សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
របៀប មូលហេតុ ពេលវេលា និងទីកន្លែងដើម្បីសន្សំប្រាក់
អត្ថបទបានរៀបចំដោយបានប្រឹក្សាជាមួយនឹងលោកបណ្ឌិត អ៊ី ជែហ្វ្រី ហ៊ីល ដែលជាអ្នកស្រាវជ្រាវខាងហិរញ្ញវត្ថុគ្រួសារ
មិនថាបងប្អូនមើលទៅប្រាក់ថាជារបស់បញ្ជូនមកពីស្ថានសួគ៌ ឬគ្រាន់តែអារក្សដ៏ចាំបាច់មួយនោះទេ ប៉ុន្ដែវាពិតជាចាំបាច់ ។ ប៉ុន្ដែក្នុងនាមជាយុវមជ្ឈិមវ័យ ជាញឹកញាប់យើងមានអារម្មណ៍ថា យើងមិនដែលមានប្រាក់គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់យើងឡើយ កុំថាឡើយក្នុងពេលអាសន្នអន់ក្រដែលមិនដឹងទុកជាមុននោះ ! នេះជាមូលហេតុដែលវាមានសារសំខាន់យ៉ាងខ្លាំងដើម្បីមានប្រាក់សន្សំ ។
ដើម្បីជួយបងប្អូន នេះគឺជាគន្លឹះប្រាំយ៉ាងដើម្បីចាប់ផ្ដើមបង្កើតប្រាក់សន្សំរបស់បងប្អូនឲ្យបានមុន ដើម្បីបងប្អូនអាចរីករាយនឹងពរជ័យនៃសេ្ថរភាពខាងហិរញ្ញវត្ថុនៅពេលក្រោយ ។
-
ដោយរបៀបណា ? សូមចាប់ផ្ដើមដោយការបង្កើតគម្រោងថវិកា ។ សូមដាក់ផែនការដោយប្រុងប្រយ័ត្នពីចំនួនប្រាក់ចំណូលរបស់បងប្អូន ដែលនឹងត្រូវបង់ដង្វាយមួយភាគក្នុងដប់ និងតម្រូវការរបស់បងប្អូន ( ថ្លៃទឹកភ្លើង អាហារ បំណុល ជាដើម ) ។ អ្វីក៏ដោយដែលនៅសល់នឹងផ្ដល់គំនិតមួយដល់បងប្អូនអំពីចំនួនដែលបងប្អូនអាចសន្សំរាល់ខែ និងចំនួននៅសល់ដើម្បីចំណាយតាមការចង់របស់បងប្អូន ។
សូមស៊ើបសួរជាមួយស្ថាប័នហិរញ្ញវត្ថុរបស់បងប្អូនអំពីជម្រើសដើម្បីធ្វើឲ្យការសន្សំប្រាក់កាន់តែងាយស្រួល ដូចជាការដាក់ចំនួនភាគរយជាក់លាក់មួយដោយស្វ័យប្រវត្តិលើប្រាក់ចំណូលរបស់បងប្អូនទៅក្នុងគណនីសន្សំរបស់បងប្អូនរាល់ខែ ។ តាមរបៀបនោះ បងប្អូនមិនចាំបាច់សូម្បីតែគិតពីវា ! ហើយសូមប្រាកដថាទទួលបានអត្ថប្រយោជន៍ពីគម្រោងសន្សំប្រាក់ចូលនិវត្ដន៍ប្រភេទណាមួយ ដែលនិយោជករបស់បងប្អូនអាចផ្ដល់ឲ្យ ។
-
ពេលណា ? ពេលនេះ ! … ឬ យ៉ាងហោចណាស់ចាប់ផ្ដើមជាមួយនឹងប្រាក់ចំណូលបន្ទាប់របស់បងប្អូន ។ បងប្អូនអាចមានអារម្មណ៍ថា បងប្អូនមិនមានសល់អ្វីក្នុងគម្រោងថវិការបស់បងប្អូនដើម្បីធ្វើការសន្សំនាពេលនេះឡើយ ប៉ុន្ដែតាមរយៈការចាប់ផ្ដើមសន្សំ ជារៀងរាល់ខែទោះជាតិចក្ដី នោះបងប្អូននឹងបង្កើតទម្លាប់មួយ ដែលនឹងផ្ដល់ពរជ័យដល់បងប្អូននៅពេលអនាគត !
-
ចំនួនប៉ុន្មាន ? សូមសន្សំឲ្យបានច្រើនតាមដែលបងប្អូនអាចធ្វើបាននៅក្នុងគម្រោងថវិការបស់បងប្អូន ។ ប្រសិនបើប្រាក់មានតិច ឬបងប្អូនមានបំណុល បងប្អូនអាចចង់សន្សំតែ ៥ ភាគរយរាល់ខែ ។ ប៉ុន្ដែកាលណាប្រាក់ចំណូលរបស់បងប្អូនកើនឡើង បងប្អូនអាចបង្កើនចំនួននោះទៅជា ១០ ឬ ១៥ ភាគរយ ឬកាន់តែច្រើនជាងនេះ សម្រាប់ពេលវេលាទៅទៅមុខទៀត ។ គោលដៅដ៏ល្អមួយអាចជាការដាក់ប្រាក់ផ្គត់ផ្គង់ពេលអាសន្នយ៉ាងហោចណាស់សម្រាប់ពេលមួយខែទុក ។ រួចហើយចាប់ផ្ដើមសន្សំឲ្យគ្រប់គ្រាន់សម្រាប់រយៈពេល ៣ ទៅ ៦ ខែ ហើយបន្ដបង្កើនឡើងទៀត ។
-
កន្លែងណា ? វាគឺជាគំនិតដ៏ល្អមួយដើម្បីដាក់ប្រាក់សន្សំរបស់បងប្អូនទៅក្នុងគណនីផ្ទាល់ខ្លួន—ការណ៍នោះនឹងរារាំងបងប្អូនមិនឲ្យត្រូវល្បួងចង់ចំណាយវាលើរបស់ប្រចាំថ្ងៃនោះទេ ។ ប្រសិនបើបងប្អូនកំពុងសន្សំប្រាក់សម្រាប់អ្វីមួយជាក់លាក់ សូមព្យាយាមបង្កើតគណនីជាក់លាក់មួយ ដែលបងប្អូនអាចដាក់ឈ្មោះ ( ដូចជា « សាឡុង » ឬ « កុំព្យូទ័រយួរដៃ » ) ដើម្បីរំឭកខ្លួនឯងអំពីគោលដៅរបស់បងប្អូន ។
ប្រសិនបើបងប្អូននៅតែមានសំណួរ សូមជួបជាមួយនឹងអ្នកប្រឹក្សាខាងហិរញ្ញវត្ថុ ។ ពួកគេអាចជួយបងប្អូនឲ្យដាក់គោលដៅសន្សំប្រាក់ ដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់បងប្អូនបាន ។
លើសពីអ្វីទាំងអស់ សូមចាំថា ជំហានទីមួយទៅកាន់សន្ដិសុខហិរញ្ញវត្ថុគឺ ត្រូវបង់ដង្វាយមួយភាគដប់របស់បងប្អូនជាមុនគេ ! សូមទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ថា ទ្រង់នឹង « បើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( ម៉ាឡាគី ៣:១០; នីហ្វៃទី៣ ២៤:១០ ) ។ ពេលខ្លះយើងរំពឹងថា ពរជ័យទាំងនោះនឹងកើតមានជាទម្រង់លុយកាក់ជាច្រើនធ្លាក់ចុះមកដល់យើង ប៉ុន្ដែសូមចាំក្នុងចិត្តថា ពរជ័យទាំងនេះអាចរួមមានពរជ័យខាងវិញ្ញាណផងដែរ ( សូមមើល ដាវីឌ អេ បែដណា « The Windows of Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ។
ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នេះជាគោលបំណងរបស់ [ ទ្រង់ ] ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់ [ ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥ ) ។ ការសន្សំប្រាក់អាចមើលទៅពិបាក—ជាពិសេសក្នុងនាមជាយុវមជ្ឈិមវ័យម្នាក់ នៅពេលផ្នែកជាច្រើនក្នុងជីវិតរបស់បងប្អូនអាចមិនមានស្ថេរភាព—ប៉ុន្ដែបន្ដិចម្ដងៗ នោះបងប្អូនអាចធ្វើវាបាន ។ ព្រះវរបិតាសួគ៌នឹងជួយបងប្អូនឲ្យផ្លាស់ប្ដូរទម្លាប់ និងអាទិភាពរបស់បងប្អូនឲ្យក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន និងមានសន្ដិសុខហិរញ្ញវត្ថុ ។