២០២០
គិត​ពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ប្រទេស​ឥណ្ឌា
ខែ កក្កដា ឆ្នាំ ២០២០


គិត​ពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ប្រទេស​ឥណ្ឌា

ការជួប​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ខ្ញុំ​គិត​អំពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ។

Suvarna and Sarala Katuka

បងប្អូន ស៊ូវ៉ារណា និង​សារ៉ាឡា កាទូកា បាន​ចូល​ព្រះវិហារ​នៅក្នុង​ឆ្នាំ ១៩៨៤ ហើយ​ក្រោយ​មក​បាន​បម្រើ​បេសកកម្ម ។

ដូច​ដែល​ចម្រៀង​កុមារ​ច្រៀង​ថា « ពេល​ដែល​ខ្ញុំ​គិត​ពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ខ្ញុំ​គិត​ពី​បុរស​ស្ត្រី​ក្លាហាន » ។ រឿងរ៉ាវ​ទាំងឡាយ​​របស់​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ធ្វើ​ការណ៍​ទាំងឡាយ​ដោយ​ស្មោះត្រង់​ដែល​អ្នក​ដទៃ​ទៀត​មិន​អាច​ធ្វើ តែងតែ​បំផុស​ដល់​ខ្ញុំ ។ ក្នុង​នាម​ជា​ម្ដាយ​វ័យ​ក្មេង រឿងរ៉ាវ​របស់​ស្ត្រី​ត្រួសត្រាយ​ផ្លូវ​រំឭក​ខ្ញុំ​ពី​ពរជ័យ​ថ្ងៃ​ចុងក្រោយ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​សម្រាល​កូន​នៅក្នុង​មន្ទីរពេទ្យ​ជំនួស​ឲ្យ​នៅក្នុង​រទេះ​រុញ !

និយមន័យ​នៃ​អ្នក​ត្រួសត្រាយ​ផ្លូវ​ម្នាក់​គឺ​ជា « មនុស្ស​ម្នាក់​ដែល​បាន​ទៅ​ពីមុន​ដើម្បី​រៀបចំ ឬ​បើក​ផ្លូវ​សម្រាប់​អ្នក​ផ្សេងទៀត​ឲ្យ​ដើរតាម » ពិពណ៌នា​អំពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​​បរិសុទ្ធ​ថ្ងៃ​​ចុងក្រោយ​នៅលើ​ផ្លូវ​រទេះ ប្រមូល​ផ្ដុំ​ទៅកាន់​ទីក្រុង​ស៊ីយ៉ូន ។ ប៉ុន្តែ​វា​ក៏​ពិពណ៌នា​អំពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​សម័យ​ទំនើប និង​ផ្លូវ​នៃ​សេចក្ដី​ជំនឿ​ដែល​ពួកគេ​នាំ​ទៅកាន់​ទូទាំង​ពិភពលោក ។

ពេល​ដែល​កូន​ទាំងប្រាំ​របស់​ខ្ញុំ​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សាលា ខ្ញុំ​បាន​ចាប់ផ្ដើម​ឧត្ដមសិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​សាសនា ។ ខ្ញុំ​បាន​ជ្រើសរើស​ដើម្បី​ស្រាវជ្រាវ​លើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ប្រទេស​ឥណ្ឌា ជា​ប្រធាន​បទ​សម្រាប់​បរិមាធិប្បាយ​ថ្នាក់​បណ្ឌិត​របស់​ខ្ញុំ ។ ការស្រាវជ្រាវ​របស់​ខ្ញុំ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ខ្ញុំ​គិត​អំពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ។

សសរ​នៃ​សាសនាចក្រ

ជា​ច្រើន​ឆ្នាំ​មុន ជា​និស្សិត​មហាវិទ្យាល័យ​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៨៦ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី​ភាគ​ខាង​ត្បូង​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ។ វា​ជា​បទពិសោធន៍​ដ៏​ផ្លាស់​ប្ដូរ​ជីវិត​មួយ​ដែល​រួមមាន​ទាំង​ការចំណាយពេល​មួយ​ថ្ងៃ​នៅក្នុង​ទីក្រុង​កាលកូតតា ( ឥឡូវ​នេះ​ហៅថា កុលកាតា ) ជាមួយ​អ្នកម្ដាយ​ថេរ៉េសា ។ វា​ជា​ការរំភើប​ដូច​គ្នា​ដែរ​ដែល​បាន​ជួប​នឹង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ជា​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​សម័យ​ទំនើប​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រីលង្កា ។

សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំងនេះ​គឺ រ៉ា ឃូម៉ា ដែល​បាន​រកឃើញ​សាសនាចក្រ​ពេល​គាត់​បាន​ចូលរួម​មើល​ការសម្ដែង​មួយ​របស់​ក្រុម​ឯកអគ្គរដ្ឋទូត​វ័យ​ក្មេង​នៃ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់​នៅក្នុង​ឆ្នាំ ១៩៨២ ។ ពេល​យើង​បាន​ជួប​គាត់ គាត់​ទើបតែ​បាន​ត្រឡប់​មក​ពី​បេសកកម្ម​របស់​គាត់​វិញ​នៅ​ទីក្រុង​ហ្វ្រេស្នូ រដ្ឋ​កាលីហ្វញ៉ា ស.រ.អា. ។ គាត់​នៅតែ​ពាក់​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​គាត់ ហើយ​បន្ត​បង្រៀន​ដល់​នរណា​ដែល​នឹង​ស្ដាប់​នៅក្នុង​ទីក្រុង​ដេលី ។ រ៉ា​គឺជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ប្រហែល​ជា ៦០០ នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅពេល​នោះ ប៉ុន្តែ​ចំពោះ​ខ្ញុំ គាត់​ហាក់បី​ដូច​ជា​ពួកបរិសុទ្ធ​តែ​ម្នាក់​នៅក្នុង​សមុទ្រ​ដែល​មាន​មនុស្ស​រាប់​លាន​នាក់ ។

Taunalyn and Raj

នៅក្នុង​ឆ្នាំ ១៩៨១ ខ្ញុំ​បាន​ជួប រ៉ា ឃូម៉ា បន្ទាប់​ពី​បេសកកម្ម​របស់​គាត់ ។ ដោយ​នៅតែ​ពាក់​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​គាត់ គាត់​បាន​ចែកចាយ​ដល់​អស់​អ្នកណា​ដែល​នឹង​ស្ដាប់ ។

ខ្ញុំ​ត្រូវបាន​បំផុស​គំនិត​ដោយ​គំរូ​របស់ រ៉ា ឃូម៉ា កាលដែល​ខ្ញុំ​បាន​ជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម​ផងដែរ ។ រ៉ា​ក៏​បាន​ត្រួសត្រាយ​ផ្លូវ​នៃ​សេចក្ដី​ជំនឿ​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​ឥណ្ឌា​ដំបូង​មួយ​ចំនួន​ឲ្យ​បម្រើ​នៅក្នុង​ប្រទេស​នោះ​ផងដែរ ។ ស៊ូវ៉ារណា កាទូកា និង​ពួក​មិត្ត​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​គាត់​បាន​ទទួល​ការបំពាក់​បំប៉ន​ផ្សព្វផ្សាយ​សាសនា​ខ្លះៗ​នៅក្នុង​ទីក្រុង​ឈិនណៃ ។ ប្រធាន​បេសកកម្ម​របស់​ពួកគេ នៅ​ប្រទេស​សាំងហ្កាពួរ បាន​ចាត់​ឲ្យ​រ៉ា​ផ្ដល់​ការបំពាក់​បំប៉ន​បន្ថែម​ទៀត​នៅក្នុង​ទីក្រុង​ដេលី ។

ស៊ូវ៉ារណា កាទូកា ចាំ​ពី​របៀប​ដែល​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ​ដោយសារតែ​គំរូ និង​ការបំពាក់​បំប៉ន​របស់ រ៉ា ឃូម៉ា ។ ពួកគេ​អាច​មាន​លទ្ធភាព​ជំនួស​អារម្មណ៍​នៃ​ការភ័យខ្លាច​ដោយ​សេចក្ដី​ជំនឿ និង​ភាពក្លាហាន​កាន់តែ​ខ្លាំង​ឡើង ។ ស៊ូវ៉ារណា​បាន​ពន្យល់​ថា « ពេល​នោះ​ហើយ​ដែល​ខ្ញុំ​គិត​ថា​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បី​ជួយ​ស្ថាបនា​នគរ​នៅក្នុង​ប្រទេស​ឥណ្ឌា​នេះ » ។

ស៊ូវ៉ារណា​បាន​ចូល​សាសនាចក្រ​នៅ​ទីក្រុង​រ៉ាចាម៉ុនឌ្រី ។ គាត់ រួម​ជាមួយ​នឹង​បងប្អូន​ប្រុស​ប្រាំនាក់ និង​ប្អូនស្រី​ម្នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ឆ្នាំ ១៩៨៤ ។ នៅថ្ងៃ​នៃ​បុណ្យ​ជ្រមុជទឹក​របស់​គាត់ ស៊ូវ៉ារណា​ត្រូវបាន​តែងតាំង​ជា​សង្ឃ ហើយ​ត្រូវបាន​ញែកចេញ​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សាខា ។ គាត់​ក៏​ត្រូវបាន​សន្យា​នៅក្នុង​ពរជ័យ​មួយ​ផងដែរ​ថា ប្រសិន​បើ​គាត់​បន្ត​ស្មោះត្រង់ នោះ​គាត់​នឹង​ជា « បង្គោល​នៃ​សាសនាចក្រ​នៅក្នុង​ប្រទេស​ឥណ្ឌា » ។

ប្អូនស្រី​របស់​ស៊ូវ៉ារណា សារ៉ាឡា ក៏​បាន​បម្រើ​បេសកកម្ម​ផងដែរ ។ ពីមុន​គាត់​បាន​ចាកចេញ គាត់​បាន​ណែនាំ​ដំណឹងល្អ​ទៅ​មិត្ត​របស់​គាត់ ស្វារ៉ូប៉ា ។ ពេល​ស៊ូវ៉ារណា​ត្រឡប់​មក​ពី​បេសកកម្ម​របស់​គាត់​វិញ គាត់​បាន​ទទួល​ពរជ័យ​ដោយសារ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ប្អូនស្រី​គាត់ ហើយ​បាន​រៀបការ​នឹង​ស្វារ៉ូប៉ា ។ សាខា​ដ៏​តូច​នៅ​ទីក្រុង​រ៉ាចាម៉ុនឌ្រី​នោះ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​ស្តេក​មួយ ។ អ្នក​ត្រឡប់​ពី​បេសកកម្ម​ជា​ច្រើន​ពី​ទីក្រុង​រ៉ាចាម៉ុនឌ្រី​បាន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​សាសនាចក្រ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ។

ខ្ញុំ​បាន​ជួប​នឹង​កូនៗ​របស់​ស៊ូវ៉ារណា និង​ស្វារ៉ូប៉ា កាទូកា​ពេល​បង្រៀន​នៅ​ប៊ី.វៃ.យូ នៅក្នុង​ឆ្នាំ ២០១៤ ។ ចស កាទូកា ទើបតែ​បញ្ចប់​បេសកកម្ម​របស់​គាត់​នៅ​ទីក្រុង​បាងហ្កាឡូ​ប្រទេស​ឥណ្ឌា ហើយ​ប្អូនស្រី​គាត់ ធីមណា ទើបតែ​បាន​ទទួល​ការហៅ​របស់​នាង​ទៅកាន់​បេសកកម្ម​ដដែល​នោះ ។ ពេល​ខ្ញុំ​សួរ​ធីមណា និង​ចស ថា​ពួកគេ​ស្គាល់​រ៉ា​ឃូម៉ា​ដែរ​ឬ​ទេ ពួកគេ​បាន​និយាយ​ថា « បាទ/ចាស៎ គាត់​ជា​ពូ​របស់​យើង ! » រ៉ា ឃូម៉ា បាន​រៀបការ​នឹង​សារ៉ាឡា ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​គ្រួសារ​កាទូកា ដែល​បាន​ណែនាំ​ខ្ញុំ​ទៅកាន់​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ផ្សេង​ទៀត ពេល​ដែល​ពួកគេ​បាន​ជួយ​ខ្ញុំ​ធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​ឥណ្ឌា ។ ពួកគេ​ជា​ច្រើន​បាន​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់ ឬ​ប្រយោល​ពី​សេចក្ដី​ស្រឡាញ់ និង​គំរូ​របស់​គ្រួសារ​កាទូកា ។ នៅពេល​មួយ ស៊ូវ៉ារណា និង​ស្វារូប៉ា​បាន​មាន​ឱកាស​ដើម្បី​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​កាណាដា ។ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ដោយសារ​ពួកគេ​បាន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ត្រូវការ​ពួកគេ​ឲ្យ​បន្ត​នៅ​ប្រទេស​ឥណ្ឌា ហើយ​ស្ថាបនា​នគរ​ព្រះ​នៅ​ទី​នោះ ។ ការបម្រើ​ដ៏​លះបង់​របស់​ពួកគេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​សសរ​នៃ​សាសនាចក្រ ។

The Ponds with Michael Anthoney

ឌែលវិន ផោន ( កណ្ដាល ) បាន​ណែនាំ​ម៉ៃឃើល អែនថូនី ឲ្យ​ស្គាល់​សាសនាចក្រ​នៅក្នុង​ឆ្នាំ ១៩៨១ ។

សមាជិក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅក្នុង​ទីក្រុង​ប៊ែងហ្កាលូរូ និង​ហៃឌើរ៉ាបាដ ។

អំឡុង​ពាក់​កណ្ដាល​ចុងក្រោយ​នៃ​ទសវត្សរ៍​ទី ២០​នេះ សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​នៅក្នុង​ប្រទេស​ឥណ្ឌា​តាម​រយៈ​ពួក​សមាជិក​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ទាំងនេះ ។ រឿងរ៉ាវ​នីមួយៗ​ជា​សាក្សី​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​កំពុង​ដឹកនាំ​រាស្ត្រ​របស់​ទ្រង់​មកកាន់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។

ម៉ៃឃើល អែនថូនី ជា​សមាជិក​អ្នក​ត្រួសត្រាយ​ផ្លូវ​ម្នាក់​នៅក្នុង​ទីក្រុង​បាងហ្កាឡូ ( ឥឡូវ​នេះ​ជា​បឹងហ្កាលូរូ ) ដោយ​អព្ភូតហេតុ​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​សមាជិក​សាសនាចក្រ​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៧០ ។ ពេល ឌែលវិន ផោន ជា​ប៊ីស្សព​មួយ​រូបនៅ​រដ្ឋ​យូថាហ៍ បាន​ទៅ​គ្រូ​ចាប់​សសៃ​ដោយសារ​តែ​ឈឺ​ខ្នង នោះ​គាត់​បាន​ឃើញ​អត្ថបទ​ទស្សនាវដ្ដី​មួយ​នៅ​ការិយាល័យ​របស់​គ្រូចាប់​សរសៃ​អំពី​អង្គការ​មិន​រក​កម្រៃ​មួយ​ដែល​​ជួយ​ឧបត្ថម្ភ​សិស្ស​នៅក្នុង​ប្រទេស​ឥណ្ឌា ។ គាត់​បាន​ទទួល​អារម្មណ៍​បំផុស​ដ៏​ខ្លាំង​មួយ​ដើម្បី​ឧបត្ថម្ភ​ដល់​សិស្ស​ម្នាក់​ក្នុង​ចំណោម​នោះ ។ ការណ៍​នេះ​បាន​នាំ​ទៅកាន់​ការប្រាស្រ័យ​ទាក់ទាក់​ដោយ​អនាមិក​ដែល​បាន​ឈាន​ដល់​គ្រួសារ​ផោន​ធ្វើ​ការទាក់ទង​ជាមួយ​ម៉ៃឃើល និង​ចែកចាយ​ដំណឹងល្អ​ជាមួយ​គាត់ ។ ម៉ៃឃើល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ឆ្នាំ ១៩៨១ ហើយ​បាន​បម្រើ​បេសកកម្ម​នៅក្នុង​ទីក្រុង​សលត៍​លេក​នៅក្នុង​ឆ្នាំ ១៩៨២ ។ គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់​ដោយសារ​ម្ដាយ​គាត់​ឈឺ​ជា​ទម្ងន់ ដូច្នេះ​គាត់​បាន​បម្រើ​បេសកកម្ម​របស់​គាត់​បីខែ​ចុងក្រោយ​នៅក្នុង​ទីក្រុង​បាងហ្កាឡូ ជា​កន្លែង​ដែល​គាត់​បាន​បង្រៀន​ដល់​មិត្តភក្ដិ​មួយ​ចំនួន​របស់​គាត់ និង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​សាខា​ដំបូង​បំផុត​នៅ​ទីនោះ ។ ឥឡូវនេះ​ផែនការ​កំពុង​តែ​ដំណើរការ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​ទីក្រុង​បឹងហ្កាលូរូ ។

អែលស៊ី និង​អែដវិន ដាម៉ារ៉ាជូ បាន​ចូល​សាសនាចក្រ​នៅក្នុង​ប្រទេស​សាម័រ ហើយ​ត្រូវបាន​ហៅ​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យ​ត្រឡប់​ទៅកាន់​ទីក្រុង​កំណើត​របស់​ពួកគេ​នៅ​ហៃឌើរ៉ាបាដ​វិញ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​គ្រួសារ​ពួកគេ ។ នៅក្នុង​ឆ្នាំ ១៩៧៨ សមាជិក​គ្រួសារ​របស់​អែលស៊ី និង​អែដវិន ចំនួន ២២ នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ចេញ​ពី​ការចាប់​ផ្ដើម​នេះ ស្ដេក​ដំបូង​គេ​បំផុត​នៅក្នុង​ប្រទេស​នេះ​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​ហៃឌើរ៉ាបាដ​នៅក្នុង​ឆ្នាំ ២០១២ ។

សមាជិក​នៃ​ស្តេក​ហៃឌើរ៉ាបាដ​សព្វថ្ងៃ​នេះ​គិត​អំពី​ខ្លួនឯង​ថា​ជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ពិធី​ប្រារព្ធ​ថ្ងៃ​ត្រួសត្រាយ​ផ្លូវ​ប្រចាំ​ស្តេក​របស់​ពួកគេ​បាន​រំឭក​ពី​ការធ្វើ​ដំណើរ​នៃ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ពី​ដើម ក៏​ដូច​ជា​ដំណើរ​ត្រួសត្រាយ​ផ្លូវ​នៅ​សម័យ​ទំនើប​ផងដែរ ។ ការប្រារព្ធ​ពិធី​របស់​ពួកគេ​រួម​មាន​ការរាំ​ជា​ក្រុម ការដើរ​កាត់ព្រៃភ្នំ​ជា​ការរំឭក និង​ការជិះ​រទេះ​រុញ​ផងដែរ ។

members pulling a handcart

អានណាភូណា និង​ចន មូរ៉ាឡា ដែល​ជា​សមាជិក​ត្រួសត្រាយ​ផ្លូវ​នៅក្នុង​ទីក្រុង​ហៃឌើរ៉ាបាដ ដូច​ដែល​បាន​បង្ហាញ​នៅទីនេះ កំពុង​ជួយ​ក្នុង​ការធ្វើ​ឡើងវិញ​នូវ​ការធ្វើ​ដំណើរ​ដោយ​រទេះ និង​ថ្ងៃ​ដែល​ពួកគេ​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ​ហុងកុង ។

នៅក្នុង​ការប្រារព្ធ​ពិធី​ត្រួសត្រាយ​ផ្លូវ​ឆ្នាំ ២០១៤ របស់​ពួកគេ ពួកគេ​បាន​ដាក់​ដុំ​ទឹកកក​ជា​ជួរ​នៅ​ខាងក្រោយ​ព្រះវិហារ ហើយ​បាន​អញ្ជើញ​សមាជិក​ឲ្យ​ដោះ​ស្បែកជើង​ពួកគេ ហើយ​ដើរ​កាត់​ទឹកកក​នោះ ដោយ​គិត​អំពី​របៀប​ដែល​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ជំនាន់​ដើម​បាន​ដើរ​ឆ្លង​កាត់​ទន្លេ​កក ។ នៅ​ចុង​បញ្ចប់​នៃ​ការប្រារព្ធ​ពិធី​របស់​ពួកគេ សមាជិក​នៃ​ស្តេក​ហៃឌើរ៉ាបាដ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចងចាំ​ពី​ស្មារតី​នៃ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​​ជំនាន់​ដើម ហើយ​ថា « ពួកគេ​ទាំងអស់​គ្នា​គឺ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​គ្រួសារ​របស់​ពួកគេ » ។

ពួកគេ​បាន​ស្ដាប់​ដល់ ចន សេនថូស មូរ៉ាឡា ដែល​ពេល​នោះ​បម្រើ​នៅក្នុង​គណៈប្រធាន​បេសកកម្ម និយាយ​អំពី​របៀប​ដែល​មីង​អែលស៊ី និង​ពូ​អែដវិន ដាម៉ារ៉ាជូ​របស់​គាត់​បាន​មក​ទីក្រុង​ហៃឌើរ៉ាបាដ​ដើម្បី​បង្រៀន​គ្រួសារ​របស់​ពួកគាត់​អំពី​ដំណឹងល្អ ។ ចន​គឺ​ជា​សមាជិក​គ្រួសារ​ដែល​ក្មេង​ជាង​គេ​បំផុត​ក្នុង​ចំណោម​សមាជិក​ត្រួសត្រាយ​ផ្លូវ ២២ នាក់​ដែល​បាន​ជ្រមុជ​ទឹក​នៅក្នុង​ឆ្នាំ ១៩៧៨ នោះ ។

ពេល​ខ្ញុំ​បាន​ទៅ​លេង​ទីក្រុង​ហៃឌើរ៉ាបាដ​នៅក្នុង​ឆ្នាំ ២០១៤ ចន មូរ៉ាឡា​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​របស់​គាត់ និង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ជា​ច្រើន​ដែល​គាត់​បាន​ប្រមូល​ផ្ដុំ​យ៉ាង​ឧស្សាហ៍​ព្យាយាម ។ គាត់​ក៏​បាន​ណែនាំ​ខ្ញុំ​ឲ្យស្គាល់​ភរិយា​គាត់ អានណាភូណា​ផងដែរ ដែល​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​អ្នក​ត្រួសត្រាយ​ផ្លូវ​បរិសុទ្ធ​ថ្ងៃ​ចុង​ដ៏​មាន​អានុភាព​បំផុត​មួយ​ជាង​រឿង​នានា​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ​កន្លង​មក ។

អានណាភូណា​មាន​អាយុ ១២ ឆ្នាំ នៅក្នុង​ឆ្នាំ ១៩៩១ ពេល​បងប្រុស​នាង​មើរធី​បាន​ទទួល​ការបង្រៀន​ដំណឹងល្អ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​នៅក្នុង​ទីក្រុង​ហៃឌើរ៉ាបាដ ។ ឪពុក​ម្ដាយ​របស់​អានណាភូណា​ពុំ​បាន​អនុញ្ញាត​ឲ្យ​នាង​ស្ដាប់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ចូលរួម​ក្នុង​ព្រះវិហារ​ទេ ។ ទោះជា​យ៉ាង​ណា មើរធី​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ដល់​នាង និង​សម្ភារ​អក្សរសាស្ត្រ​របស់​សាសនាចក្រ​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​នាង​អាន ។ អានណាភូណា​បាន​សិក្សា​ដំណឹងល្អ​ដោយ​ខ្លួនឯង ហើយ​ទទួល​បាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី​សេចក្ដី​ពិត​របស់​វា ។ នាង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក បម្រើ​បេសកកម្ម ហើយ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​ពុំ​បាន​ទទួល​ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ​របស់​នាង​ទេ ។

អានណាភូណា​​បាន​ប្រឈម​នឹង​ការសម្រេច​ចិត្ត​ដ៏​ពិបាក​នៅក្នុង​ជីវិត​នាង ពេល​ដែល​នាង​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ចន មូរ៉ាឡា ។ ចន​បាន​បន្ត​រឹងមាំ​នៅក្នុង​ទីបន្ទាល់​របស់​គាត់​តាំង​ពី​គាត់​ជ្រមុជទឹក​នៅក្នុង​ឆ្នាំ ១៩៧៨ ហើយ​កំពុង​ស្វែងរក​សមាជិក​សាសនាចក្រ​ម្នាក់​ដើម្បី​រៀបការ​ជាមួយ ។ បន្ទាប់​ពី​បាន​ជួប​គ្នា​មួយ​ភ្លែត ជា​កន្លែង​ដែល​អានណាភូណា​​បាន​ចែកចាយ​ទីបន្ទាល់​របស់​នាង​អំពី​ដំណឹងល្អ ចន​បាន​ជឿ​ថា​គាត់​បាន​ជួប​អនាគត​ភរិយា​របស់​គាត់​ហើយ ។ អានណាភូណា​​បាន​ដឹង​ថា ប្រសិនបើ​នាង​រៀបការ​នឹង​ចន នោះ​នាង​នឹង​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ថ្ងៃ​ណា​មួយ​នឹង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទោះជា​យ៉ាង​ណា នៅ​ពេល​ជាមួយ​គ្នា​នោះ ឪពុក​ម្ដាយ​របស់​អានណាភូណា​​បាន​មាន​ផែនការ​ដើម្បី​រៀបចំ​អាពាហ៍ពិពាហ៍​មួយ​សម្រាប់​នាង ។

អានណាភូណា​​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ពិបាក​ដើម្បី​ចាកចេញ​ពី​ផ្ទះ ហើយ​រៀបការ​ជាមួយ​ចន ។ នាង​បាន​មាន​អារម្មណ៍​ថា នោះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​នាង​អាច​ចូល​សាសនាចក្រ ។ នាង​បាន​និយាយ​ថា នាង « ពិតជា​ខ្ទេចខ្ទាំ​ដួងចិត្ត​ណាស់ » ដែល​ចាកចេញ​ពី​ឪពុកម្ដាយ​នាង ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ នាង​បញ្ជាក់​ថា « សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស​គ្រប់​គ្នា … សម្រាប់​កូនចៅ​ខ្ញុំ និង​សម្រាប់​ឪពុក​ម្ដាយ​ខ្ញុំ ព្រមទាំង​បុព្វការីជន​របស់​ពួកគាត់ ដើម្បី​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគាត់ ខ្ញុំ​ត្រូវតែ​បោះ​ជំហាន​មួយ​នោះ » ។

Artist rendering of the Bengaluru India Temple

សមាជិក​នៃ​ស្តេក​ហៃឌើរ៉ាបាដ ធ្វើ​ពិធី​រំឭក​ថ្ងៃ​ត្រួសត្រាយ​ផ្លូវ​តាមរយៈ​ចម្រៀង ការរាំ និង​ការជិះ​រទេះ​ផងដែរ ។

ចន និង​អានណាភូណា​​មាន​អំណរគុណ​ដែល​ឪពុក​ម្ដាយ​នាង​បាន​ទទួល​យក​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ឥឡូវ​នេះ ។ សមាជិក​ជា​ច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ការលះបង់​នានា ដូចជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ពី​ជំនាន់​ដើម​ដែរ ដើម្បី​ក្លាយ​ជា​សមាជិក​សាសនាចក្រ ។ ប៉ុន្តែ​ពួក​បរិសុទ្ធ​ទាំងនេះ​បាន​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ ដោយសារ​ពួកគេ​គិត​អំពី​ខ្លួនឯង​ថា​ជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ហើយ​ជា​តំណ​ផ្សារ​ភ្ជាប់​សម្រាប់​គ្រួសារ​ពួកគេ​នៅ​សងខាង​នៃ​វាំងនន ។ ខ្ញុំ​ស្រឡាញ់​រឿងរ៉ាវ​នៃ​សេចក្ដី​ជំនឿ ការលះបង់ និង​ភាពក្លាហាន​ជា​ច្រើន ដែល​ខ្ញុំ​បាន​ឮ​ពី​សមាជិក​ដែល​ត្រួសត្រាយ​ផ្លូវ​ក្នុង​ព្រំប្រទល់​នៃ​ដំណឹងល្អ​ថ្មី ។ ខ្ញុំ​នៅតែ​គិត​អំពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដែល​ទាញ​រទេះ ហើយ​ឆ្លងកាត់​ទន្លេ​ទាំងឡាយ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​អាច​គិត​អំពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​សម័យ​ទំនើប​នៅក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ទូទាំង​ពិភពលោក​ទាំងអស់ ។

នៅទីបំផុត ផ្លូវ​នៃ​អ្នក​ត្រួសត្រាយ​ផ្លូវ​ទាំងអស់​ត្រូវបាន​ត្រួសត្រាយ​ដោយ​បុគ្គល​ទាំងឡាយ​ដែលដើរតាម​ស្នាម​ព្រះបាទ​របស់​ព្រះអង្គសង្រ្គោះ​យេស៊ូវគ្រីស្ទ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគ្រីស្ទ​ត្រូវបាន​ហៅ​ថា​ជា « អ្នក​ត្រួសត្រាយ​នៃ​សេចក្ដី​សង្គ្រោះ [ របស់​យើង ] » ( សូមមើល ហេព្រើរ ២:១០ កំណែ​បទដ្ឋាន​ដែល​កែសម្រួល​ថ្មី ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ​ផ្លូវ​សម្រាប់​យើងឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ។ អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏ពិត​ធ្វើតាម ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​យើង​ទៅកាន់​ព្រះគ្រីស្ទ ដែល​កំពុង​តែ​ដឹកនាំ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

កំណត់​ចំណាំ

  1. « Whenever I Think about Pioneers » ចម្រៀង​កុមារ ( អង់គ្លេស ) ទំព័រ ២២២–២៣ ។

  2. Oxford English Dictionary ( ឆ្នាំ ១៩៧១ ) « Pioneer » ។ សូមមើល ថូម៉ាស អេស ម៉នសុន « Led by Spiritual Pioneers » Liahona ខែ សីហា ឆ្នាំ ២០០៦ ទំព័រ ៣ ។

  3. ស៊ូវ៉ារណា កាទូកា ការសម្ភាស​ពី​ប្រវត្តិសាស្ត្រ​ដោយ​ផ្ទាល់​មាត់​ដោយ ថៅណាលីន រូស័រហ្វ័ត ខែ ឧសភា ឆ្នាំ ២០១៤ ទីក្រុង​ដេលី ប្រទេស​ឥណ្ឌា ។

  4. រឿងរ៉ាវ​អ្នក​ត្រួសត្រាយ​ផ្លូវ​ជា​ច្រើន​ពី​ប្រទេស​ឥណ្ឌា​អាច​រកបាន​នៅក្នុង​ផ្នែក​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ នៅក្រោម « Global Histories » ។

  5. សូមមើល « A History of the Church in India » ចងក្រង​ដោយ Jerry C. Garlock ( មិន​បាន​បោះពុម្ព ឆ្នាំ ១៩៩៥ ) ទំព័រ ៤៩–៥០ ។

  6. សូមមើល « I Will Establish a Church by Your Hand » history.ChurchofJesusChrist.org ។

  7. សូមមើល « Hyderabad Stake Pioneer Day Activity » lds.org.in/hyderabad-stake-pioneer-day-activity ។

  8. អានណាភូណា ហ្គូរូ មូរ៉ាឡា ការសម្ភាស​ពី​ប្រវត្តិសាស្ត្រ​ដោយ​ផ្ទាល់​មាត់​ដោយ ថៅណាលីន រូស័រហ្វ័ត ទីក្រុង​ហៃឌើរ៉ាបាដ ប្រទេស​ឥណ្ឌា ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៤ ។ សូមមើល​ផងដែរ Rochelle Welty and Jan Pinborough « God Had His Own Plans for Me » Liahona ខែ មេសា ឆ្នាំ ២០០៣ ទំព័រ ៣០–៣២ ។