« ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
« ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា »
ព្រះបន្ទូលដដែលនោះដែលព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់សមុទ្រកាលីឡេនៅយប់ដែលមានខ្យល់ព្យុះ ទ្រង់មានព្រះបន្ទូលមកកាន់យើងក្នុងកំឡុងព្យុះនៃជីវិតរបស់យើងថា « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។
សម្រាប់គ្រួសារខ្ញុំ និងខ្ញុំ នៅរដូវរងានៃឆ្នាំ ១៩៤៤ គឺជាពេលវេលានៃការភ័យខ្លាច និងភាពមិនច្បាស់លាស់មួយ ។ ដោយឪពុករបស់ខ្ញុំនៅឆ្ងាយនៅសមរភូមិភាគខាងលិច ម្តាយរបស់ខ្ញុំបានពុះពារដើម្បីចិញ្ចឹមកូនបួននាក់របស់គាត់ និងមានភាពកក់ក្តៅ ខណៈពេលដែលសង្រ្គាមបានគំរាមកំហែងដល់ផ្ទះរបស់យើងនៅក្នុងប្រទេសឆេកូស្លូវ៉ាគី ។
ជារៀងរាល់ថ្ងៃ គ្រោះថ្នាក់កាន់តែខិតជិត ។ ទីបំផុត ម្ដាយរបស់ខ្ញុំបានសម្រេចចិត្តភៀសខ្លួនទៅផ្ទះជីដូនជីតាខ្ញុំនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ។ ដោយមិនដឹងជាយ៉ាងម៉េច គាត់បាននាំពួកយើងទាំងអស់គ្នាឡើងជិះរថភ្លើងចុងក្រោយរបស់ជនភៀសខ្លួនដែលធ្វើដំណើរទៅភាគខាងលិច ។ សំឡេងផ្ទុះនៅជិតៗនោះ ទឹកមុខព្រួយបារម្ភ និងគ្មានអ្វីនៅក្នុងពោះមួយគ្រាប់សោះនោះ បានរំឭកអ្នកគ្រប់គ្នានៅលើរថភ្លើងថា យើងកំពុងធ្វើដំណើរឆ្លងកាត់តំបន់សង្រ្គាម ។
នៅយប់មួយបន្ទាប់ពីរថភ្លើងរបស់យើងឈប់ដើម្បីទទួលការផ្គត់ផ្គង់ ម្តាយរបស់ខ្ញុំក៏ប្រញាប់ចេញទៅរកអាហារ ។ ពេលគាត់ត្រឡប់មកវិញ គាត់រន្ធត់ណាស់ ព្រោះរថភ្លើងដឹកកូនៗទៅបាត់ !
ដោយមានការព្រួយបារម្ភជាខ្លាំង គាត់បានបែរទៅរកព្រះដោយការអធិស្ឋានដោយក្តីអស់សង្ឃឹម ហើយបន្ទាប់មកបានចាប់ផ្ដើមស្វែងរកក្នុងស្ថានីយរថភ្លើងដែលងងឹតយ៉ាងវីវក់ ។ គាត់បានរត់ពីផ្លូវរថភ្លើងមួយទៅផ្លូវរថភ្លើងមួយ និងពីរថភ្លើងមួយទៅរថភ្លើងមួយ ។ គាត់បានដឹងថា ប្រសិនបើរថភ្លើងចេញដំណើរមុនពេលគាត់រកឃើញ នោះគាត់ប្រហែលជាមិនបានជួបពួកយើងទៀតទេ ។
ព្យុះនៅក្នុងជីវិតរបស់យើង
ក្នុងអំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ពួកសិស្សរបស់ទ្រង់បានរៀនថា ទ្រង់អាចធ្វើឲ្យខ្យល់ព្យុះស្ងប់នៅក្នុងជីវិតរបស់យើងបាន ។ នៅល្ងាចមួយ បន្ទាប់ពីការបង្រៀនពេញមួយថ្ងៃនៅមាត់សមុទ្រ ព្រះអម្ចាស់បានប្រទានយោបល់ដល់ពួកគេ « ចូរយើងឆ្លងទៅត្រើយម្ខាង » នៃសមុទ្រកាលីឡេ ( ម៉ាកុស ៤:៣៥ ) ។
បន្ទាប់ពីពួកគេបានចាកចេញ ព្រះយេស៊ូវ បានរកកន្លែងផ្ទុំនៅលើទូក ហើយក៏លង់លក់ ។ មិនយូរប៉ុន្មានផ្ទៃមេឃក៏ប្រែងងឹត « នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូកដល់ម្លេះ បានជាទូកពេញហើយ » ( សូមមើល ម៉ាកុស ៤:៣៧–៣៨ ) ។
យើងមិនដឹងថាពួកសិស្សខំប្រឹងធ្វើឲ្យទូកអណ្តែតដល់ពេលណានោះទេ ប៉ុន្តែនៅទីបំផុត ពួកគេមិនអាចរង់ចាំទៀតបានឡើយ ។ ដោយតក់ស្លុតពួកគេបានស្រែកថា « លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី » ។ ( ម៉ាកុស ៤:៣៨ ) ។
យើងទាំងអស់គ្នាប្រឈមមុខនឹងព្យុះបោកបក់ភ្លាមៗ ។ នៅក្នុងជីវិតរមែងស្លាប់នៃការសាកល្បង និងឧបសគ្គ យើងអាចមានអារម្មណ៍ធុញថប់ បាក់ទឹកចិត្ត និងខកចិត្ត ។ បេះដូងយើងខ្ទេចខ្ទាំសម្រាប់ខ្លួនយើង និងអស់អ្នកដែលយើងស្រឡាញ់ ។ យើងព្រួយបារម្ភ និងភ័យខ្លាច ហើយពេលខ្លះបាត់បង់ក្តីសង្ឃឹម ។ ក្នុងអំឡុងពេលបែបនេះ យើងក៏អាចនឹងយំថា « លោកគ្រូអើយ យើង វិនាសហើយលោកមិនរវល់ទេឬអី ? »
នៅក្នុងយុវវ័យរបស់ខ្ញុំ មានទំនុកតម្កើងមួយដែលខ្ញុំចូលចិត្តគឺបទ « លោកគ្រូ ខ្យល់ព្យុះកំពុងបោកបក់ » ។១ ខ្ញុំអាចស្រមៃឃើញខ្លួនឯងនៅលើទូកនោះ នៅពេល « រលកធំៗ [ កំពុង ] បោកបក់ខ្លាំង » ។ ផ្នែកដ៏សំខាន់ និងស្រស់ស្អាតបំផុតនៃទំនុកតម្កើងនេះ មានដូចតទៅ ៖ « ខ្យល់ និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់ ៖ ចូរស្ងប់ទៅ » ។ បន្ទាប់មកសារលិខិតដ៏សំខាន់ថា ៖ « រលកមិនអាចលេបត្របាក់ទុកបានទេបើទ្រង់នៅជាម្ចាស់នៃសមុទ្រផែនដី និងផ្ទៃមេឃ » ។
ប្រសិនបើយើងស្វាគមន៍ព្រះយេស៊ូវគ្រីស្ទ ដែលជាម្ចាស់នៃមេត្រីភាពឲ្យចូលមកក្នុងទូករបស់យើង នោះយើងមិនត្រូវភ័យខ្លាចឡើយ ។ យើងនឹងដឹងថាយើងអាចទទួលបានសេចក្តីសុខសាន្តក្នុងពេលព្យុះភ្លៀងដែលបក់មកក្នុងខ្លួនយើង និងជុំវិញយើង ។ បន្ទាប់ពីពួកសិស្សរបស់ទ្រង់ស្រែករកជំនួយ ព្រះយេស៊ូវ « កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ ។ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ »( សូមមើលម៉ាកុស ៤:៣៩ ) ។
ព្រះបន្ទូលដដែលនោះដែលព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់សមុទ្រកាលីឡេនៅយប់ដែលមានខ្យល់ព្យុះ ទ្រង់មានព្រះបន្ទូលមកកាន់យើងក្នុងកំឡុងព្យុះនៃជីវិតរបស់យើងថា « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។
« នោះមិនមែនដូចជាលោកីយ៍ឲ្យទេ » ។
ជាមួយនឹងពួកសិស្ស យើងអាចសួរថា « តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ ? » ( ម៉ាកុស ៤:៤១ ) ។
ព្រះយេស៊ូវមិនដូចជាមនុស្សណាម្នាក់ឡើយ ។ ក្នុងនាមជាព្រះរាជបុត្រានៃព្រះ ទ្រង់ត្រូវបានហៅឲ្យបំពេញបេសកកម្មដែលគ្មានអ្នកណាអាចបំពេញបានឡើយ ។
តាមរយៈដង្វាយធួនរបស់ទ្រង់ ហើយតាមរបៀបដែលយើងមិនអាចយល់បានទាំងស្រុង ព្រះអង្គសង្គ្រោះបានលើកដាក់លើអង្គទ្រង់ផ្ទាល់នូវ « ការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ( អាលម៉ា ៧:១១ ) និង « ទម្ងន់ត្រួតលើគ្នានៃអំពើបាបក្នុងជីវិតរមែងស្លាប់ទាំងអស់ » ។២
ទោះបីទ្រង់មិនជំពាក់បំណុលយុត្តិធម៌ក៏ដោយ ក៏ទ្រង់បានរងទុក្ខ « ទាំងអស់ … ដែលទាមទារនៃសេចក្ដីយុត្តិធម៌ » ( អាលម៉ា ៣៤:១៦ ) ។ នៅក្នុងប្រសាសន៍របស់ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « ទ្រង់មិនបានធ្វើអ្វីខុសឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផ្តុំនៃកំហុស សេចក្តីឈឺចាប់ និងទុកព្រួយ ការចុកចាប់ និងក្តីអាម៉ាស់ទាំងអស់ គ្រប់បញ្ហាទាំងអស់នៃផ្លូវចិត្ត អារម្មណ៍ និងទារុណកម្មខាងរូបកាយដែលមនុស្សលោកស្គាល់—នោះទ្រង់បានដកពិសោធន៍អ្វីៗទាំងអស់នោះ » ។៣ ហើយទ្រង់បានយកឈ្នះវាទាំងអស់ ។
អាលម៉ា បានព្យាករណ៍ថាព្រះអង្គសង្រ្គោះ « នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្តីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្តីស្លាប់ ដែលចងរាស្រ្តទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្តីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថាតើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២ ) ។
តាមរយៈអំណោយទានដ៏ទេវភាពដែលកើតចេញពីទារុណកម្មដ៏ក្រៀមក្រំ និងដោយសេចក្តីស្រឡាញ់ចំពោះយើង ព្រះយេស៊ូវគ្រីស្ទបានបង់តម្លៃដើម្បីលោះយើង ពង្រឹងយើង និងដើម្បីសង្គ្រោះយើង ។ មានតែតាមរយៈដង្វាយធួនប៉ុណ្ណោះដែលយើងអាចរកឃើញសេចក្តីសុខសាន្តដែលយើងចង់បាន និងត្រូវការយ៉ាងខ្លាំងនៅក្នុងជីវិតនេះ ។ ដូចដែលព្រះអង្គសង្រ្គោះបានសន្យាថា « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ( យ៉ូហាន ១៤:២៧ ) ។
ព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ផ្តល់ឲ្យយើងនូវរបៀបដើម្បីទទួលបាននូវសេចក្តីសុខសាន្តរបស់ទ្រង់ ប្រសិនបើយើងនឹងងាកទៅរកទ្រង់ ។
រូបភាពរបស់ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន
របៀបទៅរកសេចក្តីសុខសាន្ត
ព្រះយេស៊ូវគ្រីស្ទ ដែលគ្រប់គ្រងធាតុទាំងឡាយ ក៏អាចសម្រាលបន្ទុករបស់យើងបានផងដែរ ។ ទ្រង់មានព្រះចេស្តាក្នុងការព្យាបាលបុគ្គលម្នាក់ៗ និងប្រជាជាតិនានា ។ ទ្រង់បានបង្ហាញយើងនូវមាគ៌ាទៅកាន់សេចក្តីសុខសាន្តដ៏ពិតប្រាកដ ដ្បិតទ្រង់គង់នៅ « ជាម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) ។ សេចក្តីសុខសាន្តដែលព្រះអង្គសង្គ្រោះប្រទានឲ្យអាចផ្លាស់ប្តូរជីវិតមនុស្សទាំងអស់ ប្រសិនបើបុត្រាបុត្រីរបស់ព្រះអនុញ្ញាតឲ្យ ។ ព្រះជន្ម និងការបង្រៀនរបស់ទ្រង់ផ្តល់ឲ្យយើងនូវរបៀបដើម្បីទទួលអារម្មណ៍នូវសេចក្តីសុខសាន្តរបស់ទ្រង់ ប្រសិនបើយើងនឹងងាកទៅរកទ្រង់ ។
ទ្រង់មានព្រះបន្ទូលថា « ចូររៀនអំពីយើង ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានសេចក្ដីសុខសាន្តក្នុងយើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣ ) ។
យើងរៀនពីទ្រង់ នៅពេលយើងលើកព្រលឹងយើងឡើងក្នុងសេចក្ដីអធិស្ឋាន សិក្សាអំពីព្រះជន្ម និងការបង្រៀនរបស់ទ្រង់ ហើយ « ឈរនៅ…ក្នុងទីបរិសុទ្ធទាំងឡាយ » រួមទាំងព្រះវិហារបរិសុទ្ធផងដែរ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៨ សូមមើល ផងដែរ ៤៥:៣២ ) ។ សូមចូលរួមក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានញឹកញាប់តាមដែលបងប្អូនអាចធ្វើទៅបាន ។ ព្រះវិហារបរិសុទ្ធគឺជាជម្រកដ៏សុខសាន្តពីព្យុះដែលកំពុងកើនឡើងនៅសម័យរបស់យើង ។
មិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំ ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀនថា ៖ « នៅពេលយើងទៅ [ ព្រះវិហារបរិសុទ្ធ ] នៅពេលយើងចងចាំសេចក្ដីសញ្ញាដែលយើងធ្វើនៅក្នុងនោះ យើងនឹងអាចទ្រាំទ្ររាល់ការសាកល្បង ហើយយកឈ្នះរាល់សេចក្ដីល្បួងបាន ។ ព្រះវិហារបរិសុទ្ធផ្តល់នូវគោលបំណងសម្រាប់ជីវិតរបស់យើង ។ ព្រះវិហារបរិសុទ្ធនាំមកនូវសេចក្តីសុខសាន្តដល់ព្រលឹងរបស់យើង—មិនមែនសេចក្តីសុខសាន្តដែលមនុស្សផ្តល់ឲ្យនោះទេ តែជាសេចក្តីសុខសាន្តដែលបានសន្យាដោយព្រះរាជបុត្រារបស់ព្រះ » ។៤
យើងស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ នៅពេលយើងធ្វើតាមការបង្រៀនរបស់ទ្រង់នៅក្នុងព្រះគម្ពីរបរិសុទ្ធ និងពីព្យាការីដែលមានជីវិតរស់នៅរបស់ទ្រង់ ធ្វើតាមគំរូរបស់ទ្រង់ ហើយមកកាន់សាសនាចក្ររបស់ទ្រង់ ជាកន្លែងដែលយើងទំនាក់ទំនងគ្នា ទទួលការបង្រៀន និងចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ។
យើងដើរនៅក្នុងភាពទន់ភ្លន់នៃព្រះវិញ្ញាណរបស់ទ្រង់ កាលយើងមានក្តីស្រឡាញ់ដូចជាទ្រង់មានក្តីស្រឡាញ់ អត់ទោសដូចដែលទ្រង់បានអភ័យទោស ប្រែចិត្ត ហើយធ្វើឲ្យគេហដ្ឋានរបស់យើងជាកន្លែងដែលយើងអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណរបស់ទ្រង់បាន ។ យើងក៏ដើរនៅក្នុងភាពរាបទាបនៃព្រះវិញ្ញាណរបស់ទ្រង់ កាលដែលយើងជួយអ្នកដទៃ បម្រើព្រះដោយក្តីរីករាយ ហើយព្យាយាមប្រែក្លាយ « ជាអ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ត » ( មរ៉ូណៃ ៧:៣ ) ។
ជំហាននៃសេចក្តីជំនឿ និងកិច្ចការទាំងនេះនាំទៅរកសេចក្តីសុចរិត ផ្តល់ពរដល់យើងក្នុងដំណើរនៃភាពជាសិស្សរបស់យើង ហើយនាំមកនូវសេចក្តីសុខសាន្ត និងគោលបំណងដ៏ជាប់ជានិច្ច ។
« អ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ »
នៅយប់ងងឹតមួយនៅក្នុងស្ថានីយ៍រថភ្លើងដ៏ក្រៀមក្រំជាច្រើនឆ្នាំមុន ម្តាយរបស់ខ្ញុំបានប្រឈមមុខនឹងការជ្រើសរើសមួយ ។ គាត់អាចអង្គុយយំបោកខ្លួនចំពោះសោកនាដកម្មនៃការបាត់កូនៗរបស់គាត់ ឬគាត់អាចដាក់សេចក្តីជំនឿ និងក្តីសង្ឃឹមរបស់គាត់ទៅជាសកម្មភាព ។ ខ្ញុំមានអំណរគុណដែលជំនឿរបស់គាត់បានយកឈ្នះលើការភ័យខ្លាចរបស់គាត់ ហើយថាក្តីសង្ឃឹមរបស់គាត់បានយកឈ្នះលើក្តីអស់សង្ឃឹមរបស់គាត់ ។
ទីបំផុត នៅតំបន់ដាច់ស្រយាលមួយនៃស្ថានីយ៍នោះ គាត់បានរកឃើញរថភ្លើងរបស់យើង ។ យើងបានជួបជុំគ្នាម្ដងទៀតនៅទីនោះ ។ នៅយប់នោះ និងក្នុងអំឡុងពេលព្យុះភ្លៀងទាំងថ្ងៃទាំងយប់នៅពេលខាងមុខ នោះគំរូរបស់ម្តាយខ្ញុំក្នុងការដាក់សេចក្តីជំនឿទៅជាសកម្មភាពបានទ្រទ្រង់យើង កាលដែលយើងសង្ឃឹម និងធ្វើការសម្រាប់អនាគតដ៏ភ្លឺស្វាង ។
សព្វថ្ងៃនេះ បុត្រាបុត្រីរបស់ព្រះជាច្រើនយល់ឃើញថា រថភ្លើងរបស់ពួកគេក៏ត្រូវបានផ្លាស់ទីផងដែរ ។ ក្តីសង្ឃឹម និងក្តីស្រមៃរបស់ពួកគេសម្រាប់ថ្ងៃអនាគតត្រូវបានរលាយបាត់ដោយសារសង្រ្គាម ជំងឺរាតត្បាត និងការបាត់បង់សុខភាព ការងារ ឱកាសសិក្សា និងមនុស្សជាទីស្រឡាញ់ ។ ពួកគេបាក់ទឹកចិត្ត ឯកោ វង្វេង ។
បងប្អូនប្រុសស្រី មិត្តជាទីស្រឡាញ់ យើងរស់នៅក្នុងគ្រាដ៏ពិបាក ។ មនុស្សគ្រប់គ្នាមានការងឿងឆ្ងល់ ការជំនុំជម្រះគឺមាននៅលើដែនដី ហើយសេចក្តីសុខសាន្តត្រូវបានដកចេញពីផែនដី ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៥; ៨៨:៧៩ ) ។ ប៉ុន្តែ មិនត្រូវដកសេចក្តីសុខសាន្តចេញពីចិត្តរបស់យើងឡើយ ទោះជាយើងត្រូវរងទុក្ខ សោកសៅ ហើយរង់ចាំព្រះអម្ចាស់ក៏ដោយ ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះការអធិស្ឋានរបស់យើងនឹងត្រូវបានឆ្លើយតប ។ ពេលវេលាជាកម្មសិទ្ធិរបស់ព្រះ ប៉ុន្តែខ្ញុំសូមថ្លែងទីបន្ទាល់ថា បំណងប្រាថ្នាដ៏សុចរិតរបស់យើងនៅថ្ងៃណាមួយនឹងសម្រេចបាន ហើយថាការបាត់បង់ទាំងអស់នឹងស្រោចស្រង់ឡើងផ្តល់ដល់យើងនូវអំណោយទានដ៏ទេវភាពនៃការប្រែចិត្ត ហើយបន្តនៅស្មោះត្រង់ជានិច្ច ។៥
យើងនឹងបានជាសះស្បើយ—ទាំងផ្លូវកាយ និងខាងវិញ្ញាណ ។
យើងនឹងឈរដោយស្អាតស្អំ និងបរិសុទ្ធនៅមុខវេទិកាជំនុំជម្រះ ។
យើងនឹងបានជួបជុំមនុស្សជាទីស្រឡាញ់ នៅក្នុងការរស់ឡើងវិញដ៏រុងរឿង ។
ទទឹមនឹងនោះ យើងអាចទទួលបានការលួងលោម និងការលើកទឹកចិត្តកាលដែលយើងពឹងអាស្រ័យលើការសន្យារបស់ព្រះអម្ចាស់ ៖ « អ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ » ( យ៉ូហាន ១៦:៣៣ ) ។