខ្លាច ។ ជាមួយនឹង​ការប្រឈមមុខ និង​ការសាកល្បង​ដែល​បងប្អូន​កំពុង​ជួបប្រទះ​ឥឡូវនេះ​ក្នុង​នាម​ជា​មជ្ឈិមវ័យ ខ្ញុំ​សូម​ឲ្យ​បងប្អូន​ធ្វើ​អ្វីៗ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​បងប្អូន ក្នុង​ការស្វែងរក និង​រក្សា​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​ជាមួយ​បងប្អូន​ជា​និច្ច ។ នោះ​គឺជា​គន្លឹះ ។ ដូចដែល​ប្រធាន ណិលសុន បាន​បង្រៀន​នា​ពេល​ថ្មីៗ​នេះ​ថា ៖ « សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​នឹង​រក្សា​ឲ្យ​យើង​ឆ្ពោះ​ទៅមុខ ទោះជា​មាន​ជំងឺ​រាតត្បាត រលក​ស៊ូណាមី ការផ្ទុះ​ភ្នំភ្លើង និង​ការប្រយុទ្ធ​ប្រដាប់​អាវុធ​ដ៏ភ័យខ្លាច និង​មិន​ប្រក្រតីក្ដី ។ សន្ទុះ​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​តទល់​ទៅនឹង​ការវាយ​ប្រហារ​ដ៏​ទុច្ចរិត និង​ឥត​ឈប់ឈរ​របស់​ពួកមារសត្រូវ ដែល​វា​ខំ​បំផ្លាញ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​បន្ដិច​ម្តងៗ » ។

កាលនៅ​ពីក្មេង ហើយកាល​ប្រឈម​មុខ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង នៃ​ការប្តូរ​ទីលំនៅ​ទៅ​រស់នៅ​ប្រទេស​ថ្មី​ ជា​ជន​អន្តោប្រវេសន៍ ខ្ញុំ​មិន​អាច​ស្រមៃ​ពី​ជីវិត​ដែល​រស់នៅ​ដោយ​គ្មាន​ភាព​មិនច្បាស់​លាស់​នោះ​ទេ ។ ខ្ញុំ​បន្ត​ប្រឈមមុខ​ទៅនឹង​ភាព​មិនច្បាស់លាស់​នៅពេញ​មួយ​ជីវិត​របស់​ខ្ញុំ និង​អាជីព​របស់​ខ្ញុំ ខ្ញុំ​បានរៀន​ថា ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​អាច​ប្រឈមមុខ​ទៅនឹង​ការភ័យខ្លាច ឬ​ឧបសគ្គ​គ្រប់យ៉ាង​ដែល​ស្ថិត​នៅលើ​ផ្លូវ​របស់​យើង ។

ពេល​បងប្អូន​ហ៊ុមព័ទ្ធ​ខ្លួន​របស់​បងប្អូន​ដោយ​មនុស្ស​ល្អៗ សូម​រៀបចំ​ខ្លួន និង​ឈរ​ការពារ​ជំនឿ​របស់​បងប្អូន ហើយ​ធ្វើតាម​ព្យាការី នោះ​អនាគត​នឹង​មិន​ហាក់​ដូចជា​គួរ​ឲ្យ​ភ័យខ្លាច​នោះទេ ។ ហើយ​បងប្អូន​នឹង​អាច​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តី​ជំនឿ ទោះជា​មាន​ភាព​ភ័យខ្លាច ឬ ភាពមិន​ច្បាស់លាស់​ក្តី ។ នៅពេល​បងប្អូន​ដាក់​អនាគត​របស់​បងប្អូន​នៅក្នុង​ព្រះហស្ត​នៃ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​បងប្អូន នោះ​បងប្អូន​អាច​ទុកចិត្ត​ថា ទ្រង់​នឹង​គង់​នៅ​ទីនោះ​សម្រាប់​បងប្អូន​ជានិច្ច ។

បោះពុម្ព