លីអាហូណា
នេះ​គឺជា​អំណោយ​ទាន​របស់​អ្នក
ខែមករា ឆ្នាំ២០២៥


« នេះ​គឺជា​អំណោយទាន​របស់​អ្នក » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

នេះ​គឺជា​អំណោយ​ទាន​របស់​អ្នក

« ឱ ព្រះវរបិតាសួគ៌ » ខ្ញុំ​បាន​អធិស្ឋាន « តើ​ខ្ញុំ​ម្ចាស់​គួរ​តែ​អភិវឌ្ឍ​អំណោយទាន​អ្វី​ទៅ​ដែល​នឹង​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ? »

ស្ត្រី​ញញឹម​ឈរ​នៅ​ក្នុង​រោង​ឧបោសថ សលត៍ លេក

កាល​នៅ​ជា​យុវនារី យ៉ានីណា ត្រូវ​បានបំផុស​គំនិត​ឲ្យ​ដឹង​ថា ការច្រៀង​គឺជា​អំណោយ​ទាន​ដែល​នាង​អាច​ប្រើ​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ ។ ក្រោយ​មក នាង​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​អន្តរជាតិ​ម្នាក់​ដើម្បី​ច្រៀង​ជា​មួយ​នឹង​ក្រុម​ចម្រៀង​រោងឧបោសថ អំឡុងពេល​សន្និសីទ​ទូទៅ ( រូបថត​ថត​នៅក្នុង​រោង​ឧបោសថ សលត៍ លេក ) ។

នៅពេល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អេក្វាឌ័រ​ក្នុង​ឆ្នាំ១៩៩៩ ខ្ញុំ​បាន​ឮ​លោក​មាន​ប្រសាសន៍​ថា « អ្វី​ក៏ដោយ​ដែល​អ្នក​សម្រេចចិត្ត​ធ្វើ សូម​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព » ។

កាល​ពី​ក្មេង ខ្ញុំ​បានរៀន​ថា ព្រះ​ប្រទាន​អំណោយ​ទាន​ដល់​យើង ដែល​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ ( សូមមើល មរ៉ូណៃ ១០:៨–១៨ ) ។ ខ្ញុំ​បាន​អធិស្ឋាន​ថា « ឱ ព្រះវរបិតាសួគ៌ តើ​ខ្ញុំ​ម្ចាស់​គួរ​តែ​អភិវឌ្ឍ​អំណោយទាន​អ្វី​ទៅ​ដែល​នឹង​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ? »

នៅអាយុ ១៦ ឆ្នាំ ខ្ញុំ​ចាប់ផ្តើម​រៀន​ច្រៀង​តាម​ការលើក​ទឹក​ចិត្ត​របស់​នាយក​សាលា​វិទ្យាស្ថាន​អភិរក្ស​ក្នុង​ស្រុក ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « ប្អូន​មាន​សំឡេង​ពិរោះ​ណាស់ » ។

ពេល​ទស្សនិកជន​ទះដៃ​អបអរ​បន្ទាប់ពី​ការសម្តែង​ជា​លើក​ដំបូង​របស់​ខ្ញុំ ឃ្លា​មួយ​បាន​ចូល​មក​ក្នុង​ចិត្ត​ខ្ញុំ​យ៉ាង​ច្បាស់ ៖ « នេះ​ជា​អំណោយទាន​របស់​អ្នក » ។ ខ្ញុំ​យំ​ព្រោះ​ការអធិស្ឋាន​របស់​ខ្ញុំ​ត្រូវ​បាន​ឆ្លើយតប ។ ទោះ​ជា​យ៉ាងនេះ​ក្ដី នៅ​ប្រទេស​របស់​ខ្ញុំ វា​អាច​ពិបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជា​តន្ត្រីករ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ ។ ដូច្នេះ ខ្ញុំ​បាន​បន្ត​ការសិក្សា​ផ្នែក​ចម្រៀង ដោយ​ខិតខំ​ធ្វើ​ឲ្យ​ល្អ​បំផុត​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។

នៅពេល​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ខ្ញុំ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ឱកាស​នោះ និង​ឱកាស​ស្រដៀង​គ្នា​នេះ មិន​បាន​ចេញ​ជា​រូបរាង​ទេ ។ តាម​បទពិសោធន៍ ខ្ញុំ​អាច​ឃើញ​ថា ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​នៅ​អេក្វាឌ័រ ។

មនុស្សម្នា​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គ្មាន​អនាគត​ក្នុង​វិស័យ​តន្ត្រី​ទេ ព្រោះ​ខ្ញុំ​គ្មាន​ការអប់រំ​ពី​បរទេស ទ្រព្យសម្បត្តិ ឬ​ឈ្មោះ​ល្បី ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ព្រះ​មាន​ផែនការ​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​យក​ទេពកោសល្យ​របស់​ខ្ញុំ​ឆ្ពោះ​ទៅរក​ការបម្រើ​ក្នុង​សាសនាចក្រ ជា​កន្លែង​ដែល​ខ្ញុំ​បង្កើត​ក្រុម​ចម្រៀង ដឹកនាំ​តន្ត្រី និង​ព្យាយាម​បំផុសគំនិត​អ្នកដទៃ​ឲ្យ​អភិវឌ្ឍ​អំណោយទាន និង​ទេពកោសល្យ​របស់​ពួកគេ ។

ក្រោយ​មក ពេល​ខ្ញុំ​ទទួល​បាន​ការងារ​ឲ្យ​ធ្វើការ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ ខ្ញុំ​បារម្ភ​អំពី​ការល្បួង​ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​កម្សាន្ត​នេះ ។ ប៉ុន្តែ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ​គឺ « ទទួល​យក​ការងារ​នេះ ហើយ​បង្ហាញ​ថា អ្នក​អាច​ធ្វើ​ជា​សិល្បករ​ម្នាក់​ដោយ​មិន​បន្ទាប​បទដ្ឋាន​របស់​អ្នក » ។

ខ្ញុំ​បាន​ធ្វើការ​ជា​ជំនួយការ​ផលិតកម្ម​សិល្បៈ​ទូរទស្សន៍ ជា​ជំនួយការ​នាយក​ក្រុម​ចម្រៀង​សម្រាប់​ក្រុមចម្រៀង Symphonic Choir of Guayaquil និង​ក្រុម Ecuadoran House of Culture សម្រាប់​ខេត្ត​នៃ​ទីក្រុង​ហ្គាយ៉ាស ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា វា​អាច​ទៅរួច​ក្នុង​ការបំពេញ​ក្តី​សុបិន​របស់​យើង ដោយ​មិន​ចាំបាច់​បោះបង់​គោលការណ៍​របស់​យើង​ចោល​ឡើយ ។ សព្វថ្ងៃ​នេះ ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ និង​ក្នុង​អាជីព​របស់​ខ្ញុំ—ខ្ញុំ​មាន​អំណរអរគុណ​ចំពោះ​ការតាំងចិត្ត​របស់​ខ្ញុំ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ និង​អភិវឌ្ឍ​អំណោយ​ទាន​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ខ្ញុំ ។

ពេល​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​របស់​យើង នោះ​អ្វី​ដែល​មិន​អាច​ទៅ​រួច​នឹង​អាច​ទៅរួច​បាន ( សូមមើល ម៉ាថាយ ១៩:២៦ ) ។ ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​យើង ហើយ​ចង់​ជួយ​យើង​អភិវឌ្ឍ​អំណោយទាន​របស់​យើង ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ ។