លីអាហូណា
តើ​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ជា​កំហុស​ឬ ?
ខែមករា ឆ្នាំ២០២៥


« តើ​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ជា​កំហុស​ឬ ? » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

តើ​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ជា​កំហុស​ឬ ?

ពេល​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ ព្រះអម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​រកឃើញ​ពី​របៀប​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

អ្នកផ្សព្វផ្សាយ​សាសនា​ឈរ​នៅលើ​កង់

ពីរ​ឆ្នាំ​ក្នុង​ការរៀន​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា និង​ហិរញ្ញវត្ថុ​របស់​ខ្ញុំ ខ្ញុំ​មាន​ការបំផុសគំនិត​ឲ្យ​ចេញ​បេសកកម្ម​យ៉ាង​ខ្លាំង ។ ខ្ញុំ​បានជ្រើសរើស​ចេញ​បម្រើ ទោះបី​ខ្ញុំ​អាច​បាត់​ក្រេឌីត​មហាវិទ្យាល័យ​មួយ​ចំនួន​ដែល​ត្រូវតែ​រៀន​ដើម្បី​ទទួលបាន​ជា​បន្តបន្ទាប់​ក៏​ដោយ ។

មួយ​រយៈ​ក្រោយ​មក នៅពេល​ខ្ញុំ​អាន​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ទៅកាន់​បេសកកម្ម​កណ្តាល​ទីក្រុង យូថាហ៍ សលត៍ លេក ពេលនោះ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ដែល​ធ្លាប់​បម្រើ​នៅ​ទីក្រុង សលត៍ លេក ​នោះឡើយ ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​ខ្ញុំ​បានបើក​ការហៅ​បម្រើ​បេសកកម្ម​ខុស​ហើយ ។ ពេល​ខ្ញុំ​មក​ដល់​ទីក្រុង សលត៍ លេក ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ដឹង​ត្រូវ​បាន​ដក​យក​ចេញ​អស់ ។ ខ្ញុំ​បាន​ឃើញ​ខ្លួន​ខ្ញុំ​ជិះ​កង់​នៅ​ពេល​ធ្លាក់​ព្រិល​ដោយ​មិន​មាន​គំនិត​ពី​របៀប​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ទេ ។ ដោយ​មាន​វប្បធម៌ និង​អាកាសធាតុ​ខុស​គ្នា ទីក្រុង សលត៍ លេក គឺ​ឆ្ងាយ​ពី​ប្រទេស​អាហ្វ្រិច​ខាងត្បូង​ណាស់ តាម​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ ។

នៅ​តំបន់​ដំបូង​របស់​ខ្ញុំ ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅលេង​សមាជិក​ម្នាក់​ឈ្មោះ គ្រីស រូពីល ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច ។ គាត់​បាន​សួរ​ថា តើ​យើង​ទាំង​ពីរ​នាក់​ចេះ​លេងតន្ត្រី​ឬ​អត់ ? ដៃគូ​របស់​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​លេង​ព្យាណូ និង​ច្រៀង ដូច្នេះ​ខ្ញុំ​ច្រៀង​ចម្រៀង​សម្រាប់​គ្រួសារ​នោះ ។ បន្ទាប់​មក​មាន​អ្វី​ពិសេស​បាន​កើតឡើង ។ បងប្រុស រូពីល បាន​មើល​មក​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា « អែលឌើរ វីហ្សីនី ប្រសិនបើ​ប្អូន​បន្ត​ច្រៀង​បែប​នោះ ប្អូន​នឹង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់ » ។ ខ្ញុំ​គិត​ថា​គាត់​ផ្អែមល្ហែម​ណាស់ តែ​មិន​បាន​គិត​ច្រើន​ទេ ។

ប៉ុន្មាន​ខែ​ក្រោយមក ជាមួយ​បងប្រុស រូពីល ខ្ញុំ​បាន​ជួយ​រៀបចំ​កម្មវិធី​ការប្រគុំ​តន្រ្តី​ពិសេស​របស់​ផ្សព្វផ្សាយសាសនា ។ នៅ​គ្រប់​តំបន់​ដែល​ខ្ញុំ​បានបម្រើ​បន្ទាប់មក យើង​បាន​ប្រើ​រចនាសម្ព័ន្ធ​ការប្រជុំ​ពិសេស​ដូចគ្នា​នេះ ។ មនុស្ស​ជា​ច្រើន​បាន​ចូលរួម​ជាមួយ​យើង មាន​តាំងពី​សមាជិក​ស្តេក រហូត​ដល់​តន្ត្រីករ​ល្បីៗ​នៅក្នុង​ស្រុក និង​សមាជិក​នៃ​ជំនឿ​ផ្សេង​ទៀត ។ យើង​បានបង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​តន្ត្រី​ដល់​បុគ្គល​ដែល​ពួកគេ​បើសិន​គ្មាន​តន្រ្តី​ទេ នោះ នឹង​មិន​ចង់​អង្គុយ​ស្ដាប់​មេរៀន​នោះ​ឡើយ ។ ខ្ញុំ​បានរៀន​ថា តន្ត្រី​អាច​រំជួលចិត្ត​ដល់​ទាំង​អ្នក​ក្រ និង​អ្នក​មាន អ្នក​ចេះ​ដឹង និង​អ្នក​មិន​បាន​សិក្សា ។

បេសកកម្ម​របស់​ខ្ញុំ​បានបង្រៀន​ខ្ញុំ​ថា ខ្ញុំ​អាច​ធ្វើ​រឿង​លំបាកៗ​បាន ។ កាល​ខ្ញុំ​បម្រើ​នៅ​តំបន់​ដែល​នៅ​ឆ្ងាយ ហើយ​ខុស​ពី​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​បានរៀន​ថា មនុស្ស​គ្រប់​គ្នា​ជា​កូន​របស់​ព្រះ ។ ខ្ញុំ​បានឃើញ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​មនុស្ស​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​ក្នុង​រដ្ឋ​យូថាហ៍ ហើយ​ខ្ញុំ​ក៏​បានឃើញ​អព្ភូតហេតុ​នៅ​ទីនេះ​ផងដែរ នៅ​អាហ្វ្រិក​ខាងត្បូង ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​យើង​គ្រាន់តែ​មាន​ជំនឿ នោះ​អព្ភូតហេតុ​អាច​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ( សូមមើល មរមន ៩:១៥–២១ ) ។