« ការចងចាំពីមូលហេតុដែលខ្ញុំរស់នៅតាមដំណឹងល្អ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
យុវមជ្ឈិមវ័យ
ការចងចាំពីមូលហេតុដែល ខ្ញុំរស់នៅតាមដំណឹងល្អ
ការរំឭកខ្លួនខ្ញុំអំពី « មូលហេតុ » របស់ខ្ញុំ ជំរុញខ្ញុំឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ហើយធ្វើតាមគោលដៅខាងវិញ្ញាណរបស់ខ្ញុំ ។
ជីវិតខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅពេលខ្លះ ប៉ុន្តែខ្ញុំស្រឡាញ់ការលួងលោមដែលខ្ញុំមាននៅពេលខ្ញុំដើរចូលទៅក្នុងសាលាប្រជុំ ។ វាជាហេតុផលមួយដែលខ្ញុំចូលចិត្តទៅព្រះវិហារ !
ហើយនៅពេលខ្ញុំចងចាំពីអ្វីដែលខ្ញុំស្រឡាញ់អំពីដំណឹងល្អ—ដូចជាអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ជាឧទាហរណ៍—ខ្ញុំមានអារម្មណ៍បំផុសគំនិតឲ្យធ្វើតាមទម្លាប់ខាងវិញ្ញាណរបស់ខ្ញុំ ដូចជាទៅព្រះវិហារបរិសុទ្ធ អានព្រះគម្ពីររបស់ខ្ញុំ ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។
ដោយសារជីវិតអាចមមាញឹកខ្លាំង វាងាយនឹងធ្វើឲ្យយើងបំភ្លេចរឿងសាមញ្ញៗដែលយើងស្រឡាញ់ទាំងនេះ ។ ប៉ុន្តែការរំឭកខ្លួនខ្ញុំជាទៀងទាត់អំពីមូលហេតុដែលខ្ញុំរស់នៅ ហើយស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជួយខ្ញុំរំឭកនូវគោលដៅខាងវិញ្ញាណរបស់ខ្ញុំ ដែលនឹងនាំខ្ញុំទៅជិតទ្រង់ និងព្រះវរបិតាសួគ៌ ។
ការដាក់គោលដៅខាងវិញ្ញាណថ្មី
នៅដើមឆ្នាំនីមួយៗ ខ្ញុំចូលចិត្តវាយតម្លៃឡើងវិញនូវគោលដៅខាងវិញ្ញាណរបស់ខ្ញុំ ដោយសរសេរនូវការតាំងចិត្តសម្រាប់ឆ្នាំថ្មី ។ ប្រសិនបើអ្នកក៏កំពុងជញ្ជឹងគិតមើលបន្ដិចបន្ដួចអំពីខ្លួនឯង ហើយពិចារណាពីរបៀបដែលអ្នកចង់កែលម្អទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រីស្ទក្នុងអំឡុងឆ្នាំថ្មីនេះ សូមសួរខ្លួនឯងនូវសំណួរនេះ ៖
« ហេតុអ្វីខ្ញុំស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? »
ស៊ីស្ទើរ អេន អិម ឌេប អតីតទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវនារីទូទៅ បានពន្យល់ថា « ក្ដីស្រឡាញ់របស់យើងចំពោះដំណឹងល្អដុះឡើង នៅពេលយើងស្គាល់ក្ដីស្រឡាញ់ព្រះវរបិតាយើងនៅស្ថានសួគ៌ និង ក្ដីសុខសាន្ដដែលបានសន្យាដោយព្រះអង្គសង្រ្គោះ នៅពេលយើងបង្ហាញទ្រង់ថា យើងនឹងគោរព ហើយធ្វើតាមទ្រង់ » ។
ការដឹងពីមូលហេតុដែលអ្នកស្រឡាញ់ដំណឹងល្អ នឹងជួយអ្នកមានអារម្មណ៍ និងស្គាល់សេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។ ផ្នត់គំនិតនេះក៏នឹងជួយអ្នកឲ្យមានអារម្មណ៍មិនសូវធុញថប់ផងដែរ នៅពេលអ្នកកំពុងព្យាយាមដាក់ និងសម្រេចបាននូវគោលដៅខាងវិញ្ញាណរបស់អ្នក ។
« មូលហេតុ » របស់ខ្ញុំ សម្រាប់ការរស់នៅ និងការស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ រួមបញ្ចូលទាំងចំណេះដឹងថា គ្រួសារអាចនៅជាមួយគ្នាជារៀងរហូត និងសេចក្តីសុខសាន្តដែលខ្ញុំមានបន្ទាប់ពីការអធិស្ឋានដ៏ឈឺចាប់មួយទៅកាន់ព្រះវរបិតាសួគ៌ ។
មិនថា « មូលហេតុ » របស់អ្នកគឺជាអ្វីនោះទេ សូមបន្តរស់នៅតាមមូលហេតុរបស់អ្នក—វានឹងផ្តល់ឲ្យអ្នកនូវសន្ទុះខាងវិញ្ញាណដែលអ្នកត្រូវការ ដើម្បីធ្វើជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។
ការរស់នៅតាម « មូលហេតុ » របស់អ្នក
នៅពេលខ្ញុំដឹងពី មូលហេតុ ដែលខ្ញុំរស់នៅតាមដំណឹងល្អ របៀបដែលខ្ញុំដាក់គោលដៅខាងវិញ្ញាណរបស់ខ្ញុំបានផ្លាស់ប្តូរ ។ ខ្ញុំឈប់គិតអំពីអ្វីដែលខ្ញុំ បរាជ័យ ក្នុងការធ្វើ ហើយកាន់តែផ្ដោតលើអ្វីដែលខ្ញុំ អាច ធ្វើ ។ ខ្ញុំបានចងចាំថា ខ្ញុំរស់នៅតាមដំណឹងល្អ ដោយសារខ្ញុំស្រឡាញ់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖ « យើងត្រូវទទួលស្គាល់ថាបទបញ្ញត្តិព្រះ ពុំមែនជាបញ្ជីនៃគំនិតល្អៗដ៏វែងនោះឡើយ ។ … វាមាននូវពាក្យទូន្មានដ៏ទេវភាពដោយផ្អែកលើសេចក្ដីពិតដ៏អស់កល្ប ដែលបានប្រទានឲ្យដើម្បីនាំមកនូវ ‹ សេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោកនាយ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:២៣ ] » ។
ការធ្វើតាមគោលដៅខាងវិញ្ញាណរបស់ខ្ញុំ រំឭកខ្ញុំថា ខ្ញុំជានរណា ៖ ជាបុត្រដ៏ទេវភាពនៃព្រះមាតាបិតាសួគ៌ ។ គោលការណ៍នោះផ្តល់ឲ្យខ្ញុំនូវភាពក្លាហានដើម្បីប្រឈមមុខនឹងការថប់បារម្ភ និងភាពទន់ខ្សោយរបស់ខ្ញុំ តាមរយៈព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេធើរ ១២:២៧ ) ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះអម្ចាស់ពុំរំពឹងភាពល្អឥតខ្ចោះពីយើង អំឡុងពេលនៃការរីកចម្រើនអស់កល្បជានិច្ចរបស់យើងនេះឡើយ ។ ប៉ុន្តែទ្រង់រំពឹងឲ្យយើងកាន់តែបានបរិសុទ្ធ » ។ ដូច្នេះ ខ្ញុំព្យាយាមអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ ដើម្បីនៅជិតព្រះយេស៊ូវគ្រីស្ទ ហើយចងចាំពីមូលហេតុដែលខ្ញុំជ្រើសរើសដើរតាមទ្រង់ ។