« ដំណឹងដ៏រីករាយនៃសេចក្តីស្រឡាញ់ និងអំណរ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
ដំណឹងដ៏រីករាយនៃសេចក្តីស្រឡាញ់ និងអំណរ
ពរជ័យនៃការស្ដារឡើងវិញគួរតែលើកទឹកចិត្តដល់ដួងចិត្តយើង ហើយបំពេញយើងដោយការដឹងគុណចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ ។
សារលិខិតនៃក្តីសង្ឃឹម និងសេចក្តីសុខសាន្តរបស់យើងចំពោះមនុស្សទាំងអស់គឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយបានស្ដារដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់ឡើងវិញនៅថ្ងៃចុងក្រោយនេះ ។
ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា « ឱ របស់ទាំងនេះអស្ចារ្យសម្រាប់មនុស្សជាតិណាស់ហ្ន៍ ! សេចក្តីពិតមួយដែលពួកគេអាចចាត់ទុកថា ជាដំណឹងដ៏រីករាយអស្ចារ្យដល់មនុស្សទាំងអស់ ហើយក៏ជាដំណឹងដ៏រីករាយដែលគួរតែបំពេញផែនដី និងធ្វើឲ្យដួងចិត្តអ្នកដែលបានឮដល់ត្រចៀកគាត់បានរីករាយផងដែរ » ។
អស់ជាច្រើនសតវត្សបន្ទាប់ពីការងារបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះ បុត្រាបុត្រីរបស់ព្រះបានស្វែងរកទ្រង់ ហើយប្រាថ្នាចង់បានពន្លឺ និងសេចក្តីពិតបន្ថែមទៀត ។ ឥឡូវនេះ ដំណឹងដ៏រីករាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងការស្ដារឡើងវិញដែលកំពុងបន្តបានចេញមក ដើម្បីផ្ដល់ពរដល់មនុស្សទាំងអស់ ហើយរៀបចំពិភពលោកសម្រាប់ថ្ងៃដែលព្រះយេស៊ូវគ្រីស្ទនឹងយាងមកវិញដើម្បីធ្វើជា « ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ » ។ ការណ៍នេះគឺជាការបើកសម្តែងយ៉ាងជ្រាលជ្រៅនៃសេចក្តីស្រឡាញ់ដែលគ្មានទីបញ្ចប់នៃព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ។ ខ្ញុំរីករាយដែលខ្ញុំអាចចំណាយពេលមួយជីវិតដើម្បីប្រកាសសេចក្ដីពិតទាំងនេះដល់ពិភពលោកទាំងមូល ។
ការណ៍ដែលមិនគួរឲ្យជឿ និងអស្ចារ្យ
ថ្ងៃថ្មីបានរះឡើងសម្រាប់គ្រួសារមនុស្សលោកនៅក្នុងព្រៃជ្រៅ ជាកន្លែងដែលព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ បានលេចមក ហើយមានព្រះបន្ទូលទៅយ៉ូសែប ស្ម៊ីធ ជាការឆ្លើយតបនឹងការអធិស្ឋានរបស់យ៉ូសែបវ័យក្មេងអំពីព្រះវិហារណាមួយដែលលោកគួរចូលរួម ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–២០ ) ។ ព្រះយេស៊ូវគ្រីស្ទបានប្រាប់យ៉ូសែប កុំឲ្យចូលរួមព្រះវិហារណាមួយឡើយ ។ ទ្រង់បានសន្យាថា ភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់នឹងបើកសម្តែងដល់យ៉ូសែប នៅពេលអនាគត ។
ចំពោះមនុស្សជាច្រើន យ៉ូសែប ហាក់មិនទំនងត្រូវបានហៅឲ្យធ្វើការដ៏សំខាន់បែបនោះទេ ហើយពួកគេនិយាយត្រូវ ។ លោកគឺជាក្មេងប្រុសដែលគ្មានចំណេះដឹង និងមិនសូវទទួលបានការអប់រំ មកពីកសិដ្ឋានតូចមួយក្នុងទីក្រុងមិនច្បាស់លាស់មួយ ។ ដូចអ្នកខ្លះបាននិយាយអំពីព្រះអង្គសង្គ្រោះនៅជំនាន់ទ្រង់ថា « តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ » ? ( យ៉ូហាន ១:៤៦ )មនុស្សជាច្រើនឆ្ងល់ថា តើក្មេងអាយុ ១៤ ឆ្នាំ ដែលមិនបានរៀនសូត្រនៅ ប៉ាលម៉ៃរ៉ា ទីក្រុងនូ យ៉ោក អាចធ្វើអ្វីបានល្អទៅ ។ ទោះបីជាវាហាក់ជារឿងមិនគួរឲ្យជឿថាលោកអាចធ្វើបាន—ប៉ុន្ដែតាមរយៈយ៉ូសែប—ព្រះវរបិតាសួគ៌ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ នឹងនាំឲ្យមាននូវសេចក្តីពិតដ៏អស្ចារ្យ ។ ការណ៍នេះគួរតែនាំឲ្យយើងមានក្តីសង្ឃឹមថា ក្នុងរបៀបតូចតាច និងរាបទាបរបស់យើង យើងក៏អាចរួមចំណែកតាមរបៀបប្រកបដោយអត្ថន័យចំពោះកិច្ចការរបស់ព្រះអម្ចាស់ដែរ ។
នៅពេលខ្លះ ព្រះអម្ចាស់បានហៅយ៉ូសែប « ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៧ ) ។ យ៉ូសែប បានទទួលវិវរណៈដ៏អស្ចារ្យ និងគោលលទ្ធិដ៏សំខាន់ ដែលនាំមកនូវ ពន្លឺថ្មីដល់ការយល់ដឹងរបស់យើងពីផែនការដែលពេញដោយក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់ដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្តានៃពលិកម្មធួនរបស់ទ្រង់ ។ គួរឲ្យកត់សម្គាល់ថា ដំណឹងដ៏រីករាយទាំងនេះបានមកនៅពេលដ៏ច្បាស់លាស់ នៅពេលដែលការដឹកជញ្ជូន ការទំនាក់ទំនង និងផ្នែកផ្សេងៗទៀតមានការជឿនលឿនយ៉ាងខ្លាំងដែលនឹងអនុញ្ញាតឲ្យពន្លឺរបស់ព្រះបញ្ចេញពន្លឺ ដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់កាន់តែច្រើនឡើង ។
សាក្សីដ៏មានឥទ្ធិពលនៃសេចក្តីស្រឡាញ់របស់ព្រះ
ការបង្ហាញកាយរបស់ទេវតាមរ៉ូណៃទៅកាន់ យ៉ូសែប ស្ម៊ីធ គឺចាំបាច់សម្រាប់ការស្តារឡើងវិញ និងជាភស្តុតាងដ៏មានអានុភាពនៃសេចក្តីស្រឡាញ់របស់ព្រះ ។ មរ៉ូណៃ បានប្រាប់ យ៉ូសែប អំពីបញ្ជីមួយ ដែលបានសរសេរនៅលើផ្ទាំងមាស ដែលបានកប់នៅក្បែរនោះ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣–៣៤ ) ។ នៅទីបំផុត យ៉ូសែប នឹងទទួលបាន « អំណាច … មកពីស្ថានដ៏ខ្ពស់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៨ ) ដើម្បីបកប្រែបញ្ជីនោះ ដែលនឹងក្លាយជាព្រះគម្ពីរមរមន ដែលជាដៃគូនឹងព្រះគម្ពីរប៊ីប និងជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
នៅពេញមួយព្រះគម្ពីរមរមន យើងបានអានអំពីមនុស្ស ដែលរស់នៅរាប់រយឆ្នាំមុនព្រះគ្រីស្ទ ដែលបានដឹង និងបានទាយអំពីការយាងមករបស់ទ្រង់ ហើយប្រាថ្នាចង់បានវា ។ យើងក៏រកឃើញនូវដំណើររឿងដ៏វិសេសនៃការបង្ហាញព្រះកាយដោយផ្ទាល់របស់ព្រះអង្គសង្គ្រោះ ដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានធ្វើការងារបម្រើដល់ពួកសាសន៍នីហ្វៃ ក្នុងអំឡុងពេលដែលទ្រង់បានអញ្ជើញមនុស្សទាំងអស់ឲ្យមករកទ្រង់ ហើយស្ទាបស្នាមដែកគោលនៅចំហៀងទ្រង់ និងនៅលើព្រះហស្ត និងព្រះបាទាទ្រង់ ( សូមមើល នីហ្វៃទី៣ ១១:១៤–១៥ ) ។ ទ្រង់បានប្រោសអ្នកឈឺ មនុស្សខ្វិន មនុស្សខ្វាក់—« អស់ទាំងអ្នកដែលរងទុក្ខដោយជំងឺណាក៏ដោយ »—ហើយបន្ទាប់មកបានប្រសិទ្ធពរដល់កុមារតូចៗ ហើយអធិស្ឋានឲ្យពួកគេ ( សូមមើល នីហ្វៃទី៣ ១៧:៧–៩, ២១ ) ។ យើងរៀនយ៉ាងច្រើនអំពីសេចក្ដីស្រឡាញ់ និងសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះចេញពីដំណើររឿងដ៏ពិសិដ្ឋនេះ ។
ព្រះគម្ពីរមរមនធ្វើជាសាក្សីថា « ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ។ ការធានានៅក្នុងព្រះគម្ពីរមរមនរំឭកយើងម្ដងហើយម្ដងទៀតថា ព្រះវរបិតាសួគ៌របស់យើង និងព្រះអង្គសង្គ្រោះរបស់យើង ស្រឡាញ់យើងលើសពីអ្វីដែលយើងអាចស្រមៃបាន ។
ពរជ័យនៃបព្វជិតភាព និងសាសនាចក្រ
ការស្ដារឡើងវិញបានបន្តជាមួយនឹងការលេចមកនៃពួកសារទូតរបស់ស្ថានសួគ៌មកកាន់យ៉ូសែប ស្ម៊ីធ ។ យ៉ូហាន បាទីស្ទដែលបានរស់ឡើងវិញបានស្ដារសិទ្ធិអំណាចដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ។ ពួកសាវកបីនាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់កាលពីដើម—ពេត្រុស យ៉ាកុប និងយ៉ូហាន—បានស្ដារភាពជាសាវក និងកូនសោនៃសិទ្ធិអំណាចបព្វជិតភាពឡើងវិញ ។ អ្នកផ្សេងទៀតបានយាងមកផងដែរ រួមមានទាំង អេលីយ៉ា ដែលបានស្ដារសិទ្ធិអំណាចដើម្បីចងភ្ជាប់ក្រុមគ្រួសារជាមួយគ្នាជារៀងរហូតនៅក្នុងទំនាក់ទំនងដ៏អស់កល្បជានិច្ចដែលហួសពីសេចក្ដីស្លាប់ » ។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ តាមរយៈព្យាការីយ៉ូសែប ព្រះយេស៊ូវគ្រីស្ទ បានស្ថាបនានូវព្រះវិហារមួយតាមលំនាំនៃព្រះវិហារដែលទ្រង់បានរៀបចំនៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:៦ ) សូមបំពេញជាមួយនឹង « លើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូ ២:២០ ) ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយធ្វើឲ្យពរជ័យនៃអំណាចបព្វជិតភាពដែលបានស្ដារឡើងវិញមានដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ដែលរៀបចំខ្លួនដើម្បីទទួលពរជ័យនេះ ។
ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើង នោះយើងអាចរកឃើញនូវអំណរក្នុងការប្រែចិត្តប្រចាំថ្ងៃ នៅពេលយើងងាកទៅរកព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ។ ចំពោះនរណាម្នាក់ដែលមានអារម្មណ៍បាក់ទឹកចិត្ត ឬថាពួកគេមិនល្អគ្រប់គ្រាន់ ឬជាចំណែក ៖ ទាំងអស់ត្រូវបានអញ្ជើញឲ្យមករកព្រះគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ សាសនាចក្រមិនមែនជាទីកន្លែងសម្រាប់មនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រំឭកយើងថា « យើងមកសាសនាចក្រមិនមែនដើម្បីលាក់បញ្ហាយើងទេ តែត្រូវដោះស្រាយវាវិញ » ។
នៅក្នុងព្រះវិហារ យើងទទួលបានអំណរនៅក្នុងឱកាសដើម្បី គិតដល់តម្រូវការរបស់អ្នកដទៃ បម្រើអ្នកដទៃដោយក្តីស្រឡាញ់ និងចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ជាមួយនឹងភាពបរិបូរណ៍នៃសេចក្តីល្អរបស់ព្រះគ្រីស្ទ ។ យើងអាច « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ » និង « អាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ ) ។ ឱ នោះជាពរជ័យដ៏មហិមាណាស់ !
ហេតុផលសម្រាប់អំណរដ៏អស្ចារ្យ
ព្យាការី យ៉ូសែប ស៊្មីធ គ្រាមួយបានប្រកាសថា « ឥឡូវនេះ តើយើងឮអ្វីនៅក្នុងដំណឹងល្អ ដែលយើងបានទទួលនោះ ? គឺសំឡេងរីករាយ ! គឺសំឡេងនៃសេចក្ដីមេត្តាករុណាពីស្ថានសួគ៌ ហើយជាសំឡេងនៃសេចក្ដីពិតចេញពីផែនដី ជាដំណឹងដ៏រីករាយសម្រាប់ពួកអ្នកស្លាប់ ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ ជាដំណឹងដ៏រីករាយអំពីសេចក្ដីអំណរដ៏ធំ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១៩ ) ។
ដំណឹងដ៏រីករាយទាំងនេះបានមក ដោយសារព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់យើង និងប្រាថ្នា—លើសពីអ្វីទាំងអស់—ដើម្បីស្វាគមន៍យើងឲ្យត្រឡប់មកទីវត្តមានរបស់ទ្រង់ទាំងទ្វេវិញ ដើម្បីយើងអាចមានជីវិតបែបដែលទ្រង់ទាំងទ្វេរស់នៅជារៀងរហូត ។ ការស្ដារឡើងវិញបង្ហាញឲ្យឃើញថា ទ្រង់ទាំងទ្វេបានធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធ្វើឲ្យការណ៍នេះក្លាយជាលទ្ធភាពដ៏រុងរឿងសម្រាប់យើងទាំងអស់គ្នា ។ នៅក្នុងដំណើរដ៏នៅអស់កល្បជានិច្ចរបស់យើង យើងនឹងដកពិសោធន៍ឧបសគ្គ និងទុក្ខលំបាកទាំងឡាយ ប៉ុន្តែ « មាន[ យើង ] ដើម្បី [ យើង ] អាចមានសេចក្ដីអំណរ » ( នីហ្វៃទី២ ២:២៥ ) នៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ ។ ព្យាការី យ៉ូសែប ដឹងអំពីរឿងនេះជាងមនុស្សភាគច្រើនទៅទៀត ។
យ៉ូសែប បានប្រឈមមុខនឹងការប្រឆាំង និងការបៀតបៀនជាញឹកញាប់ ប៉ុន្តែលោកបានរក្សា « ចរិយារួសរាយ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨ ) ។ លោកនៅតែមានភាពរីករាយ រឹងមាំ និងអត់ធន់ ហើយលោកបានសម្រេចកិច្ចការដ៏អស្ចារ្យដែលបានប្រគល់ឲ្យលោក ។ ខ្ញុំសូមគោរពដល់ពួកបរិសុទ្ធជំនាន់ដើមទាំងអស់ដែលបានជឿ គាំទ្រ និងដើរតាមព្យាការី យ៉ូសែប ស្ម៊ីធ ហើយបានឧទ្ទិសខ្លួនពួកគាត់ដល់ការស្ថាបនាសាសនាចក្រនេះ ។ យើងជំពាក់ពួកគាត់នូវបំណុលនៃការដឹងគុណ និងកិត្តិយស ។
សាសនាចក្រនៅសម័យដើមមិនសូវរលូន ហើយវាអាចនៅតែមិនសូវរលូននៅសព្វថ្ងៃនេះ ។ ប៉ុន្តែការស្តារឡើងវិញគឺកំពុងបន្ត ។ ដោយមានព្រះយេស៊ូវគ្រីស្ទជាព្រះសិរសានៃសាសនាចក្រនេះ ពួកព្យាការីដែលនៅរស់នឹងបន្តដឹកនាំយើង ។ ព្រះដំណាក់របស់ព្រះអម្ចាស់នឹងបន្តសាងសង់ ដើម្បីឲ្យពរជ័យនៃសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចជាមួយព្រះអាចចងភ្ជាប់យើងទៅនឹងទ្រង់ និងមនុស្សជាទីស្រឡាញ់របស់យើងនៅទាំងសងខាងវាំងនន ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ សេចក្តីស្រឡាញ់របស់ព្រះ និងព្រះយេស៊ូវគ្រីស្ទនឹងមានដល់ពិភពលោកទាំងមូល នៅពេលយើងធ្វើតាមការបញ្ជារបស់ព្រះអង្គសង្គ្រោះដើម្បីឲ្យចំណីដល់ចៀមរបស់ទ្រង់ ហើយចែកចាយដំណឹងល្អរបស់ទ្រង់ ។ យើងនឹងធ្វើជាសាក្សីពីសេចក្តីពិតនៃការស្ដារឡើងវិញចេញទៅនៅតាមផ្លូវ និងកន្លែងដែលស្ទើរតែមិននឹកស្មានដល់ក្នុងជំនាន់របស់យ៉ូសែប ។
យើងអាចរកឃើញកម្លាំង និងអំណរដ៏អស្ចារ្យ—ដូចដែលព្យាការីយ៉ូសែបបានធ្វើ—នៅពេលយើងឱបក្រសោប និងរស់នៅតាមសេចក្ដីពិតដ៏មានតម្លៃទាំងនេះ ។ ការហៅដែល យ៉ូសែប បានផ្ដល់ឲ្យពួកបរិសុទ្ធក្នុងជំនាន់របស់លោកបន្តជាមួយយើងនៅថ្ងៃនេះ ៖ « តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះឬ ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ ។ ចូរមានចិត្តក្លាហានចុះ … ហើយចូរទៅ ចូរទៅរកជ័យជម្នះ ! ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២២ ) ។
សូមឲ្យដំណឹងដ៏រីករាយនៃសេចក្ដីស្រឡាញ់ និងអំណរដែលស្ដារឡើងវិញ នាំមកនូវពរជ័យ និងដឹកនាំជីវិតរបស់យើង—ឥឡូវនេះ និងជានិច្ចកាល ។