« ឯងបានដឹងរួចទៅហើយ » លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០២៣ ។
ការបង្ហាញអំពីសេចក្តីជំនឿ
ឯងបានដឹងរួចទៅហើយ
ខ្ញុំបានទទួលទីបន្ទាល់អំពីដំណឹងល្អដែលបានស្ដារឡើងវិញ ប៉ុន្តែខ្ញុំនៅសល់ពេល ១០ ខែទៀតក្នុងកិច្ចសន្យារបស់ខ្ញុំធ្វើជាគ្រូគង្វាលនៅព្រះវិហារផ្សេង ។
នៅពេលខ្ញុំអាយុប្រហែលប្រាំបួនឆ្នាំ ខ្ញុំឈឺធ្មេញយ៉ាងខ្លាំង ។ ការឈឺចាប់ មិនអាចទ្រាំទ្របាននោះទេ ប៉ុន្តែយើងគ្មានលុយទៅពេទ្យធ្មេញទេ ។ នៅពេលនោះ ខ្ញុំបានរស់នៅជាមួយជីដូនដែលមានចិត្តដូចទេវតារបស់ខ្ញុំនៅប្រទេសម៉ិកស៊ិក ។
ដោយទឹកភ្នែកជោរជន់នៅក្នុងកែវភ្នែករបស់គាត់ គាត់បានសួរខ្ញុំថា « តើចៅជឿលើព្រះយេស៊ូវថា ទ្រង់អាចជួយចៅដែរឬទេ ? »
ខ្ញុំបានប្រាប់គាត់ថាខ្ញុំជឿ ។ គាត់បានប្រាប់ខ្ញុំឲ្យទៅបន្ទប់ជិតនោះ ហើយលុតជង្គង់អធិស្ឋានទូលសូមអព្ភូតហេតុ ។ ខ្ញុំបានអធិស្ឋានអស់ពីដួងចិត្ត ប៉ុន្តែមិនមានអ្វីកើតឡើងទេ ។ ដោយខកបំណង ខ្ញុំបានខាំធ្មេញសង្កត់វាយ៉ាងខ្លាំងតាមដែលខ្ញុំអាចធ្វើបាន ហើយបានពោលពាក្យអធិស្ឋានជាលើកទីពីរ ។ មិនយូរប៉ុន្មានការឈឺចាប់ក៏បាត់ទៅ ! ពេលខ្ញុំរត់ទៅប្រាប់ជីដូន ខ្ញុំឃើញគាត់លុតជង្គង់អង្វរព្រះឲ្យជួយចៅប្រុសតូចរបស់គាត់ ។ ខ្ញុំមិនដែលភ្លេចទិដ្ឋភាពនោះទេ ហើយខ្ញុំក៏អរគុណដល់ជីដូនរបស់ខ្ញុំ ។
បន្ទាប់មកទៀតក៏មានបទពិសោធន៍ខាងវិញ្ញាណផ្សេងទៀត ។
នៅពេលខ្ញុំមានអាយុ ១៤ ឆ្នាំ ខ្ញុំបានផ្លាស់ទៅរស់នៅរដ្ឋតិចសាស ស.រ.អា. ដើម្បីរស់នៅជាមួយឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំ ។ ខ្ញុំបានឃើញព្រះវិហារក្នុងតំបន់មួយ ហើយចាប់ផ្ដើមចូលរួមជាប្រចាំ ។ ដោយសារបទពិសោធន៍របស់ខ្ញុំជាមួយព្រះ ខ្ញុំចង់ចែកចាយព្រះនាម និងដំណឹងល្អរបស់ទ្រង់ ដល់មនុស្សគ្រប់គ្នាដែលនឹងស្តាប់ខ្ញុំ ។ នៅអាយុ ១៥ ឆ្នាំ ខ្ញុំបានចូលរៀននៅសាលាគ្រូគង្វាល ដើម្បីធ្វើជាគ្រូគង្វាលម្នាក់ ។ អស់រយៈពេលពីរឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់ព្រះគម្ពីរប៊ីបមុនពេលចូលរៀន ក្រោយពីរៀន និងនៅថ្ងៃចុងសប្ដាហ៍ ។
នៅព្រឹកមួយនៅវិទ្យាល័យ ខ្ញុំបានឮសំឡេងនៅក្នុងបន្ទប់ប្តូរសម្លៀកបំពាក់កីឡារបស់ក្មេងប្រុសៗ ។ មានគេស្រែកថា « ឯងជា មរមន ! » ។ ខ្ញុំមិនធ្លាប់ឮពាក្យនោះពីមុនមកទេ ប៉ុន្តែវាស្តាប់ទៅដូចជាការប្រមាថមួយអ៊ីចឹង ។
ក្រោយមកខ្ញុំបានដឹងថាអ្នកដែលត្រូវគេស្រែកឲ្យនោះ គឺជាមិត្តល្អរបស់ខ្ញុំ ឌឺរិក ។
ខ្ញុំបាននិយាយថា « សោកស្តាយណាស់ដែលគេហៅឯងថាជាមរមន » ។
ឌឺរិក ញញឹម ហើយសួរថា « ឯងមិនដឹងថា មរមនជាអ្វីទេ មែនទេ ? »
គាត់បានប្រាប់ខ្ញុំថា វាគឺជាឈ្មោះហៅក្រៅសម្រាប់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
« អ៊ីចឹង ឯងគឺជាគ្រីស្ទានឬ ? » ខ្ញុំបានសួរ ។
នៅពេលគាត់បាននិយាយថា បាទ ខ្ញុំរីករាយដែលបានដឹងថាយើងបានចែកចាយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
« តើឯងធ្លាប់ទូលសួរព្រះដែរឬទេ ? »
ខ្ញុំឆ្ងល់ថា « តើពួកមរមនទាំងនេះជានរណា ។ ហើយតើពួកគេជឿលើអ្វី ? »
ខ្ញុំបានទៅស្វែងយល់នៅលើអ៊ីនធឺណិត ។ ប៉ុន្មាននាទីក្រោយមក ខ្ញុំបានសម្រេចចិត្តថាមិត្តរបស់ខ្ញុំមិនមែនជាគ្រីស្ទានទេ ហើយថាគាត់នឹងធ្លាក់នរក ។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមបេសកកម្មដើម្បីសង្គ្រោះគាត់ ។
ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ខ្ញុំបានអានគ្រប់សៀវភៅដែលខ្ញុំអាចរកឃើញអំពីសាសនាចក្រ រួមទាំងព្រះគម្ពីរមរមនទាំងមូល—ពីរដង ។ ខ្ញុំក៏បានជួបជាមួយ ឌឺរិក និងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដើម្បីព្យាយាមជួយពួកគេ ។
ពេលខ្ញុំមានអាយុ ១៧ ឆ្នាំ ខ្ញុំបានបញ្ចប់ការសិក្សាពីសាលាគ្រូគង្វាល ហើយត្រូវបានតែងតាំងជាគ្រូគង្វាល ហើយបានក្លាយជាគ្រូគង្វាលនៃក្រុមជំនុំតូចមួយនៅរដ្ឋ តិចសាស ។ ពីរខែបន្ទាប់ពីការតែងតាំងរបស់ខ្ញុំ ខ្ញុំបានមានការពិភាក្សាមួយទៀតជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។
ម្នាក់ក្នុងចំណោមពួកគេបានសួរថា « ប្អូនបានអានព្រះគម្ពីរមរមន ហើយប្អូនបានរៀនគ្រប់មេរៀនដែលពួកខ្ញុំបង្រៀន ប៉ុន្តែតើប្អូនបានទូលសួរព្រះថាតើសារលិខិតរបស់ខ្ញុំពិតឬទេ ? នោះប្អូន នឹងបានដឹងចម្លើយពីទ្រង់មែនទេ ? »
ខ្ញុំបានឆ្លើយថា « ពិតណាស់ » ។
អ្នកផ្សព្វផ្សាយសាសនាបានឆ្លើយតបថា ៖ « របៀបដែលខ្ញុំមើលឃើញ វាជាស្ថានភាពឈ្នះ ឈ្នះសម្រាប់ប្អូន » ។ « ប្រសិនបើប្អូនទូលសួរព្រះថាតើអ្វីដែលមិត្តរបស់ប្អូនជឿពិត ឬអត់ ហើយព្រះឆ្លើយថាទេ នោះប្អូនបានសម្រេចបេសកកម្មដែលប្អូនបានចាប់ផ្តើមដំណើរនេះហើយ ។ ប៉ុន្តែប្រសិនបើទ្រង់មានព្រះបន្ទូលថាសារលិខិតរបស់យើងគឺជាការពិត សូមគិតថាតើប្អូនអាចទទួលបានឬទេ » ។
ខ្ញុំមិនដែលគិតអំពីរឿងនេះដូចនោះទេ ។ នៅយប់នោះខ្ញុំបានលុតជង្គង់ចុះនៅក្នុងបន្ទប់របស់ខ្ញុំ បន្ទាប់ពីអាន មរ៉ូណៃ ១០:៣–៥ ។ ចម្លើយរបស់ខ្ញុំពីព្រះ គឺសាមញ្ញប៉ុន្តែមានអានុភាព ។ ដោយសំឡេងតូចរហៀង ទ្រង់បានឆ្លើយមកខ្ញុំថា ៖ « ឯងបានដឹងរួចទៅហើយ » ។
ជំពូកថ្មីនៅក្នុងភាពជាសិស្សរបស់ខ្ញុំ
ឥឡូវនេះដែលខ្ញុំមានទីបន្ទាល់អំពីដំណឹងល្អដែលបានស្ដារឡើងវិញ ចុះតើការធ្វើជាគ្រូគង្វាលរបស់ខ្ញុំទៅជាយ៉ាងណា ? ខ្ញុំនៅសល់ពេល ១០ ខែទៀតក្នុងកិច្ចសន្យាជាគ្រូគង្វាល ។ បន្ទាប់ពីការអធិស្ឋាន និងការប្រឹក្សាជាច្រើនជាមួយនឹងព្រះ ខ្ញុំបានសម្រេចចិត្តបញ្ចប់ការធ្វើជាគ្រូគង្វាលរបស់ខ្ញុំ ។ សម្រាប់រយៈពេល ១០ ខែបន្ទាប់ ខ្ញុំបានបន្តចែកចាយសេចក្ដីពិតក្នុងព្រះគម្ពីរប៊ីបតាមទម្លាប់ ប៉ុន្តែនៅពេលដែលអាចធ្វើទៅបាន ខ្ញុំបានបន្ថែមទស្សនៈនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។ មនុស្សម្នាបានយល់ពីសេចក្ដីពិតទាំងនោះ ហើយក្រុមរបស់ខ្ញុំបានកើនឡើងពី ២០ ទៅជិត ១៥០ នាក់ ។
បន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចសន្យារបស់ខ្ញុំ ខ្ញុំបានទទួលតំណែងជាអចិន្ត្រៃយ៍ ប៉ុន្តែខ្ញុំដឹងថា វាដល់ពេលត្រូវទទួលពិធីបុណ្យជ្រមុជទឹកក្នុងសាសនាចក្រហើយ ។ វាដល់ពេលហើយដើម្បីចាប់ផ្តើមជំពូកថ្មី នៅក្នុងដំណើរនៃភាពជាសិស្សរបស់ខ្ញុំ ។
ពីដំបូង—ពេលខ្ញុំប្រាប់សមាជិកក្នុងគ្រួសាររបស់ខ្ញុំ ពួកគេមិនសប្បាយចិត្តទេ ។ ប៉ុន្តែបីខែបន្ទាប់ពីខ្ញុំបានចូលរួមក្នុងសាសនាចក្រ ខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកដល់ម្តាយខ្ញុំ និងបងប្អូនរបស់ខ្ញុំពីរនាក់។ បន្ទាប់ពីបានបម្រើបេសកកម្មពេញម៉ោងនៅបេសកកម្មទីក្រុង អូក្លាហូម៉ា អូក្លាហូម៉ា ខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យប្អូនស្រីរបស់ខ្ញុំ ។
បើមានគេសួរខ្ញុំពីមូលហេតុដែលខ្ញុំផ្លាស់ប្តូរសាសនារបស់ខ្ញុំ ខ្ញុំតែងតែឆ្លើយថា « ខ្ញុំ មិនបាន ប្តូរសាសនារបស់ខ្ញុំ ទេ—ខ្ញុំនៅតែជាគ្រីស្ទានដ៏ស្មោះត្រង់ ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះអង្គសង្គ្រោះ ដោយក្លាយជាសមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹកនៃសាសនាចក្ររបស់ទ្រង់—គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំស្គាល់ទ្រង់ដោយផ្ទាល់ និងស្និទ្ធស្នាលជាងមុនឥឡូវនេះ ដោយសារការស្ដារឡើងវិញនៃដំណឹងល្អ ព្រះគម្ពីរមរមន ព្យាការីសម័យទំនើប និងពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ » ។
សព្វថ្ងៃនេះ ខ្ញុំមានឯកសិទ្ធិធ្វើការជាគ្រូបង្រៀនពេញម៉ោងនៅថ្នាក់សិក្ខាសាលា ។ ខ្ញុំនៅតែលះបង់ជីវិតរបស់ខ្ញុំថ្វាយព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ហើយខ្ញុំនៅតែប្រាប់មនុស្សគ្រប់គ្នាដែលនឹងស្តាប់អំពី « ប្រាប់ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » ( លូកា ២:១០ ) ។