« ពរជ័យនៃឆ្នាំ១៨៣៦ និងការលំបាកនៃឆ្នាំ១៨៣៧ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
ពរជ័យ នៃឆ្នាំ១៨៣៦ និង ការលំបាក នៃឆ្នាំ ១៨៣៧
ការចងចាំនូវភាពរីករាយខាងវិញ្ញាណរបស់យើងរំឭកយើងថា នៅទីបំផុតយើងនឹងត្រូវបានរំដោះចេញពីទុក្ខលំបាករបស់យើង ។
នៅខែមីនា ឆ្នាំ២០២៤ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានទទួលយកការគ្រប់គ្រងដ៏ពិសិដ្ឋនៃការធ្វើជាម្ចាស់កម្មសិទ្ធិព្រះវិហារបរិសុទ្ធ ខឺតឡង់ ពីសហគមន៍នៃព្រះគ្រីស្ទ ។ ព្រះវិហារបរិសុទ្ធនោះជាកន្លែងដ៏ពិសេសមួយ ដែលមិនមានការផ្លាស់ប្តូរច្រើនទេ ចាប់តាំងពីការឧទ្ទិសឆ្លងនាឆ្នាំ១៨៣៦ មក ។ នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ ព្រះយេស៊ូវគ្រីស្ទបានទទួលព្រះវិហារបរិសុទ្ធនោះជាដំណាក់របស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ) ។ នៅក្នុងព្រះវិហារបរិសុទ្ធនោះ យើងអាចទទួលអារម្មណ៍ថាមានវត្តមានរបស់ទ្រង់ និងការស្រមៃនៅក្នុងគំនិតរបស់យើងពីកន្លែងដែលទ្រង់គង់ ។
ព្រះវិហារបរិសុទ្ធខឺតឡង់ មាននូវមេរៀនជាច្រើនសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ ដែលមេរៀនខ្លះយើងអាចរៀនដោយគិតអំពីព្រឹត្តិការណ៍នៃឆ្នាំ១៨៣៦ និងឆ្នាំ១៨៣៧ ។
ចំណុចសំខាន់ៗខាងវិញ្ញាណនៃឆ្នាំ១៨៣៦
នៅខែមករា ឆ្នាំ១៨៣៦ នៅពេលដែលព្រះវិហារបរិសុទ្ធជិតបញ្ចប់ការសាងសង់ នោះពួកបរិសុទ្ធបានចាប់ផ្តើមទទួលបទពិសោធន៍ពីពរជ័យខាងវិញ្ញាណនៃព្រះវិហារបរិសុទ្ធនៅក្នុងដួងចិត្តរបស់ពួកគេ ។ ពួកគេត្រូវបានការសន្យាថា នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ពួកគេនឹងត្រូវបានប្រទានឲ្យនូវព្រះចេស្ដា ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣២, ៣៨ ) ។ ការសន្យានេះបានរំឮកដល់នូវអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលប្រាប់ពួកសាវករបស់ទ្រង់នៅក្រុងយេរូសាឡិមក្នុងព្រះគម្ពីរសញ្ញាថ្មី ។ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បានមានព្រះបន្ទូលប្រាប់ពួកលោកថា ពួកលោកមិនគួរចាកចេញទៅផ្សព្វផ្សាយទេ រហូតដល់ពួកលោកបានទទួលអំណោយទានពិសិដ្ឋជា « ព្រះចេស្តាពីស្ថានលើ » ( លូកា ២៤:៤៩ ) ។ បន្ទាប់មក នៅថ្ងៃបុណ្យទីហាសិប ពួកសាវករបស់ទ្រង់បានទទួលព្រះចេស្តានេះ នៅពេលដែលព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើពួកគេ ដូចជា « ខ្យល់បក់គំហុកយ៉ាងខ្លាំង ។ … រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ » ( កិច្ចការ ២:២, ៤ ) ។
នៅក្នុងខែមករា ឆ្នាំ១៨៣៦ យ៉ូសែប ស្ម៊ីធ បានជួបជាមួយថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ដើម្បីអធិស្ឋាន ប្រសិទ្ធពរដល់គ្នាទៅវិញទៅមក និងធ្វើធុរកិច្ចរបស់សាសនាចក្រ ។ បន្ទាប់ពីពួកលោកបានប្រសិទ្ធពរដល់ព្យាការីយ៉ូសែបហើយ លោកបានឃើញការនិមិត្តអំពីនគរសេឡេស្ទាល ។ លោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អ័ដាម និងអ័ប្រាហាំ ឪពុកម្តាយរបស់លោកផ្ទាល់ ( នៅមានជីវិតនៅឡើយទេ ) និងបងប្រុសរបស់លោកដែលមានឈ្មោះថា អាលវិន ដែលបានស្លាប់ដោយមិនបានទទួលពិធីបុណ្យជ្រមុជទឹក ។ យ៉ូសែប ស៊្មីធ បានរៀនថា « មនុស្សទាំងអស់ដែលបានស្លាប់ទៅ ដោយគ្មានការចេះដឹងអំពីដំណឹងល្អនេះ គឺជាពួកអ្នកដែលនឹងទទួលដំណឹងល្អ បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យនៅ នោះនឹងទៅជាពួកអ្នកគ្រងនគរសេឡេស្ទាលនៃព្រះទុកជាមរតក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៧ ) ។
ពីរខែក្រោយមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨៣៦ ពួកបរិសុទ្ធបានប្រមូលផ្ដុំគ្នាចូលទៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ សម្រាប់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនេះ ។ ពួកគេបានស្តាប់ការអធិស្ឋានឧទ្ទិសរបស់យ៉ូសែប ដែលនៅក្នុងនោះលោកបានទូលសុំព្រះវរបិតាសួគ៌ឲ្យទទួលយកព្រះវិហារបរិសុទ្ធខឺតឡង់ ជាកន្លែងដែលព្រះអង្គសង្គ្រោះ « អាច … សម្ដែងអង្គទ្រង់ដល់រាស្ត្ររបស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៥ ) ។ កាលប្រជ្រៀតចូលទៅក្នុងទីកន្លែងដ៏ពិសិដ្ឋនោះ ពួកបរិសុទ្ធបានច្រៀងបទ « ព្រះវិញ្ញាណនៃព្រះ » ។ ពួកគេស្រែកព្រមៗគ្នាថា « ហូសាណា ! ហូសាណា ! ហូសាណាដល់ព្រះ និងកូនចៀម ! »
ពួកគេបានដកពិសោធន៍នូវពរជ័យខាងវិញ្ញាណនៅពេលឧទ្ទិសឆ្លង និងអំឡុងសប្តាហ៍ខាងមុខ ។ ពួកគេបានតមអាហារ អធិស្ឋាន ទទួលទានសាក្រាម៉ង់ លាងជើងគ្នាទៅវិញទៅមក និងបានមាននូវការនិមិត្តជាច្រើន ។ ពួកគេទទួលនូវអំណាចដើម្បីចេញទៅផ្សព្វផ្សាយដំណឹងល្អ ។ ពួកគេបានទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ ។
ប៉ុន្តែការបើកសម្ដែងខាងវិញ្ញាណមិនទាន់ចប់នោះទេ ។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ ព្រះអង្គសង្គ្រោះបានលេចចេញមកចំពោះពួកអ្នកបម្រើរបស់ទ្រង់ពីរនាក់ ។ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានមានប្រសាសន៍ថា « ស្បៃត្រូវបានបើកពីគំនិតរបស់ពួកយើង ហើយភ្នែកនៃយោបល់របស់ពួកយើងត្រូវបានបើកឡើង ។ យើងបានឃើញព្រះអម្ចាស់ ទ្រង់ឈរនៅលើរបារបង្អែកវេទិកានៅចំពោះយើង … មានព្រះបន្ទូលថា ៖ យើងជាដើម ហើយជាចុង យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះគាំទ្ររបស់អ្នកជាមួយព្រះវរបិតា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១–៤ ) ។
បន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះ ម៉ូសេ អេលីយ៉ាស និងអេលីយ៉ា ម្នាក់ៗបានបង្ហាញខ្លួនដល់យ៉ូសែប និងអូលីវើរ ហើយបានប្រគល់កូនសោទាំងឡាយដែលអាចឲ្យពួកលោកផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយប្រមូលសាសន៍អ៊ីស្រាអែល ផ្ដល់ពរដល់ផែនដីជាមួយនឹងសេចក្តីសញ្ញាអ័ប្រាហាំ និងផ្សារភ្ជាប់ក្រុមគ្រួសារ ( សូមមើល ខទី ១១–១៦ ) ។
បញ្ហាប្រឈមនៅឆ្នាំ១៨៣៧
ប៉ុន្តែដំណើររឿងនៅខឺតឡង់មិនទាន់បានបញ្ចប់ដោយការបើកសម្ដែងដ៏អស្ចារ្យទាំងនេះទេ ។ មួយឆ្នាំបន្ទាប់ពីការឧទ្ទិសឆ្លងព្រះវិហារ សហគមន៍មានការបែកបាក់គ្នា ។ វិបត្តិសេដ្ឋកិច្ចអន្តរជាតិបានបណ្ដាលឲ្យមានការអត់ការងារធ្វើដ៏ធំនៅសហរដ្ឋ ។ ធនាគារបានដួលរលំនៅទូទាំងប្រទេស រួមទាំងធនាគារតូចមួយដែលថ្នាក់ដឹកនាំសាសនាចក្របានបង្កើតឡើងនៅខឺតឡង់ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ផងដែរ ។ យ៉ូសែប ស៊្មីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងៗទៀតបានព្យាយាមយ៉ាងខ្លាំងដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់សហគមន៍ ។ ប៉ុន្តែការរីករាលដាលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកគឺខ្លាំងក្លាពេក ។ ប្រជាជនចាប់ផ្តើមបាត់បង់ការងារ និងផ្ទះសម្បែង ។ មនុស្សជាច្រើនបានចាប់ផ្តើមរអ៊ូរទាំទាស់នឹងព្រះ និងសាសនាចក្រ ។ ហេតុអ្វីបានជាព្រះអម្ចាស់អនុញ្ញាតឲ្យរាស្ដ្ររបស់ទ្រង់បរាជ័យខាងសេដ្ឋកិច្ច ? អ្នកខ្លះបានចាប់ផ្ដើមខ្សឹបខ្សៀវ ហើយបន្ទាប់មកប្រកាសថា យ៉ូសែបគឺជាព្យាការីដែលបរាជ័យ ។
នៅក្នុងការប្រជុំមួយនារដូវក្តៅនៃឆ្នាំ១៨៣៧ ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ យ៉ូសែប ស៊្មីធ ស៊ីញ័រ ជាលោកអយ្យកោរបស់សាសនាចក្របានមានប្រសាសន៍នៅក្នុងអវត្តមានរបស់កូនប្រុសលោក ។ ពេលលោកមានប្រសាសន៍ មានអ្នកប្រឆាំងម្នាក់ព្យាយាមទាញលោកចេញពីវេទិកា ។ នៅពេល វិលលាម ស្ម៊ីធ បានការពារឪពុករបស់គាត់ សមាជិកសាវកម្នាក់បានគំរាមសម្លាប់ វិលលាម ដោយដាវ ។ បុរសផ្សេងទៀតដែលមានកាំបិត និងកាំភ្លើងខ្លីបានឡោមព័ទ្ធ វិលលាម ។ ព្រះវិហារបរិសុទ្ធដែលធ្លាប់ជាកន្លែងពិសិដ្ឋ និងខាងវិញ្ញាណកាលពីមួយឆ្នាំមុន ឥឡូវនេះជាកន្លែងនៃអំពើហិង្សា ការខ្វែងគំនិត និងភាពវឹកវរ ។
នៅពេលដែល យ៉ូសែប ស្ម៊ីធ ត្រឡប់ទៅទីក្រុងខឺតឡង់វិញ សមាជិកសាសនាចក្រភាគច្រើនបានគាំទ្រលោកជាព្យាការី ប៉ុន្តែសាវកបីនាក់ត្រូវបានដកចេញពីកូរ៉ុមនៃពួកដប់ពីរនាក់ ។ បញ្ហាសេដ្ឋកិច្ចបានប្រែទៅជាបញ្ហាខាងវិញ្ញាណ ។ ក្នុងរយៈពេលពីរបីខែទៀត ព្រះអម្ចាស់បានប្រាប់យ៉ូសែប ឲ្យចាកចេញពី ខឺតឡង់ ដើម្បីសុវត្ថិភាពគ្រួសាររបស់លោក និងជាប្រយោជន៍ដល់ជីវិតរបស់លោក ។
ដំណើររឿងពីសាក្សីផ្ទាល់ភ្នែកថ្លែងទីបន្ទាល់អំពីការលំបាកនាពេលនោះ ។ វីឡាត ឃិមបឹល ជាភរិយារបស់សាវក ហ៊ីប៊ើរ ស៊ី ឃិមបឹល បានផ្ញើសំបុត្រមួយច្បាប់ទៅកាន់ស្វាមីរបស់គាត់ ដែលនៅពេលនោះកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាដំបូងគេនៅប្រទេសអង់គ្លេស ។ គាត់បានសរសេរទៅកាន់ ហ៊ីប៊ើរ ដោយប្រាប់លោកអំពីអ្នកប្រឆាំងថា ៖ « ខ្ញុំគ្មានការសង្ស័យទេ ប៉ុន្តែវានឹងធ្វើឲ្យដួងចិត្តអ្នកឈឺចាប់ ។ ពួកគេអះអាងថាជឿព្រះគម្ពីរមរមន និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេមិនបានបង្ហាញឲ្យឃើញបែបនោះទេ » ។
វីឡាត បានដឹងថាយ៉ូសែប មិនល្អឥតខ្ចោះនោះទេ ។ លោកបានធ្វើខុសក្នុងវិបត្តិសេដ្ឋកិច្ចនៅខឺតឡង់ ។ ហើយគាត់បន្តស្រឡាញ់មនុស្សជាច្រើនក្នុងចំណោមពួកអ្នកប្រឆាំង ។ ប៉ុន្តែគាត់បានឃើញមេរៀនដ៏ស៊ីជម្រៅមួយនៅក្នុងព្រឹត្តិការណ៍នៃឆ្នាំ១៨៣៧ ថា ៖ « ព្រះអម្ចាស់មានព្រះបន្ទូលថា អស់អ្នកដែលមិនអាចស៊ូទ្រាំនឹងការប្រៀនប្រដៅ ប៉ុន្តែបដិសេធខ្ញុំ មិនអាចរាប់ខ្ញុំជាបរិសុទ្ធបានឡើយ » ។
ក្នុងសំបុត្រដដែលនោះ ម៉ារីនដា ហៃឌ បានបន្ថែមសារខ្លីមួយទៅស្វាមីរបស់គាត់ដែលមានឈ្មោះថា អួរសុន ដែលជាសាវកបម្រើនៅប្រទេសអង់គ្លេសផងដែរ ។ បងប្រុសរបស់ ម៉ារីនដា គឺជាសាវកម្នាក់ដែលបានចាកចេញពីសាសនាចក្រ ។ គាត់បានសរសេរថា ៖ « គ្រាបែបនេះនៅខឺតឡង់ អ្នកមិនធ្លាប់បានឃើញដូចយើងឥឡូវនេះទេ ដ្បិតវាហាក់ដូចជាអស់ជំនឿលើគ្នាទៅវិញទៅមក » ។
មេរៀននៃឆ្នាំ១៨៣៦–១៨៣៧
ហេតុអ្វីបានជាត្រូវចងចាំសោកនាដកម្មឆ្នាំ១៨៣៧ ហើយមិនចងចាំត្រឹមតែជ័យជំនះនាឆ្នាំ១៨៣៦ នោះទៅ ? ពីព្រោះ ពិតណាស់ ដំណើររឿងនេះមិនអាចបំបែកចេញពីគ្នាបានឡើយ ។ វាគឺបែបនេះនៅក្នុងជីវិតរបស់យើងផ្ទាល់ ។ ព្រះប្រទានឲ្យយើងទាំងអស់គ្នានូវពេលវេលានៃពរជ័យខាងវិញ្ញាណ ជាពេលដែលទ្រង់មានព្រះបន្ទូលទៅកាន់ព្រលឹងយើង ហើយដឹកនាំយើងតាមផ្លូវនៃសេចក្ដីសញ្ញា ។ ទ្រង់ប្រទានដល់យើងនូវរយៈពេលនៃស្ថិរភាព ពេលវេលាដែលយើងមានគ្រប់គ្រាន់ និងពេលទំនេរ គ្រាដែលក្រុមគ្រួសារយើងមានសុខភាពល្អ និងមានសុភមង្គល ពេលដែលមិត្តភក្តិរបស់យើងនៅជិតយើង និងប្រាស្រ័យទាក់ទងជាមួយយើង ។ យើងទាំងអស់គ្នារស់នៅក្នុងគ្រាដែលដូចជាឆ្នាំ១៨៣៦ ។
ប៉ុន្តែព្រះមិនដែលសន្យាថា យើងនឹងមានតែបទពិសោធន៍នៅឆ្នាំ១៨៣៦ នោះទេ ។ សម្រាប់យើងម្នាក់ៗ ឆ្នាំ១៨៣៧ មកដល់ ។ វាមកជាមួយនឹងអស្ថិរភាពផ្នែកសេដ្ឋកិច្ច នៅពេលដែលយើងបារម្ភថា លុយនឹងមកពីណា ។ វាកើតឡើងជាមួយនឹងអស្ថិរភាពផ្ទាល់ខ្លួន នៅពេលដែលក្រុមគ្រួសាររបស់យើងទទួលរងពីជំងឺភ្លាមៗ ជំងឺរ៉ាំរ៉ៃ ជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្ភ ។ វាកើតឡើងជាមួយនឹងអស្ថិរភាពសង្គម នៅពេលដែលមិត្តភក្តិរបស់យើងរសាត់ទៅឆ្ងាយ ឬក្បត់យើង ។
ប្រសិនបើយើងមិនចងចាំបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងក្នុងឆ្នាំ១៨៣៦ ទេ—ជាពេលវេលារបស់យើងផ្ទាល់ ដែលយើងបានទទួលអារម្មណ៍ពីព្រះហស្ដរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់យើង—នោះឆ្នាំ១៨៣៧ អាចនាំមកនូវអស្ថិរភាពខាងវិញ្ញាណបាន ។ វាអាចល្បួងយើងឲ្យនិយាយថា « ការណ៍នេះមិនសមនឹងតម្លៃទេ » ។ វាអាចល្បួងយើងឲ្យនិយាយថា « ព្រះមិនស្រឡាញ់ខ្ញុំទេ » ។ វាអាចល្បួងយើងឲ្យនិយាយថា « យ៉ូសែប ស្ម៊ីធ មិនមែនជាព្យាការីទេ » ឬ « ប្រធាន ណិលសុន មិនមែនជាព្យាការីរបស់ព្រះឡើយ » ។ វាអាចល្បួងយើងឲ្យនិយាយថា « ផ្លូវនៃសេចក្ដីសញ្ញាមិនមែនសម្រាប់ខ្ញុំទេ » ។
ប៉ុន្តែប្រសិនបើយើងធ្វើកិច្ចការខាងវិញ្ញាណនៃការចងចាំ និងរស់នៅខាងវិញ្ញាណនៅឆ្នាំ១៨៣៦ ទោះបីជាយើងជួបប្រទះនឹងការសាកល្បងនៅឆ្នាំ១៨៣៧ ក៏ដោយ យើងនៅតែអាចជឿជាក់លើព្រះយេស៊ូវគ្រីស្ទដែរ យើងនៅតែអាចដឹងថា ព្រះស្រឡាញ់យើង ហើយយើងនៅតែអាចដឹងថា ការស្ដារឡើងវិញនៃដំណឹងល្អ និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺពិត ហើយថាព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកអ្នកបម្រើរបស់ទ្រង់ដែលបានជ្រើសរើស ។