លីអាហូណា
អាន និង នូវល វិតនី និង​ផ្លូវ​នៃ​សេចក្តីសញ្ញា
ខែមករា ឆ្នាំ២០២៥


« អាន និង នូវល វិតនី និង​ផ្លូវ​នៃ​សេចក្តីសញ្ញា » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

អាន និង នូវល វិតនី និង​ផ្លូវ​នៃ​សេចក្តីសញ្ញា

ដូចជា អាន និង នូវល វិតនី ផងដែរ យើង​ក៏​ធ្វើ​ដំណើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដូចគ្នា​ដែរ ដោយ​ការប្រែចិត្ត ការបម្រើ ការពលិកម្ម និង​ការរីករាយ​នៅ​តាម​ផ្លូវ​នោះ ។

ហាង​របស់​វិតនី នៅ​ទីក្រុង​ខឺតឡង់

ហាង​របស់​វិតនី នៅ​ទីក្រុង​ខឺតឡង់ ( បានបង្ហាញ​នៅ​ទីនេះ​នៅ​ឆ្នាំ១៩០៧ ) បាន​ជួយ​ដល់​ការរីកចម្រើន​របស់​សាសនាចក្រ​ភាគច្រើន​នៅ​រដ្ឋ​អូហៃអូ និង​រដ្ឋ​មិសសួរី​ក្នុង​ទសវត្សរ៍​ឆ្នាំ១៨៣០ ។

រូបថត​ដោយ ចច អេដវឺដ អាន់ឌឺសិន ឆ្នាំ១៩០៧

នៅពេល​អេលីស្សាប៊ែត អាន ស្ម៊ីធ មាន​អាយុ ១៨ ឆ្នាំ​បាន​ផ្លាស់ទីលំនៅ​ទៅរស់​នៅ​រដ្ឋ​អូហៃអូ នាង​បានជួប​នឹង​អ្នក​ជំនួញ​ដ៏​ស្រស់​សង្ហារ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា នូវល ខេ វិតនី ។ នាង​បាន​ពិពណ៌នា​គាត់​ថា​ជា « យុវជន​ម្នាក់ [ ដែល ] ចាកចេញ​ទៅ​ភាគ​ខាងលិច​ដើម្បី ‹ ស្វែងរក​ទ្រព្យសម្បត្តិ​ជោគវាសនា​របស់​គាត់ › ។ គាត់​ចេះ​សន្សំ​សំចៃ និង​មាន​ថាមពល ហើយ​គាត់​បាន​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​គាត់​កើនឡើង​ច្រើន​ជាង … សហការី​របស់គាត់​ភាគច្រើន​ទាំងអស់ » ។ ពួកគាត់​បានរៀបការ​នៅ​ខែតុលា ឆ្នាំ១៨២២ ហើយ​ជា​« ស្វាមីភរិយា​ដែល​មាន​សុភមង្គល ព្រម​ទាំង​អនាគត​ភ្លឺ​ស្វាង » ។

ពួកគាត់​បាន​រស់នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ជា​កន្លែង​ដែល នូវល បើក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដ៏​ជោគជ័យ ។

យើង​អាច​មើលឃើញ​ពី​គំរូ​នៃ​ការទំនាក់ទំនង​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​បុត្រាបុត្រី​របស់​ទ្រង់ តាម​ការមើល​ទៅ​លើ​បទពិសោធន៍​របស់ វិតនី និង​មនុស្ស​ជាច្រើន​ទៀត ។ ឧទាហរណ៍ យើង​អាច​មើលឃើញ​ពី​របៀប​ដែល​ពួកគាត់​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ និង​ពី​របៀប​ដែល​ទ្រង់​បាន​ជួយ​ពួកគាត់​ឲ្យ​មើលឃើញ​ខ្លួន​ពួកគាត់​ជា​បុត្រាបុត្រី​នៃ​សេចក្ដីសញ្ញា ។ ការដឹង​អំពី​ពួកគាត់​ផ្តល់​នូវ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​ទៅ​លើ​វិវរណៈ​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

ការរៀបចំ​ខ្លួន​ទទួល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់

ឪពុក​ម្តាយ​របស់ អាន បានជ្រើសរើស​ចិញ្ចឹម​នាង​ដោយ​គ្មាន​សាសនា ។ នូវល មាន​ផ្នត់គំនិត​អាជីវកម្ម ។ ប៉ុន្តែ​នៅពេល​ដែល​ពួកគាត់​សង់​ផ្ទះ​នៅ​ខឺតឡង់ អាន បាន​ដឹង​ថា មាន​អ្វីមួយ​បាន​ខ្វះចន្លោះ​នៅក្នុង​ជីវិត​របស់​ពួកគាត់ ។ ពួកគេ​បាន​ចាប់ផ្ដើម​ស្វែងរក​ព្រះវិហារ​ដែល​ធ្វើ​តាម​ដំណឹងល្អ​ដូច​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បានបង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ អស់​មួយ​រយៈ​ពួកគេ​បាន​ថ្វាយបង្គំ​ជាមួយ​សិស្ស​របស់ អាឡិចសាន់ឌឺ ខេមប៊ែល ។

« នៅ​យប់​មួយ អាន បានរំឭក​ថា « … ខណៈ​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ នៅក្នុង​ផ្ទះ​របស់​យើង​នៅ​ខឺតឡង់ កំពុង​អធិស្ឋាន​ទៅ​ព្រះវរបិតា ទូលសូម​ឲ្យ​បង្ហាញ​ផ្លូវ នោះ​ព្រះវិញ្ញាណ​បានសណ្ឋិត​លើ​យើង ហើយ​ពពក​បាន​គ្របបាំង​ផ្ទះ ។ … ភាពស្ញប់ស្ញែង​ដ៏​អស្ចារ្យ​បានជ្រួតជ្រាប​លើ​យើង ។ … យើង​បាន​ឮ​សំឡេង … និយាយ​ថា ‹ ចូរ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដ្បិត​វា​នឹង​មក​ដល់ › » ។

នៅក្នុង​រដ្ឋ​ញូវយ៉ក ដែល​មាន​ចម្ងាយ​រាប់រយ​ម៉ាយល៍ ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ឲ្យ​បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ផ្សាយ​ដំណឹងល្អ ។ នៅពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ—ដែល​ដឹកនាំ​ដោយ អូលីវើរ ខៅឌើរី និង ប៉ាលី ភី ប្រាត្ត—បានផ្សព្វផ្សាយ​នៅ​ខឺតឡង់ អាន​បានស្ដាប់ ហើយ​ក្រោយមក​បាន​សរសេរ​ថា « ខ្ញុំ​ដឹង​ថា វា​ជា​សំឡេង​នៃ​អ្នក​គង្វាល​ល្អ » ។ សាក្សី​នៃ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ពួក​អ្នក​ជឿ​ផ្សេងទៀត​ដូចជា លូស៊ី និង​អ៊ីសាក មួលី ហើយ​សំខាន់​បំផុត​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​បានដឹកនាំ​ពួកគាត់​ឲ្យ​ធ្វើ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ។ អាន និង នូវល បាន​ទទួលបុណ្យ​ជ្រមុជទឹក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅ​ខែវិច្ឆិកា ឆ្នាំ១៨៣០ ។

នូវល វិតនី និង​យ៉ូសែប ស្ម៊ីធ

យ៉ូសែប ស្ម៊ីធ បានណែនាំ​ខ្លួន​លោក​ទៅកាន់ នូវល ពេល​មក​ដល់​ខឺតឡង់​នៅ​ឆ្នាំ១៨៣១ ដោយ​មាន​ប្រសាសន៍​ថា « ខ្ញុំ​ឈ្មោះ​យ៉ូសែប ដែល​ជា​ព្យាការី ។ … លោក​បានអធិស្ឋាន​ទូលសូម​ឲ្យ​ខ្ញុំ​មក​ទីនេះ » ។

រចនា​រូបភាព​ដោយ ប៉ុល ម៉ាន

ជំនួប​ជាមួយ​ព្យាការី​យ៉ូសែប

វិវរណៈ​មួយ​ទៀត​បានប្រាប់​ពួកបរិសុទ្ធ​ឲ្យ « ទៅ​រដ្ឋ​អូហៃអូ » ជា​កន្លែង​ដែល​ពួកគាត់​នឹង​ទទួល​បាន « ពរ​ទុក ដូច​ជា​ពុំ​ដែល​ស្គាល់​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៩:១៤–១៥ សូមមើល​ផងដែរ ៣៧:១ ) ។

យ៉ូសែប និង អិមម៉ា ស្ម៊ីធ បាន​មក​ដល់​ទីក្រុង​ខឺតឡង់ នៅ​ខែកុម្ភៈ ឆ្នាំ១៨៣១ ហើយ នូវល និង អាន បាន​នាំ​ពួកលោក​ទៅកាន់​ផ្ទះ​របស់​ពួកគាត់​អស់​រយៈពេល​មួយ​ខែ ។ ដប់​ប្រាំបី​ខែ​ក្រោយមក ពួកគាត់​បាន​ធ្វើ​ផ្ទះ​មួយ​សម្រាប់​យ៉ូសែប និង​អិមម៉ា នៅក្នុង​ហាង​ដែល​បានកែលម្អ​របស់​ពួកគាត់ ។

វិតនី បាន​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​អំពី​អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកលោក ។ ក្រោយ​មក​នៅ​ឆ្នាំ​នោះ ព្រះអម្ចាស់​បានបើក​សម្ដែង​ដល់​ព្យាការី​យ៉ូសែប​ថា នូវល ត្រូវ​បម្រើ​ជា​ប៊ីស្សព​នៅ​ខឺតឡង់ ។ នូវល បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មើល​ពុំ​ឃើញ​ថា​រូប​ខ្ញុំ​សម​ជា​ប៊ីស្សព​សោះ បងប្រុស យ៉ូសែប ប៉ុន្តែ​បើ​លោក​និយាយ​ថា វា​គឺ​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ខ្ញុំ​នឹង​ព្យាយាម » ។

យ៉ូសែប​បាន​ឆ្លើយ​ថា ៖ « លោក​មិន​ចាំបាច់​ស្ដាប់​តែ​ពាក្យ​ខ្ញុំ​នោះ​ទេ ។ សូម​ទៅ ហើយ​ទូលសួរ​ព្រះបិតា​ដោយ​ខ្លួន​លោក​ចុះ » ។

បន្ទាប់ពី​ការអធិស្ឋាន នូវល បានឮ​សំឡេង​ពី​ស្ថានសួគ៌​និយាយ​ថា « កម្លាំង​របស់​អ្នក​គឺ​នៅក្នុង​យើង » ។

នេះ​គឺជា​រយៈពេល​នៃ​ការរីកចម្រើន​សម្រាប់ នូវល និង អាន នៅពេល​ដែល​ពួកគាត់​បានធ្វើការ​ជាមួយ​គ្នា​ដើម្បី​គោរពតាម​សេចក្ដីសញ្ញា​របស់​ពួកគាត់ ។ អាន បាន​សរសេរ​អំពី​របៀប​មួយ​ដែល​ពួកគាត់​បម្រើ​អ្នកដទៃ ៖

« យោងតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង … យើង​បានប្ដេជ្ញា​ធ្វើ​ពិធីជប់លៀង​សម្រាប់​ជនក្រីក្រ … អ្នកខ្វិន អ្នក-គ អ្នកថ្លង់ អ្នក​ខ្វាក់ មនុស្ស​ចាស់ និង​ពិការ ។

« ពិធី​នេះ​មាន​រយៈពេល​បី​ថ្ងៃ ក្នុង​អំឡុងពេល​នោះ មនុស្ស​ទាំងអស់​ដែល​រស់នៅ​ជុំវិញ​ខឺតឡង់ ដែល​អាច​មក​ចូលរួម ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក ។ … ចំពោះ​ខ្ញុំ នោះ​គឺជា « ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស » [ អេសាយ ២៥:៦ ] ពិតណាស់ ជា​រដូវកាល​នៃ​ការរីករាយ​ដែល​មិន​ត្រូវ​បំភ្លេច​ឡើយ » ។

ក្រោយមក នូវល បានបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ជា​មួយ យ៉ូសែប ស្ម៊ីធ និង​ជាដៃគូ​នៅក្នុង​សហក្រុម ដែល​ជា​សហករណ៍​អាជីវកម្ម​សម្រាប់​ដោះស្រាយ​តម្រូវការ​របស់​ពួកបរិសុទ្ធ ។ ប្រាក់​ចំណូល​ពី​ហាង​របស់​គាត់​បាន​ផ្តល់​មូលនិធិ​ច្រើន​ដល់​ការរីកចម្រើន​របស់​សាសនាចក្រ​នៅ​ខឺតឡង់ និង​មិសសួរី ហើយ​គាត់​បានបម្រើ​សាសនាចក្រ​តាម​របៀប​ជា​ច្រើន​ទៀត ។ ប្រហែល​ជា​អ្វី​ដែល​សំខាន់​បំផុត​គឺ អាន និង នូវល មាន​កូន ១៤ នាក់ ហើយ​ចិញ្ចឹម ១០ នាក់​រហូត​ដល់​ពេញវ័យ ។

អ្នក​ផ្សេង​ទៀត​បានប្រមូល​ផ្តុំ​គ្នា​ដើម្បី​បង្កើត​ស្តេក​នៃ​ស៊ីយ៉ូន ។ គ្រួសារ ឃិមបឹល, យ៉ង់, ក្រូសប៊ីស៍, ធីពែតស៍ និង​មនុស្ស​ជាច្រើន​ទៀត​កំពុងព្យាយាម​ផ្ដោត​ជីវិត​របស់​ពួកគេ​ទៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ម្នាក់ៗ​នាំ​មក​នូវ​ថាមពល និង​ទេពកោសល្យ​ជាក់លាក់​ជាច្រើន ។ វិវរណៈ​នៅ​សម័យ​ដើម​បានដឹកនាំ ស្តីបន្ទោស និង​ធានា​ដល់​ពួកគេ ហើយ​បានដឹកនាំ​សាសនាចក្រ​ដែល​កំពុងតែ​ពង្រីក ។

ការសាងសង់​ដំណាក់​របស់​ព្រះអម្ចាស់

សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៅ​សម័យ​ដើម ទាំង​ជា​សមូហភាព និង​ជា​បុគ្គល ការទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​អំណាច​ដែល​បានសន្យា​គឺជា​ចំណុច​សំខាន់​នៃ​ការខិតខំ​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​របស់​ពួកគេ (សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៨:៣២ ) ។

ព្រះអម្ចាស់​បានបញ្ជា​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ និង​រដ្ឋ​មិសសួរី ។ នៅ​ខឺតឡង់ ពួកបរិសុទ្ធ​បានទទួល​ជោគជ័យ​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ដ៏​វីរភាព​ក្នុង​ការសាងសង់​អគារ​ដ៏​អស្ចារ្យ​មួយ ។ វា​គឺជា​ការខិតខំ​ដ៏​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការកសាង​អ្វី​ដែល​ស័ក្តិសម​នឹង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ព្រះវិហារ​បរិសុទ្ធ​នៅតែ​គង់វង្ស​នា​សព្វថ្ងៃ​នេះ ។ ហាង​របស់ នូវល ព្រម​ជាមួយនឹង​រោងចក្រ​ផេះឈើ​ដែល​នៅ​ក្បែរ​នោះ គឺជា​ផ្នែក​សំខាន់​នៃ​សេដ្ឋកិច្ច​នៅ​ខឺតឡង់ ដែល​គាំទ្រ​ដល់​គម្រោង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ឆ្នាំ​១៨៣៦ ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​ព្រះកាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បានទទួល​យក​ការខិតខំ​របស់​ពួកគេ ។ ទ្រង់​បានសន្យា​ថា រាស្ដ្រ​ទ្រង់ « មែន​ហើយ គឺ​ចិត្ត​នៃ​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​នឹង​បាន​អរសប្បាយ​រីករាយ ដោយ​ព្រោះ​តែ​ព្រះពរ​ទាំងឡាយ ដែល​នឹង​បាន​ចាក់​ចេញ​មក ព្រមទាំង​អំណោយ​ទាន​ពិសិដ្ឋ ដែល​ពួក​អ្នក​បម្រើ​របស់​យើង​បាន​ទទួល​នៅក្នុង​ដំណាក់​នេះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:៩ ) ។ បន្ទាប់មក ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា​បាន​មក ហើយ​បានប្រគល់​កូនសោ​សំខាន់ៗ​ដល់​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១១–១៦ ) ។

នូវល វិតនី កាល​ពី​នៅ​ជា​យុវជន

រូបភាព​ដែល​មិនមាន​កាលបរិច្ឆេទ​ជាក់លាក់​របស់ នូវល ខេ វិតនី កាលពី​នៅ​ជា​យុវជន

ការបៀតបៀន និង​ការយក​ចិត្ត​ទុកដាក់​លើ​លោកិយ

នៅថ្ងៃ​ខាងមុខ​ពួកបរិសុទ្ធ រួមទាំង វិតនី ផងដែរ នឹង​ទទួល​រង​នូវ​ការសាកល្បង​យ៉ាងខ្លាំង ។ ដោយសារ​សេដ្ឋកិច្ច​ធ្លាក់ចុះ​នៅ​ទូទាំង​ប្រទេស និង​ការធ្លាក់ចុះ​យ៉ាង​គំហុក​ផ្នែក​ធនាគារ មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​សាសនាចក្រ និង​ព្យាការី ។ ពេល​បានបញ្ជា​ឲ្យ​ផ្លាស់​ទៅ​រដ្ឋ​មិសសួរី នូវល ក៏​មាន​ចិត្ត​ស្ទាក់ស្ទើរ ។ គាត់​បានលះបង់​គ្រប់យ៉ាង​សម្រាប់​ហាង​របស់​គាត់​នៅ​ខឺតឡង់ ។ ទ្រព្យសម្បត្តិ​ជា​ច្រើន​ដែល​វា​បាន​ជួយ​ទ្រទ្រង់​ដល់​សាសនាចក្រ ។ តើ​គាត់​អាច​គ្រាន់តែ​ដើរ​ចេញ​យ៉ាង​ដូចម្តេច​ទៅ ?

ព្រះអម្ចាស់​បាន​ប្រដៅ​គាត់​ចំពោះ​ការផ្ដោត​លើ​វត្ថុ​ខាង​លោកិយ​ខ្លាំង​ពេក និង​សម្រាប់ « គ្រប់​ទាំង​ព្រលឹង​តូច​តាច​របស់​គាត់ » ផងដែរ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៧:១១ ) ។ នូវល បាន​ប្រែចិត្ត ហើយ​បាន​គោរព​តាម ។ គាត់​ស្នាក់​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ជា​កន្លែង​ដែល​គាត់​បានបន្ត​បម្រើ​ជា​ប៊ីស្សព ហើយ​ក្រោយមក​ជា​ប៊ីស្សព​ជា​អធិបតី ។

ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ជា​ថ្មី​ម្តងទៀត នៅទីក្រុង​ណៅវូ ព្រះវិហារ​បរិសុទ្ធ​គឺជា​ចំណុច​ស្នូល​នៃ​សកម្មភាព​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ។ នៅពេល​ជញ្ជាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​ចាប់ផ្តើម​ផុសឡើង ព្រះអម្ចាស់​បានរៀបចំ​សមាគម​សង្គ្រោះ​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ អិមម៉ា ស្ម៊ីធ ជា​ប្រធាន​ដំបូង ហើយ សារ៉ា ឃ្លីវលែន និង អាន វិតនី ជា​ទីប្រឹក្សា​របស់​គាត់ ។ អិមម៉ា បានប្រគល់​ភារកិច្ច​សំខាន់ៗ​ទៅ​ឲ្យ អាន ហើយ​បាន​សុំ​ឲ្យ​នាង​ដឹកនាំ​អង្គការ​ពេល​គាត់​មិន​នៅ​ទីនោះ ។

ព្រះអម្ចាស់​បាន​បន្ត​បើកសម្ដែង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​ព្យាការី ។ នៅ​ឆ្នាំ​១៨៤២ ដោយ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​នៅតែ​មិនទាន់​សង់​រួចរាល់ យ៉ូសែប ស្ម៊ីធ បាន​ប្រមូល​ផ្ដុំ​ថ្នាក់​ដឹកនាំ​សាសនាចក្រ រួមទាំង នូវល ផងដែរ​នៅ​ហាង​ឥដ្ឋ​ក្រហម​ជាន់​ខាងលើ​របស់​គាត់ ហើយ​បាន​ចាត់ចែង​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ ។ នៅពេល​ផ្នែក​នៃ​ព្រះវិហារ​បរិសុទ្ធ—បន្ទប់​ដំបូល—ត្រូវបាន​ឧទ្ទិសឆ្លង នោះ​ទាំង អាន និង នូវល បាន​ចាត់ចែង​អំណោយទាន​ពិសិដ្ឋ​ដល់​ពួកបរិសុទ្ធ​ផ្សេងទៀត មុនពេល​ពួកគាត់​ចាកចេញ​ទៅកាន់​ជ្រលងភ្នំ​សលត៍ លេក ។

នៅ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា អាន និង នូវែល បានស្វែងរក​ព្រះអង្គ​សង្គ្រោះ ប្រែចិត្ត បម្រើ​អស់​ពី​ចិត្ត ថ្វាយ លះបង់ និង​រីករាយ ។ ពួកគាត់​បានស្គាល់​ព្រះយេស៊ូវគ្រីស្ទ ហើយ​មើលឃើញ​ខ្លួន​ពួកគាត់​ជា​បុត្រាបុត្រី​នៃ​សេចក្ដីសញ្ញា ។ មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​តាម​គំរូ​របស់​ពួកគាត់ ក្នុង​ការ​ធ្វើ និង​រស់នៅ​តាម​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់ ។ ការខិតខំ​ប្រឹងប្រែង​ដើម្បី​ដឹង​អំពី​ដំណើររឿង​របស់​ពួកគាត់ ជួយ​យើង​ក្នុង​អំឡុង​រដូវកាល​នៃ​ភាពសុខស្រួល និង​ការសាកល្បង​របស់​យើង ។

ពេល​ក្រោយៗ​នៅ​ក្នុង​ជីវិត​របស់ អាន វិតនី

រូបថត​របស់​អាន វិតនី ​ដែល​មិនមាន​កាលបរិច្ឆេទ​ជាក់លាក់ នៅពេល​ក្រោយៗ​មក​ទៀត​ក្នុងជីវិត​របស់​គាត់

នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ អាន បាន​សរសេរ​ថា ៖ « ការទទួល​អារម្មណ៍​ថា អ្នក​បាន​ទទួល​ការយល់ដឹង​តិចតួច​អំពី​គោលបំណង​នៃ​ព្រះ​នៅក្នុង​ការបង្កបង្កើត​អ្នក … តើ​អ្នក​អាច​ដឹង​បាន​ឬ​នៅ​ថា វា​ពិតជា​សម​នឹង​តម្លៃ​ដើម្បី​យើង​រស់នៅ និង​រងទុក្ខ​សម្រាប់​ការណ៍​ទាំងនេះ​នោះ ? តើ​ការលះបង់​ណា​មួយ​អាច​អស្ចារ្យ​ពេក​ទេ … បើ​សិន​ជា​យើង​ដើរ​តាម​គន្លង​របស់​លោក​ចៅហ្វាយ​របស់​យើង​នោះ ? »

កំណត់​ចំណាំ

  1. អេលីស្សាប៊ែត អាន វិតនី « A Leaf from an Autobiography » Woman’s Exponent ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៨៧៨ ទំព័រ ៤១ ។

  2. សូមមើល រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​ដែល​ថ្លែង​នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Identity, Priority, and Blessings » Ensign ខែសីហា ឆ្នាំ២០០១ ទំព័រ ៦–១២ ។

  3. អេលីស្សាប៊ែត អាន វិតនី នៅក្នុង អួរសួន អែហ្វ វិតនី « Newel K. Whitney » អ្នក​បរិច្ចាគ ខែមករា ឆ្នាំ១៨៨៥ ទំព័រ ១២៥ សូមមើល​ផងដែរ ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្តីពិត ឆ្នាំ១៨១៥–១៨៤៦ ( ឆ្នាំ២០១៨ ) ទំព័រ ១១១ ។

  4. អេលីស្សាប៊ែត អាន វិតនី « A Leaf from an Autobiography » Woman’s Exponent ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៧៨ ទំព័រ ៥១ ។

  5. ឈ្មោះ « The Church of Christ » នៅ​សម័យ​នោះ ។

  6. សូមមើល អួរសុន អែហ្វ វិតនី « Newel K. Whitney » ទំព័រ ១២៦ ។

  7. សូមមើល ម៉ាក លីមែន ស្តេកឃឺ Hearken, O Ye People: The Historical Setting for Joseph Smith’s Ohio Revelations ( ឆ្នាំ២០០៩ ) ទំព័រ ២៤៥ ។

  8. អេលីស្សាប៊ែត អាន វិតនី « A Leaf from an Autobiography » Woman’s Exponent ថ្ងៃទី១ ខែតុលា ឆ្នាំ១៨៧៨ ទំព័រ ៧១ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៨៧៨ ទំព័រ ៨៣ ។

  9. សូមមើល ស្តេកឃឺ Hearken, O Ye People ទំព័រ ៥៣៥–៥៣៧ ។

  10. សូមមើល ស្ទីវីន ស៊ី ហាភឺ Making Sense of the Doctrine and Covenants ( ឆ្នាំ២០០៨ ) ទំព័រ ៤៣១–៤៣២ ។

  11. សូមមើល ពួក​បរិសុទ្ធ ១:៤៩៦ ។

  12. សូមមើល ពួក​បរិសុទ្ធ ១:៤៥៣ យ៉ូសែប ស្ម៊ីធ « Journal, December 1841–December 1842 » ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៨៤២ ទំព័រ ៩៤ នៅលើ​គេហទំព័រ josephsmithpapers.org ។

  13. សូមមើល ពួកបរិសុទ្ធ ១:៥៧៩ ប្រធានបទ​ប្រវត្តិ​សាសនាចក្រ « Anointed Quorum (‘Holy Order’) » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  14. អេលីស្សាប៊ែត អាន វិតនី « A Leaf from an Autobiography » Woman’s Exponent ថ្ងៃទី១ ខែសីហា ឆ្នាំ១៨៧៨ ទំព័រ ៣៣ ។