« មានអំណរគុណចំពោះការប្រមូលផ្ដុំ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
មានអំណរគុណចំពោះ ការប្រមូលផ្ដុំ
សូមឲ្យយើងមានអំណរគុណជានិច្ចចំពោះអភ័យឯកសិទ្ធិ និងការទុកចិត្តដែលព្រះអម្ចាស់បានប្រទានដល់យើង នៅពេលយើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ ប្រមូលផ្ដុំជាមួយពួកបរិសុទ្ធ និងប្រមូលផ្ដុំធ្វើការបម្រើដល់ទ្រង់ ។
អស់ជាច្រើនឆ្នាំមកនេះ ខ្ញុំមាននាឡិកាដក់ដ៏ស្រស់ស្អាតមួយ ដែលធ្លាប់ជារបស់ជីតាខ្ញុំ អាន់ឌ្រូ ស៊ី ណិលសុន ដែលខ្ញុំមិនធ្លាប់បានជួបមុខគាត់ឡើយ ។ គាត់បានស្លាប់នៅពេលដែលឪពុកខ្ញុំមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ។
ឪពុករបស់ខ្ញុំបានទទួលមរតកនាឡិការបស់លោកតា ណិលសុន ។ ពេលខ្ញុំធំឡើង គាត់បានឲ្យនាឡិកានោះមកខ្ញុំ ។ ខ្ញុំទុកនាឡិកានោះជាតំណភ្ជាប់ជាក់ស្តែងជាមួយបុព្វការីជនដ៏ស្មោះត្រង់ម្នាក់របស់ខ្ញុំ ។
លោកតាលោកយាយទួតដែលជាឪពុកម្តាយរបស់លោកតា ណិលសុន គឺដូចជាលោកតាលោកយាយទាំងអស់របស់ខ្ញុំដែរ គឺបានចូលរួមសាសនាចក្រនៅអឺរ៉ុប ដែលជាកន្លែងកំណើតរបស់ពួកគាត់ ។ ខ្ញុំនឹងដឹងគុណជារៀងរហូតចំពោះពួកអ្នកត្រួសត្រាយផ្លូវជំនាន់មុនទាំងនេះ ។ ដោយសារសេចក្តីជំនឿ និងការលះបង់របស់ពួកគាត់ ដើម្បីប្រមូលផ្ដុំជាមួយពួកបរិសុទ្ធ នោះកូនចៅរបស់ខ្ញុំ និងខ្ញុំបានទទួលពរជ័យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
នាឡិការបស់លោកតា ណិលសុន រំឭកខ្ញុំអំពីកាតព្វកិច្ចដ៏ឱឡារិករបស់យើងក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីប្រមូលផ្ដុំបុត្រាបុត្រីរបស់ព្រះវរបិតារបស់យើងនៅទាំងសងខាងនៃវាំងនន ។ នាឡិការបស់គាត់នេះក៏រំឭកខ្ញុំថា បុព្វការីជនរបស់យើង ទន្ទឹងមើល ហើយរង់ចាំយើងឲ្យស្វែងរកពួកគាត់ ហើយមើលថា ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធរបស់ពួកគាត់ត្រូវបានប្រព្រឹត្ដឡើង ដើម្បីពួកគាត់មានឱកាសត្រូវបានប្រមូលផ្តុំគ្នាជានិរន្តរ៍ទៅក្នុងក្រោលរបស់ព្រះវរបិតា ។
ការប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ
ជាមួយនឹងពួកបងប្អូនប្រុសនៅក្នុងគណៈប្រធានរបស់ខ្ញុំ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ យើងសូមប្រកាសថា « សាសនាចក្រនេះគឺជាយុថ្កានៅក្នុងជីវិតដ៏ឥតខ្ចោះនៃថ្មជ្រុងយ៉ាងឯក គឺព្រះយេស៊ូវគ្រីស្ទ និងនៅក្នុងដង្វាយធួនដ៏និរន្ដរ៍ និងការរស់ឡើងវិញដ៏ពិតរបស់ទ្រង់ ។ … ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យមករកទ្រង់ និងសាសនាចក្ររបស់ទ្រង់ ដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងដើម្បីទទួលបានអំណរដ៏ខ្ជាប់ខ្ជួន » ។
ដោយសារការស្ដារឡើងវិញកំពុងតែឆ្ពោះទៅមុខតាមរយៈវិវរណៈដែលមានជាបន្ត « ផែនដីនឹងពុំនៅដដែលឡើយ នៅពេលព្រះនឹង ‹ ប្រមូលរបស់របរទាំងអស់ទៅតែមួយនៅក្នុងព្រះគ្រីស្ទ › ( អេភេសូរ ១:១០ ) » ។
« របស់របរទាំងអស់ » រួមទាំងចៀមរបស់ទ្រង់ផងដែរ ។ ព្រះអង្គសង្គ្រោះកំពុងអំពាវនាវហៅយើងឲ្យបោះបង់ចោលអំពើទុច្ចរិតនៃពិភពលោក ហើយប្រមូលផ្ដុំទៅកាន់ទ្រង់វិញ ។ ទ្រង់ចង់ឲ្យចៀមរបស់ទ្រង់ធ្វើជាពន្លឺដែលចែងចាំង ដោយកំណត់បទដ្ឋានមួយសម្រាប់ពិភពលោកទាំងមូល តាមរយៈការឆ្លុះបញ្ចាំងពីរបៀបដែលសិស្សពិតប្រាកដរស់នៅ រួមទាំងរបៀបដែលពួកគេដកពិសោធន៍នូវអំណរដ៏ពិត នៅពេលពួកគេផ្តោតជីវិតរបស់ពួកគេលើព្រះអង្គសង្គ្រោះ ។
យើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្រ្គោះ នៅពេលយើងមករកទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨ ) ដោយការអនុវត្តសេចក្តីជំនឿទៅរកការប្រែចិត្ត ការទទួលយកពិធីបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្ររបស់ទ្រង់ និងការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
យើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ នៅពេលយើងដកពិសោធន៍ការព្យាបាលខាងវិញ្ញាណ ដែលកើតចេញពីការទទួលទានសាក្រាម៉ង់ ដោយធ្វើជាសាក្សីថា យើងនឹងព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមទ្រង់ ចងចាំទ្រង់ជានិច្ច ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧, ៧៩ ) ។
យើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ នៅពេលយើងបំពេញជីវិតរបស់យើងរាល់ថ្ងៃដោយព្រះបន្ទូល និងសេចក្ដីពិតរបស់ទ្រង់ រួមទាំងការបង្រៀនរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈរបស់ទ្រង់ ។
យើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្រ្គោះ នៅពេលយើងបន្សុទ្ធសមត្ថភាពរបស់យើងដើម្បីស្ដាប់ទ្រង់ ដោយរស់នៅដោយភាពស័ក្តិសមដើម្បីទទួលការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ ។
យើងប្រមូលផ្តុំទៅកាន់ព្រះអង្គសង្គ្រោះ នៅពេលយើងពង្រឹងការប្រែចិត្តជឿរបស់យើង បង្កើនជំនឿរបស់យើង ធ្វើឲ្យភាពជាសិស្សរបស់យើងកាន់តែស៊ីជម្រៅ ធ្វើតាមគំរូរបស់ទ្រង់ ហើយព្យាយាមប្រែក្លាយឲ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ។
យើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ នៅពេលយើងធ្វើសេចក្ដីសញ្ញាពិសិដ្ឋ ហើយទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
យើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្រ្គោះនៅពេលយើងទទួលយក « នូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ [ ដល់យើង ] » ដោយមានចិត្តអំណត់ និងសេចក្តីក្លាហាន ( ម៉ូសាយ ៣:១៩ ) ។
នៅទីបំផុត យើងប្រមូលផ្តុំទៅកាន់ព្រះអង្គសង្គ្រោះ នៅពេលយើងបង្រៀន និងថ្លែងទីបន្ទាល់អំពីទ្រង់ ដោយអញ្ជើញក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងរបស់យើង ឲ្យមកប្រមូលផ្ដុំជាមួយយើងទៅកាន់ « ពន្លឺ ហើយជាជីវិតនៃពិភពលោក » ។
ប្រមូលផ្តុំជាមួយពួកបរិសុទ្ធ
នៅពេលយើងមកប្រមូលផ្ដុំគ្នា ហើយរួបរួមគ្នាក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះយើងចូលទៅក្នុងការរាប់អាន និងភាពជាដៃគូជាមួយគ្នា ។ យើងគាំទ្រ បង្រៀន និងពង្រឹងគ្នាទៅវិញទៅមក ។ យើងខិតខំនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះដើម្បី « បានរួមមកតែមួយ » ( យ៉ូហាន ១៧:២១; សូមមើលផងដែរនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:២៧ ) និងដើម្បី « ស្រឡាញ់គ្នាទៅវិញទៅមក » ( យ៉ូហាន ១៣:៣៤ ) ។
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « ការចូលរួមក្នុងសាសនាចក្រផ្ដល់ឲ្យយើងនូវកម្លាំង និងការពង្រឹងសេចក្ដីជំនឿ ដែលកើតចេញពីការប្រាស្រ័យទាក់ទងនឹងពួកអ្នកជឿផ្សេងទៀត និងការថ្វាយបង្គំរួមគ្នាជាមួយនឹងអ្នកដែលកំពុងខិតខំបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា និងធ្វើជាសិស្សដ៏ប្រពៃនៃព្រះគ្រីស្ទផងដែរ » ។
នៅសាសនាចក្រ យើងរកឃើញការសម្រាកខាងវិញ្ញាណ និងការរំឭកឡើងវិញ ។ យើងស្វែងរកពិធីបរិសុទ្ធ និងសិទ្ធិអំណាចបព្វជិតភាពដើម្បីគ្រប់គ្រងពួកគេ ។ យើងរកឃើញសេចក្តីពិតដែលបានស្ដារឡើងវិញ គោលលទ្ធិបរិសុទ្ធ និងវិវរណៈផ្ទាល់ខ្លួន ។ យើងរកឃើញការស្វាគមន៍ ការលួងលោមចិត្ត និងពាក្យសម្ដីលើកទឹកចិត្ត ។ យើងស្វែងរកឱកាសដើម្បីរស់នៅតាមបទបញ្ញត្តិដ៏ធំទាំងពីរ ( សូមមើល ម៉ាកុស ១២:៣០–៣១ ) ។
ព្រះអម្ចាស់បានព្រមានយើងថា « ខ្មាំងសត្រូវកំពុងរួមគ្នា » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:១២ ) ។ ដើម្បីការពារគ្រួសាររបស់យើង និងរារាំងឥទ្ធិពលដ៏ខ្លាំងក្លារបស់សាតាំង ការថ្វាយបង្គំរបស់យើងរួមគ្នាក្នុងនាមជាពួកបរិសុទ្ធកាន់តែមានសារៈសំខាន់ ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា« សាមគ្គីភាពគឺជាកម្លាំង » ។
ប្រមូលផ្តុំគ្នានៅក្នុងការបម្រើដល់ទ្រង់
ព្យាការីយ៉ូសែបក៏បានមានប្រសាសន៍ដែរថា « ថ្ងៃនោះលឿនទៅមុខហើយ ពេលដែលការស្ដារឡើងវិញនៃគ្រប់ទាំងអស់នឹងបានបំពេញ ដែលពួកព្យាការីបរិសុទ្ធទាំងអស់បានព្យាករទុក រហូតដល់ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល » ។ ក្នុងចំណោមនោះព្យាការីម្នាក់ដែលបានព្យាករបែបនោះគឺយេរេមានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ៖
« ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
« គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង »( យេរេមា ១៦:១៤–១៥ ) ។
ព្យាការីយ៉ូសែបបានប្រកាសបន្ថែមទៀតថា « យើងគឺជាមនុស្សជាទីពេញចិត្តដែលព្រះបានជ្រើសរើសដើម្បីនាំមកនូវសិរីល្អនៃថ្ងៃចុងក្រោយ … នៅពេលពួកបរិសុទ្ធនៃព្រះនឹងត្រូវបានប្រមូលផ្តុំគ្នាពីគ្រប់ជាតិសាសន៍ និងគ្រប់ពូជពង្ស និងមនុស្ស និងគ្រប់ភាសា » ។
ដើម្បីសម្រេចកិច្ចការនោះបាន « ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ លំដាប់នោះអញនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង »( យេរេមា ១៦:១៦ ) ។
បងប្អូនប្រុសស្រី ក្នុងនាមសាសន៍អ៊ីស្រាអែលដែលមានសេចក្ដីសញ្ញានៅថ្ងៃចុងក្រោយ—សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ—យើងគឺជាអ្នកនេសាទ និងជាអ្នកបរបាញ់របស់ព្រះអម្ចាស់ ។ យើងត្រូវបានហៅឲ្យប្រមូលផ្ដុំរាស្ត្រជម្រើសរបស់ព្រះអម្ចាស់ពីគ្រប់ភ្នំ កូនភ្នំ និងភូមិ ។ យើងត្រូវបានហៅឲ្យផ្តល់ឱកាសដល់កូនចៅរបស់ព្រះ ដើម្បីក្លាយជាអ្នកគ្រងមរតកពេញលេញចំពោះអ្វីៗទាំងអស់ដែលទ្រង់បានសន្យាដល់កូនចៅដ៏ស្មោះត្រង់របស់ទ្រង់ ។ នោះគឺជាការបម្រើដ៏អស្ចារ្យបំផុតដែលយើងអាចធ្វើបាន ។
យើងបំពេញតាមការណែនាំដ៏ទេវភាពនោះ ដោយប្រមូលផ្តុំសាសន៍អ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន—ដោយចែកចាយដំណឹងល្អនៃការស្ដារឡើងវិញជាមួយអ្នកដទៃ ស្វែងរកបុព្វការីជនរបស់យើងដែលបានស្លាប់ទៅ និងធ្វើពិធីបរិសុទ្ធជំនួសសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ យើងក៏ធ្វើតាមការណែនាំនោះផងដែរ នៅពេលយើងចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ តាមរយៈការបម្រើ គំរូ ទីបន្ទាល់របស់យើង និងការអញ្ជើញអ្នកដទៃឲ្យចូលរួមជាមួយយើង ។
ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « ព្រះអម្ចាស់កំពុងដឹកនាំការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់យាងទៅមុនយើង ។ ទ្រង់ដឹងពីអនាគតយ៉ាងល្អឥតខ្ចោះ ។ ទ្រង់អញ្ជើញបងប្អូនឲ្យធ្វើការ ។ ទ្រង់ចូលរួមនឹងបងប្អូន » ។
អភ័យឯកសិទ្ធិ និងការជឿទុកចិត្ដ
តើមានអ្វីកើតឡើងចំពោះនាឡិកាដក់របស់លោកតា ណិលសុន ? ប៉ុន្មានឆ្នាំមុន ខ្ញុំបានឲ្យនាឡិកានោះទៅកូនប្រុសខ្ញុំ ។ ដូចដែលនាឡិកានេះបានប្រគល់មកឲ្យខ្ញុំ នាឡិកានោះឥឡូវនេះភ្ជាប់គាត់ទៅនឹងបុព្វការីជនរបស់គាត់ ហើយរំឭកគាត់អំពីកាតព្វកិច្ចរបស់គាត់ចំពោះកូនចៅរបស់គាត់ ។
ហើយវានឹងបន្ដបែបនេះ ទៅជំនាន់ក្រោយទៀត ។ ជំនាន់នៃសេចក្តីសញ្ញានីមួយៗបន្ដកិច្ចការរបស់ព្រះអម្ចាស់ ដោយធ្វើផ្នែករបស់ខ្លួនក្នុងការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមឲ្យយើងមានអំណរគុណជានិច្ចចំពោះអភ័យឯកសិទ្ធិ និងការទុកចិត្តដែលព្រះអម្ចាស់បានប្រទានដល់យើង នៅពេលយើងប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ ប្រមូលផ្ដុំជាមួយពួកបរិសុទ្ធ និងប្រមូលផ្ដុំធ្វើការបម្រើដល់ទ្រង់ ។