« កិច្ចការរបស់ព្រះបានបើកសម្ដែងឡើង » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
ការបង្ហាញអំពីសេចក្តីជំនឿ
កិច្ចការរបស់ព្រះបានបើកសម្ដែងឡើង
ខ្ញុំមិនដឹងថាតើខ្ញុំនឹងបានជាសះស្បើយ ឬនៅតែមើលមិនឃើញដដែលនោះទេ ។ ខ្ញុំគ្រាន់តែដឹងថាព្រះហឫទ័យរបស់ព្រះនឹងសម្រេច ហើយថាទ្រង់នឹងនាំខ្ញុំឆ្លងកាត់ការសាកល្បងរបស់ខ្ញុំ ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ខ្ញុំភ្ញាក់ពីដំណេកដោយភ្នែកខាងស្តាំមើលមិនឃើញ ហើយភ្នែកខាងឆ្វេងមើលឃើញប្រហែលជា ១០ ភាគរយប៉ុណ្ណោះ ។ ពិភពលោកបានប្រែទៅជាពណ៌ប្រផេះភ្លាមៗ—យ៉ាងពិតប្រាកដ ។ ពណ៌ និងពន្លឺបានបាត់ទៅ ។ ខ្ញុំបាននៅក្នុងភាពងងឹត ភ័យខ្លាច និងការសង្ស័យ ។
ក្នុងនាមជាសិល្បករ អ្វីដែលខ្ញុំចង់ធ្វើគឺបន្ថែមភាពស្រស់ស្អាតរបស់ពិភពលោកតាមរយៈសិល្បៈ—ជាចំណង់ចំណូលចិត្តដែលខ្ញុំមានស្ទើរពេញមួយជីវិត ។ តើខ្ញុំនឹងធ្វើដូចម្តេចប្រសិនបើខ្ញុំលែងអាចមើលឃើញ ចូលរួម ឬអរគុណចំពោះភាពស្រស់ស្អាតក្នុងពិភពលោកនេះ ?
ប៉ុន្មានថ្ងៃមុននេះ ភ្នែករបស់ខ្ញុំចាប់ផ្ដើមចាញ់ពន្លឺ ហើយពន្លឺដ៏មុតស្រួចបានចាប់ផ្ដើមជះពន្លឺនៅក្នុងភ្នែករបស់ខ្ញុំ ។ ដោយការបារម្ភ ខ្ញុំបានទៅជួបពេទ្យភ្នែក ។ បន្ទាប់ពីពិនិត្យខ្ញុំរួច គាត់បានមានប្រសាសន៍ថា ការកើនឡើងនៃសារធាតុរាវក្នុងខួរក្បាលកំពុងបង្កឲ្យមានសម្ពាធនៅក្នុងលលាដ៍ក្បាលរបស់ខ្ញុំ ដែលបង្កើតជារោគសញ្ញាដែលមានលក្ខណៈដូចជាដុំសាច់ដុះក្នុងខួរក្បាល រួមទាំងការបាត់បង់ការមើលឃើញផងដែរ ។
គាត់បានប្រាប់ខ្ញុំថា ការមើលឃើញរបស់ខ្ញុំនឹងថយចុះបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើមិនព្យាបាលនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានធានាខ្ញុំថា ខ្ញុំនៅមានពេលច្រើនដើម្បីស្វែងរកគ្រូពេទ្យជំនាញផ្នែកសរសៃប្រសាទ ដែលអាចព្យាបាលជាតិទឹកដែលបានកើនឡើងនេះ ។
ដោយក្តីបារម្ភ ខ្ញុំបានសុំការប្រសិទ្ធពរឲ្យបានធូរស្បើយ និងការលួងលោមពីឪពុកខ្ញុំ ដែលបម្រើជាប៊ីស្សព ។ នៅពេលដែលគាត់ និងទីប្រឹក្សារបស់គាត់ម្នាក់បានប្រសិទ្ធពរឲ្យខ្ញុំ ដំណើររឿងក្នុងព្រះគម្ពីរប៊ីបដែលខ្ញុំចូលចិត្តបានផុសឡើងក្នុងគំនិតខ្ញុំ ៖
« ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ?
« ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះបានសម្តែងមកក្នុងខ្លួនគាត់វិញ » ( យ៉ូហាន ៩:២–៣ ) ។
ក្នុងចិត្តខ្ញុំម្តងហើយម្តងទៀត ខ្ញុំបានគិតថា « ព្រះចេស្តារបស់ព្រះនឹងបើកសម្តែងនៅក្នុងការណ៍នេះ » ។ ខ្ញុំមិនដឹងថាតើវាមានន័យថាខ្ញុំនឹងត្រូវបានជាសះស្បើយ ឬនៅតែមើលមិនឃើញនោះទេ ។ ខ្ញុំគ្រាន់តែដឹងថា ព្រះហឫទ័យរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយថាទ្រង់នឹងនាំខ្ញុំឆ្លងកាត់ការសាកល្បងរបស់ខ្ញុំ ។
« តើប្អូនអាចមើលឃើញម្រាមដៃចំនួនប៉ុន្មានដែរ ? »
ពីរបីថ្ងៃក្រោយមក ខ្ញុំបានណាត់ជួបជាមួយនឹងគ្រូពេទ្យជំនាញផ្នែកសរសៃប្រសាទ ប៉ុន្តែនៅព្រឹកនោះនាខែមករា បងស្រីរបស់ខ្ញុំ ឃីលី មានអារម្មណ៍បំផុសគំនិត ថាគ្រួសាររបស់ខ្ញុំគួរតែនាំខ្ញុំទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្បែរនោះ ។ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាភ្លាមៗឲ្យធ្វើការស្កែនដោយប្រើកុំព្យូទ័រ (CT) និងចាក់ម្ជុលចូលក្នុងឆ្អឹងខ្នងលើកដំបូងជាច្រើនដង ដើម្បីកាត់បន្ថយសម្ពាធទឹកខួរក្បាល និងខួរឆ្អឹងខ្នង ។ នៅថ្ងៃបន្ទាប់ ខ្ញុំបានថត MRI ចំនួនពីរដង ( បច្ចេកទេសថតឆ្លុះដោយប្រើដែនម៉ាញេទិច និងរលកវិទ្យុដើម្បីជាលិកា និងកោសិកាទន់ ) ។ បន្ទាប់មក គ្រូពេទ្យជំនាញផ្នែកភ្នែកបានពិនិត្យមើលខ្ញុំ ។
« តើប្អូនអាចមើលឃើញម្រាមដៃចំនួនប៉ុន្មានដែរ ? » គាត់បានសួរដោយលើកម្រាមដៃឡើងនៅចំពោះមុខខ្ញុំ ។ ខ្ញុំមិនបានមើលឃើញអ្វីទាំងអស់ ។
ក្រោយពេលគាត់ពិនិត្យរួច គាត់បានសន្និដ្ឋានថា ខ្ញុំមានរោគសញ្ញាទាំងសម្ពាធនៅក្នុងលលាដ៍ក្បាលកើនឡើងដោយគ្មានហេតុផលច្បាស់លាស់ និងការរលាកសរសៃប្រសាទចក្ខុវិញ្ញាណ ។ លក្ខខណ្ឌទាំងពីរនេះ គ្មានមួយណាដែលជាមូលហេតុជាក់លាក់តែមួយដែលប៉ះពាល់ដល់សុខភាពភ្នែករបស់ខ្ញុំនោះឡើយ ។ គាត់បានពន្យល់ថា ដោយការបាត់បង់ការមើលឃើញរបស់ខ្ញុំមានភាពធ្ងន់ធ្ងរ នោះការជាសះស្បើយអាចចំណាយពេលជាងមួយឆ្នាំ ហើយថាការមើលឃើញរបស់ខ្ញុំប្រហែលជាមិនត្រឡប់មកវិញពេញលេញនោះទេ ។ គាត់បានណែនាំឲ្យប្រើថ្នាំស្តេរ៉ូអ៊ីតតាមសរសៃវ៉ែនក្នុងកម្រិតខ្ពស់ និងថ្នាំដទៃទៀត ។
បន្ទាប់ពីគាត់បានចេញទៅ ខ្ញុំចាប់ផ្តើមយំ ។ ម្ដាយរបស់ខ្ញុំបានធានាដល់ខ្ញុំថា « បើកូនមិនអាចពង្រឹងជំនឿរបស់កូនបាននៅពេលនេះទេ កូនអាចពឹងផ្អែកលើជំនឿរបស់ពួកយើងបាន » ។
« សូមសម្រាលទុក្ខកូនផង »
នៅថ្ងៃទីបីរបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យ គ្រូពេទ្យសរសៃប្រសាទរបស់ខ្ញុំបានស្នើសុំឲ្យធ្វើ MRV ( បច្ចេកទេសថតឆ្លុះដោយប្រើដែនម៉ាញេទិច និងសរសៃឈាមវ៉ែន បន្ទាប់ពីចាក់សារធាតុរាវវិទ្យុសកម្ម ) នៃឆ្អឹងខ្នង និងខួរក្បាលរបស់ខ្ញុំ ដើម្បីរកមើលដុំសាច់ ឬការស្ទះ ។ នៅម៉ោង ៤:០០ ព្រឹក ពីរថ្ងៃបន្ទាប់ពីខ្ញុំភ្ញាក់ពីដំណេក ខ្ញុំបានចាប់ផ្តើមធ្វើ MRV រយៈពេលប្រាំម៉ោង ។ ក្នុងការរៀបចំ គ្រួសារខ្ញុំមានគម្រោងអធិស្ឋាន និងតមអាហារសម្រាប់ខ្ញុំនៅព្រឹកនោះ ។ ឪពុកខ្ញុំ ដែលសម្រាន្តក្បែរខ្ញុំនៅលើកៅអីជារៀងរាល់យប់ក្នុងបន្ទប់ពេទ្យរបស់ខ្ញុំ បានផ្តល់ការប្រសិទ្ធពរមួយទៀតដល់ខ្ញុំ—ជាការប្រសិទ្ធពរលើកទីពីរនៃការប្រសិទ្ធពរជាច្រើនដែលខ្ញុំបានទទួល ។
ពេលអ្នកបច្ចេកទេសខាងមន្ទីរពេទ្យសួរថាតើខ្ញុំចង់ស្តាប់តន្ត្រីកំឡុងពេលធ្វើតេស្តដែរឬទេ ខ្ញុំបានសុំស្ដាប់ចម្រៀងពីអ្នកចម្រៀងដែលខ្ញុំចូលចិត្ត ។ អ្នកបច្ចេកទេសបានដាក់កាសស្តាប់ត្រចៀកជ័រឲ្យខ្ញុំស្ដាប់ ហើយខ្ទាស់ក្បាលខ្ញុំចុះក្រោមដោយមានសំណាញ់មុខ ដើម្បីទប់ខ្ញុំឲ្យនៅនឹងមួយកន្លែង ។ នៅក្នុងដំណើរការនេះ គាត់បានប៉ះកាសស្ដាប់ដែលស្ទើរតែធ្វើឲ្យវារបូតចេញពីត្រចៀកខ្ញុំ ។ ខ្ញុំស្ទើរតែមិនអាចស្តាប់ឮបទចម្រៀងណាមួយឡើយនៅពេលដែល MRV បានចាប់ផ្តើម ។
ដំណើរការប្រព្រឹត្តទៅកាន់តែយូរ ខ្ញុំមានអារម្មណ៍ថា កាន់តែក្តៅនៅក្នុងម៉ាស៊ីនស្កែននោះ ។ បន្ទាប់ពីដំណើរការធ្វើទៅអស់រយៈពេលយ៉ាងយូរ គេបានប្រាប់ខ្ញុំថា ខ្ញុំធ្វើបានយ៉ាងល្អ ហើយសូមបន្តឲ្យយូរបន្តិចទៀត ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ភ័យខ្លាច និងមានទុក្ខព្រួយពីកម្ដៅ សំឡេងខ្លាំងៗ និងឧបករណ៍ដែលទប់ខ្ញុំឲ្យនៅនឹងមួយកន្លែង ។
ក្នុងការអធិស្ឋានស្ងាត់ៗ ខ្ញុំបានស្រែកឡើងថា ៖ « ព្រះវរបិតាសួគ៌ សូមសម្រាលទុក្ខកូនផង ។ កូនឯកោណាស់ ។ កូនត្រូវការជំនួយរបស់ទ្រង់ ។ កូនត្រូវការគ្រួសាររបស់កូន » ។
រំពេចនោះ សំឡេងព្យាណូស្រទន់បានបន្លឺឡើងក្នុងត្រចៀករបស់ខ្ញុំ ។ សំឡេងនោះគឺមកពីបទចម្រៀងមួយដែលខ្ញុំចូលចិត្តបំផុត—បទមួយដែលប្អូនស្រីខ្ញុំ ម័រហ្គាន លេង ។ ខ្ញុំមិននឹកស្មានថានឹងឮបទនោះចេញពីកាសត្រចៀកដែលរលុងដោយសារសំឡេងម៉ាស៊ីននោះទេ ។ វាហាក់ដូចជា ម័រហ្គាន បាននៅជាមួយខ្ញុំ ហើយខ្ញុំមិនឯកោទេ ។ សំឡេងនោះក៏ស្ងាត់ទៅ ។ កម្តៅក៏ថយចុះ ។ ការខ្លាចទីចង្អៀតបិទជិតក៏បាត់ទៅ ។
ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានចេញឆ្ងាយពីរាងកាយរបស់ខ្ញុំ ដូចជាខ្ញុំកំពុងអណ្តែតលើលំហសមុទ្រដូច្នោះ ។ ខ្ញុំមានអារម្មណ៍ថាសេចក្តីស្រឡាញ់របស់ព្រះ និងរបស់គ្រួសារខ្ញុំបានហ៊ុមព័ទ្ធខ្ញុំ ។ ត្រឹមតែប៉ុណ្ណេះ ខ្ញុំមានអារម្មណ៍ស្ងប់ ។ ម៉ោង ៧:៣០ ព្រឹក ជាពេលដែលគ្រួសារខ្ញុំចាប់ផ្តើមតមអាហារសម្រាប់ខ្ញុំ ។ រយៈពេល MRV ប្រាំម៉ោងបានកន្លងផុតទៅភ្លាមៗ ហើយបន្ទាប់មកខ្ញុំបានឮថា « រួចរាល់ហើយ » ។
អារម្មណ៍នៃសេចក្តីស្រឡាញ់ដែលខ្ញុំបានទទួលពីបទពិសោធន៍នោះបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក និងបានបន្ធូរបន្ថយភាពនឿយហត់ដែលខ្ញុំមានអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ។ ខ្ញុំមិនដឹងថាតើភ្នែករបស់ខ្ញុំអាចមើលឃើញវិញឬអត់ទេ ប៉ុន្តែខ្ញុំបានដឹងថា ព្រះអម្ចាស់គង់នៅទីនោះ ហើយបានឮការអធិស្ឋានរបស់ខ្ញុំ ។ បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យបានបួនថ្ងៃ ខ្ញុំក៏បានចេញពីមន្ទីរពេទ្យវិញ ។
« ការណ៍នេះគឺអស្ចារ្យណាស់ ! »
ជារៀងរាល់ថ្ងៃក្នុងរយៈពេលពីរសប្តាហ៍ក្រោយ ខ្ញុំបានត្រឡប់ទៅមន្ទីរពេទ្យដើម្បីទទួលថ្នាំ ហើយជារៀងរាល់ថ្ងៃខ្ញុំរកមើលការផ្លាស់ប្តូរនៃការមើលឃើញរបស់ខ្ញុំ—ពណ៌ប្រផេះដិតទៅពណ៌ប្រផេះស្រាល ស្រមោលលេចឡើងនៅជុំវិញម្រាមដៃរបស់ខ្ញុំនៅពីមុខខ្ញុំ ពណ៌ទឹកក្រូចព្រិលៗនៅលើ ទូរទស្សន៍ប្រែទៅជាផ្កា ។ រាល់ការរីកចម្រើនបន្តិចបន្តួចគឺជាជោគជ័យ ។
ពីរសប្តាហ៍បន្ទាប់ពីខ្ញុំបានចេញពីមន្ទីរពេទ្យ ការធ្វើតេស្តមួយបានបង្ហាញថា ភ្នែករបស់ខ្ញុំចាប់ផ្ដើមពីសូន្យទៅស្ទើរតែឥតខ្ចោះនៅក្នុងភ្នែកទាំងពីរ ។
គ្រូពេទ្យជំនាញផ្នែកភ្នែករបស់ខ្ញុំបានសួរថា « ប្រោនវីន តើមានអ្វីកើតឡើង ? »
ខ្ញុំបានឆ្លើយថា « មែនហើយ ពួកយើងបានអធិស្ឋាន ហើយខ្ញុំបានទទួលការប្រសិទ្ធពរ » ។
គាត់បានមានប្រសាសន៍ថា « នេះជាអព្ភូតហេតុណាស់ ! ខ្ញុំមិនដែលឃើញអ៊ីចឹងទេ ។ យើងមិនអាចមានលទ្ធផល សូម្បីតែបានធូរប្រហាក់ប្រហែលនេះក៏ដោយ ក៏យ៉ាងហោចណាស់ចំណាយពេលប្រាំមួយខែដែរ » ។
ក្រោយមកគាត់បានប្រាប់ខ្ញុំថា អ្នកជំងឺដែលមើលមិនឃើញកម្រនឹងមើលឃើញធម្មតាឡើងវិញណាស់ ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខ្ញុំបានចេញពីអ្នកជំងឺដ៏ធ្ងន់ធ្ងរបំផុតមួយរបស់គាត់ ទៅជាអ្នកជំងឺដ៏ល្អបំផុតរបស់គាត់វិញ ។
« ធ្វើតាមពន្លឺនៃព្រះគ្រីស្ទ »
នៅចុងឆ្នាំ២០២២ អ្នកដឹកនាំនៅក្នុងវួដរបស់ឪពុកខ្ញុំបានជ្រើសរើសប្រធានបទវួដសម្រាប់ឆ្នាំ២០២៣ ។ វាបានបំផុសគំនិតពីការបង្រៀនរបស់ប្រធាន រ័សុល អិម ណិលសុន ដែលលោកបានមានប្រសាសន៍កាលពីដើមឆ្នាំនោះថា « ស្វែងរក និងរំពឹងថាមានអព្ភូតហេតុ » ។
នៅពេលនោះ ឪពុករបស់ខ្ញុំបានគិតថាប្រធានបទនេះនឹងជួយសមាជិកវួដដែលកំពុងពុះពារនឹងការលំបាក ។ គាត់មិនបានគិតថា វានឹងក្លាយជារឿងផ្ទាល់ខ្លួនសម្រាប់គ្រួសារយើងទេ ។
ប្រធានបទនេះអានថា « ធ្វើតាមពន្លឺនៃព្រះគ្រីស្ទ ។ រំពឹងអព្ភូតហេតុ ! រំពឹងថាមានអំណរ ! »
ពីរឆ្នាំក្រោយមក ភ្នែករបស់ខ្ញុំគឺល្អប្រសើរជាងពេលមុនដែលខ្ញុំមើលមិនឃើញទៅទៀត ។ ខ្ញុំអរគុណដល់ព្រះវរបិតាសួគ៌រៀងរាល់ថ្ងៃសម្រាប់អព្ភូតហេតុរបស់ខ្ញុំ និងសម្រាប់សេចក្តីជំនឿឥតងាករេរបស់គ្រួសារខ្ញុំ ។ តាមរយៈការសាកល្បងនេះ កិច្ចការរបស់ព្រះបានបើកសម្តែងដោយខ្លួនឯង ។ ទីបន្ទាល់របស់ខ្ញុំកាន់តែរឹងមាំ ការដឹងគុណកាន់តែជ្រាលជ្រៅសម្រាប់ជីវិត និងសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះទ្រង់ និងសម្រាប់គ្រួសារ និងមិត្តភក្តិ ។
ថ្ងៃនេះ ខ្ញុំកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន រួមទាំងក្នុងនាមជាសិល្បករម្នាក់ ដើម្បីទទួលបាននូវពរជ័យ អំណោយទាន និងអំណរដែលព្រះបានប្រទានដល់ខ្ញុំ—ដើម្បីលើកតម្កើងទ្រង់ និងផ្ដល់ពរដល់អ្នកដទៃ ។