គោលការណ៍នៃការងារបម្រើ
ការងារបម្រើតាមរយៈសកម្មសកម្មភាពសាសនាចក្រ
របៀបមួយដែលយើងអាចផ្ដល់ការងារបម្រើដល់សមាជិកវួដ អ្នកជិតខាង និងមិត្តភក្ដិរបស់យើង គឺតាមរយៈសកម្មភាពសាសនាចក្រ ។ មិនថាអ្នករៀបចំផែនការតាមតម្រូវការ ឬចំណាប់អារម្មណ៍របស់មនុស្សដែលអ្នកផ្ដល់ការងារបម្រើ ឬអ្នកអញ្ជើញពួកគេឲ្យចូលរួមនៅក្នុងសកម្មភាព ឬឱកាសបម្រើនានាសម្រាប់អ្នកដទៃទៀត សកម្មភាពទាំងឡាយក្នុងកម្រិតវួដ ស្តេក ឬសូម្បីតែពហុស្តេក គឺអាចផ្ដល់នូវមធ្យោបាយដ៏មានន័យ និងកម្សាន្តដើម្បីបីបាច់ដល់សាមគ្គីភាព និងពង្រឹងសមាជិក ។
សកម្មភាពទាំងឡាយរបស់សាសនាចក្រអាចបើកច្រកដល់ឱកាសជាច្រើនដើម្បីផ្ដល់ការងារបម្រើផងដែរ ។ ឧទាហរណ៍ សកម្មភាពទាំងឡាយរបស់សាសនាចក្រអាចផ្ដល់ជាឱកាសដើម្បីចូលរួមក្នុងគម្រោងបម្រើនានាដែលផ្ដល់ពរជ័យដល់មនុស្សដទៃទៀត ហើយស្ថាបនានូវចំណងទាក់ទងវិជ្ជមាននៅក្នុងសហគមន៍ ។ សកម្មភាពទាំងឡាយរបស់សាសនាចក្រក៏អាចជាឱកាសមួយដើម្បីឈោងទៅសមាជិកសាសនាចក្រដែលមិនសូវសកម្ម និងមិត្តភក្ដិដែលនៅព្រះវិហារផ្សេងទៀត ឬមិត្តភក្ដិដែលមិនមានទំនាក់ទំនងនឹងសាសនាផងដែរ ។
ការរាប់បញ្ចូលមនុស្សជាច្រើននៅក្នុងសកម្មភាពសាសនាចក្រ បង្កើតជាឱកាសមួយដល់ព្រះអម្ចាស់ដើម្បីប្រទានពរជ័យ និងពង្រឹងវួដ និងសាខារបស់យើង ភូមិផងរបស់យើង និងសហគមន៍របស់យើង ។
ស្ថាបនាចំណងទាក់ទងវិជ្ជមាន
រដូវរងាជិតឈានចូលមកដល់ហើយ ដេវីឌ ឌីកសុន ពុំដឹងថាត្រូវធ្វើយ៉ាងណាដើម្បីរក្សាគ្រួសារគាត់ឲ្យមានភាពកក់ក្ដៅនោះទេ ។
ដេវីឌ ភរិយាគាត់ និងកូនស្រីពីរនាក់ ទើបតែបានប្ដូរមកនៅទីក្រុងជនបទហ្វ្រេដូនៀ រដ្ឋអារីហ្សូណា ស.រ.អា. ជាទីវាលខ្សាចខ្ពស់ដែលហ៊ុំព័ទ្ធដោយចំណោតថ្មក្រហមដ៏អស្ចារ្យ គុម្ពោតសេចប្រាស់ និងដើមឈើដែលមានពណ៌បៃតងអស់ពេញមួយឆ្នាំ ។
ផ្ទះដែលគ្រួសារឌីកសុនបានជួលពឹងទៅលើចង្ក្រានដុតឱសជាប្រភពកម្ដៅចម្បង ។ ដេវីឌបានដឹងភ្លាមៗថា ការប្រមូលឱសគឺជាជំនាញដ៏ចាំបាច់ដោយសាររដូវរងានៅទីក្រុងហ្វ្រេដូនៀគឺពោរពេញទៅដោយព្រិល និងទឹកកក ។
« ខ្ញុំពុំមានឱស ឬម៉ាស៊ីនអារឈើទេ ហើយមិនចេះទាំងប្រើវាផង ! » ដេវីឌបាននិយាយ ។ « ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីនោះទេ » ។
សមាជិកវួដមួយចំនួនបានសួរដេវីឌ ថាបើគ្រួសារគាត់មានឱសគ្រប់គ្រាន់ដើម្បីប្រើពេញមួយរដូវរងានោះ ។ ដេវីឌបាននិយាយថា « មិនយូរទេពួកគេបានដឹងថា ខ្ញុំពុំមានឱសគ្រប់គ្រាន់ទេ » ។ « ភ្លាមៗនោះ កូរ៉ុមអែលឌើរបានសូមជួយខ្ញុំប្រមូលឱស ។ ខ្ញុំបានទទួលជំនួយរបស់ពួកគេ ដោយអំណរគុណយ៉ាងក្រៃលែង » ។
មិនយូរប៉ុន្មាន ដេវីឌបានដឹងថា ការធ្វើដំណើរទៅប្រមូលឱសនេះជាធម្មតាគឺជាសកម្មភាពវួដដែលត្រូវដាក់ផែនការយ៉ាងល្អ រៀបចំយ៉ាងល្អ និងមានការចូលរួមយ៉ាងច្រើន ។ នៅព្រឹកថ្ងៃសៅរ៍មួយ ដេវីឌ កូរ៉ុមអែលឌើរ និងសមាជិកវួដផ្សេងទៀតបានទៅភ្នំដោយជិះក្នុងក្បួនឡានត្រាក់ និងឡានសណ្ដោងរទេះ ។
ដេវីឌនិយាយថា « សូមអរគុណដល់ឧបករណ៍ និងចំណេះដឹងរបស់ពួកគេ តែក្នុងមួយរសៀលប៉ុណ្ណោះ សមាជិកវួដបានផ្ដល់ឱសមួយគំនរដល់គ្រួសារខ្ញុំ ដែលអាចប្រើបានស្ទើរតែពីររដូវរងា » ។ « សំខាន់ជាងនោះទៀត ខ្ញុំត្រូវបានបង្រៀននូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការដឹងអំពីការប្រមូលឱសដោយខ្លួនឯង ។ មកទល់នឹងពេលដែលខ្ញុំបានចាកចេញពីទីក្រុងហ្វ្រេដូនៀ ខ្ញុំបានចេះរបៀបប្រើម៉ាស៊ីនអារឈើ ហើយបានជួយក្នុងសកម្មភាពប្រមូលឱសប្រចាំវួដច្រើនរាប់មិនអស់ » ។
សកម្មភាពវួដបែបនេះមិនត្រឹមតែស្ថាបនានូវចំណងទាក់ទងវិជ្ជមានក្នុងចំណោមសមាជិកសាសនាចក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថាបនាចំណងទាក់ទងវិជ្ជមានជាមួយមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ផងដែរ ។
ដេវីឌនិយាយថា « ខ្ញុំចាំស្ត្រីម្នាក់ មិនមែនជាសមាជិកសាសនាចក្រទេ ដែលជាអ្នកចំណូលថ្មីនៅក្នុងតំបន់ » ។ « គាត់ត្រូវតែដុតបន្ទះក្ដារពីផ្ទះគាត់ដើម្បីឲ្យបានកក់ក្ដៅ ។ ពេលយើងបានដឹងអំពីស្ថានភាពរបស់គាត់ យើងបានធ្វើឲ្យប្រាកដថាគាត់មានឱសគ្រប់គ្រាន់ដើម្បីប្រើពេញមួយរដូវរងានោះ ។ គាត់មានអំណរគុណខ្លាំងណាស់ស្ទើរតែនិយាយមិនចេញ » ។
កិច្ចប្រឹងប្រែងក្នុងការផ្ដល់ការងារបម្រើនៅក្នុងទីក្រុងហ្វ្រេដូនៀ គឺធ្វើឲ្យប្រាកដថា គ្រប់គ្នាមានសុវត្ថិភាព ហើយកក់ក្ដៅក្នុងរដូវរងា ។
ឈោងទៅជួយដល់អ្នកដទៃ
ខណៈកំពុងបម្រើបេសកកម្មនៅក្នុងប្រទេសរូម៉ានី មេគ យ៉ូសថ៍ និងដៃគូរបស់នាងតែងតែទៅសួរសុខទុក្ខគ្រួសារមួយដែលមិនបានមកព្រះវិហារជាយូរមកហើយ ។ មេគនិយាយថា « គ្រួសារស្ទេនីកាជាសមាជិកដំបូងៗនៃសាសនាចក្រនៅក្នុងប្រទេសរូម៉ានី ហើយយើងស្រឡាញ់ពួកគាត់ » ។
ពេលដែលត្រូវដាក់ផែនការ និងរៀបចំសកម្មភាពរបស់សាខា ថ្នាក់ដឹកនាំបានសម្រេចចិត្តថា សាខានឹងមានកម្មវិធី « រាត្រីអ្នកត្រួសត្រាយផ្លូវ » មួយ ។ នេះជារាត្រីមួយដើម្បីអបអរសាទរពួកអ្នកត្រួសត្រាយផ្លូវដ៏ក្លាហានដែលបានដើរឆ្លងកាត់សហរដ្ឋដើម្បីទៅកាន់ជ្រលងសលត៍លេក ។ វាក៏ជាឱកាសមួយដើម្បីគោរពដល់ពួកអ្នកត្រួសត្រាយផ្លូវនៃសាសនាចក្រនៅក្នុងប្រទេសរូម៉ានីផងដែរ ។
មេគនិយាយថា « យើងបានគិតថា វាជារបៀបដ៏អស្ចារ្យមួយដើម្បីឲ្យសមាជិកមួយចំនួនថ្លែងទីបន្ទាល់អំពីការប្រែចិត្តជឿរបស់ពួកគេ និងរបៀបដែលពួកគេបានឃើញសាសនាចក្ររីកចម្រើននៅក្នុងប្រទេសរូម៉ានី » ។ « យើងបានគិតភ្លាមថា គ្រួសារស្ទេនីកាគួរតែចូលរួម ។ យើងបានអញ្ជើញពួកគេឲ្យចូលរួម ហើយពួកគេរំភើបណាស់ ! »
នៅរាត្រីនៃសកម្មភាពនោះ គ្រួសារស្ទេនីកានៅតែមិនទាន់មកដល់ ពេលដែលកម្មវិធីត្រូវចាប់ផ្ដើម ។
មេគរំឭកថា « យើងព្រួយបារម្ភថាពួកគេនឹងមិនមកទេ » ។ « ប៉ុន្តែពួកគេបានដើរចូលមកទាន់ពេលល្មម ។ គ្រួសារស្ទេនីកាបានថ្លែងទីបន្ទាល់ដ៏ល្អមួយអំពីដំណឹងល្អ និងសាសនាចក្រ ។ ពួកគេក៏បាននៅជជែកលេងជាមួយសមាជិកផ្សេងទៀតដែលពួកគេមិនបានជួបជាយូរមកហើយផងដែរ » ។
សមាជិកសាខាបានលាដៃស្វាគមន៍គ្រួសារស្ទេនីកា ។ ថ្ងៃអាទិត្យបន្ទាប់ មេគបានភ្ញាក់ផ្អើលតែរីករាយដែលឃើញបងស្រីស្ទេនីកានៅព្រះវិហារ ។
« ពេលខ្ញុំបានទៅលេងសាខានោះពីរបីខែក្រោយមក គាត់នៅតែមកព្រះវិហារ ! » មេគនិយាយ ។ « ខ្ញុំគិតថា ឱកាសដើម្បីថ្លែងទីបន្ទាល់របស់គាត់ និងដើម្បីមានអារម្មណ៍ថាត្រូវបានរាប់បញ្ចូល និងត្រូវការនៅក្នុងសាខាពិតជាបានជួយគាត់ » ។
គំនិត ៤ យ៉ាងសម្រាប់ការផ្ដល់ការងារបម្រើតាមរយៈសកម្មភាពសាសនាចក្រ
-
ដាក់ផែនការសកម្មភាពដែលបំពេញតម្រូវការ ៖ សកម្មភាពទាំងឡាយគឺជារបៀបដ៏អស្ចារ្យមួយដើម្បីបំពេញតម្រូវការជាច្រើនផ្សេងៗគ្នា ។ សកម្មភាពទាំងនោះអាចត្រូវបានគ្រោងដើម្បីបំពេញតម្រូវការជាក់លាក់របស់បុគ្គលម្នាក់ ឬក្រុមមួយ ។ សកម្មភាពទាំងនោះគួរតែបំពេញតម្រូវការអ្នកដែលចូលរួមផងដែរ មិនថាតម្រូវការនោះជាការស្គាល់គ្នាទៅវិញទៅមកឲ្យកាន់តែច្បាស់ រៀនបន្ថែមទៀតអំពីដំណឹងល្អ ឬទទួលព្រះវិញ្ញាណក៏ដោយ ។
-
អញ្ជើញមនុស្សគ្រប់គ្នា ៖ ពេលអ្នកដាក់ផែនការសកម្មភាព សូមធ្វើកិច្ចប្រឹងប្រែងពិសេសមួយដើម្បីអញ្ជើញអ្នកដែលនឹងទទួលបានប្រយោជន៍ពីការចូលរួមនោះ ។ សូមគិតពីសមាជិកថ្មី សមាជិកមិនសូវសកម្ម យុវវ័យ យុវមជ្ឈិមវ័យ មនុស្សដែលមានពិការភាព និងមនុស្សដែលមកពីព្រះវិហារផ្សេងទៀត ។ សូមផ្ដល់ការអញ្ជើញដោយគិតពីចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់ពួកគេនៅក្នុងគំនិត ហើយបង្ហាញថាអ្នកពិតជាចង់ឲ្យពួកគេមកចូលរួមយ៉ាងខ្លាំង ។
-
លើកទឹកចិត្តឲ្យមានការចូលរួម ៖ អ្នកទាំងឡាយដែលអ្នកអញ្ជើញ នឹងទទួលប្រយោជន៍បានកាន់តែច្រើនពីសកម្មភាព ប្រសិនបើពួកគេមានឱកាសចូលរួម ។ វិធីមួយដើម្បីលើកទឹកចិត្តឲ្យមានការចូលរួម គឺត្រូវឲ្យបុគ្គលម្នាក់ៗប្រើអំណោយទាន ជំនាញ និងទេពកោសល្យរបស់ពួកគេនៅក្នុងសកម្មភាពនោះ ។
-
ស្វាគមន៍មនុស្សគ្រប់គ្នា ៖ មិត្តភក្ដិរបស់អ្នកចូលរួមសកម្មភាពមួយ សូមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ស្វាគមន៍ ។ ដូចគ្នានោះដែរ ប្រសិនបើអ្នកឃើញមនុស្សដែលអ្នកមិនស្គាល់ សូមរាក់ទាក់ ហើយស្វាគមន៍ពួកគេផងដែរ !