សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ថ្ងៃដ៏ស្រស់ស្អាតបំផុត
ព្រះអម្ចាស់បានប្រើពូជពង្សដើមរបស់ឪពុកខ្ញុំ ដើម្បីជួយគាត់ឲ្យផ្សះផ្សាជាមួយគ្រួសារយើង ។
លោកឪពុក ក្លូដ រ៉យ ដែលទទួលអនិច្ចកម្មទៅរបស់ខ្ញុំ បានទទួលមរណភាពនៅឆ្នាំ២០១៥ មិនយូរប៉ុន្មានបន្ទាប់ពីបានទទួលបុណ្យជ្រមុជទឹក ។ នៅពេលនោះ ម្តាយ បងប្អូនប្រុសស្រី និងខ្ញុំបានក្លាយជាសមាជិកនៃសាសនាចក្រអស់មួយរយៈមកហើយ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឪពុករបស់ខ្ញុំនៅតែមិនចង់ចូលរួម ។
យូរៗទៅ គាត់បានមានប្រសាសន៍ថា « ដួងចិត្តខ្ញុំរឹងរូស ហើយមួម៉ៅដែលកូនៗ និងចៅៗមកសួរសុខទុក្ខខ្ញុំ ហើយខ្ញុំចង់ផ្តាច់ខ្លួនចេញពីគ្រួសាររបស់ខ្ញុំ ។ ភាពតានតឹងបានកើនឡើងនៅក្នុងផ្ទះរបស់ខ្ញុំ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយភរិយាកាន់តែតានតឹង » ។
នៅប្រហែលជាពេលនេះ គាត់បានចាប់ផ្ដើមស្រាវជ្រាវបុព្វការីជនពូជពង្សដើមកាណាដារបស់គាត់ឡើងវិញ ដែលបានជាប់ខ្សែស្រឡាយទៅនឹងជនជាតិដើមភាគតិច មីខ្មាហ្គ និង ហូរ៉ុន-វីនដាត ។ បន្ទាប់ពីបានទៅដល់សហគមន៍ មីខ្មាហ្គ នៅជិតកន្លែងដែលគាត់ធំឡើង គាត់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីប៉ូវ៉ូ ជាពិធីអបអរមួយរបស់ជនជាតិអាមេរិកដើម ។
នៅពេលរាត្រីនោះក្នុងពិធីអបអរ ប៉ូវ៉ូ មេក្រុមបានលាដៃ ហើយបានសុំក្មេងៗឲ្យទៅរកគាត់ដើម្បីគាត់អាចផ្ដល់ពរដល់ពួកគេ ។ ការថ្លែងបញ្ចេញយោបល់បន្ទាប់ពីនោះ ដែលនិយាយអំពីសារៈសំខាន់នៃគ្រួសារ និងកូនចៅ បានមានឥទ្ធិពលយ៉ាងខ្លាំងលើឪពុករបស់ខ្ញុំ ។
នៅគ្រានោះ គាត់បានមានប្រសាសន៍ថា « ខ្ញុំបានឃើញគ្រួសារខ្ញុំឈោងដៃរបស់ពួកគេមករកខ្ញុំ ខណៈដែលខ្ញុំបែរខ្នងដាក់ពួកគេ ។ ខ្ញុំពោរពេញទៅដោយភាពសោកសៅដ៏លើសលប់ដែលមិនអាចពិពណ៌នាបាន ហាក់ដូចជាបេះដូងរបស់ខ្ញុំកំពុងខ្ទេចខ្ទាំ ។ ខ្ញុំបានដឹងនៅគ្រានោះថា ព្រះអម្ចាស់បានប្រើពាក្យនៃកុលសម្ព័ន្ធបុព្វការីជនរបស់ខ្ញុំដើម្បីបន្ទន់ចិត្តខ្ញុំ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែងាកទៅរកព្រះវរបិតាសួគ៌របស់ខ្ញុំ ហើយប៉ះប៉ូវការខូចខាតដែលខ្ញុំបានធ្វើចំពោះគ្រួសារខ្ញុំ » ។
ប៉ាបានចាប់ផ្ដើមបង្កើតសេចក្តីសុខសាន្តជាមួយគ្រួសារយើង ដោយសុំការអភ័យទោសពីសមាជិកគ្រួសារម្នាក់ៗ ។ តាមរយៈគំរូរបស់ភរិយា និងកូនៗរបស់គាត់ គាត់បានចាប់ផ្ដើមអធិស្ឋាន ហើយអានព្រះគម្ពីរមរមន ។ ដោយសារបានអានប្រវត្តិជាច្រើនអំពីទ្វីបអាមេរិក គាត់មានអារម្មណ៍ថា បានជាប់ចិត្ដនឹងព្រះគម្ពីរមរមន ។ ភាពត្រឹមត្រូវនៃគម្ពីរនេះត្រូវបានបញ្ជាក់ដល់គាត់ភ្លាមៗ ។
គាត់បានមានប្រសាសន៍ថា « ដោយមានគ្រួសារខ្ញុំនៅជិតខ្ញុំ ខ្ញុំបានទទួលបុណ្យជ្រមុជទឹកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នោះគឺជាថ្ងៃដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្ញុំ ! ខ្ញុំថ្លែងទីបន្ទាល់អំពីអំណាចនៃគំរូដ៏ពេញដោយក្តីស្រឡាញ់មួយ ។ អស់រយៈពេល ៣៦ ឆ្នាំ ភរិយារបស់ខ្ញុំបានរក្សាជំនឿរបស់គាត់ ហើយធ្វើជាគំរូដូចជាព្រះគ្រីស្ទចំពោះខ្ញុំ ទោះបីជាដួងចិត្តរបស់ខ្ញុំរឹងរូសក៏ដោយ ។ បន្ទាប់មក ចុងសប្តាហ៍មួយបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ » ។
ដំណើររឿងដ៏ស្រស់ស្អាតរបស់ឪពុកខ្ញុំ រំឭកយើងថា « ព្រះពាហុនៃសេចក្ដីមេត្តាករុណា [ របស់ព្រះអង្គសង្រ្គោះ ] បានលាតសន្ធឹងមករក [ យើង ] » ហើយថានៅពេលយើងប្រែចិត្ត ទ្រង់នឹងទទួលយើងយ៉ាងពិត ( សូមមើល អាលម៉ា ៥:៣៣ ) ។