« ខ្ញុំគួរតែស្តាប់ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ខ្ញុំគួរតែស្តាប់
ខ្ញុំបានរៀនពីសារៈសំខាន់នៃការធ្វើតាមព្រះវិញ្ញាណ បន្ទាប់ពីជ្រើសរើសមិនខ្វល់ខ្វាយនឹងការបំផុសគំនិតម្តងហើយម្តងទៀត ។
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានចាប់ផ្តើមការងារថ្មីមួយផ្នែកគ្រប់គ្រងក្រុមលក់ ។ វាជាការងារលំបាក ប៉ុន្តែខ្ញុំទទួលបានជោគជ័យ ។
បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនអស់រយៈពេលជាងមួយឆ្នាំ ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណចំនួនបីដងយ៉ាងខ្លាំងក្នុងមួយខែថា ៖ « ឈប់ធ្វើការងារនេះទៅ » ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំត្រូវការការងារ ដូច្នេះខ្ញុំមិនខ្វល់ខ្វាយនឹងការជំរុញនោះទេ ។
មិនយូរប៉ុន្មាន ម្ចាស់ក្រុមហ៊ុនបានមករកខ្ញុំ ហើយនិយាយថា « ឯងជាចោរ ! ឯងត្រូវប្រគល់ប្រាក់ទាំងអស់ដែលឯងបានយកពីកម្រៃជើងសារមកវិញ » ។ បន្ទាប់មក គាត់ក៏ចាកចេញទៅដោយមិនបានផ្តល់ឱកាសឲ្យខ្ញុំសួរពីមូលហេតុដែលគាត់ចោទខ្ញុំពីភាពមិនស្មោះត្រង់នោះទេ ។
បទពិសោធន៍នេះបណ្តាលឲ្យខ្ញុំមានការសង្ស័យផ្ទាល់ខ្លួនយ៉ាងខ្លាំង ។ ខ្ញុំតែងតែព្យាយាមគោរពតាមបទបញ្ញត្តិ និងរក្សាគុណតម្លៃដែលឪពុកម្ដាយខ្ញុំ និងដំណឹងល្អបានបង្រៀនខ្ញុំ រួមទាំងភាពស្មោះត្រង់ផងដែរ ។ ប៉ុន្តែខ្ញុំត្រូវសួរខ្លួនឯងថា « តើខ្ញុំពិតជាបានធ្វើអ្វីខុសមែនឬ ? តើខ្ញុំពិតជាចោរមែនឬ ? »
ការសង្ស័យរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានភាពតានតឹងខាងវិញ្ញាណរហូតដល់ចំណុចដែលខ្ញុំឆ្ងល់ ថាតើខ្ញុំគួរទទួលទានសាក្រាម៉ង់នៅថ្ងៃអាទិត្យឬអត់ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីតមអាហាររួច ខ្ញុំមានអារម្មណ៍ថា ឥទ្ធិពលស្ងប់ស្ងាត់របស់ព្រះវិញ្ញាណបរិសុទ្ធប្រាប់ខ្ញុំថា ខ្ញុំមានភាពស័ក្ដិសម ហើយអ្វីៗនឹងល្អ—ប៉ុន្តែក៏រំឭកខ្ញុំថា ខ្ញុំបានទទួលការព្រមានឲ្យចាកចេញពីការងាររួចទៅហើយ ។
ក្រុមហ៊ុនរបស់ខ្ញុំចង់ឲ្យខ្ញុំចុះហត្ថលេខាលើឯកសារសារភាពពីកំហុសរបស់ខ្ញុំ ហើយយល់ព្រមសងប្រាក់មួយចំនួនធំវិញ ។ ខ្ញុំបានបដិសេធ ។ ខ្ញុំដឹងថា ការចោទប្រកាន់នេះមិនពិត ។
យូរៗទៅ ខ្ញុំបានរកឃើញថា អ្នកគ្រប់គ្រងរបស់ខ្ញុំម្នាក់ជាអ្នកលួចពីក្រុមហ៊ុន ។ ការណ៍នេះបានបន្ធូរដល់ការសង្ស័យលើខ្លួនឯងរបស់ខ្ញុំ ។ ពិតណាស់ ខ្ញុំស្មោះត្រង់ ។ ពិតណាស់ ខ្ញុំមានកិត្តិយស ។ ហើយពិតណាស់ ខ្ញុំពិតជាស្មោះត្រង់នឹងអ្វីដែលខ្ញុំបានទទួលការបង្រៀន ។
បទពិសោធន៍នេះបានបង្រៀនខ្ញុំឲ្យធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណជានិច្ច ទោះជាមានអ្វីកើតឡើងក្នុងជីវិតរបស់ខ្ញុំក៏ដោយ ។ ដូចជាអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ប្រសិនបើយើងស្ដាប់ ហើយធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ នោះវានឹងបម្រើជាលីអាហូណា ដោយដឹកនាំយើងឆ្លងកាត់ជ្រលងភ្នំ និងភ្នំដែលមិនស្គាល់ និងលំបាកដែលនៅខាងមុខ ( សូមមើល នីហ្វៃទី១ ១:១៦ ) » ។
ខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់ជ្រាបអំពីយើងជានិច្ច សូម្បីតែព័ត៌មានលម្អិតតូចតាចពីជីវិតរបស់យើងក្តី ហើយនឹងមិននាំយើងឲ្យវង្វេងឡើយ ។