« ការសួរសំណួរ ការស្វែងរកចម្លើយ ៖ គំរូយ៉ូសែប ស្ម៊ីធ បានធ្វើ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
ចូរមកតាមខ្ញុំ
ការសួរសំណួរ ការស្វែងរកចម្លើយ ៖ គំរូយ៉ូសែប ស្ម៊ីធ បានធ្វើ
នៅឆ្នាំ១៨២០ យ៉ូសែប ស្ម៊ីធ ជាក្មេងប្រុសកសិករអាយុ ១៤ ឆ្នាំ រស់នៅភាគខាងជើងនៃរដ្ឋញូវយ៉ក ដែលបានតែងតាំងជាមុន បានទទួលការនិមិត្តដំបូងដោយអព្ភូតហេតុ ដែលនឹងគូសចំណាំនូវការចាប់ផ្តើមថ្មីសម្រាប់ពិភពលោកទាំងមូល ។ នេះគឺជាសំណួរ និងចម្លើយចំនួនបីអំពីការពង្រឹងទីបន្ទាល់របស់យើងអំពីការនិមិត្តដំបូង ។
តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់ យ៉ូសែប ស្ម៊ីធ ក្នុងការសួរសំណួរ ?
យ៉ូសែបកំពុងស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់លោក និងចម្លើយចំពោះសំណួររបស់លោក ។ លោកចង់ដឹងថា តើត្រូវចូលរួមក្នុងព្រះវិហារមួយណា ។ លោកបានចូលរួមក្រុមជំនុំផ្សេងៗ ហើយបែរទៅរកព្រះគម្ពីរប៊ីបដើម្បីទទួលបានចម្លើយ ។ យ៉ាកុប ១:៥ បានបំផុសគំនិតលោកឲ្យទូលសួរព្រះ ដែលជាប្រភពនៃសេចក្តីពិតទាំងអស់ ។ ( សូមមើល យ៉ូសែបស្ម៊ីធ—ប្រវត្តិ ១:១០–១៣ ) ។
នៅពេលយ៉ូសែបបានរៀបចំខ្លួនអធិស្ឋាន នោះលោកបានរកឃើញកន្លែងមួយដែលស្ងប់ ហើយស្ងាត់ ។ ទោះបីជាមានការប្រឆាំងដែលលោកបានប្រឈមមុខនៅពេលចាប់ផ្តើមការអធិស្ឋានរបស់លោកក៏ដោយ យ៉ូសែបបានព្យាយាម « ដោយខំប្រឹងប្រែងអស់ពីសមត្ថភាពដែល [ លោក ] មាន ដើម្បីអំពាវនាវដល់ព្រះ សូមឲ្យដោះលែង [ លោក ] » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ) ហើយបានទទួលចម្លើយចំពោះសំណួររបស់លោក ( សូមមើល ខទី ១៨–១៩ ) ។
ចេញពីបទពិសោធន៍របស់យ៉ូសែប មានអ្វីជាច្រើនដែលយើងអាចរៀនអំពីសេចក្ដីជំនឿ ការអធិស្ឋាន និងការទទួលចម្លើយ ។ វាជាការសំខាន់ក្នុងការកត់ចំណាំថា ខណៈដែលយ៉ូសែបបានទទួលចម្លើយចំពោះសំណួរដំបូងរបស់លោកក្នុងការនិមិត្តរបស់លោកអំពីព្រះវរបិតា និងព្រះរាជបុត្រា នោះពេញមួយជីវិតរបស់លោក លោកបានបន្តស្វែងរកចម្លើយពីព្រះតាមរយៈការអធិស្ឋាន ។ ចម្លើយទាំងនេះបានកើតឡើងជាច្រើនឆ្នាំ នៅពេលដែលលោកបានបន្តស្វែងរក គោរពប្រតិបត្តិ និងមានជំនឿថា ព្រះនឹងឆ្លើយតបលោក ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « ព្យាការី យ៉ូសែប ស៊្មីធ បានដាក់គន្លងមួយឲ្យយើងធ្វើតាមនៅក្នុងការឆ្លើយនឹងសំណួររបស់យើង » ៖
តើការនិមិត្តដំបូងមានសារៈសំខាន់ចំពោះទីបន្ទាល់របស់ខ្ញុំដែរឬទេ ?
ការនិមិត្តដំបូងបានបើកការចាប់ផ្តើមនៃការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ ។ នៅថ្ងៃនៃនិទាឃរដូវក្នុងឆ្នាំ១៨២០ ព្រះបានមានព្រះបន្ទូលជាមួយ យ៉ូសែប ឆ្លើយតបការអធិស្ឋានរបស់លោក ហើយបានប្រទានការណែនាំដែលនាំទៅរកការបង្កើតសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅលើផែនដីម្ដងទៀត ។
ប្រសិនបើយើងជឿថា ព្រះអម្ចាស់បានមានព្រះបន្ទូលជាមួយយ៉ូសែប នោះយើងអាចជឿថា ទ្រង់មានព្រះបន្ទូលជាមួយយើងដែរ ។ ប្រសិនបើយើងទុកចិត្តថា ទ្រង់បានស្ថាបនាសាសនាចក្ររបស់ទ្រង់ឡើងវិញតាមរយៈព្យាការីយ៉ូសែប នោះយើងអាចទុកចិត្តថា ទ្រង់បន្តដឹកនាំយើងតាមរយៈព្យាការីបច្ចុប្បន្នរបស់យើងដែរ គឺប្រធាន រ័សុល អិម ណិលសុន ។
ដូចជា យ៉ូសែប ស្ម៊ីធ ផងដែរ ព្យាការីដែលរស់នៅក៏ទទួលបានវិវរណៈដើម្បីដឹកនាំសាសនាចក្រដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « បើបទពិសោធន៍ដ៏អស្ចារ្យរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រៃពិសិដ្ឋបង្រៀនយើងអំពីអ្វីមួយ នោះគឺថាស្ថានសួគ៌បានបើក ហើយថាព្រះមានបន្ទូលមកកាន់បុត្រាបុត្រីរបស់ទ្រង់ » ។
ដោយមានទីបន្ទាល់អំពីការនិមិត្តដំបូង ជំនឿរបស់យើងលើព្រះអម្ចាស់ សាសនាចក្ររបស់ទ្រង់ និងវិវរណៈដែលមានជាបន្ត ដែលទ្រង់ប្រទានដល់ពួកព្យាការី និងសាវករបស់យើងសព្វថ្ងៃត្រូវបានពង្រឹង ។
តើយើងអាចទទួលបានទីបន្ទាល់អំពីការនិមិត្តដំបូងដោយរបៀបណា ?
ខណៈពេលដែលដំណើរឆ្ពោះទៅកាន់ការប្រែចិត្តជឿរបស់មនុស្សម្នាក់ៗនឹងមានភាពខុសគ្នា នៅទីបំផុតមនុស្សគ្រប់គ្នាត្រូវការការបញ្ជាក់អំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានទីបន្ទាល់អំពីការនិមិត្តដំបូង និងសេចក្តីពិតនៃដំណឹងល្អផ្សេងៗទៀត ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ជាប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ចូរទទួលស្គាល់សំណួរ និង កង្វល់របស់អ្នកដោយស្មោះត្រង់ តែដំបូង និងជានិច្ចតទៅ ត្រូវពង្រឹងជំនឿតិចតួចដែលអ្នកមានជាមុនសិន ព្រោះការណ៍ទាំងអស់អាចកើតឡើងបានដល់ពួកអ្នកដែលជឿ » ។
ការអធិស្ឋានគឺជាគន្លឹះដែលបើកទ្វារដល់វិវរណៈផ្ទាល់ខ្លួនអំពីការនិមិត្តដំបូង—និងរាល់សំណួរផ្សេងទៀត ។ សូមដល់ព្រះ ។ សូមទូលសួរទ្រង់ ថាតើយ៉ូសែបពិតជាបានឃើញព្រះវរបិតា និងព្រះរាជបុត្រាមែនឬទេ ? ស្វែងរកព្រះវិញ្ញាណ ទុកចិត្តលើព្រះអម្ចាស់ ហើយបន្តព្យាយាម ។ អ្នកអាចមកនិយាយដូចយ៉ូសែបបានធ្វើ ៖ « ខ្ញុំ [ ដឹង ] ថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំ [ ដឹង ] ថា ព្រះទ្រង់ក៏ [ ដឹង ] ថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំ [ ពុំអាច ] បដិសេធរឿងនេះ … ឡើយ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ ) ។