២០២០
អ៊ិកណាធើស និង អាដែលលេដ ប៊ៃឌូ
ខែ កក្កដា ឆ្នាំ ២០២០


ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

អ៊ិកណាធើស និង អាដែលលេដ ប៊ៃឌូ

រដ្ឋធានី​អាក្រា ប្រទេស​ហ្កាណា

Baidoo family reading scriptures together

អ៊ិកណាធើស និង​អាដែលលេដ បាន​ឃើញ​ពី​របៀប​ដែល​កម្មវិធី​អក្ខរកម្ម​របស់​សាសនាចក្រ និង​ការសង្កត់​ធ្ងន់​លើ​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោត​ក្នុង​គេហដ្ឋាន​បាន​ផ្ដល់​ពរ​ដល់​សមាជិក​នៃ​ស្តេក និង​គ្រួសារ​របស់​ពួកគាត់ ។

គ្រីស្ទីណា ស្ម៊ីធ ជាង​ថត​រូប

អ៊ិកណាធើស ៖

ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​អក្ខរកម្ម​ដំណឹងល្អ​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្ដេក ។ ខ្ញុំ​បាន​ទៅ​មើល​ថ្នាក់​មួយ ហើយ​បាន​ដឹង​ថា វា​មិន​ត្រឹមតែ​សម្រាប់​ពួក​អ្នក​ដែល​មិនចេះ​អាន និង​សរសេរ​នោះ​ទេ ។ វា​គឺ​សម្រាប់​យើង​ទាំងអស់​គ្នា ដើម្បី​យល់​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

អាដែលលេដ ៖

ខ្ញុំ​ស្គាល់​បងប្អូន​ស្ត្រី​ជា​ច្រើន​នៅក្នុង​វួដ​យើង​ដែល​ថ្នាក់​អក្ខរកម្ម​ដំណឹងល្អ​បាន​ជួយ ។ បងស្រី​ម្នាក់​ពុំ​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួនឯង​ដោយសារ​គាត់​ពុំ​អាច​អាន សរសេរ ឬ​ជួយ​កូនៗ​គាត់​ជាមួយ​នឹង​កិច្ចការ​សាលា​របស់​ពួកគេ ។ គាត់​បាន​ចូលរៀន ហើយ​ឥឡូវ​នេះ​អាច​អាន និង​ជួយ​បាន ។ គាត់​រីករាយ​ណាស់ ។ ពេល​ណា​ដែល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​តែងតែ​និយាយ​ថា « ដំណឹងល្អ​នេះ​គឺ​ពិត​មែន ។ វា​ផ្លាស់ប្ដូរ និង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​មនុស្ស » ។

អ៊ិកណាធើស ៖

ចូរ​មក​តាម​ខ្ញុំ និង​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោត​ក្នុង​គេហដ្ឋាន​នឹង​ជួយ​ក្រុមគ្រួសារ​ទាំងឡាយ​ឲ្យ​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា ហើយ​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ។

មូលដ្ឋាន​នៃ​សាសនា​របស់​យើង​គឺ​ព្រះគម្ពីរ​មរមន​នេះ​ឯង ។ នៅ​ទ្វីប​អាហ្វ្រិក​នេះ យើង​ទាំងអស់​គ្នា​ត្រូវបាន​ចិញ្ចឹម​បីបាច់​ឲ្យ​ស្គាល់​ព្រះគម្ពីរ​ប៊ីប ។ ទោះជា​យ៉ាង​ណា មនុស្ស​ជា​ច្រើន​ពុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​មាន​នូវ​សេចក្ដី​ពិត​ដ៏​សាមញ្ញ និង​មាន​តម្លៃ​ទាំងឡាយ​នោះ​ទេ ។ កាលដែល​យើង​ប្រើប្រាស់ ចូរ​មក​តាម​ខ្ញុំ ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន​នៅក្នុង​កម្មវិធី​អក្ខរកម្ម​ដំណឹងល្អ និង​នៅក្នុង​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោត​ក្នុង​គេហដ្ឋាន នោះ​យើង​រៀន ហើយ​យល់​នូវ​ព័ត៌មាន​ទាំងអស់​ដែល​យើង​ត្រូវការ​ដើម្បី​ជួយ​យើង​រីកចម្រើន​នៅក្នុង​ជីវិត​នេះ ។

អាដែលលេដ ៖

ពេល​ដែល​ការរៀនសូត្រ​ដំណឹងល្អ​ក្នុង​គេហដ្ឋាន​ត្រូវបាន​ប្រកាស​នៅក្នុង​សន្និសីទ​ទូទៅ ខ្ញុំ​បាន​គិត​អំពី​សមាជិក​វួដ​របស់​យើង​មួយ​ចំនួន ហើយ​ខ្ញុំ​បាន​មាន​ការបារម្ភ​បន្តិច ។ តើ​ពួកគេ​នឹង​ធ្វើ​យ៉ាង​ណាទៅ ? ខ្ញុំ​បាន​គិត ។ ខ្ញុំ​បាន​អធិស្ឋាន​ថា សមាជិក​នឹង​ប្រកាន់​ខ្ជាប់​នឹង​វិវរណៈ​នេះ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​ពួកគេ​នឹង​ធ្វើតាម​អ្វី​ដែល​ព្យាការី​បាន​មាន​ប្រសាសន៍ នោះ​វា​នឹង​ជួយ​ពួកគេ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ។

នៅក្នុង​គ្រួសារ​របស់​យើង យើង​ព្យាយាម ហើយ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​​យើង​អាច​ធ្វើ​​បាន ។ គ្រប់​គ្នា​ចូលរួម ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ចំពោះ​របៀប​ដែល​កូនៗ​របស់​ខ្ញុំ​ជួយ​គ្នា​ទៅវិញ​ទៅមក កាលដែល​យើង​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា ។ ពួកគេ​ស្រឡាញ់​ព្រះគម្ពីរ​មរមន ។ យើង​មាន​ពេល​វេលា​ដ៏​ល្អ​អាន និង​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​គ្នា ។

អ៊ិកណាធើស ៖

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ការលើក​តម្កើង​គឺ​ជា​បញ្ហា​មួយ​របស់​គ្រួសារ » ។​ ខ្ញុំ​ស្រឡាញ់​ភរិយា និង​កូនៗ​ខ្ញុំ ។ ខ្ញុំ​ចង់​នៅ​ជាមួយ​នឹង​ពួកគេ និង​ព្រះវរបិតាសួគ៌​របស់​យើង​ជារៀង​រហូត ដូច្នេះ​យើង​ត្រូវ​ជួយ​គ្នា​ទៅវិញ​ទៅមក ។

អាដែលលេដ ៖

បងប្អូន​ស្ត្រី​នៅក្នុង​សមាគមន៍​សង្គ្រោះ​ក៏​កំពុង​ជួយ​គ្នា​ទៅវិញ​ទៅមក​ផងដែរ ។ ពេល​យើង​ជួប​គ្នា យើង​គិត​ថា « បងស្រី​នេះ​ត្រូវការ​ខ្ញុំ » ឬ « ខ្ញុំ​ត្រូវការ​គាត់ » ។ យើង​អង្គុយ​ជិត​គ្នា ហើយ​ជួយ​គ្នា​អាន យល់ និង​ចែកចាយ​អ្វី​ដែល​យើង​កំពុង​រៀន ។ យើង​កំពុង​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​គិត​ថា « ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ទីនេះ តើ​ទ្រង់​នឹង​ធ្វើ​អ្វី ? »

អ៊ិកណាធើស ៖

មាន​គំនិត​មួយ​នៅក្នុង​កម្មវិធី​អក្ខរកម្ម​ដំណឹងល្អ ដែល​សូម​ដល់​សិស្ស​ឲ្យ​គូរ​រូប​មួយ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ការរៀនសូត្រ​ដំណឹងល្អ និង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ។ រូបភាព​មួយ​ដែល​មនុស្ស​ម្នាក់​បាន​គូរ​ពិពណ៌នា​ពី​គ្រួសារ​មួយ​នៅជុំ​វិញ​តុមួយ​ជាមួយ​នឹង​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ខាង​មុខ​ពួកគេ ហើយ​ពិភាក្សា​ពី​ដំណឹងល្អ ។ ខ្ញុំ​រំជួលចិត្ត​​ណាស់​ដោយសារ​រូបភាព​នោះ ។ អក្ខរកម្ម​ដំណឹងល្អ​ពុំមែន​គ្រាន់តែ​អំពី​ការអាន និង​ការសរសេរ​នោះ​ទេ ។ ជំនួយ​ចក្ខុ​ក៏​អាច​ជួយ​យើង​រៀន​ផងដែរ ។ សូម្បី​តែ​យើង​គិត​ថា យើង​ដឹង​អ្វីៗ​គ្រប់យ៉ាង​ហើយ ក៏​យើង​តែងតែ​អាច​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ហើយ​ពង្រីក​ទីបន្ទាល់​របស់​យើង​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរ​ប្រាប់​ថា អ្នកណា​ដែល​ខ្លាំង ចូរ​ឲ្យ​យក​អ្នកណា​ដែល​ខ្សោយ ប្រយោជន៍​ឲ្យ​អ្នក​នោះ​បាន​ខ្លាំង​ឡើង​ដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១០៦ ) ។ ប្រសិន​បើ​មាន​មនុស្ស​មួយ​ចំនួន​ដែល​មាន​អារម្មណ៍​ថា​ពួកគេ​ខ្សោយ​នៅក្នុង​ដំណឹងល្អ នោះ​យើង​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ ម្ដង​ម្នាក់ៗ ហើយ​ជួយ​ពួកគេ​ឡើង ។ ការងារ​បម្រើ​នឹង​បន្ត​ទៅ​ជា​យូរ​អង្វែង​ដើម្បី​ជួយ​លើក​ស្ទួយសមាជិក​ឡើង ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៩ ។

Baidoo children reading scriptures

ការរៀនសូត្រ​ដំណឹងល្អ​ក្នុង​គេហដ្ឋាន​បាន​ពង្រឹង​ទីបន្ទាល់​របស់​កូនប្រុស​របស់​គ្រួសារ​ប៊ៃឌូ គឺ ជេដិន និង ហ៊ូបើត ។ ជាញឹកញាប់​ពួកគេ​ដឹកនាំ​ការពិភាក្សា​ដំណឹងល្អ​ក្នុង​គ្រួសារ ។

Baidoo family singing hymns

ការច្រៀង​ទំនុក​តម្កើង​ជា​គ្រួសារ​ជួយ​នាំ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។

Baidoo family praying

ការអធិស្ឋាន​ជា​គ្រួសារ​ជា​ទៀងទាត់​បាន​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​គ្រួសារ​ប៊ៃឌូ​ជា​កន្លែង​មួយ​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ។

Little girl praying

អ៊ិកណាធៀ​បាន​រៀន​អំពី​សារសំខាន់​នៃ​ការអធិស្ឋាន​ពី​ឪពុក​ម្ដាយ និង​បងប្រុស​នាង ។

Children washing dishes

ការជួយ​កិច្ចការ​ក្នុង​ផ្ទះ រួម​ជាមួយ​នឹង​ការរៀនសូត្រ​ដំណឹងល្អ ផ្ដល់​ពរជ័យ​ដល់​ចំណង​ទាក់ទង​រវាង​បងប្អូន​នៅក្នុង​គ្រួសារ​ប៊ៃឌូ ។

Mother hugging son

ការរៀនសូត្រ​ដំណឹងល្អ និង​ការបម្រើ​នៅក្នុង​គ្រួសារ​បាន​ពង្រឹង​សេចក្ដី​ស្រឡាញ់​ដែល​គ្រួសារ​ប៊ៃឌូ​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​ក្នុង​របៀប​ជាច្រើន ។

Couple praying together

ការអធិស្ឋាន​រវាង​ស្វាមី និង​ភរិយា​បាន​ជួយ​អ៊ិកណាធើស និង​អាដែលលេដ​ដឹកនាំ​កូនៗ​របស់​ពួកគាត់​នៅក្នុង​របៀប​ទាំងឡាយ​ដែល​ព្យាការី និង​ពួកសាវក​បាន​បង្រៀន ។