បណ្ណាល័យ
លុយ​មិន​អាច​ទិញ​សុភមង្គល​បានឡើយ ប៉ុន្តែ​ព្រះគ្រីស្ទ​ប្រទាន​អំណរ​ដោយ​សេរី
ខែមករា ឆ្នាំ២០២៥


« លុយ​មិន​អាច​ទិញ​សុភមង្គល​បានឡើយ ប៉ុន្តែ​ព្រះគ្រីស្ទ​ប្រទាន​អំណរ​ដោយ​សេរី » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

យុវមជ្ឈិមវ័យ

លុយ​មិន​អាច​ទិញ​សុភមង្គល​បានឡើយ ប៉ុន្តែ​ព្រះគ្រីស្ទ ប្រទាន​អំណរ ដោយ​សេរី

នៅពេល​ដួងចិត្ត​ងប់ងល់​តែ​នឹង​លុយ​របស់​ខ្ញុំ បាន​យក​ឈ្នះ​លើ​អាទិភាព​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​កំពុង​ជ្រើសរើស​របស់​នៃ​លោកិយ​ជាង​ព្រះវរបិតាសួគ៌ ។

ស្ត្រី​យុវមជ្ឈិមវ័យ​សម្លឹង​មើល​តាម​បង្អួច​ហាង

រូបថត​របស់​អ្នក​និពន្ធ​ដោយ ស្ទីហ្វិន នែលសិន

ពេល​ធំ​ឡើង ខ្ញុំ​មាន​មហិច្ឆតា​ជា​ច្រើន ។ ខ្ញុំ​បានឃើញ​មនុស្ស​អាយុ​ស្របាល​ខ្ញុំ​ចាប់ផ្ដើម​រក​លុយ​បាន ​ ហើយ​ទទួល​បាន​ជោគជ័យ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​ដូចជា​ពួកគេ​ប៉ុណ្ណោះ ។

នៅពេល​ខ្ញុំ​ចូលរៀន​នៅ​សកលវិទ្យាល័យ ហើយ​រៀន​ពឹងពាក់​លើ​ខ្លួន​ឯង លុយ​បាន​ក្លាយ​ជា​អាទិភាព​ចម្បង​របស់​ខ្ញុំ ។ អ្វី​ដែល​ខ្ញុំ​ខ្វល់ខ្វាយ​គឺ​ការទទួល​បាន​អាហារូបករណ៍ ការសន្សំ​ប្រាក់ និង​ការត្រៀម​ខ្លួន​សម្រាប់​អាជីព​នា​ពេល​អនាគត​របស់​ខ្ញុំ​ក្នុង​ការរចនា​រូបភាព ។

សូម្បីតែ​មតិព័ត៌មាន​លើ​បណ្ដាញ​សង្គម​របស់​ខ្ញុំ​ក៏​មាន​សុទ្ធតែ​សារ​អំពី​ផលិតភាព ការវិនិយោគ និង​ការងារ​ក្រៅម៉ោង​ដើម្បី​ជួយ​ខ្ញុំ​រកប្រាក់​បន្ថែម​មួយ​ចំនួន​ដែរ ។ ខ្ញុំ​បារម្ភ​ថា ប្រសិនបើ​ខ្ញុំ​មិន​ឆ្លៀត​ឱកាស​ដើម្បី​មាន​ភាពវ័យឆ្លាត​ជាមួយ​លុយ​របស់​ខ្ញុំ​ទេ ខ្ញុំ​នឹង​មិន​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ទេ ។

ខ្ញុំ​បាន​ទទួល​យក​វប្បធម៌​នេះ ដោយ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត និង​ជោគជ័យ ។ ខ្ញុំ​តែងតែ​មាន​ពាក្យដោះសា​ចំពោះ​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ​ទៅ​លើ​លុយ ដោយ​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​ណា​មួយ នៅពេល​ដែល​ខ្ញុំ​មាន​លុយ​កាន់តែ​ច្រើន ខ្ញុំ​អាច​បរិច្ចាគ​កាន់តែ​ច្រើន​ទៅ​អង្គការ​សប្បុរសធម៌ និង​ក្លាយជា​មនុស្ស​ល្អ​ជាង​នេះ​ជានិច្ច ។

ខ្ញុំ​មិន​បាន​សង្កេតឃើញ​បញ្ហា​នេះ​នៅពេល​នោះ​ទេ ប៉ុន្តែ​នៅពេល​ដែល​ភាពងប់ងល់​ជាមួយ​លុយ​របស់​ខ្ញុំ បាន​ឈ្នះ​លើ​អាទិភាព​របស់​ខ្ញុំ ខ្ញុំ​ចាប់ផ្តើម​បាត់បង់​ភាពរីករាយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​កាន់តែ​មាន​ចិត្ត​ច្រណែន​ខ្លាំង​ឡើង ជា​ពិសេស​ច្រណែន​អ្នក​ដែល​ហាក់​ដូចជា​មាន​លុយ​ច្រើន​លើស​លប់ ។

ខ្ញុំ​ចាប់ផ្តើម​ចង់​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុង​អាជីព​របស់​ខ្ញុំ និង​សូម្បីតែ​ពី​របៀប​ដែល​អ្នកដទៃ​យល់​ឃើញ​ពី​ខ្ញុំ​ក្តី ។ ប៉ុន្តែ វា​ហាក់​ដូចជា​ថា​នៅពេល​ដែល​ខ្ញុំ​កាន់តែ​រត់តាម​ភាពជោគជ័យ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ខ្ញុំ​ជោគជ័យ​កាន់តែ​តិច—ហើយ​ខ្ញុំ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ព្រះវរបិតាសួគ៌ ។

ការដឹង​ខ្លួន​ថា​ជា​មនុស្ស​សម្ភារនិយម

បន្ទាប់ពី​មាន​អារម្មណ៍​បែប​នេះ​ប្រហែល​មួយ​ឆ្នាំ ខ្ញុំ​បានស្តាប់​សុន្ទរកថា​របស់​ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដួងចិត្ដ​របស់​ខ្ញុំ​បានលិចលង់ ពេល​ឮ​លោក​រៀបរាប់​យ៉ាងច្បាស់​ថា ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​ប្រភេទ​ណា ៖

« សព្វ​ថ្ងៃ​នេះ សូម្បី​តែ​អ្នក​ខ្លះ​ដែល​ជា​គ្រីស្ទាន ក៏​ចាប់​អារម្មណ៍​ទៅ​លើ​របស់​ខាង​លោកិយ​ច្រើន​ជាង​ដែរ—ដែល​ជា​របស់​ទ្រទ្រង់​ជីវិត​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​មិន​ផ្ដល់​អាហារ​បំប៉ន​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ទេ » ។

ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ដាក់​អាទិភាព​ទាំង​នៅលើ​ព្រះ និង​លុយ​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​ប្រធាន អូក និង​ការយល់​ដឹង​នេះ​នៅ​ក្នុង ម៉ាថាយ ៦:២៤ បានបញ្ជាក់​ថា​ជា​ការពិត ៖ « គ្មាន​អ្នក​ណា​អាច​នឹង​បម្រើ​ចៅហ្វាយ ២ នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់ ១ ហើយ​ស្រឡាញ់ ១ ឬ​ស្មោះត្រង់​នឹង ១ ហើយ​មើលងាយ ១ ។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យសម្បត្តិ​ផង​បាន​ទេ » ។

នៅពេល​គំនិត​ខ្ញុំ​ផ្ដោត​លើ​ខាងសម្ភារ ខ្ញុំ​កាន់តែ​ពិបាក​មើលឃើញ​ដំណឹង​ល្អ​ណាស់ ។ ខ្ញុំ​មិន​យល់​ថា​ការ​ទៅ​ព្រះវិហារ និង​ការអាន​ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​ក្នុង​មហិច្ឆតា​របស់​ខ្ញុំ​បាន​យ៉ាង​ណា​នោះ​ទេ ។

ខណៈពេល​ដែល​ទទួល​ការអប់រំ​បន្ថែម និង​ការទទួល​បាន​ប្រាក់ចំណូល​ដែល​មាន​ស្ថិរភាព​គឺជា​ការខិតខំ​ប្រឹងប្រែង​ដ៏​ស័ក្ដិសម ខ្ញុំ​បាន​ផ្តល់​អាទិភាព​ដល់​វា​ច្រើន​ហួស ។ ខ្ញុំ​ងប់ងល់​ពេក ។ ខ្ញុំ​បានដឹង​ថា ខ្ញុំ​នឹង​វេទនា លុះត្រា​តែ​ខ្ញុំ​រៀន​កែប្រែ​ផ្នត់​គំនិត​របស់​ខ្ញុំ ។

ការផ្តោត​លើ​អ្វី​ដែល​សំខាន់​បំផុត

ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ហើយ​បាន​ទូល​សួរ​ទ្រង់ ប្រសិន​បើ​ទ្រង់​អាច​ជួយ​ខ្ញុំ​ចាប់ផ្ដើម​ផ្ដោតលើ​អ្វី​ដែល​សំខាន់​បំផុត​បាន ។ ខ្ញុំ​ចាប់ផ្ដើម​អាន​គម្ពីរ ។ នៅពេល​ខ្ញុំ​កំពុង​សិក្សា​ខគម្ពីរ​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​អាន​រាប់​មិន​អស់​ពី​មុន​មក​នោះ រឿង​ដែល​ធ្លាប់​ស្គាល់​ទាំង​នេះ​ចាប់ផ្ដើម​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ខ្ញុំ !

រឿង​មួយ​ដែល​ទាក់​ចិត្ត​ខ្ញុំ​គឺ​រឿង​បុរស​អ្នក​មាន ។ នោះ​ព្រះ​យេស៊ូវ​បាន​ប្រាប់​គាត់​ថា ៖ « បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ​នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​តាម​ខ្ញុំ​ចុះ » ( ម៉ាថាយ ១៩:២១ ) ។

ពេល​ខ្ញុំ​អាន​ដំណើររឿង​នៃ​បទគម្ពីរ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ឈប់ ហើយ​គិត​អំពី​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ខ្ញុំ ។ ដំបូង​ឡើយ វា​ហាក់​ដូចជា​ខ្ញុំ​មិន​មាន​អ្វី​ដូចគ្នា​ជាមួយ​អ្នក​មាន​វ័យ​ក្មេង ដែល​មាន​ទ្រព្យសម្បត្តិ​នោះ​ទេ—គាត់​មាន​ទ្រព្យសម្បត្តិ​របស់​គាត់​រួច​ទៅ​ហើយ ហើយ​មិន​ព្រម​ញែក​ចេញ​ពី​ទ្រព្យ​នោះ​ទេ ។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​មិន​ទាន់​ក្លាយ​ជា​អ្នកមាន​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​គិត​ថា ការខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​ប្រាក់​បន្ថែម​ទៀត​គឺ​សុចរិត​ទេ ។

ប៉ុន្តែ​ភ្លាមៗ​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​ឲ្យ​លុយ​របស់​ខ្ញុំ​ទៅ​គេ ដូចជា​អ្នក​មាន​វ័យ​ក្មេង​រូប​នោះ​ដែរ ។ ជា​ពិសេស ដោយ​គិត​ថា ខ្ញុំ​បាន​ស្ទាក់ស្ទើរ​​រួច​ទៅ​ហើយ ក្នុងការ​បោះបង់​ការចង់បាន​របស់ខ្ញុំ ដើម្បី​រក​លុយ​បន្ថែម​នោះ ។

ខ្ញុំ​ចង់​ដាក់​ព្រះវរបិតាសួគ៌​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ម្តង​ទៀត ។ ខ្ញុំ​បាន​សម្រេចចិត្ត​បើក​សៀវភៅ​កំណត់ហេតុ​របស់​ខ្ញុំ សរសេរ​ពី​អារម្មណ៍​របស់​ខ្ញុំ ហើយ​ក្រឡេក​មើល​សំណេរ​មុនៗ​របស់​ខ្ញុំ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​ភាពងប់ងល់​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម ។

នៅពេល​ខ្ញុំ​ធ្វើ​បែប​នេះ ខ្ញុំ​កាន់តែ​ដឹង​ថាអាទិភាព​របស់​ខ្ញុំ​មិន​ស្ថិត​នៅក្នុង​លំដាប់​លំដោយ​ដែល​ត្រឹមត្រូវ​នោះ​ទេ ។ នៅពេល​ដែល​ខ្ញុំ​បានកត់​សម្គាល់​នៅក្នុង​សំណេរ​មួយ​ថា « ខ្ញុំ​បន្ត​គិត​អំពី​របៀប​ដែល​ខ្ញុំ​អាច​រក​ប្រាក់​ចំណេញ​ពី​អ្វីៗ​គ្រប់​យ៉ាង ជំនួស​ឲ្យ​ការគិត​អំពី​របៀប​ដែល​ខ្ញុំ​អាច​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន ឬ​ជួយ​អ្នក​ដទៃ​នោះ​ទេ » ។

នៅ​ទីបំផុត តាមរយៈ​ការសិក្សា​ព្រះគម្ពីរ ការស្តាប់​តាម​ព្រះវិញ្ញាណ និង​ការ​សរសេរ​សៀវភៅ​កំណត់ហេតុ ខ្ញុំ​បាន​ចាប់ផ្ដើម​ផ្លាស់ប្តូរ ។

ការជឿ​លើ​ព្រះ​ជំនួស​ឲ្យ​លុយ

វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​ដោយ​ដឹង​ថា​ការសន្យា​ដែល​មាន​នៅក្នុង សុភាសិត ៣:៥–៦ ក្លាយ​ជា​ការពិត​នៅក្នុង​ជីវិត​របស់​ខ្ញុំ ៖

« ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។

ខ្ញុំ​នៅតែ​ខិតខំ​អភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្ញុំ និង​ខិតខំ​ប្រឹងប្រែង​លើ​ការអប់រំ និង​អាជីព​សិល្បៈ​របស់ខ្ញុំ ។ ការស្វែងរក​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​យើង និង​ក្រុម​គ្រួសារ​របស់​យើង គឺជា​បំណង​ប្រាថ្នា​ដ៏​ត្រឹមត្រូវ​មួយ ។ ទោះជា​យ៉ាង​ណា យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ការស្វែងរក​ភាពជោគជ័យ និង​លុយ​របស់​យើង​ក្លាយជា​រឿង​សំខាន់​ជាង​អ្វី​ទាំង​អស់ ។

មួយ​រយៈ​នេះ ខ្ញុំ​មិន​ខ្វល់​ថា​ខ្ញុំ​ល្បី ឬ​រក​លុយ​បាន​ច្រើន​តាមរយៈ​សិប្បកម្ម​របស់​ខ្ញុំ​ប៉ុណ្ណោះនោះ​ទេ ។ ខ្ញុំ​បាន​ដឹង​ថា ការរស់នៅ​ក្នុង​ជីវិត​ដែល​ខ្ញុំ​អាច​ផ្ដល់​សេចក្ដី​ស្រឡាញ់—ហើយ​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ពី—ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ គ្រួសារ និង​សិល្បៈ​គឺ​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ។ ខ្ញុំ​លែង​ពិបាក​ចិត្ត​នឹង​ការចំណាយ​ដែល​មិន​បាន​រំពឹង​ទុក ឬ​ជោគជ័យ​របស់​អ្នក​ដទៃ​ទៀត​ហើយ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​កាន់តែ​លះបង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​វា​បន្ត​ជួយ​សង្គ្រោះ​ខ្ញុំ​ពី​ជីវិត​នៃ​ការលោភលន់ ការប្រៀបធៀប និង​ការ​ទោមនស្ស​ឥតឈប់ឈរ ។ ហើយ​នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ភ្លេច ព្រះ​គម្ពីរ និង​ព្យាការី​តែងតែ​រំឭក​ខ្ញុំ​អំពី​អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​ជីវិត​ជានិច្ច ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

« ខណៈ​ដែល​ពិភពលោក​នេះ​ទទូច​ចង់បាន​អំណាច ទ្រព្យសម្បត្តិ ប្រជាប្រិយភាព និង​តម្រេក​ខាង​សាច់ឈាម​នាំឲ្យ​មាន​សុភមង្គល នោះ​វា​ពុំមែន​ជា​ការពិត​ទេ ! វា​ពុំ​អាច​ទេ !

សេចក្តីពិត​គឺ​ថា​វា កាន់តែ​នឿយ​ហត់​ខ្លាំងឡើង ដើម្បី​ស្វែងរក​សុភមង្គល​នៅ​កន្លែង​ដែល​បងប្អូន មិន អាច​រក​វា​ឃើញ ! ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​បងប្អូន​ទឹម​នឹម​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ ដែល​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​ឈ្នះ​លោកិយ នោះ​ទ្រង់ ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​មាន​ព្រះចេស្តាលើក​បងប្អូន​ឡើង​ចេញពី​ឥទ្ធិពល​នៃ​ពិភពលោក​នេះ » ។

ការយក​ឈ្នះ​លើ​លោកិយ

ការផ្លាស់ប្តូរ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ខ្ញុំ​ធ្វើ​នៅ​ក្នុង​ព្រលឹង​ខ្ញុំ​គឺ​ជា​អព្ភូតហេតុ ។ ឥឡូវនេះ​ខ្ញុំ​ដឹង​ថា ភាពជោគជ័យ​មិនមែន​ជា​ការបង្ហាញ​ថា ខ្ញុំ​អស្ចារ្យ​ប៉ុនណា ឬ​ភ្ជាប់​តម្លៃ​របស់​ខ្ញុំ​ទៅ​នឹង​ចំនួន​លុយ​ដែល​ខ្ញុំ​រក​បាន​នោះ​ទេ ។ វា​គឺ​អំពី​ការដឹងគុណ​ចំពោះ​ឱកាស​ដើម្បី​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់ និង​ការមើលឃើញ​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ព្រះវរបិតាសួគ៌​តែងតែ​ប្រទាន​ឲ្យ​ខ្ញុំ​ទៅ​វិញ​ទេ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​ខ្ញុំ​ដាក់​ទ្រង់​ជា​ចម្បង អ្វីៗ​ផ្សេង​ទៀត​នឹង​បាន​ទទួល​ជំនួស​វិញ ។

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពិចារណា​ពី​អាទិភាព​របស់​អ្នក​ក្នុង​ជីវិត ។ តើ​អ្នក​ផ្តោតលើ​សម្ភារនិយម និង​អ្វី​ដែល​អ្នក​មិន​មាន​ឬ​ទេ ? ឬ​តើ​អ្នក​ផ្តោតលើ​អ្វី​ដែល​សំខាន់​បំផុត ? សូម​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ។ សូមមើល​ថា​តើ​អ្នក​ត្រូវការ​កែតម្រូវ​ដំណើរ​របស់​អ្នក​ដើម្បី​ត្រឡប់​ទៅ​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ។

នៅពេល​អ្នក​ធ្វើការ​ជ្រើសរើស​នោះ អ្នក​នឹង​ឃើញ​ភាពរីករាយ​ច្រើន​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ទៅ​ទៀត ។