« ការបម្រើដោយក្តីសង្ឃឹម និងជំនឿ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
គោលការណ៍ទាំងឡាយនៃការងារបម្រើ
ការបម្រើដោយក្តីសង្ឃឹម និងជំនឿ
ពេលយើងរក្សាសេចក្តីសញ្ញារបស់យើងដោយសេចក្តីជំនឿ នោះយើងអាចជួយដឹកនាំអ្នកដទៃទៅរកធនធាននៃសេចក្តីសង្ឃឹមបាន ។
គំរូនៃសេចក្តីសង្ឃឹម និងសេចក្តីជំនឿ
នៅក្នុងដំណឹងល្អរបស់ម៉ាកុស យើងអានដំណើររឿងដ៏ក្តុកក្ដួលមួយអំពី « មានស្ត្រីម្នាក់ឈឺធ្លាក់ឈាមអស់ ១២ ឆ្នាំមកហើយ » ។ យើងរៀនថាគាត់ « បានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ » ( ម៉ាកុស ៥:២៥–២៦ ) ។
ការរងទុក្ខដប់ពីរឆ្នាំគឺជារយៈពេលយ៉ាងយូរ ។ គ្រប់យ៉ាងចំណាយច្រើនណាស់ ។ ហើយគាត់កាន់តែធ្ងន់ទៅៗ ។ ប្រសិនបើនរណាម្នាក់ មានសិទ្ធិទទួលអារម្មណ៍អស់សង្ឃឹមនោះ គឺជាស្រ្តីរូបនេះហើយ ។
ប៉ុន្តែ « នាងបានឮគេនិយាយពីព្រះយេស៊ូវ [ គាត់ទៅ ] ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ [ ទ្រង់ ] ទៅពាល់ព្រះពស្ត្រទ្រង់ » ពីព្រោះគាត់បានជឿថា « បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ » ។
ម៉ាកុសបានពណ៌នាថា ដោយសារសេចក្តីជំនឿរបស់គាត់ « ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណៈ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្តីវេទនានោះហើយ » ( ម៉ាកុស ៥:២៧–២៩ ) ។
សេចក្តីសង្ឃឹម និងសេចក្តីជំនឿរបស់ស្រ្តីនេះលើព្រះយេស៊ូវគឺត្រូវបានឆ្លើយតបដោយពរជ័យ ។ « ទ្រង់មានព្រះបន្ទូលទៅនាងថា កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ » ( ម៉ាកុស ៥:៣៤ ) ។
នៅរាល់ឧបសគ្គ មិនថាមានទំហំ ឬរយៈពេលប៉ុណ្ណានោះទេ សេចក្តីសង្ឃឹមគឺចាំបាច់ខ្លាំងណាស់ ។ សេចក្តីភ័យខ្លាច និងសេចក្តីអស់សង្ឃឹមអាចធ្វើឲ្យយើងបាត់បង់ស្មារតីបាន ។ ប៉ុន្តែសេចក្តីសង្ឃឹម និងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទយាងអញ្ជើញព្រះចេស្តា និងពរជ័យរបស់ទ្រង់មកក្នុងជីវិតរបស់យើង ។
សូមអនុវត្តសេចក្តីសង្ឃឹម និងជំនឿលើការងារបម្រើ
ក្នុងនាមជាបងប្អូនប្រុស និងបងប្អូនស្រីធ្វើការងារបម្រើ យើងនឹងត្រូវអំពាវនាវរកសេចក្តីសង្ឃឹម និងសេចក្តីជំនឿដូចគ្នានេះ ។ ការងារបម្រើអាចទាំងជារង្វាន់ និងជាការប្រឈមមុខផងដែរ ។ នៅពេលនរណាម្នាក់ដែលយើងចង់ជួយ បង្ហាញថាហាក់មិនចង់បានជំនួយនោះទេ នោះវាអាចធ្វើឲ្យបាត់បង់សេចក្តីសង្ឃឹមបានយ៉ាងងាយស្រួល ។ ប្រហែលជាអ្នកកំពុងប្រឈមមុខនឹងស្ថានភាពនេះឥឡូវនេះជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬនរណាម្នាក់ដែលបច្ចុប្បន្ននេះអ្នកត្រូវបានចាត់ឲ្យទៅជួយ ។ ប្រហែលជាដូចជាស្រ្តីដែលមានបញ្ហាធ្លាក់ ឈាមរូបនេះ ដែលមានតែព្រះអម្ចាស់ប៉ុណ្ណោះទើបញាណដឹង ថាតើអ្នកចំណាយពេល និងការខិតខំប៉ុណ្ណាដើម្បីព្យាយាមស្វែងរកអ្វីដែលជាជំនួយ ។ ប៉ុន្តែដូចជាស្រ្តីរូបនោះដែរ ប្រសិនបើយើងនឹងស្វែងរកក្តីសង្ឃឹមដើម្បីបន្តឈោងទៅជួយដោយសេចក្តីជំនឿ នោះព្រះចេស្តារបស់ព្រះអង្គសង្រ្គោះអាចធ្វើឲ្យមានភាពខុសប្លែកបាន ។
ពេលខ្លះ បញ្ហាប្រឈមមុខគឺជាការងារបម្រើដល់អស់អ្នកដែលខ្លួនពួកគេពុះពារដើម្បីទទួលអារម្មណ៍នៃក្តីសង្ឃឹមគ្រប់គ្រាន់ល្មមដើម្បីអនុវត្តសេចក្តីជំនឿ ។ មានមនុស្សមួយចំនួនដូចជាស្រ្តីដែលនៅក្នុងម៉ាកុសដែរ អាចប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃ បរាជ័យផ្នែកហិរញ្ញវត្ថុ ឬក៏ឧបសគ្គណាផ្សេងទៀតដែលហាក់ដូចជាលើសលប់ ។ ការដឹងថាពួកគេមិននៅឯកោនៅក្នុងគ្រាពុះពាររបស់ពួកគេ នោះអាចជាប្រភពនៃក្តីសង្ឃឹមដ៏មានអានុភាពមួយ ។ យើងអាចជួយពួកគេស្វែងរកសេចក្តីសង្ឃឹមនេះ នៅពេលយើងបង្ហាញឆន្ទៈរបស់យើងដើម្បីសម្រាលបន្ទុករបស់ពួកគេ ទួញយំជាមួយពួកគេ លួងលោមពួកគេ និងឈរជាសាក្សីរបស់ព្រះ ( សូមមើល ម៉ូសាយ ១៨:៩–១០ ) ។១
ការអភិវឌ្ឍន៍សេចក្តីសង្ឃឹម និងសេចក្តីជំនឿ
តើយើងអាចអភិវឌ្ឍគុណលក្ខណៈនៃសេចក្តីសង្ឃឹម និងសេចក្តីក្តីជំនឿដោយរបៀបណា ? នេះគឺជាគំនិតមួយចំនួន ៖
-
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ បានបង្រៀនថា សេចក្តីសង្ឃឹមគឺជាទំនុកចិត្តថាព្រះយេស៊ូវគ្រីស្ទនឹងបំពេញសេចក្តីសន្យារបស់ទ្រង់ ។២ ដោយសារ « សេចក្តីសង្ឃឹមគឺជាអំណោយទាននៃព្រះវិញ្ញាណ [ សូមមើល មរ៉ូណៃ ៨:២៦ ] »៣ វាជាអ្វីមួយដែលយើងអាចអធិស្ឋាន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–៩ ) ។
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថាការបង្កើនសេចក្តីជំនឿត្រូវការការខិតខំ ។ លោកបានចែកចាយពីរបៀបដែលយើងអាចបង្កើនសេចក្តីជំនឿរបស់យើងតាមរយៈការសិក្សា ការជ្រើសរើសជឿ ការធ្វើសកម្មភាពដោយសេចក្តីជំនឿ ការទទួលនូវពិធីបរិសុទ្ធដ៏ពិសិដ្ឋដោយភាពស័ក្តិសម ហើយទូលសូមជំនួយពីព្រះវរបិតា ។៤