គំរូក្លាហាន
ការហៅបម្រើបេសកកម្មដ៏ភ្ញាក់ផ្អើល
អែដវិន ដាម៉ារ៉ាជូ បានញញឹមកាលដែលគាត់បានដើរចេញពីព្រលានយន្តហោះ ហើយដើរចូលក្នុងពន្លឺព្រះអាទិត្យ ។ គាត់អាចឃើញដើមត្នោតជាជួរតាមផ្លូវ និងធុំក្លិនគ្រឿងទេសពីផ្សារនៅជិតនោះ ។ គាត់ និងភរិយាគាត់ អែលស៊ី បានត្រឡប់មកប្រទេសឥណ្ឌាវិញ ! ពួកគាត់បានរស់នៅក្នុងប្រទេសសាម័រ ប៉ុន្តែឥឡូវនេះពួកគាត់បានមកស្រុកកំណើតម្ដងទៀត ។
ទោះជាយ៉ាងណា អែឌវិន និងអែលស៊ី ពុំមែនមកទីនេះដើម្បីគ្រាន់តែមកលេងនោះទេ ។ ពួកគាត់ត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ អែដវិនមានអារម្មណ៍ភ័យបន្តិច ។ ប៉ុន្តែគាត់ដឹងថា ព្រះវរបិតាសួគ៌នឹងជួយពួកគាត់ ។ ព្រះវរបិតាសួគ៌បានជួយពួកគេជាច្រើនរួចមកហើយ ។
អែដវិន និងភរិយាគាត់ អែលស៊ី បានកើតនៅប្រទេសឥណ្ឌា ។ ប៉ុន្តែអែដវិនដំបូងឡើយបានឮពីសាសនាចក្រពេលកំពុងទៅរៀននៅសហរដ្ឋ ។ គាត់បានទៅព្រះវិហារនៅទីនោះម្ដង ។ គាត់បានទាំងអានព្រះគម្ពីរមរមនទៀតផង ។ ប៉ុន្តែពេលគាត់ត្រឡប់មកប្រទេសឥណ្ឌាវិញ គាត់បានភ្លេចពីព្រះវិហារ ។
ប៉ុន្មានឆ្នាំក្រោយមក អែដវិន និងអែលស៊ី បានមានអារម្មណ៍ថាពួកគាត់គួរតែប្ដូរទៅនៅប្រទេសសាម័រ ។ អែដវិនជាអ្នកវិទ្យាសាស្ត្រផ្នែកសត្វល្អិត ហើយគាត់បានទទួលការងារមួយនៅលើកោះនោះដោយធ្វើការស្រាវជ្រាវ ។ គឺនៅទីនោះហើយដែលអែដវិន និងអែលស៊ីបានជួបពួកអ្នកផ្សព្វផ្សាយសាសនា ។ ពេលអែដវិនបានអានព្រះគម្ពីរមរមនម្ដងទៀត គាត់បានទទួលអារម្មណ៍ដ៏ពិសេសមួយ ។ អែលស៊ីបានអានព្រះគម្ពីរមរមនផងដែរ ។ ពួកគាត់បានជ្រើសរើសដើម្បីទទួលពិធីបុណ្យជ្រមុជទឹក រួមទាំងកូនប្រុស និងកូនស្រីពួកគាត់ផង ។
បន្ទាប់ពីចូលព្រះវិហារហើយ អ្វីដែលអែដវិនចង់ធ្វើបំផុតគឺដើម្បីឲ្យគ្រួសារគាត់ដែលនៅប្រទេសឥណ្ឌាបានរៀនអំពីដំណឹងល្អ ។ បញ្ហានោះគឺថា ពុំមានអ្នកផ្សព្វផ្សាយសាសានានៅក្នុងប្រទេសឥណ្ឌាដើម្បីបង្រៀនពួកគេទេ ! អែដវិន និងអែលស៊ីបានសរសេរលិខិតទៅការិយាល័យកណ្ដាលរបស់សាសនាចក្រស្នើសូមឲ្យពួកលោកបញ្ចូនពួកអ្នកផ្សព្វផ្សាយសាសនាទៅប្រទេសឥណ្ឌា ។
អ្វីដែលកើតឡើងបន្ទាប់ទៀតគឺជាការភ្ញាក់ផ្អើលដ៏ធំ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានហៅពួកគាត់ឲ្យទៅបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងប្រទេសឥណ្ឌា !
ហើយឥឡូវនេះ ពួកគាត់បាននៅទីនេះ ។
កន្លែងដែលពួកគាត់បានឈប់មុនគេគឺផ្ទះបងប្រុសរបស់អែដវិន ។ ឪពុកម្ដាយ និងបងប្អូនរបស់អែដវិនបាននៅទីនោះផងដែរ ។ អែដវិន និងអែលស៊ីបានចាប់ផ្ដើមបង្រៀនពួកគេភ្លាម ។ គ្រួសាររបស់ពួកគាត់សប្បាយចិត្តដែលបានរៀនដំណឹងល្អ ។
ពីរបីសប្ដាហ៍ក្រោយមក អែដវិន និងគ្រួសារគាត់បានប្រមូលគ្នាជុំវិញអាងហែលទឹកនៅក្នុងទីធ្លាផ្ទះរបស់បងប្រុសគាត់ ។ អាងទឹកនោះត្រូវបានសម្អាត លាបពណ៌ និងបំពេញទឹកស្អាតពេញ ។ គ្រប់គ្នាស្លៀកពាក់ពណ៌ស ។ ស្ត្រីៗបានស្លៀកសារីបក់រំភើយដែលធ្លាក់ចុះពីស្មារបស់ពួកគេ ។ បុរសៗបានពាក់អាវឥណ្ឌារលុងៗ និងស្លៀកខោ ។
អែដវិនបានឈរនៅក្នុងអាងទឹកជាមួយឪពុកគាត់ ។ អែដវិនបាននិយាយថា « ដោយមានសិទ្ធិអំណាចដែលបានប្រទានដល់ខ្ញុំពីព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ » ។
អែដវិនបានទទួលអារម្មណ៍រីករាយពេលគាត់បានធ្វើបុណ្យជ្រមុជទឹកឲ្យឪពុកគាត់ ។ អែដវិនកាន់តែរីករាយខ្លាំងទៀតពេលគាត់បានធ្វើបុណ្យជ្រមុជទឹកឲ្យម្ដាយគាត់ ។ នៅចុងបញ្ចប់នៃថ្ងៃនោះ អែដវិនបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ១៨ នាក់ !
ថ្ងៃបន្ទាប់ទៀត អែដវិន និងអែលស៊ីបានជិះរត់ភ្លើងអស់ប្រាំមួយម៉ោង ។ ពួកគាត់បានទៅជួបសមាជិកគ្រួសារបន្ថែមទៀត ហើយបានបង្រៀនអំពីដំណឹងល្អ ។ អែដវិនបានធ្វើបុណ្យជ្រមុជទឹកដល់សាច់ញាតិបួននាក់បន្ថែមទៀតនៅស្ទឹងក្បែរនោះ ។
នៅទីបំផុត អែដវិន និងអែលស៊ីបានជិះរត់ភ្លើងចំនួន ១៦ ម៉ោងដើម្បីទៅជួបឪពុកម្ដាយរបស់អែលស៊ី ។ ឪពុករបស់អែលស៊ីជាថ្នាក់ដឹកនាំម្នាក់នៅព្រះវិហារមួយផ្សេងទៀត ។ គាត់ពុំបានទទួលបុណ្យជ្រមុជទឹកទេ ប៉ុន្តែបានគិតថាព្រះគម្ពីរមរមនជាព្រះគម្ពីរដ៏ល្អមួយ ។ គាត់បានជួយបកប្រែព្រះគម្ពីរមរមនទៅជាភាសាថេគូលូ ជាភាសាមួយក្នុងចំណោមភាសាទាំងឡាយដែលនិយាយនៅក្នុងប្រទេសឥណ្ឌា ។
នៅពេលដែលអែដវិន និងអែលស៊ីបានបញ្ចប់បេសកកម្មរបស់ពួកគាត់ នោះមានសមាជិកគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមសាខាដំបូងបំផុតមួយរបស់សាសនាចក្រនៅប្រទេសឥណ្ឌា ! អែដវិន និងអែលស៊ី សប្បាយចិត្តពេលពួកគាត់ត្រឡប់ទៅប្រទេសសាម័រវិញ ។ ពួកគាត់មានអំណរគុណដែលព្រះវរបិតាសួគ៌បានបញ្ជូនពួកគាត់ទៅបេសកកម្មមួយ !